ការ​វាយ​ប្រហារ​វិមាន​សភា​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​សង្ស័យ​​អំពី​ប្រជាធិបតេយ្យ​អាមេរិក

លោក អ៊ិត ផូ អាយុ៨៥ឆ្នាំ ជាខ្មែរអាមេរិកាំង សព្វថ្ងៃរស់នៅកម្ពុជា។ (ខាន់ សុគុំមនោ/វីអូអេ)

ហេតុការណ៍​ហិង្សាកាល​ពី​សប្តាហ៍​មុន ដែល​បណ្តាល​ឲ្យ​មនុស្ស​ ៥ ​នាក់​ ស្លាប់​នៅ​ថ្ងៃ​ដែលសភា​សហរដ្ឋ​អាមេរិក​ប្រកាស​បញ្ជាក់​ជ័យ​ជម្នះ​របស់​ប្រធានាធិបតី​ថ្មី ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជាមួយ​ចំនួន មាន​ភាព​មន្ទិល​លើ​មូលដ្ឋាន​គ្រឹះ​ប្រជាធិបតេយ្យ​របស់ប្រទេស​មហា​អំណាច​មួយ​នេះ។

អ្នក​ខ្លះ​យល់​ថា​ភាព​ចលា​ចលទាំង​នេះ​មិន​គួរ​កើត​មាន​ឡើង​នៅ​អាមេរិក​នោះ​ទេ ព្រោះ​ប្រទេស​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​គំរូ​ប្រជាធិបតេយ្យ​សម្រាប់​ប្រទេស​ដទៃ​ទៀត។

ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​ទៀត​យល់​ថា ​រដ្ឋបាល​របស់​លោក Joe Biden នឹង​អាច​ដោះ​ស្រាយ​ភាព​រកាំ​រកូស​ទាំង​នេះ​បាន ខណៈ​ប្រជាធិបតេយ្យ​អាមេរិក​ត្រូវ​បាន​រិះគន់​និង​សើច​ចំអក​ដោយ​ប្រទេស​ជា​មិត្ត និង​សត្រូវ​របស់​អាមេរិក​ផង​ដែរ។​

ក្នុង​ពេល​២​សប្តាហ៍​ចុង​ក្រោយ​នៃ​ការ​កាន់​អំណាច​របស់​ប្រធានាធិបតី​អាមេរិក លោក Donald Trump ភាព​តាន​តឹង​ដែល​កើត​ចេញ​ពី​ការ​មិន​ចង់​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​របស់​លោក បាន​បង្ក​ឲ្យ​មាន​ចលាចល​នៅ​សហរដ្ឋអាមេរិក​កាន់​តែ​ខ្លាំង។

កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ក្រុម​កុបករ​ដែលគាំទ្រ​លោក Trump បាន​លុក​លុយ​វិមាន​សភា​អាមេរិក ខណៈ​ក្រុម​សមាជិក​សភា​កំពុង​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​រួម ដើម្បី​ប្រកាស​ជ័យ​ជម្នះ​ជា​ផ្លូវការរបស់​លោក Joe Biden មក​ពី​គណ​បក្ស​ប្រជាធិបតេយ្យ ជា​ប្រធានាធិបតី​ទី ​៤៦​ របស់​សហរដ្ឋ​អាមេរិក។ ហិង្សា​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស ​៥ ​ស្លាប់ និង​របួស​រាប់​សិប​នាក់។

លោក អ៊ិត​ ផូ អាយុ​៨៥​ឆ្នាំ ជា​អតីត​អ្នក​បើក​រថយន្ត​យោធា​អាមេរិក ពេល​លោក​រស់​នៅ​សហរដ្ឋ​អាមេរិក។ ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​រូប​នេះ​ដែល​សព្វ​ថ្ងៃ​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រាប់​ VOA ថា លោក​មិនធ្លាប់​ឃើញភាព​ចលាចល​និង​ហិង្សា​កើត​មាន​ឡើង​នៅ​សហរដ្ឋ​អាមេរិក​ដល់​កម្រិត​នេះ​នោះ​ទេ។

លោក​បានបន្ទោស​លោក Donald Trump ថា​ ជា​មនុស្ស​ចង់បាន​តំណែង ខណៈ​លោក​បាន​ចាញ់​ការ​បោះ​ឆ្នោត ដែល​មិន​អាច​ដឹកនាំ​រដ្ឋបាល​អាមេរិក​៤​ឆ្នាំ​ទៀត។

លោក​មាន​ប្រសាសន៍​ថា៖ «​Trump ​ហ្នឹង​រឹង​ទទឹង​ណាស់ ក្បាល​រឹង។ មិន​ធ្លាប់​ធ្វើ​ធំ ធ្លាប់​តែ​រកស៊ី​ដល់​បាន​ធ្វើ​ធំ មិន​ចង់​ចុះ​ពី​កៅអី​ទេ»។

ចំណែក​លោក​ចាន់​ សារឿន អាយុ​៦២​ឆ្នាំ ដែល​ជា​អ្នក​រត់​រ៉ឺម៉ក​កង់​បី​ក្នុង​រាជធានី​ភ្នំពេញ បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សកម្មភាព​របស់​លោក Donald Trump នៅ​គ្រា​ដែល​លោក​ជិត​ដល់​ពេល​លែង​បាន​កាន់​អំណាច​ជា​ប្រធានាធិបតី​អាមេរិក។

លោក​ថា​ ការ​តវ៉ា​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត​និង​ការ​មិន​ចង់​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ជា​ដើម បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​អាមេរិក​នៅ​លើ​ឆាក​អន្តរជាតិ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជាមហា​អំណាចសេដ្ឋ​កិច្ច​ទី​មួយ​ក្នុង​ពិភព​លោក​និង​មាន​ប្រជាធិបតេយ្យ​រឹងមាំ​បំផុត។

លោក​មាន​ប្រសាសន៍​ថា៖ «លោក Donald Trump មិន​សម​ធ្វើ​ចឹង​ទេ។ វា​ប៉ះពាល់​ដល់​សង្គម​អាមេរិក​ទាំង​មូល​និង​នៅ​លើ​ពិភព​លោក។ អាមេរិក​ជា​បិតា​ប្រជាធិបតេយ្យ​ពិភពលោក។ អ៊ីចឹង​ គួរ​ណាស់​គោរព​ឲ្យ​បាន​ត្រឹម​ត្រូវ។ ចាញ់​ត្រូវ​តែចាញ់​ ចុះ​ទៅ មិន​បាច់​ទាម​ទារ តវ៉ា​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ។ ទោះ​រាប់​ប៉ុន្មាន​ដង ក៏​នៅ​តែ​ឃើញ​ចាញ់​ដដែល»។

ទាក់​ទង​នឹង​ការ​តវ៉ាដោយ​ក្រុម​បាតុករ​ដែល​គាំទ្រ​លោក Donald Trump លោក ចាន់ សារឿន លើក​ឡើង​ថាការ​តវ៉ា​ស្រដៀង​គ្នា​នេះ ក៏​ធ្លាប់​កើត​មាន​នៅ​កម្ពុជា​ដែរ ប៉ុន្តែ​មិន​ឈាន​ដល់​អំពើ​ហិង្សា​ក្នុង​ស្ថាប័ន​កំពូល ដូច​នៅ​សភា​អាមរិក​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ អ្នក​រត់​រ៉ឺម៉ក​កង់​បី​រូប​នេះ យល់​ថាអាជ្ញាធរ​អាមេរិក​ទំនង​ជា​មិន​យក​ទោស​ពៃ​រ៍​ពី​ក្រុម​បាតុករ​ឡើយ។

លោក​បន្ថែម​ថា៖ «ខ្ញុំ​ជឿ​ថា ​មិន​អី​ទេ​ព្រោះ​អាមេរិក​គេ​គោរព​ច្បាប់ គេ​គោរព​សិទ្ធិ​មនុស្ស។ គេ​មិន​អាច​យក​ទោស យក​ពៃរ៍​ក្រុម​បាតុករ​ទេ។ នេះ​សិទ្ធិ​សេរី​ភាព​របស់​ប្រជា​ពលរដ្ឋ។ គេ​នឹង​សម្រប​សម្រួល​ម៉េច​ឲ្យល្អ​ប្រសើរ។ គេ​អត់​ឲ្យ​មាន​ចលាចល ឬ​មួយ​ក៏​ចាប់​ទោស ចាប់​ទណ្ឌ​ដាក់​គុក​ដាក់​ច្រវាក់​អី​ទេ»។

យុវជន​កម្ពុជា​ដែល​ជា​និស្សិត​និងបាន​តាម​ដាន​ស្ថាន​ការណ៍​នយោ​បាយ​និង​ប្រជាធិប​តេយ្យ​អាមេរិក បាន​ប្រាប់​វីអូអេ​ថា​ ភាព​ចម្រូងចម្រាសដែល​កើត​ឡើង​នៅ​ចុង​អាណត្តិ​របស់​លោក​ ដូណាល់ ត្រាំ​ នេះ មិន​មែន​ជារូបភាព​ល្អ​នៃ​លទ្ធិ​ប្រជាធិប​តេយ្យ​ ដែល​ពួក​គេ​ធ្លាប់​រៀន​សូត្រ​អំពី​អាមេរិក​នោះ​ទេ។

ពួកគេ​ថា ​ព្រឹត្តិ​ការណ៍​ហិង្សា​នេះ​បាន​ប៉ះពាល់​ដល់​ទំនុកចិត្ត​ដែល​ពួក​គេ​ធ្លាប់​មាន​ចំពោះ​ប្រជាធិបតេយ្យ​អាមេរិក។

លោក ចាន់ សារឿន អាយុ៦២ឆ្នាំ អ្នករត់រម៉កកង់បីក្នុងរាជធានីភ្នំពេញ ខែមករា ឆ្នាំ២០២១។ (ខាន់ សុគុំមនោ/វីអូអេ)


កញ្ញា​ ឈួ​ មុយ​កៀង ជា​និស្សិត​ឆ្នាំ​ទី​៤​ ផ្នែក​សិក្សា​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មើល​ឃើញ​ថា​បេសកកម្មដំបូង​របស់​លោក Joe Biden ដែល​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក គឺ​ការ​ដោះ​ស្រាយ​បញ្ហា ឬ​ភាព​រកាំរកូស​ដែល​កើត​មាន​ក្នុង​អាណត្តិ​លោក Donald Trump ជា​មុន​សិន។

កញ្ញា​ដែល​មាន​វ័យ​ ២១ ​ឆ្នាំ​រូប​នោះ និយាយ​ថា៖ «សម្រាប់​លោក ​Joe Biden បើ​គាត់​ចង់​ពង្រឹង​ប្រជាធិបតេយ្យ​គាត់​ឡើង​វិញ គឺ​ដំបូង​គាត់​ត្រូវ​ធ្វើ​ម៉េច​ដោះ​ស្រាយ​បញ្ហា​លោក​ Donald Trump [ដែល]​ គាត់​បង្កើត​ឡើង​ឲ្យ​អស់​សិន​បាន​គាត់​អាច​ដើរ​ទៅ​មុខ​ទៀត​កើត។ បើ​បញ្ហា​ហ្នឹង​នៅ​មាន​ទោះ​គាត់​ចង់​បង្កើត​គោល​នយោបាយ​ថ្មី​ឬ​ចង់​ពង្រឹង​ប្រជាធិបតេយ្យ​ប្រទេស​ឡើង​វិញ គឺ​ពិបាក​ខ្លាំង​មែន​ទែន»។

ចំណែក​និស្សិត​ឆ្នាំ​ទី៤ ​ផ្នែក​ច្បាប់​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច លោក ណន​ សំណាង​សីមុន្នី អាយុ​២១​ឆ្នាំ យល់​ថា​ ការ​កសាង​ទំនុក​ចិត្ត គឺ​ជា​គន្លឹះ​សំខាន់​ចំពោះ​ការ​ផ្សះផ្សា​ប្រជាធិបតេយ្យ​នៅ​អាមេរិក​ឡើង​វិញ។

លោក​និយាយ​ថា៖ «ដំបូង​គេ គឺ​គាត់ [លោក Joe Biden]​ ត្រូវ​កសាង​ទំនុក​ចិត្ត​ជាមួយបក្ស​និង​បក្ស​នៅ​ក្នុង​សភា កុំ​ឲ្យ​វា​មាន​ការ​បែក​ខ្ញែក​ហើយ​និង​ប្រជាពលរដ្ឋ​នៅ​ខាង​ក្នុង​សហរដ្ឋ​អាមេរិក​ហ្នឹង។ អញ្ចឹង​នៅ​ពេល​ដែល​គាត់​មាន​ទំនុក​ចិត្ត​រវាង​គ្នា​និង​គ្នា​ ហើយប្រជាធិបតេយ្យ​ក៏​អាច​ផ្សះផ្សា​បាន​ដែរ»។

ក្នុង​សប្តាហ៍​ចុង​ក្រោយ​នៃ​អាណត្តិ​របស់​លោក​ Trump សភា​អាមេរិក​បាន​បោះ​ឆ្នោត​គាំទ្រ​ការ​ចោទប្រកាន់​ដក​តំណែងលោក​ Trump ជា​លើក​ទី​២ ដោយ​សំឡេង​ឆ្នោត​គាំទ្រ​ ២៣២​ ទល់​នឹង​សំឡេង​ជំទាស់ ​១៩៧។​ លោក Trump​ ដែល​នឹង​ផុត​ការ​កាន់​តំណែង​ នៅ​ថ្ងៃ​ទី​២០ ខែ​មករា ខាង​មុខ ត្រូវ​បាន​ចោទ​ប្រកាន់ថា «បាន​ញុះញង់​ឲ្យ​មាន​ការ​បះបោរ» ​ចំពោះ​តួនាទី​របស់​លោក​ក្នុង​ការ​បង្ក​ឲ្យ​មាន​ព្រឹត្តិការណ៍​ប្រមូល​ផ្តុំ​ក្រុម​មនុស្ស​ដែល​ប្រើ​ហិង្សា​ទៅ​លើ​វិមាន​សភា​អាមេរិក​កាល​ពី​សប្តាហ៍​មុន។

នេះ​ជារបត់​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​នៅ​អាមេរិក ដែលប្រធានាធិបតី​អាមេរិក លោក Donald Trump ត្រូវ​បាន​សភា​បោះ​ឆ្នោត​ចោទ​ប្រកាន់​ដក​តំណែង​ពីរ​ដង​ក្នុង​មួយអាណត្តិ​របស់​លោក ​ដែល​មាន​រយៈ​ពេល​៤​ឆ្នាំ។

លោក សំណាង​សីមុន្នី ដែល​ជា​និស្សិត​ផ្នែក​ច្បាប់​នៅ​រាជធានី​ភ្នំពេញ យល់​ថា ​ការចោទប្រកាន់​ដក​តំណែងប្រធានាធិបតី​នេះ អាច​មាន​សេណារីយូ​ចំនួន​២។

លោក​និយាយ​ថា៖ «ទី​មួយ ការ​ធ្វើ​ Impeachment [ការ​ចោទប្រកាន់​ដកតំណែង​ប្រធានាធិបតី] គ្រាន់​តែ​ជា​ឧបករណ៍​នយោបាយ គឺ​ថា​ចង់​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​របស់​Trump​ដែល​ជា​ប្រធានាធិបតី​អាមេរិក។ តែ​បើ​និយាយ​មួយ​ទៀត ការ​ប្តឹង​ទម្លាក់​ហ្នឹង​ក៏​ត្រូវ​ដែរ ដោយ​សារ​វា​មាន​ភស្តុតាង​គ្រប់​គ្រាន់​ដោយ​សារ​លោក​ដូណាល់ត្រាំ​ស្ថិត​នៅ​ពី​ក្រោយ​ការ​បាតុកម្ម​ហ្នឹង។ ដូច​ថា​មុន​បាតុកម្ម​មួយ​ថ្ងៃ​មាន​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍«ជួយ​សង្គ្រោះ​អាមេរិក»។

លទ្ធភាព​នៃ​ការ​បើក​សវនាការ​ដោយ​ព្រឹទ្ធសភា​លើ​ករណី​ចោទប្រកាន់​ដក​តំណែងប្រធានាធិបតី​ Trump ជា​លើក​ទី​២ នៅ​ព្រឹទ្ធសភា ទំនង​ជា​មិន​អាច​ធ្វើ​ឡើង មុន​ពេល​ប្រធានាធិបតី​ជាប់​ឆ្នោត លោក Biden ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី​២០ ខែ​មករា​នោះ​ទេ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​អន្តរជាតិ​នៅ​សហរដ្ឋ​អាមេរិក៕