កសិករ​មួយ​ចំនួន​នៅ​ខេត្តបាត់ដំបង ត្រៀម​លក់ដី និង​គោ ក្រោយ​ខាតបង់​លើ​ការធ្វើ​ស្រែ​​នៅ​ឆ្នាំ​នេះ

កសិករ​ក្នុង​ស្រុក​បាណន់ ខេត្តបាត់ដំបង ច្រក​ស្រូវ​ក្នុង​ការុង​ដែល​ឆ្នាំនេះ ការុង​ច្រកស្រូវ​ក៏ឡើង​ថ្លៃ​ផងដែរ។ (ស៊ុន ណារិន/វីអូអេ)

អ្នកស្រី ​ទួន យឺត ​កសិករ​ធ្វើ​ស្រែ​ក្នុង​ឃុំ​ចែងមានជ័យ ​ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា​ អ្នកស្រី​នឹង​លក់​គោ​ពីរ​ក្បាល​ក្នុង​ចំណោម​គោបី​ក្បាល​របស់​អ្នក​ស្រី​ដើម្បី​ដោះ​ស្រាយ​បំណុល​ដែល​អ្នក​ស្រី​ជំពាក់​មីក្រូ​ហិរញ្ញ​វត្ថុ​ហត្ថា​កសិករ​ចំនួន​១​ម៉ឺន​ដុល្លារ​អាមេរិក។​

អ្នកស្រី​ប្រាប់​វីអូអេ​ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ពី​ពេល​ថ្មីៗ​ថា៖​ «​ឆ្នាំ​នេះ ​ខ្ញុំ​លក់​គោ​ទៀត​ហើយ។ លក់​គោ ​សង​ធនាគារ។​ យើង​រក​[អ្វី]អត់​បាន​សង​គេ»។​

កសិករ​មួយ​ចំនួន​ក្នុង​ស្រុក​បាណន់​ និង​បណ្តា​ស្រុក​ផ្សេង​ទៀត​ក្នុង​ខេត្ត​បាត់ដំបង​ បាន​ត្អូញ​ត្អែរ​អំពី​ការ​ខាតបង់​លើ​ការ​ធ្វើ​ស្រែ​នៅ​ឆ្នាំ​នេះ ​ដោយ​សារ​បញ្ហា​វិបត្តិ​អាកាស​ធាតុ ​ជី​ ប្រេង​ឡើង​ថ្លៃ ​ប៉ុន្តែ​តម្លៃ​ស្រូវ ​មិន​បាន​ខ្ពស់​ឡើយ។ ​ការណ៍​នេះ​ នាំ​ឲ្យ​កសិករ​មួយ​ចំនួន​ត្រៀម​លក់​គោ ​និង​ដី​ដើម្បី​ដោះ​បំណុល​ដែល​ពួក​គេ ​ត្រូវ​បង់​ប្រចាំ​ខែ។​

អ្នកស្រី ទួន យឺត អាយុ៥៥ឆ្នាំ កសិករ​ម្នាក់​ធ្វើស្រែ​ក្នុង​ឃុំ​ចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ខាតបង់​ប្រាក់​លើ​ការធ្វើស្រែ​ក្នុង​ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)

ដូច​កសិករ​ផ្សេង​ទៀត​ដែរ​ អ្នកស្រី​ ទួន យឺត ​អាយុ​៥៥​ឆ្នាំ​ ដែល​មាន​កូន​២​នាក់​ កំពុង​ច្រក​ស្រូវ​ហាល​ខាង​មុខ​ផ្ទះ​ចូល​ការុង​ នៅ​តាម​ផ្លូវ​លំ​ក្នុង​ឃុំ​ចែងមានជ័យ។ ​ខណៈ​ឈរ​ក្បែរ​ស្វាមី អ្នកស្រី​បាន​រៀប​រាប់​ថា​ ឆ្នាំ​នេះ​ អ្នកស្រី​ធ្វើ​ស្រូវ​ពូជ​ផ្កា​ម្លិះ ​ប្រមាណ​៣​ហិកតា​ហើយ​ខាត​បង់​ប្រមាណ​ ៧​លាន​រៀល​ ដែល​ប៉ះពាល់​ដល់​សេដ្ឋ​កិច្ច​គ្រួសារ។​ អ្នកស្រី​បន្ត​ថា​ ស្រូវ​មិន​បាន​ថ្លៃ​ រហូត​ដល់​ជាង​១​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម​ឡើយ​ ប៉ុន្តែ​ជី​ និង​ប្រេង​សាំង​បាន​ឡើង​ថ្លៃ។​

អ្នកស្រី​បញ្ជាក់​ទៀត​ថា​ ឆ្នាំ​នេះ ​ជី​គីមី​កសិកម្ម​ដែល​នាំ​ចូល​ពី​ក្រៅ​ប្រទេស​ឡើង​ជិត​៤​ម៉ឺន​រៀល​ក្នុង​មួយ​ការុង​ចំណុះ​៥០​គីឡូ​ក្រាម​ ដែល​ឡើង​ដល់​១៣៨.០០០​រៀល​ បើ​ធៀប​ឆ្នាំ​មុន​ មាន​តម្លៃ​ត្រឹម​តែ​១០៥.០០០​រៀល​ប៉ុណ្ណោះ។​ ធ្វើ​ស្រែ​លើ​ដី៣​ហិកតា​នេះ អ្នកស្រី​ប្រើ​ជី​គីមី​អស់​១២​ការុង។​

អ្នក​ស្រី​រៀបរាប់​ថា៖​ «ឆ្នាំ​នេះ​ខ្ញុំ​ខាត​៦​ ឬ​៧​លាន​[រៀល]។ ​ រាល់​ឆ្នាំ ​ខ្ញុំ​ធ្វើអត់​សូវ​ខាត​ទេ។​ ដោយ​សារ​ជី​ថោក ​ យើង​ទប់​ទល់​បាន។ ​ដល់​ឆ្នាំ​នេះ​ ជី​វា​ថ្លៃ​...​ធ្វើ​ស្រូវ​វា​ថោក​...​ទប់​ទល់​អត់​រួច​ទេ​...​អត់​មាន​អី​សង​ធនាគារ​ទេ»។​

អ្នកស្រី ទួន យឺត អាយុ​៥៥ឆ្នាំ កសិករ​ម្នាក់​ធ្វើស្រែ​ក្នុង​ឃុំ​ចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង កាន់​ការុងជី​ដែល​អ្នកស្រី​ប្រើប្រាស់​សម្រាប់​ស្រែ​របស់​អ្នកស្រី កាលពី​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)

អ្នកស្រី​ ទួន យឺត​ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​គិត​គូរ​ពី​តម្លៃ​ស្រូវ​ឲ្យ​បាន​ថ្លៃ​ជាង​នេះ​ ខណៈ​តម្លៃ​ស្រូវ​បច្ចុប្បន្ន​ បាន​ត្រឹម​តែ​ប្រមាណ​៨០០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម។ ​អ្នកស្រី​បន្ត​ថា​ ​ប្រសិន​បើ​តម្លៃ​ស្រូវ​មួយ​គីឡូក្រាម​ ចាប់​ពី​១១០០​រៀល​ឡើងទៅ ទើប​អាច​ទប់​ទល់​នឹង​តម្លៃ​ជី​ដែល​ឡើង​ថ្លៃ​បាន។​

អ្នក​ស្រី​ប្រាប់​វីអូអេ​ថា៖​ «សំណូម​ពរ​ឲ្យ​តែ​ម៉ាស៊ូត​អី​ធូរ​ថ្លៃ​បន្តិច​ទៅ ​ ហើយ​ជី​ធូរ​ថ្លៃ​បន្តិច​ ...​ ស្រូវ​បាន​ថ្លៃ​បន្តិច​ទៅ​ ដើម្បី​ទប់ទល់​គ្នា​ឈ្នះ។ ​បើ​ថា​ ស្រូវ​នៅ​តែ​ថោក ​ ម៉ាស៊ូត ​និង​ជី​នៅតែ​ឡើង​ថ្លៃ ​កសិករ​ដឹង​តែ​អស់ ​...​រក​ដី​ធ្វើស្រែ​គ្មាន។ ​ម្នាក់ៗ​ឆ្នាំ​នេះ​ អ្នក​មាន​គោ​ ​លក់​គោ​សង​ជី។​ អ្នក​អត់​មាន​គោ​ ​ជំពាក់​ធនាគារ​ត​ទៀត។ ​ខ្ចី​ធនាគារ​ត​ទៀត»។​

កសិករ​ជួល​ម៉ាស៊ីន​ច្រូត ប្រមូលផល​ស្រូវ​របស់​ពួកគេ ក្នុង​ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)

មិន​ខុស​គ្នា​ប៉ុន្មាន​ពី​អ្នកស្រី​ ទួន យឺត​ លោក ​គឹម លី​ អាយុ​៣៦​ឆ្នាំ ​រស់​នៅ​ក្នុង​ស្រុក​បាណន់​ ក៏​ត្រូវ​បង្ខំ​ចិត្ត​ប្រកាស​លក់​ដី​ស្រែ​របស់​ខ្លួន​ប្រមាណ ​៥​ហិកតា​ដើម្បី​ដោះ​ស្រាយ​បំណុល​ធនាគារ​អេស៊ីលីដា ​ដែល​លោក​បាន​ខ្ចី​ប្រមាណ ​៩​ពាន់​ដុល្លារ​អាមេរិក​ ដើម្បី​យក​មក​ធ្វើ​ស្រែ​ស្រូវ​រំដួល​លើ​ផ្ទៃ​ដី​ប្រមាណ​ ១៥​ហិកតា។ ​លោក​ឲ្យ​ដឹង​ទៀត​ថា​ ជី​គីមី​ប្រេង​ម៉ាស៊ូត ​ឡើង​ថ្លៃ​ខ្លាំង​ ហើយ​សូម្បី​តែ​ការុង​ច្រក​ស្រូវ​ក៏​ឡើង​ថ្លៃ​ដល់​៨៥០​រៀល​សម្រាប់​ការុង​មួយ​ដែល​ឆ្នាំ​មុន​តម្លៃ​ត្រឹម​តែ ​៦០០​រៀល​តែ​ប៉ុណ្ណោះ។ ​

លោក គឹម លី អាយុ​៣៦ឆ្នាំ ជា​កសិករ​ម្នាក់​ក្នុង​ស្រុកបាណន់ ខេត្តបាត់ដំបង​ត្រូវ​បង្ខំចិត្ត​លក់​ដីស្រែ​ដែល​មាន​ទំហំ​ប្រមាណ​៥ហិកតា ដើម្បី​ដោះស្រាយ​បំណុល ដោយសារ​ការខាតបង់​ក្នុង​ការធ្វើស្រែ។ (ស៊ុន ណារិន/វីអូអេ)

លោក​បន្ត​ថា៖​ «ជីឡើង​...​ពី​ឆ្នាំ​ទៅ​មិញ​មួយ​ការុង​តែ​៨៥០​[បាត]​ទេ​ (ប្រមាណ​១០៤.០០០​រៀល)។​ ​ឆ្នាំ​ហ្នឹង​វា​ឡើង​១១០០​[បាត] ​(ស្មើ​ប្រមាណ​១៣៥.០០០រៀល)។ ​ ប្រេង​ឡើងឆ្នាំ​នេះ...​ឆ្នាំ​នេះ​ឡើង​មួយ​ចប់​បណ្តោយ»។​

លោក ​គឹម លី​ ឲ្យ​ដឹង​ថា ឆ្នាំ​នេះ ​លោក​ខាត​ប្រាក់​ក្នុង​ការ​ធ្វើស្រែ​ប្រមាណ​៣​ពាន់​ដុល្លារ​រអាមេរិក​ ដោយ​សារ​ស្រែ​របស់​លោក ​ត្រូវ​ទឹក​ជន់​លិច​ផង​ដែរ​ កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា។​

លោក​បន្ថែម​ថា៖ ​«មាន​គិត​ម៉េច?​ យើង​ទៅ​លក់​ដី​ លក់​អី​ឲ្យ​គេ​វិញ​ទៅ!»​

លោក​វឿន ឌិញ ​មេឃុំ​ចែងមានជ័យ ​ក្នុង​ស្រុក​បាណន់​ ប្រាប់​វីអូអេ​ថា​ ស្រែ​របស់​ពលរដ្ឋ​ដែល​សរុប​ទៅ​ប្រមាណ​៨០%​នៃ​ប្រជា​ពលរដ្ឋ​សរុប​ជាង​២​ពាន់​គ្រួសារ​ ក្នុង​ឃុំ​របស់​លោក​ត្រូវបាន​លិច​ទឹក ​ដូច្នេះ​គុណភាព​មិន​សូវ​ល្អ​ លក់​មិន​បាន​ថ្លៃ​ និង​ការ​ប្រមូល​ផល ​មិន​បាន​ច្រើន​នោះ​ទេ ​ដោយសារ​ស្រូវ​ឈ្លក់​ទឹក។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«អា​រឿង​លក់​គោ លក់​ដី​ហ្នឹង ខ្ញុំ​ក្តាប់​អត់​បាន​ទេ។ ​ប៉ុន្តែ​ អ្នក​ខ្លះ​ត្អូញ​ត្អែរ​ថា​ ទប់​ទល់​បាន​ទៅ!​ ខ្លះ​ ក៏​អាច​ជំពាក់​អី​គេ​ខ្លះ​ទៅ!»​

ចំណែក​អ្នក​ស្រី ​រុន ម៉ុន​ ដែល​រស់​នៅ​ក្នុង​ឃុំ​តាគ្រាម ​ ស្រុក​បាណន់ ​ខេត្ត​បាត់ដំបង​ ក្នុង​តំបន់​អាង​កំពីង​ពួយ​វិញ​ ថ្លែង​ថា​ អ្នកស្រី​បាន​ធ្វើ​ស្រែ​លើ​ដី​៦​ហិកតា ​ហើយ​អ្នកស្រី​ខាតបង់​ប្រាក់​ប្រមាណ​៣​ពាន់​ដុល្លារ​ ដោយសារ​តែ​ស្រូវ​នៅ​មាន​តម្លៃ​ទាប​ ហើយ​ជី ​ប្រេង​ឡើង​ថ្លៃ។​

អ្នកស្រី​ប្រាប់​វីអូអេ​កាលពី​ពេល​ថ្មីៗ​នេះ​ថា៖​ «ផល​វា​បាន​ច្រើន​ដែរ​ តែ​វា​ថោក​ ស្រូវ​នោះ។ ​ហើយ​ជី​ថ្លៃ។ ​ថ្នាំ​ក៏​ថ្លៃ។​ ជីក៏​ថ្លៃ។​ ម៉ាស៊ូត​ក៏​ថ្លៃ។ ​ថ្លៃ​ទាំងអស់ ​ហើយ​ស្រូវ​វា​ថោក»។​

អ្នកស្រី​មាន​គម្រោង​លក់​ដី​១​ហិកតា​ដើម្បី​ដោះ​បំណុល​ខ្លះ​ដែល​ជំពាក់​ធនាគារ​អេស៊ីលីដា​ចំនួន​ ៦​ពាន់​ដុល្លារ​អាមេរិក​ ដែល​មួយ​ខែ​ត្រូវ​បង់​ ២៨​ម៉ឺន​រៀល។​ ប្រសិន​បើ​លក់​ដី​បាន​ អ្នកស្រី​ នឹង​យក​លុយ​នោះ​ទៅ​ចំណាយ​សង​ដើម​គេ​ខ្លះ។​

អ្នកស្រី​បញ្ជាក់​ថា៖​ «[លក់]​មួយ​ហិកតា​អី​ហ្នឹង យើង​មិន​ចង់​លក់​ដែរ​ ​តែ​ដូច​ថា​ ចាល់។ ​ ចាល់​ច្រក​អ៊ីចឹង​អ្ហា។​ អត់​លក់​ទៅ​ម៉េច​រួច ​បើ​ស្រែ​យើង​ខាត​ហើយ​ហ្នឹង!​ បើ​មិន​លក់​សង​គេ​ម៉េចរួច?»​

ផ្ទុយ​ពី​ការ​អះអាង​របស់​ប្រជា​ពលរដ្ឋ ​លោក ​ឈឹម វជីរា ​ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ ​ខេត្ត​បាត់ដំបង​ ថ្លែង​ថា​ ​កសិករ​ធ្វើ​ស្រែ​ក្នុង​ខេត្ត​របស់​លោក ​មិន​ខាត​បង់​ឡើយ​គ្រាន់តែ​ចំណេញ​តិចតួច។​ លោក​បន្ត​ថា ​អាជ្ញាធរ​ តែងតែ​ជំរុញ​ឲ្យ​កសិករ​ធ្វើ​ស្រូវ​ដែល​មាន​គុណភាព​ល្អ ​និង​អាច​ផ្តល់​ទិន្នផល​ខ្ពស់។​

លោក​បញ្ជាក់​ថា៖ ​«គាត់​លក់​បាន​ថ្លៃ​ ក៏​គាត់​មិន​ដែល​មក​ប្រាប់​យើង​ដែរ។​ កាលណា​ស្រូវ​រៀង​ចុះ​ថោក ​គាត់​មាន​ការ​ត្អូញត្អែរ​អី​អ៊ីចឹង​ណា៎។​ ភាគច្រើន​អ៊ីចឹង។​ គាត់​ចេះ​តែ​ចង់​បាន​ថ្លៃ ​ប៉ុន្តែ​ត្រូវ​មើល​ក្នុង​បរិបទ​កូវីដ​អី​ផង»។​

រថយន្ត​ដឹកស្រូវ ចត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ក្នុង​ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)

លោក ​លន់ យ៉េង ​អគ្គ​លេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ថ្លែង​ថា​ តម្លៃ​ស្រូវ​ធ្លាក់​ចុះ​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ ​ ដោយសារ​តម្លៃ​អង្ករ​លើ​ពិភព​លោក​ធ្លាក់​ចុះ​ប្រមាណ​៣០%​ទៅ​៣៥%​នៃ​តម្លៃ​ដែល​ធ្លាប់​លក់​ចេញ។​ លោក​បន្ត​ថា​ ធាតុ​ចូល​នៃ​កសិកម្ម​ ជាពិសេស​ជី​«ឡើង​ថ្លៃ​ជ្រុល​ពេក» ​ប៉ុន្តែ​ការ​ឡើង​នេះ​ កើត​ឡើង​នៅ​គ្រប់​ប្រទេស ​មិន​មែន​តែ​កម្ពុជា​ឡើយ។​

លោក​បន្ថែម​ថា ​ថ្លៃ​ពន្ធ​អាករ​សម្រាប់​ជី​កសិកម្ម ​រដ្ឋាភិបាល​មិន​យក​ឡើយ​ដើម្បី​ធានា​តម្លៃ​ជី​នៅ​លើ​ទីផ្សារ។​

លោក​ប្រាប់​វីអូអេ​បន្ថែម​ថា៖​ «រដ្ឋាភិបាល​និង​ក្រុម​សហព័ន្ធ​យើង​បាន​ពិភាក្សា​ តើ​រក​យន្តការ​ណា​ដើម្បី​បន្ថយ​នៃ​ការ​ប្រើប្រាស់​ជី ​ហើយ​អាច​ឲ្យ​មាន​ទិន្នផល​សមស្រប»។​

លោក ​លន់ យ៉េង​អំពាវនាវ​ឲ្យ​កសិករ​ថ្លឹង​ថ្លែង​ថ្លៃ​ដើម ​មុន​នឹង​ធ្វើ​ស្រែ ​ហើយ​លោក​ស្នើ​អ្នក​ដែល​ជួល​ដី​គេ​ធ្វើ​ស្រែ​អាច​ផ្អាក​សិន​ក៏​បាន​ នៅ​ពេល​នេះ។​

លោក​បន្ថែម​ថា៖​ «យើង​ខ្ញុំ​មិន​អំពាវនាវ​ឲ្យ​កសិករ​បន្ថយ​ទេ ​ប៉ុន្តែ​សូម​ឲ្យ​ថ្លឹង​ថ្លែង​មើល​ថា ​តើ​គួរ​ជ្រើស​រើស​វិធី​ណា​មួយ​ ដែល​អាច​ចំណេញ»។​

លោក​ ថេង សាវឿន​ ​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​អន្តរាគមន៍​បញ្ហា​ទាំង​នេះ​ដើម្បី​កសិករ​អាច​បន្ត​ធ្វើ​ស្រែ​បាន។​

លោក​បន្ត​ថា៖​ «ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​លើ​ទីផ្សារ​ ...​ព័ត៌មាន​ការ​ដាំ​ដុះ​ ជា​ចំណុច​សំខាន់​មួយ​ ដែល​ជំរុញ​ឲ្យ​កសិករ​មាន​គំនិត​ពិចារណា​ក្នុង​ការ​ធ្វើ​កសិកម្ម ​ឬ​ក៏​ធ្វើ​ស្រែ​ចម្ការ។ ​បើ​ពុំ​ដូច្នោះ​ទេ​ កង្វះ​ខាត​ព័ត៌មាន​ នឹង​រុញ​ឲ្យ​គាត់​ប្រឈម​នឹង​ការ​ខាត​បង់​ខាត​កម្លាំង​ពលកម្ម​កាន់​តែ​ច្រើន ​ហើយបោះបង់​ការ​ប្រកប​មុខ​របរ​ដោយ​សារ​តែ​ ការ​ប្រកប​នេះ ​មិន​មាន​ភាព​ចំណេញ​ដល់​ពួក​គាត់»៕