នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ប្រជាពលរដ្ឋសម្តែងការគាំទ្រផង ការព្រួយបារម្ភផង ចំពោះបាតុកម្មដែលកំពុងកើតឡើងនៅក្នុងមជ្ឈឹមបូព៌ាប្រទេស។
ដូចគ្នានៅកន្លែងដទៃទៀតក្នុងពិភពលោកដែរ ប្រជាពលរដ្ឋនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍កំពុងតាមមើលបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យដែលកំពុងរាលដាលនៅក្នុងមជ្ឈឹមបូព៌ាប្រទេស តាមការពិសោធន៍និងចំណាប់អារម្មណ៍ផ្ទាល់របស់ខ្លួន។
ក្រុមបាតុករនៅប្រទេសអេហ្ស៊ីប (Egypt) បានទទួលជោគជ័យនៅក្នុងការបង្ខំឲ្យលោកប្រធានាធិបតី ហូស្នី មូបារ៉ាក់ (Hosni Mubarak) លះបង់អំណាចដោយសន្តិវិធី ក្រោយពីបានកាន់តំណែងអស់បីទសវត្សរ៍មក។ ក៏ប៉ុន្តែបាតុកម្មស្រដៀងគ្នានៅប្រទេស អ៊ីរ៉ង់ (Iran) លីបី (Libya) បារេន (Bahrain) និង យេមែន (Yemen) បានទទួលការបង្ក្រាបយ៉ាងសាហាវ។
កាលពី១២ ឆ្នាំមុន ប្រទេសឥណ្ឌូណេស៊ី (Indonesia) បានឆ្លងកាត់ការពិសោធន៍ស្រដៀងគ្នានេះ ដោយបង្ខំលោកប្រធានាធិបតី ស៊ូហារតូ (Suharto) ឲ្យចេញពីតំណែង។ អ្នកវិភាគនយោបាយក្នុងតំបន់ជាច្រើននិយាយថា ការផ្ទេរអំណាចដោយសន្តិវិធីរបស់ឥណ្ឌូណេស៊ីទៅរកលទ្ធិប្រជាធិបតេយ្យពហុបក្ស គួរជាគំរូមួយសម្រាប់ប្រទេសដទៃទៀតក្នុងពិភពអារ៉ាប់។
ក៏ប៉ុន្តែនៅតាមផ្លូវក្រុងហ្សាការតា មនុស្សខ្លះបាននិយាយព្រមានដោយប្រុងប្រយ័ត្ន។ នាង មីយ៉ា អាល់វៀរ៉ា (Mia Alviara) និយាយថា ឥណ្ឌូនេស៊ីមិនទាន់ជាប្រទេសប្រជាធិបតេយ្យពិតប្រាកដមួយទេ។ នាង មីយ៉ា និយាយថា ឥណ្ឌូនេស៊ីគឺពិតជាប្រទេសមួយដែលមានជនមូស្ល៊ីម (Muslim) រស់នៅច្រើនជាងគេក្នុងពិភពលោកមែន ក៏ប៉ុន្តែជាប្រទេសមួយដែលនៅមានការបែកខ្ញែកគ្នា ហើយនៅមិនទាន់ធ្វើការបានល្អនៅឡើយក្នុងវិស័យជាច្រើន ដូចជាសាសនា និងនយោបាយជាដើម។
នាង មីយ៉ា និយាយទៀតថា អំពើហិង្សាប្រឆាំងជនភាគតិច និងអំពើពុករលួយធ្វើឲ្យមនុស្សច្រើននាក់នៅប្រទេសនេះ យល់ថា លទ្ធិប្រជាធិបតេយ្យមិនមានដំណើរការទេ។
លោក រឺណាល់ឌី (Renaldi) នៃវិហារ ស៊ុនដា កេឡាប៉ា Sunda Kelapa) យល់ស្របថា ជនជាតិឥណ្ឌូណេស៊ីជាច្រើននាក់មិនសប្បាយចិត្តនឹងរដ្ឋាភិបាលទេ។ លោកគាំទ្របាតុកម្មដោយសន្តិវិធីនៅក្នុងមជ្ឈឹមបូព៌ាប្រទេស តែព្រួយបារម្ភអំពីផលប៉ះពាល់មកលើប្រទេសឥណ្ឌូណេស៊ី។រឺណាល់ឌីនិយាយថា លោកព្រួយបារម្ភថា បើសិនជាព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅក្នុងពិភពអារ៉ាប់មិនអាចដោះស្រាយឲ្យបានឆាប់រហ័សទេ វានឹងអាចឆ្លងទៅកន្លែងដទៃទៀត។
មនុស្សនៅប្រទេសថៃ ក្នុងសង្កាត់មួយនៃទីក្រុងបាងកកដែលមានប្រជាប្រីយភាពក្នុងចំណោមអ្នកស្រុក និងទស្សនិកជនមកពីមជ្ឈឹមបូព៌ាប្រទេស បានសម្តែងសេចក្តីព្រួយបារម្ភអំពីបាតុកម្ម។
អាលី អាល់ ដ្យាហ្វារី (Ali Al-Jaafari) ពីប្រទេស អូម៉ង់ (Oman) និយាយថា គាត់គិតថា បាតុកម្មនឹងមិនរាលធំជាងនេះទៀតទេនៅក្នុងមជ្ឈឹមបូព៌ាប្រទេស ហើយពិតជាមិនទៅដល់អាស៊ីបូព៌ាទេ ដែលគាត់និយាយថា មានវប្បធម៌ខុសគ្នាពីវប្បធម៌អារ៉ាប់។ លោកបន្តថា៖
«ខ្ញុំគិតថានឹងមិនមានអ្វីកើតឡើងទេនៅក្នុងឈូងសមុទ្រពែក្ស៍ (Persian) ជាពិសេសនៅសហព័ន្ធអារ៉ាប់រួម អេមីរ៉េត (Emirates) ប្រទេស គុយវេត (Kuwait) អារ៉ាប៊ី សាអ៊ូឌិត (Saudi Arabia) និង អូម៉ង់។ ប្រទេសទាំងអស់នេះមានស្ថិរភាពល្អ ឬប្រជារាស្រ្តភាគច្រើនមានជីវភាពរស់នៅរុងរឿង»។
ក៏ប៉ុន្តែ អេស្សា ហ្កាហ្ស៊ី (Essa Ghazzi) ពីប្រទេសគុយវេត និយាយថា គាត់គិតថា បាតុកម្មនឹងមិនធ្វើឲ្យមានការផ្លាស់ប្តូរពិតប្រាកដទេ នៅក្នុងមជ្ឈឹមបូព៌ាប្រទេស។ លោកថ្លែងថា៖
«ជាអំពើភ្លីភ្លើមួយ ព្រោះថាបើគេមិនចូលចិត្តរដ្ឋាភិបាលដែលគេមានសព្វថ្ងៃនេះទេ ពួកគេនឹងមានរដ្ឋាភិបាលអាក្រក់ជាងនេះមួយទៀត តាមវិធីណាមួយជាមិនខាន។ ខ្ញុំមិនទុកចិត្តអ្នកនយោបាយទេ»។
សេចក្តីព្រួយបារម្ភធំបំផុតរបស់មនុស្សជាច្រើននាក់នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍គឺ អំពើហិង្សាដែលគេប្រើដើម្បីបញ្ចប់បាតុកម្ម។ មនុស្សជាច្រើននាក់និយាយថា ទង្វើនេះនឹងធ្វើឲ្យបាតុកម្មមានភាពធ្ងន់ធ្ងររិតតែខ្លាំងឡើងទៀត៕
ប្រែសម្រួលដោយ កែរ យ៉ាន