កូរ៉េ​ខាង​ត្បូង​ចាប់ផ្ដើម​ស៊ើប​អង្កេត​លើ​ហេតុការណ៍​ប្រជ្រៀត​ជាន់​គ្នា​ស្លាប់

  • ​Reuters

ប៉ូលិស​ពិនិត្យ​មើល​កន្លែង​កើតហេតុ​ដែល​មាន​មនុស្ស​ស្លាប់​ដោយសារ​ការ​ជាន់គ្នា​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ទី ២៩ ខែតុលា ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង។

នៅ​ថ្ងៃ​ចន្ទ​នេះ ក្រុម​អ្នក​ស៊ើប​អង្កេត​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ប្រមូល​និង​ចាប់ផ្ដើម​វិភាគ​លើ​វីដេអូ​ដែល​ថត​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ជាង ៥០ កាមេរ៉ា​ទាំង​របស់​រដ្ឋ​និង​ឯកជន ក៏​ដូចជា​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ​ផង​ដែរ ដើម្បី​ស្វែងរក​មូលហេតុ​នៃ​ហេតុការណ៍​ប្រជ្រៀត​ជាន់​គ្នា​ស្លាប់​នៅ​ក្នុង​ពិធី​បុណ្យ Halloween ក្នុង​ទីក្រុង​សេអ៊ូល​កាលពី​ថ្ងៃ​សៅរ៍។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

នៅ​ពេល​ដែល​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ចាប់ផ្ដើម​ការ​កាន់ទុក្ខ​រយៈពេល​មួយ​សប្ដាហ៍ ចំនួន​នៃ​អ្នក​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ប្រជ្រៀត​ជាន់​គ្នា​នេះ​បាន​កើន​ដល់ ១៥៤ នាក់ រី​ឯ​មនុស្ស ១៤៩ នាក់​ទៀត​បាន​រង​របួស ដែល​ក្នុង​នោះ ៣៣ នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់។ ក្នុង​ចំណោម​អ្នក​ស្លាប់​នោះ​ក៏​មាន​ពលរដ្ឋ​មក​ពី​ប្រទេស​ជាង ២០ ផង​ដែរ។

នាយករដ្ឋមន្ត្រី​កូរ៉េ​ខាងត្បូង​លោក Han Duck-soo បាន​សន្យា​ធ្វើ​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ហ្មត់ចត់ ហើយ​អាជ្ញាធរ​បាន​និយាយ​ថា​ពួកគេ​ផ្ដោត​លើ​ការ​តភ្ជាប់​ព្រឹត្តិការណ៍​នីមួយៗ​ដែល​ឈាន​ទៅ​ដល់​ហេតុការណ៍​ប្រជ្រៀត​ជាន់​គ្នា​ស្លាប់​នេះ និង​កំពុង​ស្វែងរក​មើល​ថា​តើ​មាន​អ្នក​ណា​ដែល​ជា​អ្នក​បង្ក​ឱ្យ​មាន​ហេតុការណ៍​នេះ​កើតឡើង​ឬ​ក៏​អត់។

លោក Nam Gu-jun ដែល​ជា​ប្រធាន​ប៉ូលិស​ផ្នែក​ស៊ើប​អង្កេត​លើ​ករណី​នេះ បាន​ប្រាប់​អ្នក​កាសែត​ថា៖ «យើង​កំពុង​វិភាគ​វីដេអូ​ដែល​បាន​មក​ពី​កាមេរ៉ា​សុវត្ថិភាព​ដើម្បី​ស្វែងរក​មូលហេតុ​ពិត​ប្រាកដ​នៃ​ហេតុការណ៍​នេះ។ យើង​នឹង​បន្ត​សាកសួរ​សាក្សី​បន្ថែម​ទៀត ដែល​ក្នុង​នោះ​រួម​មាន​ទាំង​បុគ្គលិក​នៅ​តាម​ហាង​នានា​នៅ​ក្បែរ​នោះ​ផង​ដែរ»។

លោក Han បាន​និយាយ​ថា ការ​កំណត់​អត្តសញ្ញាណ​របស់​ជន​រងគ្រោះ​ជិត​បញ្ចប់​រួចរាល់​ហើយ ហើយ​ការ​រៀបចំ​ពិធី​បុណ្យ​សព​អាច​ប្រព្រឹត្តទៅ​បាន៕