ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូងបានធ្វើការចោទប្រកាន់កូនស្រីរបស់ប្រធានក្រុមហ៊ុនអាកាសចរណ៍ Korean Air Lines ពីបទរំលោភច្បាប់សន្តិសុខអាកាសចរណ៍និងការរំខានការស៊ើបអង្កេតរបស់រដ្ឋាភិបាល បន្ទាប់ពីលោកស្រីបានធ្វើឲ្យមានឧបទ្ទវហេតុនៅលើយន្តហោះ ដែលត្រូវបានគេស្គាល់ថាជា «កំហឹងគ្រាប់ធញ្ញជាតិ (nut rage) » ។
លោកស្រី Heather Cho ជាអតីតនាយិកាប្រតិបត្តិនិងប្រធានសេវាកម្មហោះហើរ បានរងការចោទប្រកាន់នៅថ្ងៃពុធ ទី៥ ខែធ្នូនេះ ដោយសារលោកស្រីបានធ្វើឲ្យមានការពន្យាពេលជើងហោះហើរនិងបានទាមទារឲ្យប្រធានអ្នកបម្រើនៅលើយន្តហោះចុះចេញពីតំណែង ព្រោះតែលោកស្រីត្រូវបានគេដាក់គ្រាប់ធញ្ញជាតិ Macadamia នៅក្នុងកញ្ចប់ ដោយមិនបានដាក់គ្រាប់នោះនៅក្នុងចាន។
លោកស្រី Cho បានចុះចេញពីតំណែងក្នុងក្រុមហ៊ុនអាកាសចរណ៍ ហើយបានធ្វើការសុំទោសជាសាធារណៈ។ លោកស្រីបានស្ថិតនៅក្នុងការឃុំឃាំងរបស់តុលាការចាប់តាំងពីថ្ងៃទី៣០ ខែធ្នូ បន្ទាប់ពីលោកស្រីត្រូវបានតុលាការចាត់ទុកថា មានគ្រោះថ្នាក់ដល់ជើងហោះហើរឬមានបំណងបំផ្លាញភស្តុតាង។
លោក Kim Chang-hee អនុប្រធានក្រុមរដ្ឋអាជ្ញាបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃពុធនេះថា លោកស្រី Cho បានគំរាមសុវត្ថិភាពរបស់យន្តហោះ ដោយសារកំហឹងរបស់លោកស្រី។ លោក Kim ក៏បាននិយាយដែរថា បុគ្គលិកម្នាក់របស់ក្រុមហ៊ុនអាកាសចរណ៍ក៏បានទទួលរងការចោទប្រកាន់ពីការបំផ្លាញភស្តុតាងហើយនិងការជ្រៀតជ្រែកការស៊ើបអង្កេតរបស់រដ្ឋាភិបាល។ មន្រ្តីម្នាក់របស់ក្រសួងដឹកជញ្ជូន ក៏បានរងការចោទប្រកាន់ពីបទទម្លាយចេញសេចក្តីលម្អិតអំពីការស៊ើបអង្កេតនេះដែរ៕