មន្ត្រី​ពីរ​រូប​ទៀត​នឹង​ផ្ដល់​សក្ខីកម្ម​នៅ​រដ្ឋសភា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​អំពី​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ដក​លោក Trump ពី​តំណែង

រូបឯកសារ៖ ប្រធានាធីបតីអាមេរិកលោក Donald Trump ពេលដំណើរទស្សនកិច្ចកាលពីថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ សមាជិក​រដ្ឋសភា​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​ស្ដាប់​សក្ខីកម្ម​ពី​អ្នកស្រី Fiona Hill ដែល​ជា​អតីត​អ្នក​ជំនាញ​កំពូល​ផ្នែក​កិច្ចការ​ប្រទេស​រុស្ស៊ី​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក។ កាល​ពី​លើក​មុន អ្នកស្រី Hill បាន​ប្រាប់​អ្នក​ស៊ើប​អង្កេត​ថា ការ​ដក​អតីត​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​អ៊ុយក្រែន​គឺ​ជា​លទ្ធផល​នៃ​យុទ្ធនាការ​មួយ​ដែល​ចាប់ផ្ដើម​ធ្វើ​ឡើង​ដោយ​មេធាវី​ផ្ទាល់​ខ្លួន​របស់​លោក​ប្រធានាធិបតី Donald Trump។

អ្នក​ដែល​គ្រោង​នឹង​ផ្ដល់​សក្ខីកម្ម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ផង​ដែរ​គឺ​លោក David Holmes មន្ត្រី​ការបរទេស​អាជីព​ម្នាក់ ដែល​ធ្វើ​ជា​ទីប្រឹក្សា​នយោបាយ​នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​អ៊ុយក្រែន។ នៅ​ក្នុង​សវនាការ​ផ្ដល់​សក្ខីកម្ម​អសាធារណៈ​របស់​លោក​កាល​ពី​លើក​មុន លោក David បាន​និយាយ​ថា លោក​បាន​ឭ​ការ​ហៅ​ទូរស័ព្ទ ដែល​លោក Trump បាន​សួរ​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​សហភាព​អឺរ៉ុប​លោក Gordon Sondland ថា​តើ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenzkiy នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ដែរ​ឬ​ក៏​យ៉ាង​ណា​នោះ។

កន្លង​មក លោក Trump បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ដែល​ថា លោក​បាន​ផ្អឹប​ជំនួយ​យោធា​សម្រាប់​ប្រទេស​អ៊ុយក្រែន​ជិត ៤ រយ​លាន​ដុល្លារ រហូត​ដល់​ពេល​ណា​ដែល​រដ្ឋាភិបាល​អ៊ុយក្រែន​យល់ព្រម​ស៊ើប​អង្កេត​លើ​លោក Biden ដែល​អាច​ជា​គូ​ប្រជែង​ដ៏​សំខាន់​របស់​លោក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយ។

កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ លោក Sondland បាន​ផ្ដល់​សក្ខីកម្ម​ថា មាន​ការ​ដោះដូរ​ប្រយោជន៍​រវាង​លោក Trump និង​ប្រទេស​អ៊ុយក្រែន។

លោក Sondland បាន​និយាយ​ថា លោក Rudy Giuliani ដែល​ជា​មេធាវី​ផ្ទាល់​ខ្លួន​របស់​លោក Trump បាន​ធ្វើ​តាម​បញ្ជា​របស់​លោក Trump នៅ​ពេល​ដែល​លោក Giuliani បាន​ប្រាប់​មន្ត្រី​រដ្ឋាភិបាល​អ៊ុយក្រែន​ថា លោក Trump ចង់​ឲ្យ​លោក Zelenskiy ប្ដេជ្ញា​ជា​សាធារណៈ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​លោក Biden កូន​ប្រុស​លោក Biden និង​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ៕