កូរ៉េ​ខាង​ត្បូង​បង្ហាញ​ពី​ការ​រីក​ចម្រើន​សមត្ថភាព​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង

រូបភាព​ឯកសារ៖មនុស្ស​ដើរ​កាត់​ផ្ទាំង​ឃោសនា​មួយ​ដែល​ផ្សព្វផ្សាយ​ពី​ការ​លើក​កម្ពស់​គោល​នយោបាយ​ «យោធា​ជា​អាទិភាព» និង​ការជំរុញ​​ការ​កសាង​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​ ប្រទេស​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១៦ ខែ​មិថុនា​ ឆ្នាំ​២០១៣។

ក្រសួង​ការពារ​ជាតិ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ប្រទេស​កូរ៉េ​ខាង​ជើង​ទំនង​ជា​សម្រេច​បាន​ជោគ​ជ័យ​នូវ​បច្ចេក​វិទ្យា​ដ៏​សំខាន់​នៅ​ក្នុង​កម្រិត​មួយ ​ដែល​អាច​ធ្វើ​ឲ្យ​ឧបករណ៍​នុយក្លេអ៊ែរ​តូច​អាច​ដាក់​នៅ​ក្បាល​អាវុធ​មីស៊ីល​បាន។

ក្រសួង​បាន​ប្រកាស​ព័ត៌មាន​នេះ​នៅ​ក្នុង​ឯកសារ​ស ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ។ ​ឯកសារ​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រទេស​កូរ៉េ​ខាង​ជើង​មិនបាន​បង្ហាញពី​សមត្ថភាពនុយក្លេអ៊ែរ​តូច​នៅ​ឡើយ​ទេ។

​ក្រសួង​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​បាន​ទទួល​សារធាតុ Plutonium ក្នុង​កម្រិត​មួយ​ដែល​អាច​ធ្វើ​អាវុធ​បាន​ចំនួន​៤០គីឡូក្រាមពី​ការ​ចម្រាញ់​ឥន្ធនៈ​នុយក្លេអ៊ែរ។ ​រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​និយាយ​ថា ​ប្រទេស​កូរ៉េ​ខាង​ជើង​កំពុង​ធ្វើ​ការ​លើ​កម្មវិធី​សម្រិត​សម្រាំងសារធាតុ​អ៊ុយរ៉ានីយ៉ូមកម្រិត​ខ្ពស់។

​ប្រទេស​កូរ៉េខាង​ជើង​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា ​មាន​សមត្ថភាពអភិវឌ្ឍ​កាំជ្រួច​មីស៊ីល​ ដែល​អាច​បាញ់​ដល់​ដី​គោក​របស់​សហរដ្ឋ​អាមេរិក​។​ កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ការ​សាក​ល្បង​បាញ់​កាំជ្រួច​មីស៊ីល​ប្រតិបត្តិការ​ឆ្ងាយ​ជា​បន្ត​បន្ទាប់។

​ទី​ភ្នាក់​ងារ​សារព័ត៌មាន Yonhap នៃ​ប្រទេស​កូរ៉េខាង​ជើង ​បាន​ដក​ស្រង់​សម្តីមន្រ្តី​ក្រសួង​ការ​ពារ​ប្រទេស​ដែល​មិន​បញ្ចេញ​ឈ្មោះមក​ចុះ​ផ្សាយ​ថា ប្រទេស​កូរ៉េ​ខាង​ជើង ​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា ​បាន​បង្កើន​ចម្ងាយ​នៃ​ការ​បាញ់​កាំ​ជ្រួច​មីស៊ីល​ពី​៧​ពាន់​គីឡូម៉ែត្រ​ទៅ​ដល់​១ម៉ឺន​គីឡូម៉ែត្រ ក៏​ប៉ុន្តែ​ទី​ភ្នាក់​ងារ​សារព័ត៌មាន​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​គ្មាន​ភស្តុតាង​ណា​បញ្ជាក់​ថា ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​មាន​កាំជ្រួច​មីស៊ីល​បែប​នោះ​ដើម្បី​ប្រតិបត្តិការ​នោះ​ទេ៕