អ្នក​បោះ​ឆ្នោត​បង្ហាញ​កាតព្វ​កិច្ច​ទៅ​បោះ​ឆ្នោត ខណៈ​អ្នក​ខ្លះ​សោក​ស្តាយ​ដោយ​សារ​អវត្តមាន​គណបក្ស​ជំទាស់

ពលរដ្ឋម្នាក់បង្ហាញម្រាមដៃជ្រលក់ទឹកថ្នាំ នៅក្នុងការបោះឆ្នោតជាតិអាណត្តិទី ៧ ដែលអវត្តមានគណបក្សប្រឆាំងដ៏ធំមួយ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ (លាស់ លីបលីប/វីអូអេ)

ប្រជាពលរដ្ឋ​រាប់​លាន​នាក់​បាន​ចេញ​ទៅ​បោះ​ឆ្នោត​នៅ​ទូទាំង​ប្រទេស នា​ថ្ងៃ​អាទិត្យ​នេះ ដោយ​លើក​ឡើង​អំពី​សារៈសំខាន់​នៃ​ការ​បោះ​ឆ្នោត ខណៈ​អ្នក​ខ្លះ​បង្ហាញ​ភាព​សោក​ស្តាយ​ដែល​មិន​មាន​វត្តមាន​គណ​បក្ស​ជំទាស់​ដ៏​មាន​សក្តានុពល គឺ​គណបក្ស​ភ្លើង​ទៀន ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក សំរិទ្ធ សុភា អាយុ​ ៤៤ ​ឆ្នាំ ដែល​បោះ​ឆ្នោត​នៅ​មណ្ឌល​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​ ៧មករា ប្រាប់​វីអូអេ​ថា​ អវត្តមាន​គណបក្ស​ជំទាស់​ដ៏​មាន​សក្ដានុពល​មួយ គឺ​គណបក្ស​ភ្លើង​ទៀន​បាន​បង្ហាញ​ពី «ភាព​លម្អៀង»​ មួយ​ ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត ដែល​គេ​រំពឹង​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ឈ្នះ​ភ្លូក​ទឹក​ភ្លូកដី។

លោក​ប្រាប់​វីអូអេ​ថា៖ «ចំពោះ​បញ្ហា​នៃ​ការ​បោះ​ឆ្នោត​នេះ ខ្ញុំ​គិត​ថា ​វា​មាន​ភាព​លម្អៀង​ដែល​អ្នក​ឈរ​ឈ្មោះ​បោះឆ្នោត ដូច​ថា​គាត់​មាន​សិទ្ធិ​ឈរ​ឈ្មោះ [ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​ ២០២២] តែ​គ្មាន​ក្នុង​បញ្ជី​បោះ​ឆ្នោត​អ៊ី​ចឹង»។

ទោះ​ជាយ៉ាងណា លោក​បាន​ចេញ​បោះ​ឆ្នោត ដោយសង្ឈឹម​ថា ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នឹង​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ក្នុ​ងការ​អភិវឌ្ឍ​ប្រទេស និង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​ប្រទេស។

ពលរដ្ឋបន្តចេញទៅបោះឆ្នោតជាតិដែលគ្មានគូប្រជែងចម្បងជាមួយនឹងគណបក្សកាន់អំណាច

ចំណែក​ លោក គង់ នរិន្ទ អាយុ​ ២៤ ឆ្នាំ ជា​ស្ថាបត្យករ​ម្នាក់​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​រាជធានី​ភ្នំពេញ ហើយ​លោក​ទើប​បាន​ចូលរួម​ការ​បោះ​ឆ្នោត​លើក​ដំបូង។ លោក​ប្រាប់​វីអូអេ​ថា​ មូលហេតុ​ដែល​លោក​ចូល​រួម​បោះ​ឆ្នោត ដោយ​សារ​វា​គឺ​ជា​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​សង្គម​ប្រជាធិបតេយ្យ ហើយ​លោក​មើល​ឃើញ​សារៈសំខាន់​នៃ​ការ​បោះ​ឆ្នោត​មួយ​នេះ។

នៅ​ពេល​សួរ​អំពី​អវត្តមាន​គណបក្ស​ភ្លើង​ទៀន​នៅ​ក្នុង​ការ​បោះ​ឆ្នោត លោក​ស្ទាក់​ស្ទើរ​ក្នុង​ការ​បញ្ចេញ​មតិ ប៉ុន្ដែ​លោក​ចង់​ឃើញ​ការប្រកួតពុហបក្សតាម​បែប​ប្រជាធិប​តេយ្យ។

លោក​ថ្លែង​ថា៖ «យើង​មាន​ការ​ប្រឆាំង​ឬមតិ​ហ្នឹង​ខុស​គ្នា​ក៏ដោយ​ អាហ្នឹង​វាជា​ចំណុច​ល្អ​មួយ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​យើង​ គឺ​ដើម្បី​ធ្វើ​យ៉ាងម៉េច​ឱ្យ​គំនិត​មួយៗ​ស្រប​គ្នា ទៅ​និយាយគ្នា​ហើយ​មាន​ឱកាស​ដូច​គ្នា​ក្នុង​ការ​បោះ​ឆ្នោត និង​ការ​ចូល​រួម​កាន់​អំណាច»។

ស្ថាបត្យករ​វ័យ​ក្មេង​រូប​នេះ​ចង់​ឃើញ​គណបក្ស​ដែល​ជាប់​ឆ្នោត​ពង្រីក​បន្ថែម​លើ​ផ្នែក​ហេដ្ឋាន​រចនា​សម័្ពន្ធ ដោយ​លោក​ឃើញ​ពី​ភាព​ខ្វះ​ខាត​ផ្លូវ​ថ្នល់​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន។

លោក សុខ នី អាយុ​៤៧​ឆ្នាំ​ ដែល​បាន​ចូលរួម​បោះ​ឆ្នោត​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ចង់​ឱ្យ​រដ្ឋាភិបាល​រៀបចំ​ជីវភាព​ប្រជាជន​ឱ្យ​កាន់​តែ​ប្រសើរ។ ខណៈ​ពេល​ដែល​ដំណើរ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​មិន​មាន​វត្តមាន​គណបក្ស​ភ្លើង​ទៀន លោក​យល់​ថា​វា​មិន​ល្អ​នោះ​ឡើយ។

លោក​ថ្លែង​ថា៖ «បើ​តាម​ខ្ញុំ​មើល​ឃើញ​ បើ​មាន​គណបក្ស​ម្ខាង​ទៀត​ចូលរួម​ជាមួយ​យើង ក៏វា​មិន​ថ្វី​ដែរ វា​ក៏​ល្អ​ប្រសើរ​ដែរ។ ស៊ី​សង​លើ​ប្រជាជន​ទេ។ គេ​ស្រឡាញ់ គេ​រាប់​អាន​គេ​ទុក​ចិត្តយើង គេ​បោះ​ជូន​យើង​ហើយ។ ធម្មតា​ទេ​យើង​ជួយ​ជ្រោម​ជ្រែង​ប្រជារាស្រ្ដ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ល្អ​ប្រសើរ អាហ្នឹង​គេ​បោះ​ឱ្យ​យើង​ហើយ»។

សកម្មជន​ម្នាក់​របស់គណបក្ស​ភ្លើង​ទៀន លោក ស្រូយ ឆេង ដែល​បោះ​ឆ្នោត​នៅ​មណ្ឌល​អនុវិទ្យា​ល័យ​តាលន់ ស្រុក​ស្អាង ខេត្តក​ណ្ដាល​ បាន​សម្ដែង​ការ​មិនពេញ​ចំពោះ​អវត្ត​មាន​គណបក្ស​ជំទាស់។ លោក​ប្រាប់​វីអូអេ​ថា​ មូល​ហេតុ​ដែល​លោក​សម្រេច​ចិត្ត​ចូលរួម​បោះ​ឆ្នោត​ គឺ​ដោយសារ​លោក​បារម្ភ​ថា​លោក​មិន​អាច​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​ឱ្យ​សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នា​អាណត្តិ​ក្រោយ បើ​សិន​ជា​លោក​មិន​ចេញ​បោះឆ្នោត​អាណត្តិ​នេះ។

លោក​បន្ថែម​ថា​ លោក​ក៏ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ក្រុម​គ្រួសារ ដែល​អាច​នឹង​រង​ការ​គំរាម​កំហែង​ណា​មួយ​ពីអាជ្ញាធរ​ក្នុង​ភូមិ ប្រសិន​បើ​លោក​មិន​ទៅ​បោះ​ឆ្នោត។

លោក​ ស្រូយ ឆេង ថ្លែង​ថា៖ «ខ្ញុំ​យល់​ឃើញ​ថា​ យើង​មិន​មក​បោះ​ឆ្នោត​ខ្លាច​គេ​គំរាម​កំហែង​ប្រពន្ធ​កូន កូន​នៅ​រៀន​នៅ​អីទៀត​ ខ្លាច​គេ​ធ្វើ​បាប ធ្វើ​ទុក្ខបុក​ម្នេញ​យើង»។

សកម្មជន​គណបក្ស​ភ្លើង​ទៀន​រូបនេះ ថ្លែង​បន្ត​ថា​ ដំណើរ​ការ​បោះ​ឆ្នោត​មាន​ភាព​សោះ​កក្រោះ​ ដោយ​ហេតុ​ថា​ មិន​មាន​គូ​ប្រកួត​ប្រជែង​ខ្លាំងក្លា​នឹង​គណបក្ស​កាន់​អំណាច។

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងភរិយាគឺលោកស្រី ប៊ុនរ៉ានី ហ៊ុនសែន ចូលរួមការបោះឆ្នោតនៅខេត្តកណ្តាល សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី ៧ ដែលអវត្តមានគណបក្សប្រឆាំង នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ (លាស់ លីបលីប/វីអូអេ)

ចំណែក​អ្នក​ស្រី គៀន ឡៃស៊ី អាយុ២៣​ឆ្នាំ​ ពលរដ្ឋ​ម្នាក់​ក្នុង​ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង​ ប្រាប់​វីអូអេ​ថា ​នេះ​ជាលើក​ទី ១ ហើយ​ដែល​អ្នកស្រី​បោះ​ឆ្នោត។ អ្នកស្រី​បន្ថែម​ថា​ អ្នកស្រី​ជ្រើស​រើសថ្នាក់ដឹកនាំ​ប្រទេស ក្នុង​នាម​ជា​ពលរដ្ឋ​មួយរូប ដោយ​មិន​មាន​ការ​បង្ខិត​បង្ខំ​ពីអ្នក​ណាឡើយ។

អ្នកស្រី​ថ្លែង​ថា៖ «​អ្វី​ដែល​យើង​ចង់​បានសំខាន់ ​គឺ​សុខ​សន្តិភាព​ ជាពិសេស​គឺ​កុំ​ឱ្យ​មាន អានាធិប​តេយ្យ​ច្រើន​ពាក់ព័ន្ធ​ជាមួយ​នឹង​ជន​ឆបោក​ ហើយ​ច្បាប់ ​គឺ​ត្រូវ​តែ​ដែល​មានឈ្មោះជាច្បាប់​គឺ​ត្រូវ​តែ​គោរពទៅតាមច្បាប់។ មិន​មែនមានច្បាប់​ ប៉ុន្តែអត់មាន​ការ​គោរព​ទេ»។

នៅ​ពេល​សួរអំពី​ការបោះឆ្នោត​មិន​មានវត្តមាន​គណបក្ស​ប្រឆាំង​ដ៏ធំ​មួយ​ អ្នកស្រី​យល់ឃើញ​ថា សម្រាប់​ការ​បោះ​ឆ្នោត​មួយ​នេះ មិន​មានគណបក្ស​ណា​ដែល​មាន​ប្រៀបដូច​នឹងគណបក្ស​កាន់​អំណាច​ឡើយ បើ​ទោះ​បី​មាន​គណបក្ស​ចំនួន​ ១៧ ​ទៀត​ចូល​រួម​ក៏​ដោយ។

កាល​ពី​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​មុន ក្នុង​ឆ្នាំ​ ២០១៨ ដែល​អវត្តមាន​គណបក្ស​សង្គ្រោះជាតិ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ទាំង​ ១២៥ ​អាសនៈ ហើយ​គ្រប់​គ្រង​រដ្ឋសភា​ដោយ​ឯកបក្ស។ សម្រាប់​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី ៧ នេះ​ គេ​រំពឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា​អាច​នឹង​ឈ្នះ​ទាំង ១២៥ អាសនៈ​នៅ​រដ្ឋសភា​ ហើយ​បន្ត​ដឹកនាំ​រដ្ឋសភា​ដោយ​ឯកបក្ស​មួយ​អាណត្តិ​ទៀត៕