កម្មវិធី​ Spyware បង្កប់​នៅ​ក្នុង​ស្មាតហ្វូន​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត

លោក Ahmed Mansoor សកម្មជន​សិទ្ធិ​មនុស្ស​បង្ហាញ​អ្នក​កាសែត​ពី​ការ​ថត​ទុក​នៃ​សារ​បោកប្រាស់​ដែល​លោក​បាន​ទទួល​នៅ​ក្នុង​ក្រុង Ajman ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦។

រដ្ឋាភិបាល​នៅ​ទូទាំង​ពិភពលោក​កំពុង​ប្រើប្រាស់​កម្មវិធី​​សូហ្វវែ (software) កុំព្យូទ័រ​​សម្រាប់​ឃ្លាំ​មើល​ជន​ទូទៅ ដោយ​ដាក់​​បង្កប់​​ទៅ​ក្នុង​ទូរស័ព្ទ​ទំនើប​ស្មាតហ្វូន​ (smartphone) របស់​ពួក​គេ រួច​​ថត​រូប​អេក្រង់ អាន​សារ​អេឡិកត្រូនិក​អ៊ីម៉ែល និង​​តាមដាន​​​រាល់​ការ​ផ្លាស់​ទី​កន្លែង​និង​ធ្វើ​ដំណើរ​របស់​អ្នក​ប្រើប្រាស់។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុម​អ្នក​ជំនាញ​ខាង​សន្តិសុខ​​និង​សិទ្ធិ​ពលរដ្ឋ។

ការ​កើន​ឡើង​នូវកម្មវិធី​សូហ្វវែ​កុំព្យូទ័រ​ដែល​លួចព័ត៌មាន​សម្ងាត់​ ឬ​ដែល​គេ​ហៅ​ថា Spyware កើត​មាន​ឡើង​ខណៈ​ដែល​សារ​អេឡិកត្រូនិក​នានា​ត្រូវ​បាន​គេធ្វើ​អក្ខរបំប្លែង​ (encryption) ឬលាក់​សារ​ក្នុង​កូដ​សម្ងាត់​ ដែល​ធ្វើ​ឲ្យ​លំបាក​ដល់​កិច្ច​ប្រឹងប្រែង​តាមដានរបស់​រដ្ឋាភិបាល​និង​អាជ្ញាធរ។

ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុមហ៊ុន​ឯកជន​ចាប់​ផ្តើម​លក់​កម្មវិធី​សូហ្វវែ​ទំនើប​ដែល​ដំបូង​មើល​ទៅ​ដូច​ជា​សារ​ទូរស័ព្ទ​ធម្មតា​ដែលមាន​តំណ​ភ្ជាប់​ ឬ​ link។ នៅ​ពេល​គេ​ចុច​តំណ​ភ្ជាប់ link​ នោះ ទូរស័ព្ទ​នោះ​នឹង​ត្រូវ​ឆ្លង​មេរោគ​កុំព្យូទ័រ។ បន្ទាប់​មក ជន​ទី​៣​ម្នាក់ (តតិយជន) អាច​លួច​អាន​អ៊ីម៉ែល​បាន អាច​លួច​យក​ទិន្នន័យ​និង​ស្តាប់​សំឡេង​ និង​តាម​ដាន​ចលនា​ម្ចាស់​ទូរស័ព្ទ។

ក្រុមហ៊ុន​ដែល​លក់​កម្មវិធី Spyware ទាំង​នេះ​ផ្តាច់មុខ​ទៅ​ឲ្យ​ស្ថាប័នរដ្ឋាភិបាល​ទទូច​ថា​ កម្មវិធី​សូហ្វវែ​ទាំង​នេះ​ត្រូវ​គេ​ប្រើ​តែ​ក្នុងករណី​ស្រប​ច្បាប់​ប៉ុណ្ណោះ គឺ​ដើម្បី​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​និង​ភេរវកម្ម។ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​ខាង​សន្តិសុខ​និង​ក្រុម​ការពារ​សិទ្ធិ​ពលរដ្ឋយល់​ថា រដ្ឋាភិបាល​ខ្លះ​ប្រើ​កម្មវិធី​នេះ​ដើម្បី​តាមដាន​សកម្មជន​សិទ្ធិ​មនុស្ស​ អ្នក​កាសែត​ និង​ជន​ផ្សេង​ទៀត។

ព័ត៌មាន​ចុងក្រោយ​មួយ​ដែល​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន​ The New York Times បង្ហាញ​ថា សកម្មជន​និង​អ្នក​កាសែត​នៅ​ប្រទេស​ម៉ិកស៊ិក​បាន​ទទួល​សារ​ទូរស័ព្ទ​និង​សារ​អ៊ីម៉ែល​ដែល​មាន​តំណ​ភ្ជាប់​ link ដែល​អាច​ធ្វើ​ឲ្យ​ទូរស័ព្ទ​ពួក​ឆ្លងមេរោគ​កុំព្យូទ័របង្កប់ Spyware ប្រសិន​បើ​ពួក​គេ​ចុច​តំណ​ភ្ជាប់​ link នោះ។ ក្នុង​ករណី​ខ្លះ​ សារ​ទាំង​នោះ​មើល​ទៅ​ហាក់​ចេញ​ពី​ប្រភព​ត្រឹមត្រូវ​ ដូច​ជា​ចេញ​ពី​ស្ថានទូត​អាមេរិក​ជាដើម។

រដ្ឋាភិបាល​ម៉ិកស៊ិក​ថា​ ខ្លួន​មិន​តាមដាន​សកម្មជន អ្នក​កាសែត​ឬ​ជន​ណា​ផ្សេង​ដោយ​ប្រើកម្មវិធី Spyware នោះ​ទេ​ ដរាប​ណា​មិន​មាន ​«ការ​អនុញ្ញាត​ជា​មុន​ពី​តុលាការ‍»។

អ្នក​កាសែត​ម៉ិកស៊ិក Carmen Aristegui ឆែក​ទូរស័ព្ទ​ដៃ​របស់​នាង​ក្នុង​ពេល​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​ម៉ិកស៊ីកូ កាលពី​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧។

«ការ​ស្ទាក់​ចាប់​ស្រប​ច្បាប់‍»

នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មាន​ការ​កើន​ឡើង​ការ​លក់​កម្មវិធី​សូហ្វវែ​មួយ​បែប​ដែល​គេ​ហៅ​ថា lawful intercept ឬ​ប្រែ​ថា​ «ការ​ស្ទាក់​ចាប់​ស្រប​ច្បាប់‍» នេះ​បើ​តាម​លោក Mike Murray អនុប្រធាន​ផ្នែក​ចារកម្ម​សន្តិសុខ​នៅ​ក្រុមហ៊ុន Lookout ដែល​ជា​ក្រុមហ៊ុន​សន្តិសុខ​ទូរស័ព្ទ​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​សាន់ហ្វ្រាន់ស៊ិស្កូ​ (San Francisco) រដ្ឋ​កាលីហ្វ័រញ៉ា (California)។

លោក Murray ថ្លែង​ថា ប្រទេស​នានា​ដែល​មិនអាចបង្កើតកម្មវិធី​កុំព្យូទ័រ​ទំនើប​សម្រាប់​ការ​ឃ្លាំ​មើល ឥឡូវ​នេះ​អាច​ទិញ​កម្មវិធី​ឃ្លាំ​មើល​ទំនើបៗ​បែប​នេះ​បាន។

«អ្វី​ដែល​ថ្មី​នោះ​ គឺសេចក្តី​សាទរ​របស់ប្រទេស​ទាំង​នេះ ដែល​តែង​តែ​ប្រាថ្នា​ចង់​មាន​សមត្ថភាព​បច្ចេកវិទ្យា​ (ទំនើប)​នេះ។ ហើយ​ឥឡូវ​នេះ​ពួក​គេ​មាន​ហើយ»។

ក្រុមហ៊ុន Lookout ដែល​ផលិត​កម្មវិធី​សូហ្វវែ​និង​ផ្តល់​សេវាកម្ម​ខាង​សន្តិសុខ ទទួល​ព័ត៌មាន​ប្រចាំ​ខែ​ពី​ទូរស័ព្ទ​ជាង​១០០​លាន​គ្រឿង​នៅ​ប្រទេស​ចំនួន​១៥០។ លោក Murray ថាក្រុមហ៊ុន​នេះ​បាន​ឃើញ​កម្មវិធីលួច​ព័ត៌មាន​សម្ងាត់​ Spyware «នៅ​ក្នុង​ទីតាំង​ជម្លោះ​គ្រប់​បែប​នៅ​ជុំវិញ​ពិភពលោក‍»។

អ្នកស្រី Eva Galperin ប្រធាន​ផ្នែក​សន្តិសុខ​អ៊ីនធឺណិត​នៃអង្គការ​ការពារ​សិទ្ធិ​តាម​អ៊ីនធឺណិត​ឈ្មោះ​មូលនិធិ​ដែន​អេឡិកត្រូនិក ឬ Electronic Frontier Foundation ថ្លែង​ថា ការ​ប្រើប្រាស់​ Spyware ពី​មុន​មាន​ប្រទេស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​មាន​លទ្ធភាព​ប្រើ​ Spyware។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ​តម្លៃ​នៃ Spyware ​បាន​ធ្លាក់​ចុះ​ ហើយ​ប្រទេស​ជា​ច្រើន​អាច​ចំណាយ​តែ​ប៉ុន្មានសែន​ដុល្លារ​នឹង​អាច​មាន​សមត្ថភាព​បច្ចេកវិទ្យា​ខាង​ឃ្លាំ​មើល​ដូច​គ្នា​ដែរ។

កាល​ពី​ឆ្នាំ​មុន​ អ្នក​ស្រី Galperin បាន​ចំណាយ​ពេលបី​សប្តាហ៍​នៅ​ប្រទេស​ម៉ិកស៊ិក​ដើម្បី​បណ្តុះ​បណ្តាលក្រុម​សកម្មជន។ អ្នក​ស្រី​ឲ្យ​ដំបូន្មាន​មួយ​គឺ៖ ចំពោះ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ណា​ដែល​មិន​ច្បាស់អំពី​តំណ​ភ្ជាប់ link ដែលចម្លែក​នៅ​ក្នុង​អ៊ីម៉ែល​ ឬ​សារ​ទូរស័ព្ទ គួរ​ផ្ញើ​សារ​ចម្លែក​នេះ​បន្ត​ទៅ​គណនី​ផ្សេង​មួយ​ទៀត​ ដូច​ជា​គណនី Gmail របស់ Google ឬ គណនី Google Documents ដើម្បី​បង្ការ​ការ​ឆ្លង​មេរោគ​កុំព្យូទ័រ។

អ្នក​ស្រី​ Galperin ថ្លែង​ថា៖

«យើង​គួរ​តែ​មាន​ការ​បារម្ភ​ខ្លាំង។ កម្មវិធី​លួច​ឃ្លាំមើល​មាន​ឥទ្ធិពល​ខ្លាំង​ណាស់។ គេ​អាចគ្រប់គ្រង​ឧបករណ៍​អ្នក​បាន​ទាំង​ស្រុង។ អ្វី​ទាំង​អស់​ដែល​អ្នក​ជាម្ចាស់​ទូរស័ព្ទ​អាច​មើល​បាន​ អ្នក​លួច​ក៏​អាច​មើល​បាន។ គេ​អាច​ឃើញ​អ្វី​ទាំង​អស់​ដែល​ម្ចាស់​អាច​ឃើញ និង​អាច​បញ្ជា​អ្វី​ទាំង​អស់​ដែល​ម្ចាស់​ទូរស័ព្ទ​បញ្ជា​ដែរ»៕​

ប្រែ​សម្រួល​ដោយ សឹង សុផាត