ប្រធានសហជីពមួយចំនួនលើកឡើងថា សិទ្ធិបង្កើតសហជីពមានចែងយ៉ាងល្អក្នុងច្បាប់ ប៉ុន្តែការអនុវត្តបែរជាផ្ទុយ ដោយហេតុថា សហជីពឯករាជ្យដែលមិនស្ថិតក្រោមការបង្គាប់បញ្ជារបស់ក្រុមហ៊ុនត្រូវបានរងគ្រោះក្រោមរូបភាពគំរាមកំហែង ធ្វើទុក្ខបុកម្នេញ ការឃ្លាំមើល និងបញ្ឈប់ពីការងារជាដើម។
នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៦ ខែកុម្ភៈនេះ នៅទីស្នាក់ការសហជីពលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា ថ្លែងថា មួយរយៈពេលចុងក្រោយនេះ សហជីពឯករាជ្យដែលបង្កើតឡើងក្នុងរោងចក្រចំនួន៣ទីតាំង ដែលមិនស្ថិតក្រោមអំណាចឥទ្ធិពលរបស់ថៅកែរោងចក្រ បានរងនូវការគំរាមកំហែង ធ្វើទុក្ខបុកម្នេញ និងបញ្ឈប់ពីការងារ ដែលលោកថា ប៉ះពាល់សិទ្ធិបង្កើតសហជីព ដែលមានចែង និងធានាក្នុងច្បាប់សហជីព និងច្បាប់ពាក់ព័ន្ធនានា។ លោកចាត់ទុកថា នេះជាស្ថានភាពអាក្រក់មួយ ព្រោះច្បាប់បានធានាទាក់ទងការបង្កើតសហជីព ប៉ុន្តែសហជីពឯករាជ្យបែរជារងគ្រោះដោយសារតែច្បាប់ទៅវិញ។
លោក ប៉ាវ ស៊ីណា ថ្លែងថា៖ «ខ្ញុំយល់ថា ប្រសិនបើយើងមានច្បាប់ដែលល្អ ប៉ុន្តែមិនបានចូលរួមពេញលេញ អ៊ីចឹងមានន័យថា ច្បាប់នោះគ្រាន់ជាក្រដាសមួយសន្លឹកដែលវាគ្មានន័យ។ ហើយអ្វីដែលសំខាន់ដូច ខ្ញុំឃើញថា កម្មករ និយោជិត គាត់ប្រើប្រាស់សិទ្ធិដែលធានាដោយច្បាប់ ប៉ុន្តែគាត់បានរងគ្រោះដោយសារតែច្បាប់។ ដូច្នេះច្បាប់មិនត្រូវផ្តល់ការគាំទ្រដល់ភាគីអ្នកវិនិយោគ ហើយដាក់បន្ទុក ឬដាក់ទណ្ឌកម្មលើកម្មករទេ ព្រោះច្បាប់តម្រូវឱ្យភាគីទាំងអស់អនុវត្តច្បាប់ស្មើភាពគ្នា»។
លោកបញ្ជាក់បន្ថែមថា មន្រ្តីសហជីពដែលបានបង្កើតឡើងនៅក្នុងរោងចក្រទាំង៣នោះមិនមានប្រព្រឹត្តកំហុសអ្វីទាល់តែសោះ គ្រាន់តែប្រើប្រាស់សិទ្ធិក្នុងការបង្កើតសហជីព ប៉ុន្តែត្រូវបានថៅកែបញ្ឈប់ ដោយលើកហេតុផលថា ក្រុមហ៊ុនមិនត្រូវការសហជីពពីខាងក្រៅ ដែលមិនមែនជាសហជីពរបស់ក្រុមហ៊ុនបង្កើតឡើងនោះទេ។
មេដឹកនាំសហជីពរូបនោះមិនចង់ឃើញនិយោជកប្រើប្រាស់អំណាចហួសហេតុ រំលោភបំពានលើសិទ្ធិកម្មករក្នុងការបង្កើតសហជីពឡើយ។ លោកស្នើឱ្យភាគីនិយោជក និងស្ថាប័នពាក់ព័ន្ធត្រូវអនុវត្តឱ្យបានពេញលេញទាក់ទងច្បាប់នានាក្នុងការធានាដល់សិទ្ធិសេរីភាពបង្កើតសហជីព ដែលធានាដោយរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងអនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិ (ILO) ដែលកម្ពុជាបានផ្តល់សច្ចាប័ននោះ។
ចំណែកអ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា ក៏យល់ឃើញដូចលោក ប៉ាវ ស៊ីណា ដែរ។ អ្នកស្រីបញ្ជាក់ថា នៅពេលកម្មករនិយោជិតដែលចូលរួមបង្កើតសហជីព ជូនដំណឹងទៅក្រុមហ៊ុន គឺក្រុមហ៊ុនមិនមានការគាំទ្រឡើយ ប៉ុន្តែបែរជាត្រូវបានក្រុមហ៊ុនបណ្តេញចេញ និងបញ្ឈប់ពីការងារទៅវិញ។ ការណ៍នេះអ្នកស្រីចាត់ទុកថាជាការអនុវត្តផ្ទុយពីច្បាប់ដែលមានចែង។
អ្នកស្រីសម្តែងការសោកស្តាយនៅពេលកម្មករប្រើប្រាស់សិទ្ធិក្នុងការប្តឹងតាមនីតិវិធី តែបែរជាក្រសួងការងារ និងអ្នកចូលរួមដោះស្រាយចាត់ទុកការបញ្ឈប់នោះជាការផ្តាច់កិច្ចសន្យា និងថែមទាំងថាមិនមែនជាការរើសអើងសហជីពទៅវិញ។
អ្នកស្រីប្រាប់វីអូអេថា៖ «ជាទូទៅនៅពេលជូនដំណឹង[ទៅថៅកែអំពីការបង្កើតសហជីព]ហ្នឹង វាមិនមែនទទួលបានសិទ្ធិនៅក្នុងការការពារទេ តែវាទៅជាធ្វើឱ្យកម្មករ អ្នកចូលរួមបង្កើត[សហជីព] គាត់រងគ្រោះទៅវិញ រងគ្រោះពាក់ព័ន្ធជាមួយ នៅពេលដែលគេដឹង [គឺ]ត្រូវបានគេបញ្ឈប់ ត្រូវបានគេបណ្តេញពួកគាត់ចេញ ត្រូវបានគេផ្តាច់កិច្ចសន្យា យកលេសក្នុងការផ្តាច់កិច្ចសន្យាជាដើម។ អ៊ីចឹងវាផ្ទុយនៅក្នុងការអនុវត្ត»។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ប្រាប់វីអូអេជាអក្សរតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា៖ «ប្រសិនជាមានករណីរំលោភសិទ្ធិ សូមប្តឹងមកអធិការការងារគ្រប់ពេលវេលា ហើយសូមបកស្រាយច្បាប់តាមការបកស្រាយរបស់មន្ត្រីជំនាញ។ សូមកុំបកស្រាយតាមអារម្មណ៍ ឬការយល់ឃើញរបស់ខ្លួន ឬបុគ្គលដែលមិនមានសមត្ថកិច្ច»។
បើតាមលោក ប៉ាវ ស៊ីណា សហជីពឯករាជ្យពិតជាមានសារៈសំខាន់ណាស់ដើម្បីការពារផលប្រយោជន៍កម្មករ ការពារសិទ្ធិកម្មករ លើកកម្ពស់លក្ខខណ្ឌការងារនៅកន្លែងធ្វើការ ព្រោះសហជីពឯករាជ្យមិនស្ថិតក្រោមឥទ្ធិពលរបស់ថៅកែ ឬក្រោមស្ថាប័នណាមួយ ឬគណបក្សនយោបាយណាមួយនោះទេ។
កាលពីខែវិច្ឆិកា ឆ្នាំ២០២២ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលមានទីស្នាក់កណ្តាលនៅសហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍មួយ ដោយចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថា បានប្រើប្រាស់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ដើម្បីឃុំខ្លួនសកម្មជនសហជីព រឹតត្បិតការចុះបញ្ជីសហជីព និងបិទសិទ្ធិធ្វើកូដកម្មនៅក្នុងឧស្សាហកម្មកាត់ដេរ និងទេសចរណ៍។ អង្គការនេះបានរកឃើញ និងកត់ត្រានូវការរំលោភសិទ្ធិរបស់កម្មករក្នុងការចុះបញ្ជី ការចងក្រង និងការចូលជាសមាជិកសហជីពឯករាជ្យនៅតាមបណ្តារោងចក្រ បនល្បែង ឬកាស៊ីណូ និងទីកន្លែងពាណិជ្ជកម្មផ្សេងៗទៀត។ មានករណីបណ្តេញចេញ និងការកាត់រំសាយការងារទ្រង់ទ្រាយធំចំនួន៥ករណីដែលមិនយុត្តិធម៌ សំដៅចំពោះមេដឹកនាំសហជីព និងសមាជិក សកម្មជន។ វាបានបន្ថែមបញ្ហាដែលកម្ពុជាមានមកជាយូរមកហើយទាក់ទងដល់ការបំពានលើការងារសហជីព។ នេះបើតាមរបាយការណ៍។
របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ក៏បានបង្ហាញត្រួសៗអំពីកូដកម្មដែលបានកើតឡើងនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្រោយក្រុមហ៊ុននេះកាត់បុគ្គលិកចេញពីការងារចំនួនជាង១៣០០នាក់៕