ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae In នៅថ្ងៃអាទិត្យនេះ បានតែងតាំងអតីតមេបញ្ជាការយោធាជើងទឹកមួយរូប ជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ នេះបើតាមការបញ្ជាក់របស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង។
ការតែងតាំងនេះធ្វើឡើង ស្របពេលដែលរដ្ឋាភិបាលកូរ៉េខាងត្បូងប្រឈមនឹងបញ្ហាមួយចំនួនក្នុងការដោះស្រាយជាមួយនឹងកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលដែលកំពុងតែមានការរីកចម្រើនខ្លាំងឡើងរបស់ប្រទេសកូរ៉េខាងជើង។
បេក្ខជនដែលលោក Moon Jae In តែងតាំងនោះ គឺលោក Song Young Moo ដែលលោកសក្ដិសមកាន់មុខតំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិនេះ ដើម្បីដោះស្រាយជាមួយនឹងការគំរាមកំហែងអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ នេះបើតាមការបញ្ជាក់របស់វិមានប្រធានាធិបតី។
លោក Song Young Moo ដែលបម្រើការនៅក្នុងវិស័យយោធាជើងទឹកអស់រយៈពេលជាង ៣ ទសវត្សរ៍មកនេះ ធ្លាប់ធ្វើជាទីប្រឹក្សាសន្តិសុខចម្បងរបស់លោក Moon Jae In នៅក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតកន្លងមក។
ការតែងតាំងលោក Song Young Moo នេះ មិនចាំបាច់ត្រូវការការអនុម័តពីរដ្ឋសភានោះទេ ប៉ុន្តែលោកត្រូវតែចូលរួមនៅក្នុងសវនាការ និងឆ្លើយសំណួរមួយចំនួនដែលចោទសួរដោយសមាជិកសភា។
លោក Song Young Moo ត្រូវគេរំពឹងថា នឹងសហប្រតិបត្តិការជាមួយនឹងសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តយោធាដ៏ចម្បងរបស់ប្រទេសកូរ៉េខាងត្បូង ដើម្បីទប់ទល់នឹងការគំរាមកំហែងមីស៊ីល ដែលកំពុងតែកើនឡើងរបស់ប្រទេសកូរ៉េខាងជើង៕