គោលនយោបាយជឿនលឿនរបស់ជំរំនេះអនុញ្ញាតឲ្យជនភៀសខ្លួនរស់នៅ ធ្វើកសិដ្ឋាននិងធ្វើការជាមួយគ្នា ខណៈពេលដែលពួកគេរង់ចាំត្រឡប់ទៅមាតុភូមិវិញ។ ប៉ុន្តែនៅពេលដែលស្ថានភាពក្នុងប្រទេសស៊ូដង់ខាងត្បូងមិនងាយធូរស្រាលនោះ ជនភៀសខ្លួនជាច្រើនកំពុងពិចារណាលើការរស់នៅទីនេះ។
ក្រុមស្ត្រីភៀសខ្លួនពីប្រទេសស៊ូដង់ខាងត្បូងមួយក្រុមបានជួបជាមួយនឹងសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យរបស់អាមេរិកគឺលោក Chris Coons និងលោក Chris Van Hollen។ កាលពីខែសីហាកន្លងទៅ សមាជិកព្រឹទ្ធសភាទាំងពីរបានធ្វើទស្សនកិច្ចទៅកាន់ជំរំជនភៀសខ្លួនមួយចំនួននៅទូទាំងប្រទេសអ៊ូហ្គាន់ដា រួមទាំងជំរំ Bidi Bidi ដែលជាជំរំមួយក្នុងចំណោមជំរំធំៗបំផុតនៅក្នុងពិភពលោក។
ដោយថ្លែងតាមទូរស័ព្ទ លោកសមាជិកព្រឹទ្ធសភា Van Hollen បានចាត់ទុកជំរំទាំងនេះថាជា «គំរូល្អ» ដែលប្រទេសផ្សេងទៀតគួរពិចារណា នៅពេលទទួលយកជនភៀសខ្លួន។
លោក Chris Coons សមាជិកព្រឹទ្ធសភាអាមេរិកខាងគណបក្សប្រជាធិបតេយ្យ (រូបឆ្វេង) ធ្វើទស្សនកិច្ចនៅជំរំភៀសខ្លួន Bidi Bidi ប្រទេសអ៊ូហ្គាន់ដា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩។
លោក Van Hollen បាននិយាយថា៖
«ច្បាស់ណាស់ កត្តាដ៏សំខាន់មួយដើម្បីទទួលបានជោគជ័យគឺការគាំទ្រយ៉ាងខ្លាំងពីសំណាក់អន្តរជាតិ»។
នៅពេលជំរំ Bidi Bidi ត្រូវបានគេបើកទទួលមនុស្សនៅក្នុងឆ្នាំ២០១៦ វាគ្រាន់តែជាដីដាច់ស្រយាលមួយកន្លែងនៅភាគខាងជើងក្នុងប្រទេសអ៊ូហ្គាន់ដា ដែលជនភៀសខ្លួនស៊ូដង់ខាងត្បូងភាគច្រើនជាស្ត្រីនិងកុមារ បានមកទីនេះដើម្បីភៀសខ្លួនពីអំពើហិង្សានៅក្នុងសង្គ្រាមស៊ីវិលក្នុងប្រទេសរបស់ពួកគេ។
ជាទូទៅ គេឃើញមានភាពតានតឹងរវាងជនភៀសខ្លួននិងពលរដ្ឋម្ចាស់ស្រុក ដែលមានអារម្មណ៍ថា ជនភៀសខ្លួនដណ្តើមធនធានរបស់ពួកគេ។
ប៉ុន្តែប្រទេសអ៊ូហ្គាន់ដាបានសម្រេចចិត្តធ្វើផ្សេងពីនេះ ដោយទុកភាគរយខ្លះនៃមូលនិធិអន្តរជាតិរបស់ប្រទេសដើម្បីបំពេញតម្រូវការក្នុងស្រុក។ ក្រុមគ្រួសារជនភៀសខ្លួនទទួលបានដីដើម្បីសង់ផ្ទះដែលមានបន្ទប់ច្រើន ដើម្បីឲ្យពួកគេអាចដាំផ្លែឈើនិងបន្លែដោយខ្លួនឯងបាន។ ជាលទ្ធផល សេដ្ឋកិច្ចតូចមួយនេះចាប់ផ្តើមរីកចម្រើននៅក្នុងជំរំនេះ ដោយមានជនភៀសខ្លួនមួយចំនួនបានចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។
កាលពីឆ្នាំមុន បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពមេដឹកនាំស៊ូដង់ខាងត្បូង លោកប្រធានាធិបតីអ៊ូហ្គាន់ដា Yoweri Museveni និយាយថា លោកសង្ឃឹមថា ជនភៀសខ្លួនអាចនឹងចាប់ផ្តើមត្រឡប់ទៅមាតុភូមិវិញបាន។ ប៉ុន្តែរឿងនេះមិនបានកើតឡើងនោះទេ។
របាយការណ៍ថ្មីមួយចេញផ្សាយកាលពីដើមខែកញ្ញាដោយទីភ្នាក់ងារមនុស្សធម៌ជាច្រើន រួមមានអង្គការ Oxfam ផងដែរនោះបានឲ្យដឹងថា ជនភៀសខ្លួនជាពិសេសស្ត្រី មានការស្ទាក់ស្ទើរក្នុងការត្រឡប់ទៅមាតុភូមិវិញ។ ពួកគេភ័យខ្លាចថា សន្តិភាពនេះនឹងមិនមានបានយូរនោះទេ។
ជាលទ្ធផល មន្ត្រីតាំងទីលំនៅ លោក Michael Joelle និយាយថា ជំរំជនភៀសខ្លួន Bidi Bidi មិនអាចទទួលយកមនុស្សបន្ថែមទៀតនោះទេ ហើយជនភៀសខ្លួនខ្លះត្រូវបានគេបដិសេធ ហើយការតាំងទីលំនៅកំពុងជួបបញ្ហា។
លោក Joelle បានថ្លែងថា៖
«នៅមុនពេលប្រកាសអាសន្នឆ្នាំ២០១៦ យើងបានផ្តល់ដីដែលមានទំហំ ៥ពាន់ម៉ែត្រការ៉េ ហើយផ្ទៃដីនេះកាន់តែចង្អៀតឡើងព្រោះចំនួនជនភៀសខ្លួនបានកើនឡើង»។
លោក Michael Joelle និយាយថា នៅក្នុងករណីខ្លះ ទីភ្នាក់ងារតាំងទីលំនៅអស់លទ្ធភាព និងមិនអាចទទួលយកជនភៀសខ្លួនបន្ថែមបាននោះទេ។
ស្ថានភាពនេះកាន់តែអាក្រក់ បន្ទាប់ពីម្ចាស់ជំនួយអន្តរជាតិបានផ្អាកមូលនិធិជំនួយនៅដើមឆ្នាំនេះ បន្ទាប់ពីមានរបាយការណ៍ថា មូលនិធិសម្រាប់ជនភៀសខ្លួននៅក្នុងប្រទេសអ៊ូហ្គង់ដាមិនត្រូវបានគេប្រើប្រាស់ត្រឹមត្រូវ។
អ្នកស្រី Grace ដែលជាជនភៀសខ្លួនម្នាក់នៅជំរំ Bidi Bidi បានរត់គេចពីប្រទេសកំណើតរបស់ខ្លួន ជាមួយនឹងកូនៗ កាលពី៤ឆ្នាំមុន។ ប្តីរបស់អ្នកស្រីទើបតែមកតាមក្រោយកាលពីឆ្នាំមុន។
អតីតគ្រូបង្រៀនរូបនេះនិយាយថា អ្នកស្រីមិនគិតថា អ្នកស្រីនឹងត្រឡប់ទៅប្រទេសស៊ូដង់ខាងត្បូងក្នុងពេលឆាប់ៗនោះទេ។
អ្នកស្រី Grace បានថ្លែងថា៖
«យើងទទួលបានដំណឹងអាក្រក់នានា ដូចជាមានការសម្លាប់ រំលោភ និងមានរឿងជាច្រើនទៀតកំពុងកើតឡើង»៕