កូរ៉េខាងត្បូងបានប្រាប់ឲ្យដឹងថា ម៉ាស៊ីនកំព្យូទ័រនៅរោងចក្រថាមពលនុយក្លេអ៊ែរបស់ខ្លួនត្រូវបានគេលួចចូលមើល។
មន្រ្តីរដ្ឋាភិបាលនិងមន្រ្តីក្រុមហ៊ុនផលិតថាមពលអគ្គីសនី (Korea Hydro and Nuclear Power) របស់កូរ៉េនិយាយថា ការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិតគ្មានផលប៉ះពាល់លើសុវត្ថិភាពរបស់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែទាំង២៣គ្រឿងរបស់ប្រទេសកូរ៉េទេ។
ជនសង្ស័យដែលជាអ្នកលួចចូលមើលប្រព័ន្ធអ៊ិនធឺណិតបានប្រើប្រាស់គណនីបណ្តាញផ្សព្វផ្សាយសង្គម Twitter កាលពីសប្តាហ៍មុន ដើម្បីចេញផ្សាយព័ត៌មានផ្សេងៗអំពីម៉ាស៊ីនរ៉េអាក់ទ័រទាំងនោះ។ គេបានគំរាមបញ្ចេញព័ត៌មានបន្ថែមទៀត ប្រសិនបើម៉ាស៊ីនរ៉េអាក់ទ័រចាស់ៗទាំង៣នោះមិនត្រូវបានបិទនៅថ្ងៃព្រហស្បត៍ខាងមុខនេះទេ។
ការវាយប្រហារកើតមានឡើងនៅពេលមានការព្រួយកង្វល់ថា កូរ៉េខាងជើងអាចបង្កើនការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិតប្រឆាំងនឹងក្រុមគោលដៅឧស្សាហ៍កម្មនិងសង្គម បន្ទាប់ពីការចោទប្រកាន់របស់សហរដ្ឋអាមេរិកថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងជាអ្នកទទួលខុសត្រូវពីការលបចូលវាយប្រហារប្រព័ន្ធអ៊ិនធឺណិតលើក្រុមហ៊ុន Sony Pictures ៕