ក្រុមហ៊ុនឧបត្ថម្ភកំពុងអំពាវនាវដល់ក្រុមប្រឹក្សាអង្គការគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក FIFA ឲ្យធ្វើការផ្លាស់ប្តូរ ខណៈដែលសហព័ន្ធប្រចាំតំបន់របស់ខ្លួន ជជែកដេញដោលពីអនាគតនៃមេដឹកនាំរបស់អង្គការ ដែលបានទទទួលការរិះគន់ជារឿយៗ បន្ទាប់ពីសហរដ្ឋអាមេរិកនិងប្រទេសស្វីសបានបញ្ចេញការស៊ើបអង្កេតពីអំពើពុករលួយដ៏ធំមួយ។
ក្រុមហ៊ុនប័ណ្ណឥណទាន Visaបានធ្វើសេចក្តីថ្លែងការណ៍ដ៏ខ្លាំងមួយ បន្ទាប់ពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានបញ្ចេញដីការចោទប្រកាន់មនុស្ស១៤នាក់កាលពីថ្ងៃពុធ ពីបទល្មើសដែលរួមមានការប្រព្រឹត្តអំពើទុច្ចរិត ការលួចបន្លំប្រាក់ហើយនិងការលាងលុយកខ្វក់។
ក្រុមហ៊ុន VISA បានសម្តែងនូវការអាក់អន់ចិត្តយ៉ាងខ្លាំងហើយបាននិយាយថា ប្រសិនបើគ្មានការធ្វើកំណែទម្រង់ ក្រុមហ៊ុននេះនឹងធ្វើការវាយតម្លៃឡើងវិញនូវការជួយឧបត្ថម្ភរបស់ខ្លួនដល់អង្គការ FIFA។
ក្រុមហ៊ុននោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ក្នុងនាមជាក្រុមហ៊ុនជួយឧបត្ថម្ភ យើងរំពឹងថាអង្គការ FIFA នឹងធ្វើការផ្លាស់ប្តូរ ហើយនិងចាត់វិធានការជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាទាំងអស់នៅក្នុងអង្គការនោះ។ នេះជាការចាប់ផ្តើមស្ថាបនាសារជាថ្មីនូវវប្បធម៌មួយ ដោយមានការអនុវត្តនូវក្រមសីលធម៌ដ៏រឹងមាំមួយ ដើម្បីស្តារឡើងវិញនូវកិត្យានុភាពរបស់កីឡានោះសម្រាប់ក្រុមអ្នកគាំទ្រ»។
ក្រុមហ៊ុនកូកា កូឡា ក៏បាននិយាយដែរថា ខ្លួនបានសម្តែងនូវការព្រួយកង្វល់ម្តងហើយម្តងទៀតអំពីការចោទប្រកាន់ទាំងនេះ ហើយរំពឹងថាអង្គការ FIFA នឹងធ្វើការដោះស្រាយឲ្យត្រឹមត្រូវដល់បញ្ហានេះ ខណៈពេលនោះដែរ ក្រុមហ៊ុន Adidas បានអំពាវនាវដល់អង្គការ FIFA «ធ្វើទៅតាមបទដ្ឋានតម្លាភាពនៅក្នុងអ្វីដែលអង្គការនោះធ្វើបាន»៕