ប្រទេសអាហ្វ្រិក​ខាងត្បូង​កំពុង​នាំមុខគេ​នៅក្នុង​ពិភពលោក​ចំពោះ​អំពើ​រំលោភសេពសន្ថវៈ​

ស្ត្រី​ជាង​៧០ភាគរយធ្លាប់​ជួប​ប្រទះ​នឹង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ។

ដោយ Anita Powell
ប្រែសម្រួល​ដោយ លី​ សុខឃាង
ជារឿយៗ ប្រទេស​អាហ្វ្រិក​ខាងត្បូង (South Africa) ត្រូវ​បានគេហៅ​ថា​ជា​ «ទីក្រុង​នៃ​អំពើ​រំលោភសេពសន្ថវៈរបស់​ពិភពលោក» ហើយ​មាន​ការ​ប៉ាន់ស្មាន​ថា ស្ត្រី​ជាង​៧០ភាគរយធ្លាប់​ជួប​ប្រទះ​នឹង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ។ កាល​ពី​ថ្ងៃ​អង្គារសប្តាហ៍មុន បុរស​៥នាក់​បាន​វាយ​ប្រហារ​និង​រំលោភ​ជាក្រុម​ទៅ​លើ​ស្ត្រី​វ័យ​ក្មេង​ម្នាក់​នៅ​ក្នុង​ទីក្រុង​ ប្រេតូរីយ៉ា ​(Pretoria)។ នៅក្រោម​ស្រមោល​នៃការ​វាយប្រហារ​ស្រដៀងគ្នា​នេះ​ដែរ​នៅក្នុង​ប្រទេស​ឥណ្ឌា​ ដែល​បាន​បង្ក​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ចេញ​មក​តវ៉ា សកម្មជន​នៅ​ទីក្រុង ​ចូហានណេសប៊ឺក (Johannesburg) ​និយាយថា ពួកគេ​មិន​យល់ទេ​ថាតើ​ហេតុ​អ្វី​បាន​ជា​ជន​ជាតិ​អាហ្វ្រិក​ខាងត្បូង​ជាច្រើន​មិន​មានការ​ខឹង​សម្បារ​ខ្លាំងក្លា​បែបនេះ។ Anita Powell រាយការ​ព័ត៌មាន​បន្ថែម​ពីទីក្រុង ​ចូហានណេសប៊ឺក។​
ក្រុម​ប៉ូលីស​និយាយថា ស្ត្រីវ័យក្មេង​ម្នាក់នេះ​កំពុង​រង់​ចាំនៅក្នុង​ជួរ នៅយប់​ថ្ងៃ​អង្គារ ដើម្បី​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​បច្ចេកទេស​ថ្វាណេ (Tshwane University of Technology)។
បុរស​៥នាក់​បាន​ចាប់អូស​នាង​ចូលទៅ​ក្នុងគុម្ពោត​ព្រៃ រំលោភនាង ហើយ​លួច​ទូរស័ព្ទ​និង​ប្រាក់​របស់នាង។ ក្រុម​ប៉ូលីស​និយាយថា មិនមានជន​សង្ស័យ​ណាមួយ ត្រូវ​បាន​ចាប់​ខ្លួន​នៅឡើយទេ។
នៅ​ពេល​ដែល​និស្សិត​វ័យ​ក្មេង​ម្នាក់នៅ​ទីក្រុង ​ញ៉ូវដេលី (New Delhi) ត្រូវ​បាន​រំលោភ​ជាក្រុម​ដោយ​បុរស៦នាក់ វាយដំ ហើយ​បណ្តាល​ឲ្យ​ស្លាប់​កាល​ពី​ខែ​មុន សកម្មភាព​ដ៏ឃោរឃៅ​នេះ​បាន​បណ្តាលឲ្យ​មានការ​តវ៉ាយ៉ាង​ធំ នៅ​ទូទាំង​ប្រទេស​ឥណ្ឌា។ ​
កាល​ពីពេល​ថ្មីៗនេះ ឪពុករបស់​ជន​រងគ្រោះ​បាន​ប្រកាស​ឈ្មោះ​របស់​នាង​ទៅ​ដល់​ពិភពលោក។ ឈ្មោះ​របស់​នាង​គឺ​ យ៉ូទី (Jyoti) ដែល​ជា​ឈ្មោះ​ក្នុង​សាសនា​ហិនឌូ ដែលមាន​ន័យ​ថា «រស្មី»។
ហើយ​ស្ថានភាព​ដ៏អាក្រក់​របស់​នាង​ បានបង្កឱ្យមាន​ជាស្ថានភាព​សមស្រប​មួយ ដែលបានទាញ​ការ​ចាប់​អារម្មណ៍របស់​ពិភពលោក​ ទៅលើ​ភាព​រីករាល​ដាល​នៃអំពើ​រំលោភ​សេពសន្ថវៈ ​នៅក្នុង​ប្រទេស ​ឥណ្ឌា។ ជន​សង្ស័យ៥នាក់​ក្នុង​ចំណោម​ជនសង្ស័យ៦នាក់​បាន​បង្ហាញ​ខ្លួន​នៅចំពោះមុខ​តុលាការ​ទីក្រុង ញ៉ូវដេលី ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ចាប់​ជំរិត ការ​រំលោភជាក្រុម និង​ការ​សម្លាប់។ ចំណាត់ការ​ឆាប់​រហ័សនៃ​រឿង​ក្តីនេះ​ មិន​ធ្លាប់​ឮទេ​នៅក្នុង​ប្រទេស​មួយ ដែល​ជាធម្មតា រដ្ឋអាជ្ញា​ចំណាយពេល​ជាច្រើនខែ ដើម្បី​កសាងសំណុំ​រឿង​សម្រាប់​រឿងក្តី​មួយ។
សកម្ម​ជន​ ហ្ស៊ូបេដា ដានហ្គោ ​(Zubeda Dangor)​ ថ្លែង​ថា នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង វា​ទំនង​ជា​ថា ​ពិសោធន៍​ដ៏ឃោរឃៅ​របស់​និស្សិត​ម្នាក់​នេះ នឹងសាប​រលាប​ចេញពី​មតិ​សាធារណ​ដោយសាមញ្ញ។ លោក ដានហ្គោ ដែលមាន​សែស្រឡាយ​ឥណ្ឌាដែរនោះ គឺ​ជា​នាយក​ប្រតិបត្តិ​របស់​វិទ្យាស្ថាន​នីស្សា​ដើម្បី​អភិវឌ្ឍ​ស្ត្រី (Nisaa Institute for Women’s Development)។ ឈ្មោះ​អង្គការ​មិន​មែន​សាសនា​មួយនេះ​និយាយ​យោង​ដល់​ជំពូក​មួយ​របស់​គម្ពីរ​កូរ៉ាន ដែល​និយាយ​អំពី​សិទ្ធិ​របស់ស្ត្រី។
«ហេតុ​អ្វីបាន​ជា​សង្គម​អាហ្វ្រិក​ខាងត្បូង​ស្កប់ស្កល់​ក្នុងរឿងបែបនេះ​យ៉ាង​ដូច្នេះ? ហើយ​មេរៀន​ដែល​យើង​ពិត​ជា​បាន​ទទួល​មក​ពី​បទ​ពិសោធន៍​របស់​ឥណ្ឌាគឺ​ថា យើងពិតជាត្រូវការ​លទ្ធភាព​ក្នុងការ​ក្រោក​ឈរឡើង។ យើង​គឺ​ជាមនុស្ស​ដែល​មាន​ប្រវត្តិសាស្ត្រ​ប្រកប​ដោយ​ការ​តស៊ូ​មួយ និងដែល​មានការរៀប​ចំឡើង។ ​យើង​បាន​រៀប​ចំ​ទាក់ទង​ទៅនឹង​ការ​រំដោះ​ប្រទេសអាហ្វ្រិក​ខាង​ត្បូង​ ប៉ុន្តែ​យើង​ហាក់ដូចជាមិន​អាច​រួបរួម​សកម្ម​ភាព​របស់​យើង ទាក់​ទង​នឹង​ការ​រៀប​ចំ​ប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្លូវ​ភេទសោះ»។
ក្រុម​ប៉ូលីស​អាហ្វ្រិក​ខាង​ត្បូង​បាន​ចងក្រងសំណុំឯកសារ​នៃ​អំពើ​រំលោភ​សេពសន្ថវៈជាង​៦៤.០០០ ​ករណី កាល​ពី​ឆ្នាំទៅ។ ហើយ​តួលេខ​នេះ​រាប់​បញ្ចូល​តែអំពើ​រំលោភសេពសន្ថវៈ ដែល​ត្រូវ​បាន​រាយការ​តែប៉ុណ្ណោះ។ ការ​រំលោភផ្លូវ​ភេទ​គឺជា​អំពើ​ឧក្រិដ្ឋកម្មដែល​មិន​សូវ​ត្រូវបាន​រាយការភាគច្រើន​បំផុត​នៅ​ទូទាំង​ពិភពលោក។
ការ​សិក្សា​ក្នុង​ឆ្នាំ​២០១០​ដែល​ត្រូវ​បាន​ដកស្រង់​យ៉ាង​ទូលំទូលាយ​ បាន​រកឃើញ​ថា បុរស​អាហ្រ្វិក​ខាងត្បូង​ចំនួន​ជាង​១ភាគ​៤​បាន​សារភាព​ថា​បាន​រំលោភក្មេង​ស្រី ឬ​ស្ត្រី។ បុរស​ម្នាក់​ក្នុង​ចំណោម​បុរស៧នាក់​បាន​សារភាព​ថា​ បាន​ចូលរួម​ការរំលោភ​ជាក្រុម។
លោក ដានហ្គោ ថ្លែងថា គ្មាន​ស្ត្រី​ណាម្នាក់​មាន​សុវត្ថិ​ភាព​ទេ។ ជន​រងគ្រោះ​នៃ​អំពើ​រំលោភ​សេពសន្ថវៈ រាប់​បញ្ចូល​ទាំង​ទារក ក្មេងស្រី​ និង​ស្រ្តីវ័យចំណាស់។​
ប្រទេស​អាហ្វ្រិក​ខាងត្បូង​ក៏​បាន​តស៊ូ​ជាមួយ​នឹង​កម្រិត​នៃ​ការ​រំលោភ​បំពានយ៉ាង​ខ្ពស់ ដែល​មិន​អាច​ទទួល​យក​បាន​ផងដែរ។ យោង​តាម​តួលេខ​របស់​រដ្ឋាភិបាល ស្ត្រី​ចំនួន​៩០ភាគរយ បាន​ជួបប្រទះនូវការ​រំលោភ​បំពាន​ខាង​ផ្លូវ​ចិត្ត​និង​រូបរាងកាយ ហើយ​៧១ភាគរយ បាន​ជួប​ប្រទះ​នូវការ​រំលោភ​បំពាន​ផ្លូវ​ភេទ។
អង្គការ​របស់​លោក ​ ដាន​ហ្គោ បាន​ជួយ​ប្រមូល​ហត្ថលេខា​រាប់​ពាន់សម្រាប់ការ​ធ្វើ​ញ្ញាត្តិ​ជូន​ទៅ​រដ្ឋាភិបាល​ឥណ្ឌា ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍មុន។ ញ្ញាត្តិ​នេះ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌា​ចាត់​វិធានការ​ប្រឆាំងនឹង​អំពើ​ចាប់រំលោភ និង​ការ​ពារ​ជនរងគ្រោះ​នៃ​អំពើ​ចាប់រំលោភ។ លោក ដានហ្គោ និយាយថា បទពិសោធន៍​របស់​ឥណ្ឌា​ផ្តល់​ក្តី​សង្ឃឹម​សម្រាប់​ប្រទេស​អាហ្រ្វិក​ខាង​ត្បូង​ ដែល​ជា​ប្រទេស​កំណើត​របស់លោក។
«ខ្ញុំ​គិត​ថា មេរៀន​ដែលយើង​ ក្នុង​នាម​ជា​ជន​ជាតិ​អាហ្រ្វិក​ខាងត្បូង​ អាចរៀនពីរឿងនេះ គឺថា​មនុស្ស​គ្រប់​គ្នា​កោតសរសើរ​សង្គម​ឥណ្ឌា​ចំពោះ​ការ​ក្រោក​ឈរ​ឡើង ជាពិសេស​នៅ​ក្នុង​ពេលនេះ​តែម្តង។ ដូច្នេះជនរងគ្រោះ​ ដែលជា​ស្ត្រី​នៃ​អំពើ​រំលោភ​ឬ​ការ​បំពាបំពានផ្សេង​ៗ អាច​ទទួលបាន​ការ​ជួយ​ឧបត្ថម្ភ។ យើង​ដឹង​ថា ក្រុម​ប៉ូលីស​ឥណ្ឌា មានភាព​យឺតយ៉ាវ​យ៉ាង​ខ្លាំង​ក្នុងការ​ចាត់​វិធានការ ហើយ​នោះ​គឺជា​ស្ថាន​ភាព​ ​ស្រដៀង​គ្នា​នៅក្នុង​ប្រទេស​អាហ្រ្វិក​ខាងត្បូង​ដែរ។ យើង​មានច្បាប់​យ៉ាង​ល្អ ប៉ុន្តែ​ច្បាប់​របស់​យើង​មិនត្រូវ​បានអនុវត្តឲ្យ​បាន​គ្រប់​គ្រាន់ សម្រាប់​ស្រ្តី​ដើម្បី​ទទួល​បានយុត្តិធម៌​នោះទេ។
ស្រ្តី​អ្នកនាំ​ពាក្យ​របស់​ក្រុម​ប៉ូលីស​អាហ្វ្រិក​ខាងត្បូង​មួយរូប បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​រឿង​នេះ​ទេ ប៉ុន្តែ​ក្រុម​ប៉ូលីស​បាននិយាយ​ថា ពួកគេ​ប្តេជ្ញាចិត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រំលោភ​ផ្លូវភេទ។
ប៉ុន្តែ ទម្រាំតែពួកគេ​ទទួលបាន​ជោគជ័យ វា​ទំនង​ជា​ថា នៅ​ថ្ងៃ​ស្អែក​ ក្មេង​ស្រីនិង​ស្ត្រី​អាហ្រ្វិកប្រហែល១៧៥​នាក់ទៀត នឹង​ត្រូវ​បាន​រំលោភ។​
ហើយ​១៧៥នាក់​ទៀត​នៅ​ថ្ងៃ​បន្ទាប់​ ហើយនិង​បន្តបន្ទាប់ទៅ​ទៀត៕