អត្តពលិកខ្មែរចំនួន៨រូបត្រូវបានជ្រើសរើសទៅប្រកួតកីឡាអូឡាំពិកនៅសហរដ្ឋអាមេរិកដែលរៀបចំឡើងសម្រាប់អ្នកដែលមានបញ្ញាស្មារតីមិនសូវមាំមួន ប៉ុន្តែពួកគេកំពុងប្រឈមមុខនឹងកង្វះខាតថវិកា ដោយសារគ្មានអ្នកជួយឧបត្ថម្ភ។
កម្ពុជាមានគម្រោងនឹងបញ្ជូនអត្តពលិករបស់ខ្លួនទៅចូលរួមប្រកួតកីឡាអូឡាំពិកពិសេសឬ Special Olympic ពិភពលោករដូវក្តៅ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិកពីថ្ងៃទី២១ខែកក្កដាដល់ថ្ងៃទី៣ខែសីហាឆ្នាំ២០១៥ ខាងមុខនេះ។ ក៏ប៉ុន្តែគណៈកម្មាធិការអូឡាំពិកពិសេស ឬ Special Olympic អះអាងថា កម្ពុជាកំពុងខ្វះថវិកាក្នុងការបញ្ជូនក្រុមកីឡារបស់ខ្លួន។
កីឡាករចំនួន៨រូប ក្រោមការដឹកនាំរបស់គ្រូបង្វឹកគឺលោកចាប រតនានឹងទៅចូលរួមប្រកួតកីឡាអូឡាំពិកពិសេសឬ Special Olympic សម្រាប់វិញ្ញាសារ២គឺវិញ្ញាសារអត្តពលកម្មរត់ប្រណាំង និងវិញ្ញាសារបោះប៊ូល ឬប៉េតង។
កីឡាអូឡាំពិកពិសេសឬ Special Olympic ដែលមានសមាជិកជាង១៧០ប្រទេសនេះ គឺជាការប្រកួតកីឡាអូឡាំពិកសម្រាប់អ្នកមានបញ្ញាខ្សោយ ឬអ្នកដែលមាន IQ ឬបញ្ញាស្មារតីទាបជាងមនុស្សទូទៅ។
លោកចាប រតនាបានឲ្យដឹងថា ការបង្ហាត់កីឡាករអូឡាំពិកពិសេសឬ Special Olympic នេះមានការលំបាកច្រើនជាងកីឡាធម្មតា។
«ទាក់ទងនឹងការបង្វឹក គឺមានការលំបាកច្រើន ក្នុងការហ្វឹកហាត់។ មូលហេតុអី ដោយសារតែ ឧទាហរណ៍កីឡាករធម្មតាក៏វាពិបាកមួយចំនួនធំហើយ ចុះទម្រាំតែគ្នាពិការសតិបញ្ញា មានន័យថា ពេលយើងនិយាយឲ្យគាត់ទៅជើង គាត់ទៅត្បូង។ អញ្ចឹងគឺការហ្វឹកហាត់ជួបផលលំបាកច្រើនមែនទែន។ វាទាមទារឲ្យមានការព្យាយាមម្តងហើយម្តងទៀត»។
លោករតនាបន្ថែមថា ការបង្វឹកកីឡាករគឺធ្វើឡើងជារៀងរាល់ព្រឹកចុងសប្តាហ៍។ ក្រៅពីនោះគឺជាបន្ទុករបស់ឳពុកម្តាយ ឬអាណាព្យាបាលរបស់កីឡាករ ដែលត្រូវផ្តល់ការហ្វឹកហាត់បន្ថែមនៅផ្ទះ ឬនៅអង្គការដែលពួកគេស្នាក់នៅ។
«អញ្ចឹងយើងទាមទារឲ្យពួកគាត់ហាត់នៅផ្ទះមួយចំនួនហើយ តាំងពីមិនទាន់ជ្រើសរើសពួកគាត់ម្ល៉េះ គ្រាន់តែវាមិនទាន់ស៊ីជម្រៅខាងបច្ចេកទេសនោះទេ ដូចជាការកំដៅសាច់ដុំ រត់ ព្រោះវាជាកីឡាងាយ ព្រោះកីឡាករ កីឡាការិនីស្តាប់ឳពុកម្តាយជាងគ្រូបង្វឹក»។
លោកឃ្លាំង ចន្ធូ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកពិសេសឬ Special Olympic កម្ពុជា បានលើកឡើងថា អូឡាំពិកពិសេសឬ Special Olympic គឺជាការប្រកួតដើម្បីលើកទឹកចិត្តដល់កីឡាករជាជាងការប្រកួតប្រជែងធ្វើជាជ័យលាភី៖
«Special Olympic (អូឡាំពិកពិសេស) គឺជាការផ្តល់ឱកាសមួយដើម្បីឲ្យពួកគាត់បានមកលេងកីឡា ហើយចូលរួមក្នុងសកម្មភាពសង្គម។ បើអត់មានSpecial Olympic (អូឡាំពិកពិសេស) ទេ ពួកគាត់ដូចជាត្រូវបានគេបោះបង់ចោលឲ្យគាត់នៅឯកោ។ ក្រោយពេលហ្វឹកហាត់ គាត់មានភាពក្លាហាន ហើយសុខភាពគាត់ក៏ល្អជាងមុនដែរ»។
កីឡាករទាំង៨រូបរបស់កម្ពុជា រួមមានលោកថៃ សុគន្ធីម លោកអ៊ុត សំអាង លោកមាស មករា កញ្ញាវ៉ន សូជូលៀ កញ្ញាគៀន ស្រីពៅ និងកញ្ញា ផល្លី អម្ពរពេជ្រសម្រាប់វិញ្ញាសារអត្តពលកម្ម និងកីឡាករ កីឡាការនី២រូបទៀតសម្រាប់វិញ្ញាសារបោះប៊ូល(ប៉េតង់)គឺលោកប៉ឹង វុទ្ធី និងកញ្ញារដ្ឋសម្ផស្ស។ ពួកគេ៧រូបមកពីទីក្រុងភ្នំពេញ និងមួយរូបទៀតមកពីខេត្តកំពង់ធំ។
ការជ្រើសរើសកីឡាករ កីឡាការិនីប្រភេទនេះត្រូវបានធ្វើឡើងតាមរយៈការប្រកួតប្រចាំឆ្នាំក្នុងចំណោមអ្នកខ្សោយបញ្ញា នៅអង្គការនានា ដែលធ្វើការជាមួយអ្នកមានបញ្ហាខាងបញ្ញាស្មារតីដើម្បីបង្វឹកបន្ថែមសម្រាប់ចេញទៅប្រកួតអូឡាំពិកពិសេស(Special Olympic )។ មកទល់ពេលនេះ កីឡាករកម្ពុជាទទួលបានការហ្វឹកហាត់ជាមូលដ្ឋានបានរយៈពេលជិតមួយឆ្នាំហើយ ហើយ២ខែទៀតសម្រាប់ការបង្វឹកលក្ខណៈបច្ចេកទេស។
អ្នកស្រីខៀវ ច័ន្ទម៉ូលី ជាម្តាយរបស់កីឡាការិនីផល្លីអម្ពរ ពេជ្រ ដែលមានការលូតលាស់ខាងស្មារតីយឺតជាងក្មេងដទៃ។ អ្នកស្រីម៉ូលីអះអាងថា អូឡាំពិកពិសេស (Special Olympic ) បានជួយផ្លាស់ប្តូរធ្វើឲ្យកូនរបស់គាត់កាន់តែប្រសើរជាងមុន ទាំងស្មារតី និងសុខភាព។
អ្នកស្រីខៀវ ច័ន្ទម៉ូលីថ្លែងថា៖
«ខុសប្លែក ដូចថា រាងមាំទាំជាងមុន។ មុនដូចយឺតយ៉ាវ។ ពេលញ៉ាំ ពេលអីពិបាក។ តែដល់ពេលចូលក្នុងក្រុមហ្នឹង គេចេះចង់ញ៉ាំ មានកម្លាំង គ្រាន់ជាងមុនឆ្ងាយ»។
កម្ពុជាធ្លាប់បានទៅចូលរួមប្រកួតអូឡាំពិកពិសេស (Special Olympic ) រដូវក្តៅពិភពលោកចំនួន២លើកមកហើយគឺនៅទីក្រុងសៀងហៃក្នុងឆ្នាំ២០០៧ ដោយទទួលបានមេដាយមាស៣ មេដាយប្រាក់៣ មេដាយសំរឹទ្ធ២។ ហើយនៅក្នុងការប្រកួតនៅទីក្រុងអាថែនប្រទេសក្រិកក្នុងឆ្នាំ២០១១ កម្ពុជាទទួលបានមេដាយមាស៤ មេដាយប្រាក់៤ និងមេដាយសំរឹទ្ធ២។ កម្ពុជាក៏ធ្លាប់ចូលរួមប្រកួតអូឡាំពិកពិសេស (Special Olympic ) រដូវរងារផងដែរនៅឆ្នាំ២០១៣ក្នុងប្រទេសកូរ៉េខាងត្បូង ដោយទទួលមេដាយមាស១ និងមេដាយប្រាក់១។ ជាសរុប កម្ពុជាទទួលបានមេដាយជាង១០ពីការប្រកួតអូឡាំពិកពិសេស (Special Olympic ) របស់ខ្លួនកន្លងមក។
យ៉ាងណាមិញ គណៈកម្មាធិការជាតិអូឡាំពិកពិសេស (Special Olympic )កម្ពុជាគឺលោកឃ្លាំង ចន្ធូបញ្ជាក់ថា កម្ពុជាកំពុងប្រឈមនឹងកង្វះថវិកាសម្រាប់ថ្លៃសំបុត្រយន្តហោះក្នុងការបញ្ជូនកីឡាករខ្លួនទៅប្រកួតនៅស.រ.អា.នេះគឺដោយសារតែអូឡាំពិកពិសេស (Special Olympic ) កម្ពុជាមិនមានកញ្ចប់ថវិកាបម្រុងប្រចាំឆ្នាំសម្រាប់សកម្មភាពរបស់ខ្លួន ដែលទាមទារឲ្យខ្លួនអំពាវនាវសុំថវិកាពីអង្គការ ស្ថាប័នសប្បុរសជននានា ឬពីរាជរដ្ឋាភិបាល។
លោកឃ្លាំង ចន្ធូបន្ថែមថា៖ «ឥឡូវនេះ ប្រកួតឆ្នាំ២០១៥នៅសហរដ្ឋអាមេរិកនេះ យើងអត់ទាន់រក Sponsor [អ្នកឧបត្ថម្ភថ្លៃសំបុត្រយន្តហោះ] បានទេ ហើយសព្វថ្ងៃហ្នឹង យើងកំពុងស្នើសុំទៅរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ច តែឥឡូវវាជិតដល់ថ្ងៃហើយ មិនដឹងថា យ៉ាងម៉េចទេ ព្រោះវាចំណាយប្រហែលជាជាង២ម៉ឺនដុល្លារ។ រាល់ដងដូចជានៅទីក្រុងសៀងហៃ ក្រុមហ៊ុនយន្តហោះនៅចិនគេជួយ។ កាលទៅអាថែន ប្រទេសក្រិច ខាងប្រទេសអូស្ត្រាលីគេជួយ។ ទាល់តែមាន Sponsor ទើបមានលទ្ធភាពបញ្ជូនទៅ»។
គួរបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិអូឡាំពិកពិសេស (Special Olympic ) កម្ពុជាស្ថិតនៅក្រោមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ គណៈកម្មាធិការត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ក្នុងគោលដៅលើកកម្ពស់សកម្មភាពកីឡាដល់អ្នកមានបញ្ញាខ្សោយនៅកម្ពុជា៕