បាងកក៖ ខណៈដែលប្រជាពលរដ្ឋនៅតំបន់មជ្ឈិមបូព៌ា តវ៉ាដើម្បីសេរីភាព និងលទ្ធិប្រជាធិបតេយ្យ មនុស្សជាច្រើននៅទ្វីបអាស៊ី ត្រូវបានរំឭកឡើងវិញអំពីការតស៊ូរបស់ពួកគេ ប្រឆាំងនឹងរដ្ឋាភិបាលផ្តាច់ការ កាលពីទសវត្សរ៍ឆ្នាំ១៩៨០ និង១៩៩០។
នៅពេលដែលលោកប្រធានាធិបតីអេហ្ស៊ីប ហូស្នី មូបារ៉ាក់ បានលាលែងចេញពីតំណែង បន្ទាប់ការតវ៉ាអស់ជាច្រើនសប្តាហ៍នៅទីក្រុងឡឺគែរ លោកប្រធានាធិបតីហ្វីលីពីន បេនីញ៉ូ អាគីណូ ទី៣ (Benigno Aquino III) បានប្រកាសភ្លាមៗអំពីចំណងសាមគ្គីភាពរបស់ប្រទេសនេះ ជាមួយប្រជាពលរដ្ឋអេហ្ស៊ីប។
ម្តាយរបស់លោក គឺអតីតប្រធានាធិតី ខូរ៉ាហ្សូន អាគីណូ (Corazon Aquino) ដែលបានទទួលមរណភាពហើយនោះ គឺជាឥស្សរៈជនដ៏សំខាន់នៅក្នុងបដិវត្តន៍ដែលត្រូវបានស្គាល់ថា «អំណាចប្រជាពលរដ្ឋ» កាលពី២៥ឆ្នាំមុន ដែលបានបញ្ចប់របបដឹកនាំរយៈពេល២០ឆ្នាំរបស់លោក ហ្វើឌីណាន់ ម៉ាកូស (Ferdinand Marcos)។
កាលពីខែកុម្ភៈ ឆ្នាំ១៩៨៦ ប្រជាពលរដ្ឋហ្វីលីពីនរាប់សែននាក់ បានចេញមកតាមដងផ្លូវក្នុងរដ្ឋធានីម៉ានីល និងដោយមានក្រុមអ្នកចុះចូលពីខាងយោធាផង បានបង្ខំ លោកម៉ាកូស និងក្រុមគ្រួសាររបស់លោកឲ្យគេចខ្លួនទៅកាន់សហរដ្ឋអាមេរិក។ សកម្មភាពនេះ បានជួយជំរុញឲ្យមានចលនាស្រដៀងគ្នានេះដែរ និងការផ្លាស់ប្តូរតាមបែបលទ្ធិប្រជាធិបតេយ្យ នៅប្រទេសកូរ៉េខាងត្បូង តៃវ៉ាន់ ថៃ និងឥណ្ឌូនេស៊ី។
ប៉ុន្តែ ដូចដែលប្រជាពលរដ្ឋហ្វីលីពីនបង្ហាញអញ្ចឹង ការបណ្តេញជនផ្តាច់ការចេញពីតំណែងគឺជារឿងមួយ តែការផ្លាស់ប្តូរតាមបែបលទ្ធិប្រជាធិបតេយ្យគឺជារឿងមួយផ្សេងទៀត។ អស់រយៈពេលជាច្រើនឆ្នាំបន្ទាប់ពីការផ្តួលរលំលោកម៉ាកូស ប្រទេសមានភាពច្របូកច្របល់យ៉ាងខ្លាំង។ សមាជិកយោធា ដែលមានតួនាទីសំខាន់ក្នុងនយោបាយ លែងសប្បាយចិត្ត។
លោក ស្ទេវិន រូដ (Steven Rood) ជាអ្នកតំណាងរបស់មូលនិធិអាស៊ីប្រចាំនៅហ្វីលីពីន ដែលគាំទ្រកំណែទម្រង់សេដ្ឋកិច្ច និងការផ្តួចផ្តើមគំនិតខាងអភិបាលកិច្ច។ លោកមានប្រសាសន៍ថា៖
«មានការប៉ុងប៉ងធ្វើរដ្ឋប្រហារមួយចំនួន ដោយសារតែថ្នាក់ដឹកនាំស៊ីវិល និងយោធា ត្រូវការការរៀបចំថ្មីមួយ ដែលជាផ្នែកមួយនៃមជ្ឈដ្ឋានអំណាចផ្ទៃក្នុងនៅក្រោមជនផ្តាច់ការ។ បើទោះជាយោធាមានតួនាទីដ៏សំខាន់ក្នុងការបណ្តេញរូបលោកចេញពីតំណែងក៏ដោយ នោះមិនមែនមានន័យថា ពួកគេពេញចិត្តជាមួយនឹងការបែងចែកអំណាចថ្មីនោះទេ»។
យោធាអេហ្ស៊ីប ដែលបានជួយដាក់សម្ពាធទៅលើលោកមូបារ៉ាក់ឲ្យចុះចេញពីតំណែង ពេលនេះកំពុងទទួលខុសត្រូវលើប្រទេសនេះ រហូតដល់ការបោះឆ្នោតត្រូវបានរៀបចំឡើង ក្នុងរយៈពេល៦ខែទៀត។
តួនាទីរបស់យោធាក៏ជាការព្រួយបារម្ភមួយដែរនៅប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីលោកអតីតប្រធានាធិបតី ស៊ូហាតូ ធ្លាក់ពីតំណែងកាលពីឆ្នាំ១៩៩៨។ អ្នកវិភាគនយោបាយមួយចំនួន បានទស្សទាយន៍ថា បើគ្មានលោកស៊ូហាតូ កាន់អំណាចទេ ប្រទេសធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍មួយនេះ នឹងធ្លាក់ចូលទៅក្នុងអំពើហិង្សាខាងនិកាយសាសនា និងចលនាបំបែករដ្ឋ ហើយក្រុមយោធានឹងដណ្តើមអំណាចជាក់ជាពុំខាន។ នៅឥណ្ឌូនេស៊ី យោធាគឺជាកម្លាំងសន្តិសុខផង និងកម្លាំងនយោបាយផង ដោយធានាបាននូវអាសនៈក្នុងរដ្ឋសភា។
រឿងនោះមិនបានកើតឡើងទេ។ យោធានៅឥណ្ឌូនេស៊ី មានលទ្ធភាពសម្របទៅតាមបែបបទនៃការផ្លាស់ប្តូរនយោបាយ។ លោក លីអូណាត សេបាស្ទៀន (Leonard Sebastian) ជាអ្នកសម្របសម្រួលនៃកម្មវិធីនៅឥណ្ឌូនេស៊ី ក្នុងសាលារ៉ាចារ៉ាតណាម (Rajaratnam School) សិក្សាពីកិច្ចការអន្តរជាតិនៅប្រទេសសឹង្ហបូរី។ លោកសេបាស្ទៀនមានប្រសាសន៍ថា៖
«ខ្ញុំរំពឹងថា គុណសម្បត្តិនៅពេលនោះ គឺថា យោធាត្រូវបែកខ្ញែកគ្នាជាច្រើនភាគី ដូច្នេះក្រុមនេះមិនបានប្រើអំណាចដ៏លើសលប់របស់ខ្លួនក្នុងការដណ្តើមអំណាចនោះឡើយ។ ហើយក៏មានសម្ពាធយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋសាមញ្ញផង និងពីសំណាក់ឥទ្ធិពលរបស់អន្តរជាតិផង ដែលរួមមានប្រទេសដូចជាសហរដ្ឋអាមេរិកជាដើម ដើម្បីកុំឲ្យកងទ័ពដណ្តើមអំណាច។ ខ្ញុំសូមនិយាយថា កត្តាទីបីនោះគឺការងើបឡើងវិញនូវក្រុមមន្ត្រីកំណែទម្រង់ ដែលចាប់អារម្មណ៍ក្នុងការនាំយកកម្លាំងទ័ពចេញពីនយោបាយ និងជំរុញយ៉ាងមានប្រសិទ្ធិភាពឲ្យកងទ័ពឆ្ពោះទៅរកមាគ៌ាដែលមានលក្ខណៈអាជីពជាងមុន»។
លោកមានប្រសាសន៍ថា មន្រ្តីយោធាម្នាក់ក្នុងចំណោមនោះ គឺលោកប្រធានាធិបតីបច្ចុប្បន្ន ស៊ុស៊ីឡូ បាមបាំង យូដូយ៉ូណូ (Susilo Bambang Yudhoyono)។
លោករូដ ថ្លែងថា វាជាការសំខាន់ក្នុងការដាក់ចេញនូវតួនាទីថ្មីមួយសម្រាប់យោធា បន្ទាប់ពីបដិវត្តន៍បែបនោះ ដើម្បីអនុញ្ញាតឲ្យថ្នាក់ដឹកនាំស៊ីវិលកាន់អំណាចបន្ត។ លោករូដមានប្រសាសន៍ថា៖
«ការធ្វើបែបនោះ ជាប្រតិបត្តិការធ្វើឲ្យមានតុល្យភាពយ៉ាងប៉ិនប្រសប់បំផុត ហើយប្រទេសហ្វីលីពីន បានចំណាយពេលមួយទសវត្សរ៍ ដើម្បីសម្រេចគោលដៅនោះ បើទោះជាខ្ញុំគិតថា នោះជាទីដៅដែលពួកគេកំពុងស្ថិតនៅក្នុងពេលបច្ចុប្បន្ននេះ»។
នៅប្រទេសឥណ្ឌូនេស៊ី លោកសេបាស្ទៀន និយាយថា អង្គការអ៊ីស្លាមយ៉ាងធំបំផុតរបស់ប្រទេសនេះ គឺ ណាដឡាទុល អ៊ូឡាម៉ា (Nahdlatul Ulama) និងមូហាម្មាឌីយ៉ះ (Muhammadiyah) ដែលមានសមាជិករាប់លាននាក់ ក៏បានដើរតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់លទិ្ធប្រជាធិបតេយ្យដែរ។ លោកបាស្ទៀននិយាយថា៖
«ពួកគេបានតាំងចិត្តឆ្ពោះទៅរកភាពនិយមកណ្តាល អត់ឱន និងការរួបរួមគ្នា។ ពួកគេស្វែងរកការរួមចំណែកឆ្ពោះទៅរកការពិភាក្សា។ ប្រទីបនាំមុខគេ ដែលស្ថិតក្នុងចំណោមស្ថាប័នទាំងពីរនេះ មានសារៈសំខាន់យ៉ាងខ្លាំង នៅក្នុងសង្គមស៊ីវិល ដែលបានចាក់ឫសជាពិសេសនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដើម្បីជំរុញឲ្យមានប្រជាធិបតេយ្យភាវូបនីយកម្មជាងមុន»។ អ្វីដែលអង្គការភាតរៈភាពមូស្លីម (Muslim Brotherhood) នៅអេហ្ស៊ីប ដើរតួនាទីក្នុងសម័យអន្តរកាល នៅមិនទាន់ច្បាស់នៅឡើយ។ អង្គការនេះ ជាកម្លាំងប្រឆាំងដ៏សំខាន់ នៅទីនោះ អស់ជាច្រើនទសវត្សរ៍មកហើយ។
លទ្ធិប្រជាធិបតេយ្យនៅឥណ្ឌូនេស៊ី និងហ្វីលីពីន មិនបានកម្ចាត់ចោលជម្ងឺទាំងអស់ ដែលយាយីរដ្ឋាភិបាលផ្តាច់ការដ៏ចំណាស់ ដូចជាអំពើពុករលួយ និងភាពក្រីក្រនេះទេ។
អ្នកវិភាគនយោបាយជាច្រើន ចាត់ទុកឥណ្ឌូនេស៊ី ថា មានលទ្ធិប្រជាធិបតេយ្យប្រកបដោយស្ថិរភាពជាងហ្វីលីពីន។ ឥណ្ឌូនេស៊ី បានរៀបចំការបោះឆ្នោតចំនួនបីដង ដែលមានចំនួនអ្នកបោះឆ្នោតយ៉ាងច្រើន ចាប់តាំងពីឆ្នាំ១៩៩៨មកម៉្លេះ ហើយបើទោះជាការវាយប្រហារដោយភេរវកម្មជាច្រើន និងការផ្ទុះឡើងនូវជម្លោះខាងនិកាយសាសនាក៏ដោយ សេដ្ឋកិច្ចរបស់ប្រទេសបានរីកលូតលាស់។
តែទោះយ៉ាងណា ហ្វីលីពីន មានប្រវត្តិមិនសូវល្អ។ ក្នុងឆ្នាំ២០០១ ប្រធានាធិបតីម្នាក់ទៀត ត្រូវបានបណ្តេញចេញពីមុខតំណែង ដោយការតវ៉ាមហាជនយ៉ាងច្រើន ស្តីពីការចោទប្រកាន់ចំពោះអំពើពុករលួយ យោធាធ្វើការបះបោរក្នុងឆ្នាំ២០០៣ ហើយអំពើពុករលួយដ៏រាលដាលនេះបានធ្វើឲ្យអាប់អួរដល់ការបោះឆ្នោតតំណែងប្រធានាធិបតីក្នុងឆ្នាំ២០០៤។ សេដ្ឋកិច្ច បានចុះខ្សោយ។
លោករូដ មានប្រសាសន៍ថា ប្រជាពលរដ្ឋហ្វ៊ីលីពីន រំពឹងទុកលើសពីអ្វីដែលពួកគេបានទទួលក្រោយឆ្នាំ១៩៨៦ទៅទៀត។ លោក រូដ បន្តថា៖
«ដោយសារតែពួកគេផ្តោតការមិនសប្បាយចិត្តរបស់ខ្លួនទៅលើមនុស្សម្នាក់ ការកំចាត់ចោលមនុស្សតែម្នាក់នោះ នាំឲ្យពួកគេគិតថា អ្វីៗទាំងអស់នឹងមានភាពប្រសើរឡើងវិញភ្លាមៗមួយរំពេច។ ហើយជាការពិតណាស់ នៅពេលអ្វីៗទាំងអស់នោះមិនកើតឡើងដូចការរំពឹងទុក ការមិនសប្បាយចិត្តជាច្រើនបានលេចឡើង»។
ការផ្លាស់ប្តូរមិនចាំបាច់មានន័យថា មនុស្សមុនៗនឹងចេញទៅបាត់នោះឡើយ។ រឿងក្តីនៃអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សជាច្រើនទៀត ត្រូវបានប្តឹងប្រឆាំងនឹងក្រុមគ្រួសាររបស់លោកម៉ាកូស ដោយបានទទួលជោគជ័យតិចតួចណាស់ក្នុងការយកមកវិញនូវប្រាក់រាប់ពាន់លានដុល្លារនៃទ្រព្យសម្បត្តិដែលត្រូវបានចោទប្រកាន់ថាបានលួច។ លោកម៉ាកូស បានស្លាប់ក្នុងពេលនិរទេសខ្លួនក្នុងឆ្នាំ១៩៨៩។ សព្វថ្ងៃនេះ ភរិយារបស់លោក គឺលោកស្រី អ៊ីម៉េលដា កូនស្រីម្នាក់ និងកូនប្រុសម្នាក់របស់លោកបានកាន់តំណែងដែលត្រូវបានជ្រើសតាំងដោយការបោះឆ្នោតនៅហ្វីលីពីន។
លោកស៊ូហាតូ បានស្លាប់កាលពីឆ្នាំ២០០៨។ ក្រុមគ្រួសាររបស់លោកបន្តគ្រប់គ្រងសហគ្រាស ពាណិជ្ជកម្មយ៉ាងធំសម្បើម។ មានការបណ្តឹងប្រឆាំងនឹងកូនៗរបស់លោក ប៉ុន្តែគ្មានកូនណាម្នាក់របស់លោកត្រូវបានកាត់ឲ្យជាប់ទោសពីបទពុករលួយនោះឡើយ។ គណបក្សហ្គោលកា (Golkar) ដ៏ចំណាស់របស់លោកស៊ូហាតូនៅតែជាដើរតួនាទីដ៏ចម្បងក្នុងនយោបាយរបស់ឥណ្ឌូនេស៊ី៕
ប្រែសម្រួលដោយលីសុខឃាង