សកម្មជនបរិស្ថានក្នុងតំបន់ត្អូញត្អែរថា អាជ្ញាធរក្នុងតំបន់អាស៊ីអាគ្នេយ៍ បានចាកចេញពីការចរចាលើបញ្ហាអាកាសធាតុក្នុងកិច្ចប្រជុំកំពូលដែលគេស្គាល់ថា COP25 ក្នុងទីក្រុង Madrid កាលពីខែធ្នូ កន្លងទៅនេះ ដោយមិនបានធ្វើការប្តេជ្ញាចិត្តធ្វើផែនការអាកាសធាតុថ្មីសម្រាប់ឆ្នាំ២០២០ ដូចដែលប្រទេសផ្សេងៗទៀតបានធ្វើនោះទេ។
ការចរចាទាំងនោះ គឺដើម្បីស្វែងរកដំណោះស្រាយមួយដើម្បីអនុវត្តផែនការ ដែលបានព្រមព្រៀងនៅក្នុងទីក្រុងប៉ារីសកាលពីឆ្នាំ២០១៥ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់សកល។ ក៏ប៉ុន្តែ ការចរចាជាលក្ខណៈអន្តរជាតិទាំងឡាយមិនបានជោគជ័យនោះទេ ដោយសារតែអ្នកចរចាមិនអាចព្រមព្រៀងនឹងគ្នាបានថា តើប្រទេសអ្នកមានគួរតែចំណាយប៉ុន្មាន ដើម្បីជួយប្រទេសដែលខ្វះខាតក្នុងការអនុវត្តផែនការទាំងនោះ។
រដ្ឋាភិបាលក្នុងតំបន់អាស៊ីអាគ្នេយ៍ជាច្រើន ចង់បានមូលនិធិជំនួយពីប្រទេសអ្នកមាន ប៉ុន្តែអ្នកចូលរួមនៅក្នុងការចរចា ក៏បាននិយាយផងដែរថា រដ្ឋាភិបាលនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏គួរតែសន្យាថា នឹងកាត់បន្ថយការបំភាយឧស្ម័នឲ្យកាន់តែច្រើនផងដែរ។
អ្នកស្រី Sarah Elago សមាជិកម្នាក់នៃសភាតំណាងរាស្រ្តហ្វីលីពីន បាននិយាយថា៖
«ស្ថានភាពនេះសំខាន់។ យុវជនរបស់យើង កំពុងបំផុសចលនា និងបាតុកម្ម ដោយសារពួកគេដឹងថា រដ្ឋាភិបាលមានពេលតែ១០ឆ្នាំទៀតប៉ុណ្ណោះ ក្នុងការធ្វើការដើម្បីឲ្យពួកគេមានអនាគតល្អ។ តើមូលហេតុអ្វីបានជាក្មេងៗ ធ្វើសកម្មភាពច្រើនជាងមនុស្សពេញវ័យ ដែលកំពុងគ្រប់គ្រងប្រទេសនោះ?»។
ដូចជាប្រទេសហ្វីលីពីនដែរ ស្ទើរតែគ្រប់ប្រទេសទាំងអស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ មានកោះជាច្រើន ឬ ឆ្នេរសមុទ្រវែង ដែលធ្វើឲ្យប្រទេសទាំងនោះងាយនឹងរងគ្រោះដោយសារផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
ហេតុផលខាងលើនេះហើយ បានជាសកម្មជនក្នុងតំបន់នេះ មានការព្រួយបារម្ភ នៅពេលដែលរដ្ឋាភិបាលរបស់ពួកគេ មិនបានផ្តល់នូវផែនការតឹងរឹងនៅក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ ដែលត្រូវបានគេស្គាល់ពីមុនថា ជាសន្និសីទស្តីអំពីបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ដែលបានបញ្ចប់ទៅកាលពីពាក់កណ្តាលខែធ្នូ។
សកម្មជននានា បានដាក់សម្ពាធលើរដ្ឋាភិបាលក្នុងតំបន់ឲ្យបង្កើតផែនការដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។ ប៉ុន្តែផ្ទុយទៅវិញ រដ្ឋាភិបាលក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងនោះ និយាយថា ពួកគេកំពុងធ្វើការអស់ពីសមត្ថភាពហើយ ដោយសង្កត់ធ្ងន់ថា ប្រទេសកំពុងអភិវឌ្ឍមិនបានបង្កើតបញ្ហានេះនោះទេ។
ប្រទេសខ្លះនិយាយថា វាមិនបានប្រយោជន៍អ្វីច្រើនមកវិញទេក្នុងការផ្តល់វិធានការដើម្បីដោះស្រាយនោះ បើសហរដ្ឋអាមេរិក ដែលជាប្រភពបំភាយឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេបំផុត ដែលទើបតែត្រូវបាននាំមុខដោយចិនវិញនៅពេលថ្មីៗនេះ មិនបានធ្វើអ្វីសោះនោះ។
លោក Basav Sen នាយកផ្នែកគោលនយោបាយអាកាសធាតុនៃវិទ្យាស្ថានសិក្សាគោលនយោបាយ ដែលមានទីតាំងនៅរដ្ឋធានីវ៉ាស៊ីនតោន ថ្លែងថា ប្រទេសកំពុងអភិវឌ្ឍជុំវិញតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់ផ្សេងទៀតកំពុងរងផលប៉ះពាល់ដោយសារតែប្រទេសមានឧស្សាហកម្មរីកចម្រើន កំពុងធ្វើការបំពុល។
លោក Basav Sen បានសរសេរនៅក្នុងអត្ថបទផ្សាយក្នុងកាសែតUSA Today ថា៖
«គោលនយោបាយរបស់ប្រទេសរបស់យើង គឺសហរដ្ឋអាមេរិក យើងផ្តល់អាទិភាពលើការពង្រឹងឧស្សាហកម្មប្រេងនិងឧស្ម័ន ជាជាងការអភិរក្សប្រព័ន្ធអេកូឡូស៊ីដែលមនុស្សជាច្រើនពាន់លាននាក់ពឹងផ្អែក ដើម្បីទទួលបានអាហារ ទឹក និងទីលំនៅនោះ»។
លោកបានផ្តល់ជាអនុសាសន៍ថា៖
«រដ្ឋាភិបាលក្នុងពិភពលោកដែលមានការទទួលខុសត្រូវ អាចបំបាក់មុខរដ្ឋាភិបាលសហរដ្ឋអាមេរិកជាសារធារណៈ ចំពោះគោលនយោបាយអាកាសធាតុរបស់ប្រទេសនេះ»។
ទោះជាយ៉ាងនេះក្តី លោក Abel Da Silva សមាជិកសភារបស់ទីម័រខាងកើតបាននិយាយថា តំបន់អាស៊ីអាគ្នេយ៍គួរតែធ្វើច្រើនជាងនេះ។
«យើងមិនអាចឈរមើលគ្រោះមហន្តរាយនេះបានទេ។ អាស៊ីអាគ្នេយ៍កំពុងរួមចំណែកក្នុងការធ្វើឲ្យមានបម្រែបម្រួលអាកាសធាតុ តាមរយៈការពឹងលើធ្យូង ការកាប់ព្រៃឈើ និងវិបត្តិនៃខ្យល់កខ្វក់ និងកង្វះមហិច្ឆតាក្នុងការផែនការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុរបស់ខ្លួន»។
លោក Da Silva បន្តថា តំបន់នេះត្រូវតែ «ផ្លាស់ប្តូរនិន្នាការប្រវត្តិសាស្រ្តដ៏គួរឲ្យអាម៉ាសមួយនេះ និងកែតម្រូវឡើងវិញនូវអតីតកាលដែលខុសចំពោះបញ្ហាអាកាសធាតុនេះ»។
ប្រទេសនានាជាទូទៅបានដាក់បញ្ចូលផែនការសកម្មភាព ថាតើពួកគេនឹងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់យ៉ាងណា នៅឯសន្និសីទប្រចាំឆ្នាំស្តីពីអាកាសធាតុរបស់អ.ស.ប.។ ទោះជាប្រទេសខ្លះ បានធ្វើកិច្ចការច្រើនផ្សេងទៀតដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ដូចជាការសាងសង់ជញ្ជាំងដើម្បីទប់នឹងការឡើងកម្ពស់ទឹកក៏ដោយ ក៏ការបំភាយឧស្ម័ន គឺជាបញ្ហាចម្បង។
ប្រទេសឡាវ ដែលកំពុងព្យាយាមអភិវឌ្ឍទំនប់វារីអគ្គិសនី ជាឧស្សាហកម្មចម្បងនោះ គឺជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍តែមួយគត់ ដែលបានដាក់គោលដៅក្នុងការមិនបំភាយឧស្ម័នកាបូនទាល់តែសោះឲ្យបាន ត្រឹមឆ្នាំ២០៥០ ហើយឡាវក៏ជាប្រទេសតែមួយដែរក្នុងតំបន់នេះ ដែលមិនជាប់សមុទ្រ៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ