អាស៊ាន​-ចិន​ផ្តោត​ខ្លាំង​ជាង​មុន​លើ​ការ​តាក់តែង​ក្រម​ប្រតិបត្តិ COC ឆ្នាំនេះ

រូបឯកសារ៖ លោក Wang Yi (កណ្តាល) រដ្ឋមន្ត្រីការបរទេស​ចិន ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​ចិន នៅខេត្តយូណាន ប្រទេស​ចិន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦។

សេចក្តី​ព្រាង​គម្រោង​ក្រមប្រតិបត្តិ​ស៊ីអូស៊ី​ ទាក់ទង​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ត្រូវ​គេ​គិត​ថា​ នឹង​ក្លាយ​ជា​ប្រធានបទ​សំខាន់​មួយ​ក្នុង​កិច្ចប្រជុំ​កំពូល​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅកាត់​ថា អាស៊ាន ​ក្នុងប្រទេស​ហ្វីលីពីន​នៅ​ឆ្នាំនេះ​ ទោះ​ជា​វិវាទ​នេះ​បាន​ថមថយ​ទៅវិញ​ បន្ទាប់ពី​មាន​កំណើន​នៃ​ភាព​តានតឹង​ក្តី។

ប្រទេស​ហ្វីលីពីន​នឹងធ្វើ​ជាម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ប្តូរ​វេន​នៅឆ្នាំនេះ​ ដែល​គេ​មើល​ឃើញ​ថា ​បញ្ហា​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាងត្បូង​ និង​ការ​ធ្វើ​សេចក្តី​ព្រាង​គម្រោង ក្រម​ប្រតិបត្តិ​ស៊ីអូស៊ី ​(COC) ​គឺជា​ប្រធានបទ​សំខាន់​មួយ​ក្នុង​កិច្ចប្រជុំ​អាស៊ាន​ឆ្នាំនេះ។ ​មានការ​ពិភាក្សា​ជាច្រើន​កើតឡើង​អំពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ​និង​ការ​តាក់តែង​គម្រោង​ក្រមប្រតិបត្តិ​ស៊ីអូស៊ី មុន​ពេល​កិច្ចប្រជុំ​របស់​ក្រុម​មេដឹកនាំ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ទាំង​១០​ប្រទេស។

សេចក្តី​ព្រាង​គម្រោង​ក្រមប្រតិបត្តិ​ស៊ីអូស៊ី​ ទាក់ទង​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ត្រូវ​គេ​គិត​ថា​ នឹង​ក្លាយ​ជា​ប្រធានបទ​សំខាន់​មួយ​ក្នុង​កិច្ចប្រជុំ​កំពូល​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅកាត់​ថា អាស៊ាន ​ក្នុងប្រទេស​ហ្វីលីពីន​នៅ​ឆ្នាំនេះ​ ទោះ​ជា​វិវាទ​នេះ​បាន​ថមថយ​ទៅវិញ​ បន្ទាប់ពី​មាន​កំណើន​នៃ​ភាព​តានតឹង​ក្តី។

​លោក​ឈាង វណ្ណារិទ្ធិ ​នាយក​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​បាន​ថ្លែង​ថា​ប្រទេស​ហ្វីលីពីន​នឹង​មិន​បោះបង់​ចោល​ទេ​ ព្រោះ​វា​ជា​ផល​ប្រយោជន៍​ហ្វីលីពីន​ផង និង​ផល​ប្រយោជន៍​រួមរបស់​អាស៊ាន​ផង។

«អាច​មាន​លទ្ធភាព​ចេញ​រួច​ទាក់ទង​នឹងកិច្ច​ព្រមព្រៀង​ជា​គម្រោង ​Framework Agreement ​លើ​បញ្ហា ​ស៊ីអូស៊ី ​នៅ​តំបន់​យើងនេះ។ ​យើង​នៅចាំ​មើល​លទ្ធផល​នៃ​កិច្ចពិភាក្សា‍»។

លោក​បាន​អះអាង​ថា ​ស៊ីអូស៊ី​ក៏ជួយ​ដល់​ហ្វីលីពីន​ ចង​ប្រទេស​ដែល​មាន​ទំនាស់​កុំ​ឲ្យ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ ​ឬ​យន្តការ​ហិង្សា​ណា​មួយ​ក្នុង​តំបន់។​ លោក​គិត​ថា ហ្វីលីពីន​នៅ​តែ​ជំរុញ​ស៊ីអូស៊ី។

លោក​ អាឆ្មាដ​ រីហ្ស៊ែល ​ព័ណាម៉ា ​(Achmad Rizal Purnama)​ លេខាទូត​ទី១​ នៃ​ស្ថានទូត​ឥណ្ឌូនេស៊ី​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​ថ្លែង​ប្រាប់​វីអូអេ​ថា គោល​បំណង​នៃ​ការ​បង្កើត​ក្រមប្រត្តិបត្តិ​ស៊ីអូស៊ី​ គឺ​ដើម្បី​បញ្ជៀស​ជម្លោះ​ និង​បន្ថយ​ភាព​តានតឹង។

«ការ​បញ្ចប់​ក្រម​ប្រតិបត្តិ​គឺជា​វិធី​តែមួយគត់​ដែល​អាស៊ាន និង​ចិន​អាច​ធ្វើការ​ជាមួយ​គ្នា​បាន ដើម្បី​ធានា​សន្តិភាព ស្ថេរភាព និង​សន្តិសុខ​ក្នុង​តំបន់‍»។

លោក​បាន​ថ្លែង​បន្ថែម​ថា​ សមាជិក​អាស៊ាន​កំពុង​រង់ចាំ​ការ​សម្រេច​របស់​ប្រធាន​ឬ ម្ចាស់​ផ្ទះ​ថា​ តើ​ចង់​ឃើញ​ការ​វិវត្តន៍​របស់​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ត្រូវ​ពិភាក្សា​យ៉ាង​ណា។​ តែ​លោក​ថា​ជាធម្មតា​ បញ្ហា​សមុទ្រចិន​ខាងត្បូង​តែងតែ​ស្ថិត​ក្នុង​កម្មវិធី​នៃ​កិច្ច​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​កំពូល។

«តែ​ការ​រក​ដំណោះ​ស្រាយ​អំពី​ដែន​អធិបតេយ្យ​ដែល​មាន​ជម្លោះ​គឺ​អាស្រ័យ​ទៅ​លើ​ភាគី​ពាក់ព័ន្ធ ​ជា​ការពិត​គឺជា​បញ្ហា​ទ្វេភាគី ​វា​មិនមែន​ជា​បញ្ហា​ពហុភាគី​ ឬ​ជា​បញ្ហា​តំបន់​នោះ​ទេ‍»។

ប្រទេស​ចិន​ដូចជា​អាស៊ាន​ដែរ​ បាន​ប្តេជ្ញា​ក្នុង​កិច្ចប្រជុំ​កំពូល​កាលពីឆ្នាំ​ទៅក្នុង​ប្រទេស​ឡាវ​ថា​ នឹង​បង្កើត​សេចក្តី​ព្រាង​គម្រោង​ក្រមប្រត្តិបត្តិ​នៅពាក់​កណ្តាល​ឆ្នាំ២០១៧​នេះ ដើម្បី​ឈាន​ទៅ​តាក់តែង​ក្រមប្រត្តិបត្តិ​ស៊ីអូស៊ី ​និង​បញ្ចប់​ជម្លោះ ​ទោះ​ជា​ការ​អះអាង​របស់​ចិន​នោះ​មិន​មាន​គេ​ជឿ​ថា​ ចិន​នឹង​គោរព​តាម​ ដូច​ចិន​មិន​គោរព​តាម​សេចក្តី​ថ្លែង​ការណ៍​ស្តីពី​ក្រមប្រតិបត្តិ​សមុទ្រចិន​ខាងត្បូង​ (DOC) ​យ៉ាងណា​ក៏ដោយ។

កម្ពុជា​ដែល​ជា​សមាជិក​អាស៊ាន​មួយ​ត្រូវគេ​រាយការណ៍​មក​ថា ​អាច​នឹង​រៀបចំ​កិច្ច​ប្រជុំ​អំពី​ការ​តាក់តែង​គម្រោង​ក្រមប្រតិបត្តិ​ស៊ីអូស៊ី ​នៅក្នុង​ពេល​ឆាប់ៗ​ផងដែរ​ នៅពេល​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ នឹង​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​នៅក្នុង​ប្រទេស​ហ្វីលីពីន​នៅ​សប្តាហ៍​ខាងមុខ។ ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នេះ​ធ្វើឡើង​ មុនពេល​ដែល​កិច្ច​ប្រជុំ​កំពូល​ថ្នាក់​ប្រមុខរដ្ឋ ​និង​មេដឹកនាំ​ប្រទេស​ជួប​ប្រជុំ​គ្នា​នៅ​ចុងឆ្នាំ ​ដើម្បី​ពិភាក្សា​បញ្ហា​តំបន់​និង​បញ្ហា​សាកល​ជាដើម​ក្នុងកិច្ច​ប្រជុំ​កំពូល​អាស៊ាន ​អាស៊ានបូក​ និង​កិច្ចប្រជុំ​កំពូល​អាស៊ី បូព៌ា​ជាដើម​នោះ។

រូបភាព​ពី​លើ​អាកាស​បង្ហាញ​កប៉ាល់​បូម​ខ្សាច់​របស់​ចិន​កំពុង​ធ្វើ​សកម្មភាព​នៅ​តំបន់​ថ្ម​ប៉ប្រះទឹក Mischief Reef នៅ​តំបន់​ប្រជុំកោះ Spratly នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

បើតាម​ការអះអាង​របស់​លោកស្រី​ ស៊ីហូកុ ហ្គោតុ ​(Shihoko Goto)​ អ្នក​ស្រាវជ្រាវ​នៃ អង្គការ​តាក់តែង​គោល​នយោបាយ ​ឬមជ្ឈមណ្ឌល​ Woodrow Wilson Centerក្នុងរដ្ឋ ធានី​វ៉ាស៊ីនតោន​ បាន​ដាក់​សំណួរ​ចំពោះ​កិច្ចប្រជុំ​កំពូល​ក្នុង​ប្រទេស​ហ្វីលីពីន​របស់​អាស៊ាន​ ហើយ​សង្ស័យ​អំពី​តួនាទី​ចិន​ក្នុង​តំបន់។

«ដូច្នេះ​នៅពេល​ដែល​មាន​កិច្ចប្រជុំ​កំពូល​មួយទៀត​ដែលរំពឹង​ថា តើ​វាគ្រាន់តែ​ជា​ការ​ចាប់​ផ្តើម​កិច្ចប្រជុំ​ ឬមួយ​វានាំ​ទៅដល់​លទ្ធផល​ជាក់ស្តែង?​ អ្វីទៅ​ជាលទ្ធផល​ជាក់ស្តែង​ទាំង​នោះ? ​លទ្ធផល​ជាក់ស្តែង​ គឺថា​ចិនត្រូវ​បញ្ឈប់​ការ​កសាង​សំណង់​ ហើយ​ជា​ការពិត​តម្រូវ​ឲ្យ​ទទួល​ស្គាល់​ការ​កាត់​សេចក្តី​របស់​តុលាការ​អន្តរជាតិ‍»។

លោកស្រី​បានបន្ថែម​អំពី​ក្តី​រំពឹង​ទុក​ដែល​កើត​ចេញ​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​ថា៖

«ប្រសិន​បើ​កិច្ចប្រជុំ​កំពូល​ខាង​មុខ​នឹង​ពិភាក្សា​អំពី​ការ​ដាក់​កំហិត​ ឬ​ព្យាយាម​ធ្វើឲ្យ​ការ​សម្រេច​របស់​តុលាការ​អន្តរជាតិ​ចូលជា​ធរមាន​ នោះ​គឺ​ជា​ក្តីរំពឹង​ដ៏ធំធេង​ចំពោះ​រឿង​នេះ។ ​តែខ្ញុំ​មិនគិត​ថា កិច្ច​ប្រជុំ​កំពូល​នោះ​នឹង​ត្រូវ​និយាយ​អំពីរឿង​នេះ​ជា​សំខាន់​ទេ‍»។

តុលាការ​អន្តរជាតិ​ក្នុង​ទីក្រុង​ឡាអេ​ហៅថា ​The Permanent ​Court ​of Arbitration ​បាន​កាត់​សេចក្តី​ឲ្យ​ហ្វីលីពីន​ឈ្នះក្តី​កាលពី​ពាក់​កណ្តាល​ឆ្នាំ២០១៦​កន្លងទៅ​ តែ​ចិន​មិន​បាន​ទទួល​យក​សាលដីកា​នោះ​ទេ​ដោយ​ចាត់​ទុក​ថា​ ដែន​អធិបតេយ្យ​របស់​ខ្លួន​បាន​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​ចិន​ជាង​២ពាន់​ឆ្នាំ​ហើយ។

បើតាម​អ្នក​ការ​ទូត​អាស៊ាន​ម្នាក់វិញ​បាន​អះអាង​ថា ប្រទេស​ហ្វីលីពីន​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅឆ្នាំនេះ​ទំនង​ជា​នឹង​ដាក់​ឲ្យ​ជជែក​អំពី​រឿង​សមុទ្រ​ចិន​ខាងត្បូង​ខ្លះ​ដែរ ​ហើយនឹង​ធ្វើសេចក្តី​ថ្លែងការណ៍​ផង​ តែ​ក៏​មិន​រំពឹង​ថា​ នឹង​ធ្វើ​ឲ្យ​មាន​ការ​រង្គោះ​រង្គើរ​ដល់​ទំនាក់​ទំនង​ថ្មី​របស់​ហ្វីលីពីន​និង​ចិន​ ដែល​បាន​ធ្វើឲ្យ​ស្ថានការណ៍​ធូរស្រាល​ក្នុង​តំបន់​អាស៊ាន​នោះ​ដែរ។

ប្រទេស​អាស៊ាន​ទាំង១០ ​កំពុង​អនុវត្ត​សេចក្តី​ថ្លែងការណ៍​ស្តីពី​ក្រមប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​ (DOC) ​ដែល​មាន​ស្រាប់ ​ទោះ​ជា​ភាគី​ចិន​មិន​បាន​គោរព​តាម​ជា​អចិន្ត្រៃយ៍​ក្តី។​ ប្រទេស​ដែល​មាន​ការ​ទាមទារ​កម្មសិទ្ធិ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ គឺ​ហ្វីលីពីន វៀតណាម ​ម៉ាឡេស៊ី ​ព្រុយណេ ​និង​ដែនដី​តៃវ៉ាន់។

សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅកាត់ថា​ អាស៊ាន ​ដែល​រង​សម្ពាធ​ពីអន្តរជាតិ​ ជាពិសេស​មហា​អំណាច​ពិភពលោក​នោះ​ គឺជា​តំបន់​ទីផ្សារ​សេដ្ឋកិច្ច​ទី៥ ​ក្នុង​ពិភពលោក ដែល​មាន​ផលិតផល​សរុប​រួមគ្នា​រហូត​ដល់​ទៅ​ជិត២​លានលាន​កន្លះ​ដុល្លារ។​ ប្រទេស​ទាំង​១០​នេះ​រួម​មាន​ កម្ពុជា ​ឥណ្ឌូនេស៊ី ​ឡាវ ​ភូមា ​ថៃ ហ្វីលីពីន​ សិង្ហបុរី ​ម៉ាឡេស៊ី ​ព្រុយណេ ​និង​វៀតណាម៕