ស្រីលង្កា​អញ្ជើញ​រដ្ឋមន្រ្តី​ការបរទេស​នៃ​របប​យោធា​មីយ៉ាន់ម៉ា​ឲ្យ​ចូលរួម​កិច្ច​ប្រជុំ​ថ្នាក់​តំបន់

សកម្មជន​សង្គម​ស៊ីវិល​ស្រីលង្កា​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​មីយ៉ាន់ម៉ា កាន់​ផ្ទាំង​បដា​ក្នុង​អំឡុង​ពេល​ធ្វើ​ការ​តវ៉ា​មួយ​នៅ​ខាងក្រៅ​ស្ថានភាព​មីយ៉ាន់ម៉ា​ក្នុង​ទីក្រុង​កូឡំបូ ប្រទេស​ស្រីលង្កា ថ្ងៃទី១០ ខែ​មីនា ឆ្នាំ២០២១។

ប្រទេស​ស្រីលង្កា​បាន​អញ្ជើញ​រដ្ឋមន្ត្រី​ការបរទេស​ថ្មី​នៃ​របប​យោធា​មីយ៉ាន់ម៉ា​ឲ្យ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​មួយ​នៅ​ខែ​ក្រោយ ដែល​ការ​អញ្ជើញ​នេះ​បាន​បណ្តាល​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ជា​ច្រើន​តាម​បណ្តាញ​សង្គម​អនឡាញ​ថា រដ្ឋាភិបាល​ស្រីលង្កា​កំពុង​គាំទ្រ​រដ្ឋប្រហារ​យោធា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដោយ​ស្ងៀមស្ងាត់។

គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​ទទួលស្គាល់​ជា​ផ្លូវការ​ពី​អន្តរជាតិ​នូវ​របប​យោធា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ នេះ​នៅ​ឡើយ​ទេ បើ​ទោះបីជា​លោក Wunna Maung Lwin ដែល​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ថ្មី​របស់​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​យោធា ធ្លាប់​បាន​ជួប​ដោយ​ផ្ទាល់​និង​តាម​អនឡាញ​ជាមួយ​សមភាគី​មួយ​ចំនួន​នៅ​ក្នុង​តំបន់​យ៉ាង​ណា​ក៏ដោយ។

ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​រាយការណ៍​ថា ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​ស្រីលង្កា​នេះ​គឺ​សម្រាប់​កិច្ច​ប្រជុំ​តាម​អនឡាញ​របស់​រដ្ឋមន្រ្តី​ការបរទេស​មកពី​ប្រទេស​បង់ក្លាដេស ប៊ូតង់ ឥណ្ឌា នេប៉ាល់ ស្រីលង្កា មីយ៉ាន់ម៉ា និង​ថៃ ក្រោម​កម្មវិធី​ផ្តួចផ្តើម​ឈូង​សមុទ្រ Bengal ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​ពហុ​វិស័យ​បច្ចេកវិទ្យា​និង​សេដ្ឋកិច្ច (BIMSTEC)។

សកម្មជន​មួយ​ចំនួន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​បង្ហោះ​សារ​លើ​ទំព័រ​បណ្តាញ​សង្គម​អនឡាញ​របស់​ក្រសួង​ការបរទេស​ស្រីលង្កា ដោយ​ធ្វើ​ការ​រិះគន់​ថ្កោលទោស​ទៅ​លើ​ការ​អញ្ជើញ​នេះ។

នៅ​ក្នុង​សារ​មួយ​លើ Twitter អ្នក​ប្រើ​ប្រាស់​ដែល​ដាក់​ឈ្មោះ SweZtun បាន​លើក​ឡើង​ថា៖ «អ្នក​គួរ​ឲ្យ​អាម៉ាស់​ណាស់!!!។ អ្នក​បាន​អញ្ជើញ​សមាជិក​នៃ​ក្រុម​ភេរវកម្ម​យោធា​មីយ៉ាន់ម៉ា​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ BIMSTEC នេះ។... អ្នក​កំពុង​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ក្រុម​ភេរវកម្ម​នេះ​ដោយ​ឥត​អៀនខ្មាស»។

គេ​នៅ​ពុំ​ទាន់​ឃើញ​មាន​ការ​ឆ្លើយតប​ណា​មួយ​ពី​ក្រសួង​ការបរទេស​ស្រីលង្កា​នៅឡើយ​ទេ។

ទន្ទឹម​នឹង​នេះ​ដែរ សកម្មជន​ស្រីលង្កា​មួយ​ចំនួន​បាន​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​មីយ៉ាន់ម៉ា​ក្នុង​ទីក្រុង​កូឡំបូ ប្រទេស​ស្រីលង្កា កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ដើម្បី​ថ្កោលទោស​រដ្ឋប្រហារ​យោធា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ការ​តវ៉ា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​មុន​ពេល​មាន​ការ​ប្រកាស​អំពី​ការ​អញ្ជើញ​នេះ៕