កាលពីឆ្នាំ២០១១ ការដាក់បង្ហោះលើគេហរទំព័រនូវសារតាមអ៊ីនធឺណែតចំនួន ៦៧.៣០០ ត្រូវបានលុបចោល។
ដោយ Jason Strother
ប្រែសម្រួលដោយ លី សុខឃាង
ប្រែសម្រួលដោយ លី សុខឃាង
ក្រុមសិទ្ធិមនុស្សអង្គការលើកលែងទោសអន្តរជាតិ(Amnesty International) ថ្លែងថា ច្បាប់មួយរបស់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានតាក់តែងឡើងដើម្បីបញ្ឈប់ការផ្សព្វផ្សាយការឃោសនាគាំទ្រប្រទេសកូរ៉េខាងជើង បានដាក់កម្រិតលើសេរីភាពបញ្ចេញមតិ។ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមសិទ្ធិមនុស្សបានចេញផ្សាយរបាយការណ៍មួយ ដែលបានថ្កោលទោសច្បាប់សនិ្តសុខជាតិដែលមានជាយូរមកហើយមួយនេះ និងបានទទូចសុំឲ្យអ្នកនយោបាយកូរ៉េ លុបបំបាត់ច្បាប់នោះចោល។
លោក ប៉ាក ជុនជឿន (Park Jung-geun) និយាយថា លោកមិនមែនជាអ្នកគាំទ្ររដ្ឋាភិបាលកូរ៉េខាងជើងនោះទេ។ ប៉ុន្តែ កាលពីពេលថ្មីៗនេះ ជនជាតិកូរ៉េខាងត្បូងវ័យ២៤ឆ្នាំរូបនេះ ត្រូវបានរកឃើញថាមានកំហុសចំពោះការគាំទ្ររដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង (Pyongyang)។
លោកនិយាយថា លោកគ្រាន់តែព្យាយាមកំប្លែងលេងនៅតាមបណ្តាញសង្គម ធ្វីតធឺ (Twitter) តែប៉ុណ្ណោះ។
លោកថ្លែងថា អ្វីដែលលោកបានធ្វើ គឺនិយាយឡើងវិញនូវសារមួយ ដែលមានប្រភពដើមចេញពីគេហរទំព័រគាំទ្រកូរ៉េខាងជើង។ លោកនិយាយថា លោកបានគិតថា សារនោះគួរឲ្យអស់សំណើច។
កាលពីឆ្នាំទៅ លោក ប៉ាក ត្រូវបានចាប់ខ្លួនពីបទផ្ញើសារនោះនៅតាមបណ្តាញសង្គម ធ្វីតធឺ។ លោកបានចំណាយពេលអស់៤០ថ្ងៃ នៅក្នុងកន្លែងឃុំឃាំង ហើយម៉ាស៊ីនកុំព្យូទ័ររបស់លោកត្រូវបានរឹបអូសដោយអជ្ញាធរកូរ៉េខាងត្បូង។ ចៅក្រមមួយរូបនៅទីក្រុង ស៊ូវុន (Suwon) បានសម្រេចកាលពីសប្តាហ៍មុនថា លោក ប៉ាក បានបំពានលើច្បាប់សន្តិសុខជាតិ និងបានចេញសាលក្រមព្យួរទោសរយៈពេល១០ខែ។ ឥឡូវនេះ លោក ប៉ាក មានសេរីភាពវិញហើយ ប៉ុន្តែប្រឈមមុខនឹងពេលវេលាសម្រាប់ការជាប់ឃុំឃាំង ប្រសិនបើលោកបំពានច្បាប់នេះម្តងទៀត។
លោក ប៉ាក និយាយថា ច្បាប់សន្តិសុខជាតិ រំលោភលើសេរីភាពបញ្ចេញមតិរបស់លោក និងអ្នកផ្សេងៗទៀតជាច្រើន។
លោកថ្លែងថា ប្រជាពលរដ្ឋគួរត្រូវបានអនុញ្ញាតឲ្យសម្តែងមតិដោយខ្លួនឯង។ ហើយ លោកបានបន្ថែមទៀតថា ជាពិសេស បទបញ្ញាតិនៃច្បាប់ ដែលដាក់ឲ្យនៅក្រៅច្បាប់ចំពោះការលើកសរសើរអំពីកូរ៉េខាងជើង កំពុងត្រូវបានបំពានដោយរដ្ឋាភិបាល។
ក្រុមសិទ្ធិមនុស្ស អង្គការលើកលែងទោសអន្តរជាតិ យល់ស្របជាមួយលោក ប៉ាក។
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមនេះបានប្រើប្រាស់សន្និសីទសារព័ត៌មានមួយ ដើម្បីចេញផ្សាយរបាយការណ៍មួយ ដែលថ្កោលទោសច្បាប់សន្តិសុខជាតិរបស់កូរ៉េខាងត្បូង។
លោក កាល សាងដុន (Kal Sangdon) ដែលជានាយករបស់អង្គការលើកលែងទោសអន្តរជាតិប្រចាំនៅកូរ៉េខាងត្បូង មានប្រសាសន៍ថា នៅក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី លី យ៉ុងបាក់ (Lee Myung-bak) ការស៊ើបអង្កេតទៅលើការចោទប្រកាន់អំពីសកម្មភាពគាំទ្រកូរ៉េខាងជើង មានការកើនឡើង។
លោក កាល់ និយាយថា ច្បាប់សន្តិសុខជាតិ កំពុងត្រូវបានប្រើប្រាស់ដើម្បីដាក់កម្រិតលើសេរីភាពបញ្ចេញមតិ ជាពិសេសនៅតាមបណ្តាញអ៊ីនធឺណិត។ លោកថ្លែងទៀតថា កាលពីឆ្នាំ២០១១ ការដាក់បង្ហោះលើគេហរទំព័រនូវសារតាមអ៊ីនធឺណែតចំនួន ៦៧.៣០០ ត្រូវបានលុបចោល ដោយសារសារទាំងនោះ ត្រូវបានចាត់ទុកថាជាការលើកសរសើរកូរ៉េខាងជើង ឬរិះគន់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ នោះជាការកើនឡើងចំនួន៥ដងនៅក្នុងរយៈពេលតែ២ឆ្នាំកន្លងមកតែប៉ុណ្ណោះ។
ទោះបីជាមានការកើនឡើងនូវចំនួននៃការស៊ើបអង្កេតក៏ដោយ តួលេខនៃការកាត់ទោសពិតប្រាកដ នៅមានកម្រិតទាបនៅឡើយ។ បើយោងតាមស្ថិតិរបស់រដ្ឋាភិបាល មានការស៊ើបអង្កេតរបស់ប៉ូលីសចំនួន៩០ករណី ប៉ុន្តែមានតែជនជាតិកូរ៉េខាងត្បូងចំនួន១៩នាក់ប៉ុណ្ណោះ ត្រូវបានឃុំឃាំងពីបទរំលោភបំពានច្បាប់សនិ្តសុខជាតិ។
លោក កាល់ ថ្លែងថា ដោយឈរលើហេតុផលទាំងនេះ អង្គការលើកលែងទោសអន្តរជាតិជឿជាក់ថា ច្បាប់នេះកំពុងត្រូវបានប្រើប្រាស់ដើម្បីបំភិតបំភ័យទៅលើបុគ្គលនិងស្ថាប័ន ដែលរិះគន់គោលនយោបាយកូរ៉េខាងជើងរបស់ លោក លី យ៉ុងបាក់។
លោក រ៉ាហ្សីវ ណារ៉ាយ៉ាន (Rajiv Narayan) នាយកអាស៊ីបូព៌ារបស់អង្គការលើកលែងទោសអន្តរជាតិ ថ្លែងថា ដើម្បីទប់ស្កាត់ការរំលោភបំពានបន្ថែមទៀត វាដល់ពេលហើយសម្រាប់រដ្ឋាភិបាលកូរ៉េខាងត្បូង ក្នុងការធ្វើកំណែទម្រង់ច្បាប់។
«យើងកំពុងចេញផ្សាយឯកសារនេះ នៅចំពេលដែលប្រធានាធិបតីថ្មីនឹងត្រូវបានជ្រើសតាំងនៅថ្ងៃទី១៩ខែធ្នូ។ យើងកំពុងអំពាវនាវឲ្យបេក្ខជនទាំងឡាយ ធ្វើសេចក្តីសម្រេចចិត្តជាប្រវត្តិសាស្ត្រមួយ ដើម្បីគាំទ្រដល់ការលុបបំបាត់ចោលច្បាប់សន្តិសុខជាតិ ឬកែទម្រង់ច្បាប់នេះជាមូលដ្ឋាន ឲ្យស្របទៅតាមកាតព្វកិច្ចនិងការប្តេជ្ញាចិត្តជាអន្តរជាតិរបស់កូរ៉េខាងត្បូង»។
ប៉ុន្តែ ការលុបចោល ឬការដាក់កម្រិតលើច្បាប់សន្តិសុខជាតិ មិនមែនជាបញ្ហាដែលធ្វើឲ្យក្រុមអ្នកបោះឆ្នោតភាគច្រើនព្រួយបារម្ភនោះទេ។ នេះបើយោងតាមលោក គឹម ចាងណាម (Kim Chang-nam) ដែលបង្រៀននៅអង្គភាពទំនាក់ទំនង នៅឯសាកលវិទ្យាល័យ សុងកុងហូ(Sungkonghoe University) ក្នុងទីក្រុង សេអ៊ូល។
លោក គឹម និយាយថា ប្រជាពលរដ្ឋកូរ៉េខាងត្បូង បានទទួលការអប់រំប្រឆាំងរបបកុម្មុយនីស្ត អស់រយៈពេលជាយូរមកហើយ ដែលច្បាប់សន្តិសុខជាតិហាក់ដូចជារឿងធម្មតា។ អ្នកនយោបាយនឹងមិនមានលទ្ធភាពទទួលបានសន្លឹកឆ្នោតច្រើនថែមទៀតទេ តាមរយៈការប្រឆាំងទៅនឹងច្បាប់នេះ ក្នុងអំឡុងពេលនៃការធ្វើយុទ្ធនាការ។
លោក គឹម ថ្លែងថា ប្រសិនបើបេក្ខជនអភិរក្សនិយម លោកស្រី ប៉ាក់ ជុនហេ (Park Geun-hye) ឈ្នះការបោះឆ្នោតនេះ លោករំពឹងថា ការពង្រឹងច្បាប់សន្តិសុខជាតិ នឹងនៅតែដដែល ដូចបុព្វការីរបស់លោកស្រីដែរ។ ប៉ុន្តែ លោកថ្លែងថា ប្រសិនបើបេក្ខជនបែបជឿនលឿននិយម លោក មូន ចេអ៊ីន (Moon Jae-in) ឈ្នះវិញ វាអាចនឹងមានការផ្លាស់ប្តូរខ្លះ។
លោកនិយាយថា យ៉ាងហោចណាស់ មានលទ្ធភាព ដែលច្បាប់នេះអាចត្រូវបានកែសម្រួល។ ប៉ុន្តែ លោកមិនមើលឃើញថាច្បាប់នេះនឹងត្រូវបានបោះបង់ចោលទាំងស្រុងនោះឡើយ។
លោក ប៉ាក់ ជុងជឿន (Park Jung-geun) ដែលជាយុវជនដែលត្រូវបានរកឃើញថាមានកំហុសពីបទរំលោភច្បាប់សន្តិសុខជាតិ ថ្លែងថា ចាប់ពីឥឡូវនេះទៅ លោកនឹងឈប់និយាយអ្វីទាំងអស់អំពីប្រទេសកូរ៉េខាងជើងនៅលើបណ្តាញសារព័ត៌មានសង្គម។
លោកនិយាយថា ជនជាតិកូរ៉េខាងត្បូងភាគច្រើន ភ័យខ្លាចមិនហ៊ានប្រើប្រាស់បណ្តាញធ្វីតធឺ។ ហើយ លោកបន្តថា លោកបានបាត់បង់ចំណាប់អារម្មណ៍ ទៅលើបណ្តាញនេះ៕