ក្រុម«ស្ត្រី​ថ្ងៃ​សុក្រ»​បន្ត​ការ​តវ៉ា​ខណៈ​សម្ពាធ​ពី​ខាង​ក្រៅ​ឲ្យ​ដោះលែង​ស្វាមី​មិន​ទាន់​មាន​លទ្ធផល

រូប​ឯកសារ៖ អ្នកស្រី ព្រុំ ចាន់ថា ភរិយាលោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និយាយជាមួយអ្នកសារព័ត៌មាននៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

ក្រុម​«ស្ត្រី​ថ្ងៃសុក្រ»​គឺ​ជា​ឈ្មោះ​ក្រៅ​ផ្លូវការ​របស់​ក្រុម​ភរិយា​នៃអតីត​មន្ត្រី​និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ហើយ​បាន​ចេញ​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​ស្វាមី​ជា​ប្រចាំ​នា​ចុង​សប្តាហ៍​នៅ​រាជធានី​ភ្នំពេញ។

ស្វាមី​របស់​ក្រុម​«ស្ត្រី​ថ្ងៃ​សុក្រ»​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ជាបន្ត​បន្ទាប់​និង​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ជាច្រើន​ករណី​ពាក់ព័ន្ធ​នឹង​សកម្មភាព​សង្គម​និង​ការរិះគន់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ ក្នុង​ចំណោម​ការ​ចោទ​ប្រកាន់​មានបទញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់​បង្គាប់​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ឬ​បង្ក​ភាពវឹកវរ​ក្នុង​សង្គម​រហូត​ដល់​រួម​គំនិត​ក្បត់។​ទោស​អតិបរិមា​ដែល​ពួកគេត្រូវ​ទទួល​គឺ​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​២០​ឆ្នាំ។

បន្ទាប់​ពី​អាក់​ខាន​ជាច្រើន​ខែ​ដោយសារ​តែ​ជំងឺ​កូវីដ១៩​បាន​ឆ្លងរាលដាល​នៅ​កម្ពុជា​និង​ការ​បិទខ្ទប់​ពួកគេ​បាន​ចេញ​មក​តវ៉ា​ជាថ្មី​កាលពី​ចុង​ខែ​ឧសភា​កន្លង​ទៅ​នេះ។​

អ្នកស្រី​ព្រុំ​ ចាន់ថា​ ភរិយា​របស់​លោក​កាក់ កុម្ភារ​ដែល​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ខេមរភាសាកាលពី​ថ្ងៃចន្ទ​ថា៖ «តាំងតែ​ពី​ប្តី​ខ្ញុំ​ត្រូវ​គេ​ចាប់​មក​រយៈពេល​មួយ​ឆ្នាំ​ជាង​ហើយ​ដែល​ខ្ញុំ​ធ្វើ​ការ​តវ៉ាហើយ​ទើប​តែ​ផ្អាក​កូវីដ​ដែលគេ​បិទ​ខ្ទប់​នេះ​ឯង​ដោយសារ​គេ​បិទ​ខ្ទប់​ទៅ​កុំ​ឲ្យ​ខុស​រដ្ឋាភិបាល​ដាក់​បញ្ជា​មក​កុំ​ឲ្យ​ខុស​គោលការណ៍​គេ។ ឥឡូវ​ខ្ញុំ​ចាប់ផ្តើម​ការតវ៉ា​បាន​បី​សប្តាហ៍​វិញ​ហើយ​ដាក់​ទៅ​ទូត​អាមេរិក​ UN ​និង ​EU»។

រូប​ឯកសារ៖ អ្នកស្រី ព្រុំ ចន្ថា​ កាន់​ញត្តិស្រែករកវត្តមាន​ព្រះមហាក្សត្ស​នៅ​ក្បែររបងព្រះបរមរាជវាំង ក្នុងរាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ុល រស្មី/វីអូអេ)

ជារឿយៗ​ការ​តវ៉ា​របស់​ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​យាយី​រំខាន​និង​បង្ក្រាប​បើទោះបី​ជា​ពួកគេ​រៀបចំ​ឡើង​ដោយ​អហិង្សា​និង​ក្នុង​ទ្រង់ទ្រាយ​តូច​ក៏ដោយ។ ប៉ុន្តែ​សកម្មភាព​រារាំង​ទាំង​នេះ​តែងតែ​ត្រូវ​បាន​គេ​ចែកចាយ​បន្ត​តាម​បណ្តាញ​សង្គម​ដោយ​ក្រុម​បាតុករ​បាន​ប្រើប្រាស់​ហ្វេសប៊ុក​ផ្សាយ​ផ្ទាល់​ពី​សកម្មភាព​តវ៉ា​ទាំងនោះ។

អ្នកកំពុង​ជាប់ឃុំឃាំង​ខ្លះ​មាន​បញ្ហា​សុខភាព​ដូច​ជា​លើស​ឈាម​ស្ពឹក​ដៃជើង ​ទឹកនោម​ផ្អែម​និង​គាប​សសៃ​ខ្នង​និង​ចង្កេះ​ដែល​ត្រូវការ​ការតាមដាន​ព្យាបាល​ជាប្រចាំ។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រុម​គ្រួសារ។

តាំងពី​ដើមឆ្នាំ​២០២០​មក​មាន​អតីត​សកម្មជន​និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៤៨​នាក់​កំពុង​ជាប់​ពន្ធនាគារ​គឺ​ទាំងអ្នក​ត្រូវបាន​តុលាការ​កាត់ទោស​ហើយ​និង​អ្នកនៅរង់ចាំ​ការកាត់ទោស។ នេះ​បើតាម​តួលេខ​របស់​គណបក្ស​ត្រឹម​ខែមិថុនា​នេះ។

អាជ្ញាធរ​កម្ពុជា​បាន​បង្កើន​ការបង្ក្រាប​និង​ចាប់ខ្លួន​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​និង​សកម្មជន​ដើម្បី​យក​មក​កាត់ទោស​ក្រោយ​ពី​បាន​ទប់ស្កាត់​ដោយ​ជោគជ័យ​នូវ​គម្រោង​ដំណើរ​វិលត្រឡប់​របស់​លោក សម រង្ស៊ីប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩។​

អ្នកស្រី​ព្រុំ ចាន់ថា​ដែល​តែងតែ​ចូលរួម​ដឹកនាំ​បាតុកម្ម​បន្ត​រិះគន់​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។ អ្នកស្រី​បាន​ថ្លែង​ថា៖​«ខ្ញុំ​មាន​អារម្មណ៍​ថា​រាល់ថ្ងៃ​គាត់​ក្តាប់​អំណាច​ជាប់​តែ​ខ្លួន​គាត់​ហ្មង។ គាត់​អត់ខ្វល់​និង​អើ​ពើ​អ្វី​ទាំងអស់។ និយាយ​រួម​ទៅ​គាត់​បំបិទ​សិទ្ធិ​សព្វ​បែប​យ៉ាង​ជាពិសេសអ្នក​នយោបាយ​តែម្តង»។​

ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​ការងាររបស់​អ្នកស្រី ​Wendy R. Sherman​ អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ទៅ​ប្រទេស​កម្ពុជា​កាលពី​ដើម​ខែ​មិថុនា​អ្នកស្រី​បាន​ស្នើ​ដោយផ្ទាល់​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ឲ្យ​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​សកម្មភាព​នយោបាយ​និង​ដោះលែង​សកម្មជន​និង​មន្ត្រី​គណបក្ស​ប្រឆាំង។

រូប​ឯកសារ៖ អ្នកស្រី Wendy Sherman អនុ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិក ជួប​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា)

​អ្នកស្រី ​Sherman បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់​ពី​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ថា៖ «ខ្ញុំ​បាន​អំពាវនាវ​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ឲ្យ​ទម្លាក់​ចោល​ការចោទ​ប្រកាន់​ដែល​មាន​លក្ខណៈ​នយោបាយ​ប្រឆាំង​នឹង​អ្នកនយោបាយ​ប្រឆាំង​អ្នកសារព័ត៌មាន​និង​សកម្មជន»។

អ្នកស្រី​Sherman​សម្តែង​ក្តី​សង្ឃឹម​ថា​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​នឹង​យកចិត្ត​ទុកដាក់​ស្តាប់​តាម​ការស្នើសុំ​និង​ការព្រួយបារម្ភ​របស់​សហរដ្ឋ​អាមេរិក។ ដូចគ្នា​នេះ​ដែរ​ក្រុម«ស្ត្រី​ថ្ងៃសុក្រ»​ក៏​បាន​សម្តែង​ក្តីសង្ឃឹម​ថា​ស្វាមី​របស់​ពួកគាត់​នឹង​មាន​សិទ្ធិសេរីភាព​ឡើងវិញ​ក្នុង​ពេលឆាប់ៗ​ខាងមុខ។

អ្នកស្រី​សេង ចាន់ថន​ភរិយា​របស់​លោក​ស៊ុន ធន់​អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ​បាន​ប្រាប់​វីអូអេ​ខេមភាសា​កាលពី​ថ្ងៃចន្ទ​ថា៖ «ពួកខ្ញុំ​សង្ឃឹម​ថា​រាជរដ្ឋាភិបាល​នឹង​យក​សម្តី​គាត់​ទៅ​ពិចារណា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ជាពិសេស​អ្នកទោស​នយោបាយ​ដែល​កំពុង​ជាប់​ឃុំឃាំង។ ពួកគាត់​អត់មាន​កំហុស​អ្វី​ទាំងអស់»។

អ្នកស្រី​អ៊ុក ចន្ធី ​ភរិយា​លោក​យឹម សារ៉េត​អតីត​ជំទប់​ទី១​ឃុំ​ចន្ត្រី​ស្រុក​រមាសហែក​ខេត្ត​ស្វាយរៀង​បាន​បញ្ជាក់​ដែរ​ថា៖ «ពេលនោះ​ខ្ញុំ​មាន​ក្តីសង្ឃឹម​ខ្លាំង​ណាស់​សង្ឃឹម​ថា​អ្នកស្រី​អនុរដ្ឋមន្ត្រី​នឹង​ជួយ​ពួកខ្ញុំ​ដើម្បី​ឲ្យ​ក្រុមគ្រួសារ​ពួកខ្ញុំ​បាន​ដោះលែង។ ខ្ញុំ​សង្ឃឹម​ខ្លាំងណាស់​ប៉ុន្តែ​លទ្ធផល​មិនដឹង​យ៉ាងម៉េច​ទេ​ប៉ុន្តែ​ពួកខ្ញុំ​នៅតែ​មាន​ក្តី​សង្ឃឹម»។

ក្នុង​ពេល​នេះ​ដែរ​ស្ថានភាព​ពន្ធនាគារ​បាន​អាក្រក់​ជាងមុន​ដោយសារតែ​ផ្ទុះឆ្លង​ជំងឺ​កូវីដ​១៩​លើ​អ្នកជាប់​ពន្ធនាគារ​ជាង​២០%​ក្នុង​ចំណោម​អ្នកជាប់​ជិត​៤​ម៉ឺនាក់​ហើយ​ក៏មាន​ជនជាប់ឃុំ​ខ្លះ​បាន​ឆ្លង​វីរុស​ក៏​កាច​សាហាវ​នេះ​ផងដែរ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​នុត សវនា​អ្នកនាំពាក្យពន្ធនាគារ​និង​ក្រុមគ្រួសារ​ជនរងគ្រោះ​ប្រាប់​វីអូអេ​ខេមភាសា។

ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​ហាក់​មិនមាន​សុទ្ទិដ្ឋិនិយម​ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​Sherman​ ដោយសារ​ស្ថានការណ៍​មិនមាន​ការប្រែប្រួល​នៅឡើយ។

រូប​ឯកសារ៖ ក្រុមអ្នកតវ៉ា​លើក​បដានៅ​មុខ​ការិយាល័យ​ឧត្តមស្នង​ការ​អង្គការ​សហប្រជាជាតិទទួលបន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា​ ថ្ងៃទី​១៩​ ខែ​មិថុនា​ ឆ្នាំ​២០២០ ស្នើឲ្យ​តុលាការ​ទម្លាក់​បទចោទ​ប្រកាន់​សាច់​ញាតិ​របស់​ពួកគេ​ ដែល​ជាអតីត​មន្ត្រី​គណបក្សប្រឆាំង។ (ហ៊ុល រស្មី​/វីអូអ)

លោក​អេង ឆៃអ៊ាង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែងប្រាប់​វីអូអេ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ថា៖ «ពេលដែល​លោក​ហ៊ុន សែន​ជួប​ជាមួយ​នឹង​អ្នកស្រី​អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ហ្នឹង​គឺ​យើង​ផ្តោត​សេចក្តី​សង្ឃឹម​ថា​ក្រោយ​ជំនួប​ហ្នឹង​នឹង​អាច​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ​ជាពិសេស​ស្ថានការណ៍​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស​វា​ធូរស្រាល​ប៉ុន្តែ​ផ្ទុយ​ទៅវិញ​យើង​ឃើញ​ថា​វាហាក់បី​ដូចជា​អត់​មាន​ធូរស្រាល​ទាល់តែ​សោះ។ នេះ​បាន​ន័យ​ថា​អ្នកដែល​ជាប់​ពន្ធនាគារ​គឺ​អត់​មាន​ជ្រុង​ណា​ដែល​ឃើញ​ថា​លោកហ៊ុន សែន​នឹង​បន្ធូរ​បន្ថយ​ឡើយ​គឺ​មាន​តែ​ដាក់ទោស​ថែមទៀត​និងមាន​ការចាប់​ថែម​ទៀត។ នេះ​គឺ​ជា​ចំណុច​មួយ​ដែល​យើង​ឃើញ​ថា​ជំនួប​រវាង​លោក​ហ៊ុន សែន​ជាមួយ​នឹង​អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​វាមាន​ភាព​អវិជ្ជមាន​វិញ​ទេ»។

អ្នកនយោបាយ​គណបក្ស​ប្រឆាំង​តែងតែ​បញ្ជាក់​គោលជំហរ​ចង់​ពិភាក្សា​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ​ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​ប៉ុន្តែ​គណបក្ស​កាន់​អំណាច​បាន​ប្រកាន់​ជំហរ​តឹងរ៉ឹង​មិន​ចង់​និយាយ​ឆ្លើយឆ្លង​និង​សម្រប​សម្រួល​អ្វីទេ​និង​ថែមទាំង​បាន​ថ្លែង​ថា​អតីត​គណបក្ស​ប្រឆាំង​នេះ​នឹង​មិន​មាន​វត្តមាន​ក្នុង​ការ​បោះឆ្នោត​ខាងមុខ​ឡើយ។

លោក​ ឈាង វណ្ណារិទ្ធ​ប្រធាន​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី​មើលឃើញ​ថាបញ្ហា​នយោបាយ​ផ្ទៃក្នុង​កម្ពុជា​មាន​លក្ខណៈ​ស្មុគស្មាញ​ដែល​មិន​ងាយ​ដោះស្រាយ​បាន​ភ្លាមៗ​ទេ​ជាពិសេស​ការដាក់​សម្ពាធ​ពី​ខាងក្រៅ។

លោក​ឈាង វណ្ណារិទ្ធ​បាន​បញ្ជាក់​បន្ថែម​ប្រាប់​វីអូអេ​ខេមរភាសា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃពុធ​ថា៖ «ខ្ញុំ​នៅតែ​គិតថា​កត្តា​ខាងក្នុង​វា​កំណត់​កត្តា​ហ្នឹង​អីចឹង​បើ​មាន​ការចរចា​និង​ពិភាក្សា​នយោបាយ​ណា​មួយ​កើត​ឡើង​នោះ​ជា​ដំណោះស្រាយ​នយោបាយ។ វា​ជា​ទំនុក​ចិត្ត​គ្នា ហើយ​សម្ពាធ​ពី​ខាងក្រៅ​វា​អត់មាន​ប្រសិទ្ធភាព។ វា​អាច​ធ្វើ​ឲ្យ​បញ្ហា​ហ្នឹង​លំបាក​ទៅវិញ»។

យ៉ាងណាក៏ដោយ​ក្រុម​«ស្ត្រី​ថ្ងៃសុក្រ»​នៅ​តែ​សម្តែង​ការពេញចិត្ត​ដែល​មន្ត្រី​ជាន់ខ្ពស់​អាមេរិកាំង​បាន​លើកឡើង​ពី​បញ្ហា​របស់​ពួកគាត់​ហើយ​ពួកគាត់​នៅ​តែ​រក្សា​ក្តី​សង្ឃឹម​ថា​ស្ថានការណ៍​នឹង​បាន​ធូរស្រាល។

រូប​ឯកសារ៖ អ្នកស្រី ​សុខ​ បូលីម៉ា​ ​អាយុ​៥០​ឆ្នាំ​ ឈរកាន់​រូបថត​ស្វាមីគាត់​ គឺ​លោក​ ឃឹម ភាណា​ នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ថ្ងៃទី​៣​ ខែកក្កដា​ ឆ្នាំ​២០២០​។ (ហ៊ុល រស្មី/វីអូអេ)

អ្នកស្រី​ សុខ បូលីម៉ា​ ភរិយា​លោក ​ឃឹម ​ភាណា​ អតីត​ចៅសង្កាត់​ផ្សារដេប៉ូ​ទី៣នៃ​រាជធានី​ភ្នំពេញ​ថ្លែង​ថាការណ៍​ដែល​មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​បាន​មកឃើញ​ស្ថានភាព​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដោយ​ផ្ទាល់​ដូចនេះ​គឺ​ជា​ការ​លើកទឹកចិត្ត​បន្ថែម​ទៀត​ដល់​អ្នកតស៊ូ​ទាមទារ​ហើយ​អ្នកស្រី​នៅ​តែ​រក្សា​ក្តី​សង្ឃឹម។

អ្នកស្រី បូលីម៉ា​បាន​បន្ថែម​ថា៖ «ខ្ញុំ​មាន​ចិត្ត​កក់ក្តៅ​ពេល​ដែល​គាត់​មកដល់​កម្ពុជា​ឃើញ​ពលរដ្ឋ​អត់មាន​សិទ្ធិ​ពេញលេញ​អត់​មាន​ប្រជាធិបតេយ្យ​ពេញ​លេញ។ ទឹកមុខ​គាត់​ហាក់​ដូច​ជា​ស្រងាកចិត្ត​ត្រង់​គាត់​មិន​និយាយ​ឲ្យ​យើង​ដឹង​គឺ​ក្នុង​ចិត្ត​គាត់​ស្រងាក​ចិត្ត​ហើយ​ឃើញ​ប្រទេស​កម្ពុជា​ធ្លាក់​ដុនដាប​ពេក​អីចឹង»។

ទន្ទឹម​នឹង​ការរង់ចំា​ដំណោះស្រាយ​នយោបាយ​ការតវ៉ា​របស់​ពួកគេ​ប្រចាំ​ថ្ងៃសុក្រនឹង​នៅ​តែបន្ត។

អ្នកស្រី​ដុស គឹមទៀង​ភរិយា​របស់​លោក​ឈួ ផេង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែងថា៖ «ទោះបី​មិនបាន​លទ្ធផល​អ្វី​ក៏​ពួកខ្ញុំ​នៅតែ​តវ៉ា​ជារៀងរហូត​ចឹង​ព្រោះអី​ត្រូវតែ​មាន​ដំណោះស្រាយ​ដល់​ពួកខ្ញុំ។ ប្តី​ពួកខ្ញុំ​មិនបាន​ធ្វើ​កំហុស​អ្វី​ទាំងអស់​មិនបាន​ធ្វើ​កំហុស​ជាក់ស្តែង​ធ្វើ​ឲ្យគេ​ត្រូវ​ចាប់​គាត់»។

ស្ត្រី​មេផ្ទះ​ទាំងនេះ​មិន​ដែល​ចូលរួម​ពាក់ព័ន្ធ​នឹង​សកម្មភាព​នយោបាយ​ទេ​ពីពេល​មុនមក​បើទោះបី​ជា​ស្វាមី​ជា​មន្ត្រី​និង​សកម្មជន​របស់​គណបក្ស។ ប៉ុន្តែ​ហេតុការណ៍​ដែល​មិន​បាន​ព្រាង​ទុក​ក្នុង​រយៈពេល​ជាង​១ឆ្នាំ​នេះ​បាន​ទាញ​ពួកគេ​ឲ្យ​ធ្វើការ​រួម​គ្នា​និងផ្លាស់ប្តូរ​ការគិត​របស់​ពួកគេ​ខ្លះ។

អ្នកស្រី​ព្រុំ​ចាន់ថា​បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​អាច​ដក​ថយ​បាន​ទេ​ទោះ​ណា​ជា​ប្តី​ខ្ញុំ​រួច​ក៏ដោយ​ព្រោះ​មាគ៌ា​ដើរ​របស់​ខ្ញុំ​គឺ​ខ្ញុំ​ដើរ​រឿង​នយោបាយ​ហើយព្រោះ​ខ្ញុំ​លែង​គិត​ហើយ»៕