ក្រោយតុលាការកំពូលបានប្រកាសតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ឱ្យលោក សុន ឆ័យ ចាញ់ក្តីគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពាក់ព័ន្ធបទ«បរិហារកេរ្តិ៍ជាសាធារណៈ» អ្នកពាក់ព័ន្ធកំពុងតាមដានយ៉ាងយកចិត្តទុកដាក់អំពីការរឹបអូសអចលនវត្ថុលោក សុន ឆ័យ ទៅនឹងការទូរទាត់សងសំណងជាទឹកប្រាក់ជាង ១លានដុល្លារអាមេរិក។ ក៏ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានការកំណត់ពេលវេលាជាក់លាក់ឱ្យលោក សុន ឆ័យ សងសំណងនៅឡើយទេ។
លោក កែត ឃី មេធាវីការពារក្តីឱ្យលោក សុន ឆ័យ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ចាប់តាំងថ្ងៃដែលតុលាការកំពូលប្រកាសសាលដីការួចមក ទាំងលោក សុន ឆ័យ ផ្ទាល់និងរូបលោក ដែលជាមេធាវីការពារក្តី មិនទាន់ទទួលបាននូវកាលបរិច្ឆេទ ដែលតម្រូវឱ្យទូទាត់សំណងទៅភាគីគណបក្សប្រជាជនកម្ពុជា និងស្ថាប័នរៀបចំការបោះឆ្នោតជាង១លានដុល្លារនោះទេ។ លោកថា ការកំណត់កាលបរិច្ឆេទ អាស្រ័យលើអ្នកឈ្នះក្តី ជាអ្នកសុំអនុវត្ត។ ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានការជូនដំណឹងណាមួយដល់រូបលោក និងកូនក្តីរបស់លោកទេ។
លោកថ្លែងថា៖ «អាហ្នឹងអាស្រ័យ ភាគីខាងឈ្នះក្តីគេសុំអនុវត្ត ឆាប់ឬយូរ អ៊ីចឹង។ វាអត់មានច្បាប់កំណត់ទេ»។
កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ចៅក្រមតុលាការកំពូល បានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ ដោយតម្រូវឱ្យលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បង់សងសំណងសរុបជាង ១ លានដុល្លារអាមេរិកទៅគណបក្សកាន់អំណាច និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក គី តិច មេធាវីការពារក្តីឱ្យគណបក្សប្រជាជនកម្ពុជាបាននៅឡើយទេ នៅថ្ងៃចន្ទនេះ។
ក៏ប៉ុន្តែលោក គី តិច មេធាវីតំណាងឱ្យគណបក្សប្រជាជនកម្ពុជា ប្រាប់សារព័ត៌មានខ្មែរថាមស៍កាលពីថ្ងៃព្រហស្បតិ៍ថា តុលាការបានចេញដីការឹបអូសអចលវត្ថុរបស់លោក សុន ឆ័យ រួចរាល់ហើយ។ ហើយមន្ត្រីពាក់ព័ន្ធ កំពុងវាយតម្លៃអចនលទ្រព្យនោះ។ នេះបើតាមសារព័ត៌មានខ្មែរថាមស៍ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា។
ទាក់ទងការរឹបអូស និងវាយតម្លៃអចលនវត្ថុរបស់លោក សុន ឆ័យ នេះ លោក កែត ឃី ដែលជាមេធាវីការពារក្តី បានបញ្ជាក់ថា នៅពេលនេះលោកមិនបានដឹង និងមិនទទួលបានព័ត៌មានអ្វីនៅឡើយទេ។ ប៉ុន្តែលោកថា ទោះជាយ៉ាងណា លោកនៅតែចាំមើលទាក់ទងការវាយតម្លៃនោះ ប្រសិនបើតម្លៃអចលនវត្ថុវាយតម្លៃចេញមកបាន «ថោក» នោះ លោកនឹងតវ៉ាបន្តទៀត។
លោកថ្លែងថា៖ «ចាំមើលការវាយតម្លៃ[អចលនវត្ថុ]ហ្នឹង បើដាក់ថោកពេក ក៏អត់ព្រមដែរ។ យើងនឹងប្តឹងតវ៉ា ការវាយតម្លៃហ្នឹង វាទាបពេក វាអីអ៊ីចឹង»។
លោក កែត ឃី បានថ្លែងបន្ថែមថា លោក សុន ឆ័យ មិនមានលុយអ្វីក្រៅពីអចលនវត្ថុពីរកន្លែងនេះទេ ដើម្បីបង់សងសំណងពាក់ព័ន្ធបទ«បរិហារកេរ្តិ៍ជាសាធារណៈ»។ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ តុលាការកំពូលកម្ពុជាបានសម្រេចជាស្ថាពរ ដោយតម្រូវឱ្យលោក សុន ឆ័យ បង់សងទៅគណបក្សប្រជាជនកម្ពុជាជាទឹកប្រាក់ចំនួន៤ពាន់លានរៀល ឬប្រហែល ១លានដុល្លារអាមេរិក និងបង់ចូលរដ្ឋចំនួន ១០លានរៀល និងបង់សំណងឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន ១០លានរៀល។
លោក កែត ឃី មិនអស់ចិត្តចំពោះការសម្រេចរបស់តុលាការលើសំណុំរឿង លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀននេះ ដោយលោកបន្តចាត់ទុកការសម្រេចនេះថា«អយុត្តិធម៌»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បាននៅឡើយទេ។
បើតាមការបញ្ជាក់ទៅកាន់ចៅក្រមជំនុំជម្រះនៃតុលាការកំពូល លោក សុន ឆ័យ បានអះអាងថា ការលើកឡើងរបស់លោកក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានឌឹ ខេមបូឌា ដេលី (The Cambodia Daily) អំពីភាពមិនប្រក្រតីនានា ទាក់ទងការបោះឆ្នោតនោះគឺជា«ការតស៊ូមតិនយោបាយ» ដើម្បីធ្វើឱ្យដំណើរការបោះឆ្នោតមានភាពល្អប្រសើរ ដោយមិនមានចេតនាមួលបង្កាច់ បរិហារកេរ្តិ៍ទៅលើគណបក្សប្រជាជនកម្ពុជា និងស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប. អ្វីនោះទេ។
នៅក្នុងដីកាចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក អួង វុទ្ធា ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចរឹបអូសយកអចលនវត្ថុ (ដីនិងអគារ) របស់លោក សុន ឆ័យ ជាបណ្តោះអាសន្នចំនួនពីរទីតាំង ដែលនៅក្នុងសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ផ្ទៃដីមានទំហំ ៣៥៩ ម៉ែត្រការ៉េ ដែលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចុះថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១១ ចេញដោយប្រធានមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ និងមួយទីតាំងទៀតស្ថិតនៅមណ្ឌល ១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ផ្ទៃដីមានទំហំ ៧៥ ម៉ែត្រការ៉េ ដែលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចុះថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០១៦ ចេញដោយប្រធានមន្ទីររៀបចំដែនដី ខេត្តសៀបរាម។
បើតាមតម្លៃទីផ្សារអចលនទ្រព្យ ក្នុងឆ្នាំ ២០២២ និងដើមឆ្នាំ ២០២៣ នេះ នៅសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានតម្លៃប្រមាណ ២៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដូច្នេះបើតាមការសន្និដ្ឋាន ដីរបស់លោក សុន ឆ័យ មានទំហំ ៣៥៩ ម៉ែត្រការ៉េនោះ អាចមានតម្លៃជាង ៨២០.០០០ដុល្លារអាមេរិក។ ចំណែកដីនៅក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប នៅដើមឆ្នាំ ២០២៣ នេះ នៅមានការប្រែប្រួលទៅតាមតំបន់ ដោយដីក្នុងមួយម៉ែត្រការ៉េ មានតម្លៃចាប់ពី ១៥០ ដុល្លារ ទៅដល់ ៥០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។
អ្នកស្រី ម៉ៅ ធីតា អ្នកនាំពាក្យតុលាការកំពូល ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា អ្នកស្រីមិនទាន់ទទួលបានព័ត៌មានអ្វីនៅឡើយទេ ទាក់ទងការកំណត់ពេលវេលាឱ្យលោក សុន ឆ័យ បង់សំណងទៅកាន់គណបក្សប្រជាជនកម្ពុជា និងស្ថាប័នរៀបចំការបោះឆ្នោត និងទាក់ទងដីកាសម្រេចដកហូតអចលនវត្ថុរបស់លោក សុន ឆ័យ បែបណាទៀតនោះ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំអត់ទាន់បានទទួលព័ត៌មានហ្នឹងទេ ពាក់ព័ន្ធការងារបច្ចេកទេស»។
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បញ្ជាក់ថា នេះជាលើកទីមួយ ដែលស្ថាប័នរៀបចំការបោះឆ្នោត ប្តឹងពាក់ព័ន្ធបទ «បរិហារកេរ្តិ៍ជាសាធារណៈ»នេះ ។
លោកបន្ថែមថា ប្រសិនបើការបោះឆ្នោតថ្នាក់ជាតិខាងមុខ នៅតែមានបុគ្គលណារិះគន់នូវអ្វីដែលខុសពីការពិត និងប៉ះពាល់កិត្តិយសស្ថាប័នរៀបចំការបោះឆ្នោត នោះស្ថាប័ន គ.ជ.ប នឹងប្រើប្រាស់យន្តការតុលាការនេះ ដើម្បីបង្ហាញ «ភាពស្អាតស្អំ» ព្រោះស្ថាប័នរៀបចំការបោះឆ្នោតតែងមានយន្តការដោះស្រាយបណ្តឹង អំពីភាពមិនប្រក្រតីនៅពេលបោះឆ្នោត។
លោកថ្លែងថា៖ «ការប្តឹងនេះគឺដើម្បីឱ្យអ្នកចោទប្រកាន់នោះ បង្ហាញទៅតាមយន្តការតុលាការវិញម្តង ពីព្រោះ គ.ជ.ប អត់ដោះស្រាយបណ្តឹងបរិហាកេរ្តិ៍ ដែលជាបណ្តឹង ក្នុងទោសព្រហ្មទណ្ឌនោះទេ»។
លោក សោម សូរីដា ក៏បានស្នើទៅលោក សុន ឆ័យ ឱ្យអនុវត្តច្បាប់ តាមការសម្រេចរបស់តុលាការកំពូល។
ដោយឡែក លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនមានសិទ្ធិកំណត់ថ្ងៃ ដើម្បីឱ្យភាគីចាញ់ក្តី បង់សំណងមកកាន់គណបក្សកាន់អំណាចនោះទេ។
លោកថ្លែងថា៖ «តុលាការកាត់សេចក្តី មានសាលក្រម សាលដីការបស់តុលាការហើយ។ គេមានកំណត់ក្នុងច្បាប់ ថាតើពេលវេលាណា ដែលគេត្រូវអនុវត្តសម្រេចសាលក្រម សាលដីការបស់តុលាការ។ អាហ្នឹងបើឱ្យដើមបណ្តឹងទៅទារ[សំណង]ខ្លួនឯង ធ្វើម៉េចកើត អាហ្នឹងគឺអត់ទេ អត់មានពាក់ព័ន្ធជាមួយដើមបណ្តឹងទេ អាហ្នឹងចាំតែទទួលយកតាមលទ្ធផល»។
លោក ចាត់ទុកថា ការប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពីបទ បរិហារកេរ្តិ៍ជាសាធារណៈនេះ គឺស្របទៅតាមច្បាប់ជាធរមាន ចំពោះបុគ្គលដែលធ្វើប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរបស់គណបក្សប្រជាជនកម្ពុជា។
តាំងតែពីឆ្នាំ ១៩៩៣ មក លោក សុន ឆ័យ បានជាប់ឆ្នោត និងដើរតួនាទីជាអ្នកតំណាងរាស្ត្រនៅគណបក្សបីផ្សេងៗពីគ្នា ចាប់តាំងពីអតីតគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា អតីតគណបក្ស សម រង្ស៊ី និងចុងក្រោយបង្អស់នេះ គឺគណបក្សសង្គ្រោះជាតិ ដែលមកទល់នឹងពេលរំលាយគណបក្សនេះ លោក សុន ឆ័យ ដើរតួនាទីជាប្រធានក្រុមតំណាងរាស្ត្ររបស់គណបក្ស។
ក្រោយពីមិនបានធ្វើនយោបាយរយៈពេលជាង ៥ ឆ្នាំបន្ទាប់ពីបក្សសង្គ្រោះជាតិត្រូវបានរំលាយ លោក សុន ឆ័យ ក៏បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន ដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ កន្លងទៅ ដែលធ្វើឱ្យលោករងបណ្តឹងបទបរិហារកេរ្តិ៍ជាសាធារណៈ មកដល់ពេលបច្ចុប្បន្ននេះ។
បន្ទាប់ពីលោក សុន ឆ័យ បានចាញ់ក្តីគណបក្សប្រជាជនកម្ពុជា និងស្ថាប័នរៀបចំការបោះឆ្នោត (គ.ជ.ប) ពាក់ព័ន្ធបរិហារកេរ្តិ៍លើការរិះគន់ដំណើរការបោះឆ្នោត ខណៈក្តីក្តាំងរបស់លោក ថាច់ សេដ្ឋា ដែលកំពុងស្ថិតក្នុងការឃុំឃាំងនៅពន្ធនាគារនៅតែបន្ត អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ បានបញ្ជាក់ថា បញ្ហាទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញថា បរិយាកាសនយោបាយនៅកម្ពុជាមិនទាន់ស្មើភាព និងមិនទាន់ល្អប្រសើរ សម្រាប់ដៃគូប្រកួតប្រជែងនៅឡើយ។
លោកថ្លែងថា៖«ថ្វីត្បិតតែវាមិនមែនជាការប្រើប្រាស់កម្លាំងហិង្សា ប៉ុន្តែវាប្រើប្រាស់តាមបែប គេហៅថាដាក់សម្ពាធផ្លូវចិត្តទៅលើគូរប្រជែងទាំងឡាយណាដែលហ៊ាននិយាយប៉ះពាល់ដល់គណបក្សដែលគេមានអំណាច។ អ៊ីចឹងយើងឃើញថា ការប្រើប្រាស់ប្រព័ន្ធតុលាការនេះ វាជាផ្នែកមួយហើយដែលបង្ហាញឃើញថា អ្នកដែលមានមតិរិះគន់ត្រូវប្រយ័ត្នប្រយែង ហើយត្រូវកំហិត សេរីភាពក្នុងការនិយាយរបស់ខ្លួន។ អ៊ីចឹងបានន័យថាបរិយាកាសនយោបាយប្រកួតប្រជែងវាអត់ស្មើភាព អ៊ីចឹងជារឿងមួយដែលលំបាកសម្រាប់គណបក្សដែលជាគូប្រជែង»។
លោកថា គណបក្សភ្លើងទៀន កំពុងពិនិត្យមើលបន្ថែមទៀត ថាតើសកម្មភាពរបស់គណបក្សភ្លើងទៀនមានការកំហិតបែបណា ហើយបើសិនសកម្មភាពនានាកាន់តែតឹងតែង លំហរសេរីភាពបញ្ចេញមតិកាន់តែចង្អៀត នោះគណបក្សនឹងអាចរៀបចំសមាជវិសាមញ្ញ ដើម្បីសម្រេចថាចូលរួម ឬមិនចូលរួមការបោះឆ្នោតថ្នាក់ជាតិ នាខែកក្កដាខាងមុខនេះ។
លោក គីមសួរ ភិរិទ្ធ យល់ថា ករណីលោក សុន ឆ័យ គឺនៅតែអាចមានផ្លូវចេញ ពីព្រោះលោកមើលឃើញថា វាពាក់ព័ន្ធរឿងនយោបាយច្រើនជាង។ ដូច្នេះលោកថា អ្នកនយោបាយគួរតែជជែកទល់មុខគ្នា រកដំណោះស្រាយបញ្ហារួមគ្នា យោគយល់គ្នា ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងថា «សន្តិភាព កើតបាន លុះត្រាយើងអង្គុយនិយាយគ្នា យោគយល់គ្នា ដោយមិនអាចគំរាមកំហែងបាននោះទេ»៕