មន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូងម្នាក់បានស្នើធ្វើការចរចាកម្រិតខ្ពស់ជាមួយប្រទេសកូរ៉េខាងជើង ដើម្បីពិភាក្សាពី«ការព្រួយកង្វល់រួម» ក្នុងនោះរួមមានការជួបជុំក្រុមគ្រួសារឡើងវិញដែលបានខ្ចាត់ព្រាត់ដោយសារសង្គ្រាមកូរ៉េ។
លោក Ryo kihl-jae រដ្ឋមន្រ្តីបង្រួបបង្រួមជាតិនៃប្រទេសកូរ៉េខាងត្បូងដែលទទួលខុសត្រូវកិច្ចការកូរ៉េខាងជើងបានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃច័ន្ទនេះថា សំណើរផ្លូវការមួយត្រូវបានបញ្ជូនទៅឲ្យរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។លោក បាននិយាយបន្តទៀតថា លោកមានឆន្ទៈពិភាក្សាបញ្ហានានាដែលទាក់ទងនឹងការព្រួយកង្វល់រួម។
លោកនិយាយថា «យើងបានស្នើធ្វើការចរចាជាផ្លូវការជាមួយកូរ៉េខាងជើងនៅខែមករាឆ្នាំក្រោយដើម្បីពិភាក្សារកផលប្រយោជន៍រួម»។
ប្រសិនបើមានការយល់ព្រម ការចរចានឹងធ្វើឡើងនៅខែក្រោយក្នុងរដ្ឋធានីព្យុងយ៉ាងជាមួយលោក Kim Yang Gon រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងជើង។
លោកនិយាយទៀតថា « ខ្ញុំមិនគិតថាយើងនឹងមានរបៀបវារៈពិសេសណាមួយទេ ក៏ប៉ុន្តែជំហររបស់យើងគឺពិភាក្សាពីអ្វីៗដែលកូរ៉េខាងជើងនិងកូរ៉េខាងត្បូង មានផលប្រយោជន៍រួម»។
ប្រទេសទាំង២ បានព្រមព្រៀងគ្នាលើការចរចាកម្រិតខ្ពស់ដែលបានគ្រោងធ្វើឡើងកាលពី២ខែមុន បន្ទាប់ពីដំណើរបំពេញទស្សនៈកិច្ចដ៏ភ្ញាក់ផ្អើលមួយទៅកាន់រដ្ឋធានីសេអ៊ូលកាលពីខែតុលាដោយគណៈប្រតិភូដ៏មានអំណាចមកពីប្រទេសកូរ៉េខាងជើង។ ទោះជាយ៉ាងណាក៏ដោយ កូរ៉េខាងជើងបានដកខ្លួនចេញដោយខឹងសម្បារ នៅពេលដែលក្រុមសកម្មជនសិទ្ធិមនុស្សក្នុងកូរ៉េខាងត្បូង បានបង្ហោះខិតប័ណ្ណប្រឆាំងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងឆ្លងកាត់ព្រំដែនតាមបាឡុង៕