មេដឹកនាំជំនួញអាមេរិកាំងនៅក្នុងប្រទេសកូរ៉េខាងត្បូងបានសុំដល់មេដឹកនាំនៅក្នុងក្រុងសេអ៊ូលឱ្យពង្រីកទីផ្សារសម្រាប់ក្រុមហ៊ុនស.រ.អា.ដើម្បីឃាត់លោកប្រធានាធិបតីស.រ.អា. Donald Trump កុំឱ្យអនុវត្តគោលនយោបាយការពារទំនិញអាមេរិកាំង។
នៅក្នុងការឃោសនាបោះឆ្នោតប្រធានាធិបតីស.រ.អា. លោក Trump បានគំរាមកំហែងថានឹងដកថយចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីស.រ.អា.-កូរ៉េខាងត្បូងហៅកាត់ថា KORUS FTA ដែលលោកបានហៅថាជា «កិច្ចព្រមព្រៀងបំផ្លាញការងារ» មួយដែល «បង្កើតឱនភាពពាណិជ្ជកម្មរបស់យើងចំនួនពីរដងជាមួយប្រទេសកូរ៉េខាងត្បូងនិងបំផ្លាញការងារអាមេរិកាំងចំនួនមួយសែនការងារ»។
សភាពាណិជ្ជកម្មអាមេរិកាំងក្នុងប្រទេសកូរ៉េហៅកាត់ថា AMCHAM ចង់រក្សាទុកកិច្ចព្រមព្រៀង KORUS FTA ដែលបានចូលជាធរមានកាលពីឆ្នាំ២០១២និងលុបចោល៩៥ភាគរយនៃពន្ធដារលើផលិតកម្មគ្រឿងឧបភោគបរិភោគនិងផលិតកម្មឧស្សាហកម្មក្នុងរយៈពេល៥ឆ្នាំ។ ក៏ប៉ុន្តែដើម្បីធ្វើឱ្យលោក Trump យល់ព្រម លោក James Kim នាយកក្រុមហ៊ុន GM Korea និងជាប្រធាននៃសភាពាណិជ្ជកម្ម AMCHAM Korea បាននិយាយថារដ្ឋាភិបាលក្រុងសេអ៊ូលគួរបញ្ឈប់ការអនុវត្តន៍ដែលគេចវេះពីកិច្ចព្រមព្រៀង FTA ដោយប្រើប្រាស់បទបញ្ញត្តមិនដកពន្ធដារលើទំនិញដឹកជញ្ជូនចូលក្នុងប្រទេស៕