ភាពវឹកវរនយោបាយក្នុងប្រទេសកូរ៉េខាងត្បូងទាក់ទងនឹងការចោទប្រកាន់ចង់ដកប្រធានាធិបតី Park Geun-hye ចេញពីតំណែង កំពុងបង្ហាញឲ្យឃើញនូវការខ្វែងគំនិតគ្នាយ៉ាងខ្លាំងនៅក្នុងប្រទេសទាក់ទងនឹងគោលនយោបាយសន្តិសុខជាតិ។ ក្រុមអភិរក្សនិយមក្នុងស្រុក បញ្ចេញសំឡេងគាំទ្រយ៉ាងខ្លាំងចំពោះការចងសម័្ពន្ធភាពជាមួយសរអា។ ចំណែកក្រុមអ្នកនិយមការកែទម្រង់វិញ ចង់រក្សាចំណងទាក់ទងជាមួយប្រទេសចិន ឲ្យបានគង់វង្ស។
លោកស្រីប្រធានាធិបតី Park ត្រូវបានព្យួរតំណែង នៅពេលដែលតុលាការធម្មនុញ្ញពិនិត្យមើលការសម្រេចដកហូតលោកស្រីចេញពីតំណែង ដែលត្រូវបានសភាជាតិអនុម័តកាលពីខែធ្នូ។ បទចោទប្រកាន់ថាលោកស្រីប្រធានាធិបតី និងមិត្តជិតដិតម្នាក់ បានជួយគ្នាទៅវិញទៅមក ដោយការផ្តល់ប្រាក់រាប់លានដុល្លារនោះជារឿងអាស្រូវមួយដែលបាននាំឲ្យមានវិបត្តិនយោបាយនេះ។
ក្នុងពិធីអបអរខួបថ្ងៃឯករាជ្យរបស់កូរ៉េ កាលពីថ្ងៃពុធ ក្រុមអ្នកគាំទ្រលោកស្រី Park និង ក្រុមអ្នកប្រឆាំងលោកស្រី បាននាំគ្នាធ្វើបាតុកម្មនៅទីលាន Gwanghwamun ក្នុងទីក្រុងសេអ៊ូល។ ប៉ូលិសចំនួន ១ម៉ឺន៦ពាន់នាក់ បានធ្វើអន្តរាគមបែកចែកក្រុមបាតុករទាំងពីរ ដែលធ្វើដំណើរតាមរថយន្តក្រុងជាង១០០គ្រឿង៕