សូម៉ាលី​ ព្រួយ​បារម្ភ​ថា​ ការ​បញ្ចប់​ការ​​ផ្ទេរ​ប្រាក់​របស់​ស.រ.អា.​នឹង​បង្កើន​​អំណាច​​ដល់​ក្រុម​សកម្ម​ប្រយុទ្ធ​

  • Gabe Joselow

ស្ត្រីគ្មាន​ទីជម្រកចាំទទួល​ស្បៀងពីមណ្ឌលចែកចាយមួយនៅស្រុកហូដុនក្នុងរដ្ឋធានីរបស់​សូម៉ាលី ម៉ូហ្គាឌីស្ហ៊ូ ថ្ងៃទី២៥ សីហា ២០១១។

នៅ​ចុង​សប្តាហ៍​នេះ​ ប្រជាពលរដ្ឋ​សូម៉ាលី​ (Somalis) នឹង​បាត់បង់​ប្រភព​ថវិកា​ដ៏​សំខាន់​បំផុត​មួយ។​ នោះ​គឺ​នៅ​ពេល​ដែល​ ធនាគារ​សហរដ្ឋ​អាមេរិក ​កាត់​ផ្តាច់​ការ​ផ្ទេរប្រាក់​ទៅ​កាន់ប្រទេស​ដែលហែក​ហួរ​ដោយ​សារសង្រ្គាម​និង​រងគ្រោះដោយ​សារភាព​អត់​ឃ្លាន​មួយ​នេះ​។ ប្រជាពលរដ្ឋ​សូម៉ាលី ​នៅ​ក្នុង​ទីក្រុងណៃរ៉ូប៊ី (Nairobi) ​បាន​ថ្លែង​ថា ​វិធានការ​ ដែលធ្វើឡើងសំដៅបញ្ឈប់​ការ​ផ្តល់​មូល​និធិដល់​ក្រុម​សកម្ម​ប្រយុទ្ធ​ ​នឹង​ប៉ះពាល់ដល់ប្រជា​ពលរដ្ឋ​ធម្មតា​ទៅ​វិញ​ទេ​។​

សង្កាត់អ៊ីសលេក (Eastleigh) នៃ​ទីក្រុងណៃរួប៊ី (Nairobi) ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្មរបស់សហគមន៍​មានជនជាតិ​សូម៉ាលី​ច្រើន​គួរ​សម​ក្នុង​ប្រទេស​កេនយ៉ា​។​

ដោយត្រូវ​បាន​ដាក់ឈ្មោះ​ថាជា​ ​វិថីម៉ូហ្គាឌីស៊ុ ឬហៅជាភាសាអង់គ្លេសថា Little Mogadishu​ ​វិថី​នេះ មានមនុស្ស​កក​កុញ ​ដោយ​រទេះ​រុញ​មាន​ដាក់លក់​ប្រេង​ឆា បុរសៗ​លក់អាវធំ និង​អាវទ្រនាប់ និង​អ្នក​លក់ដូរពពាយនាយលក់ស្លឹកកញ្ឆា ដែល​ត្រូវ​បាន​ស្គាល់​ថា​ ខេត (khat)។

ឥទ្ធិពល​អាថ៌កំបាំង ​ដែល​បានផ្តល់​កម្លាំង​ដល់​សកម្មភាព​ជំនួញនេះ​ភាគច្រើន គឺបណ្តាញ​ប្រតិបត្តិការរូបិយវត្ថុ​តែ​មួយ​គត់ ​ដែល​ធ្វើឲ្យ​ក្រុម​អ្នក​ចំណាក​ស្រុក​ជាតិ​សូម៉ាលី​ អាច​ផ្ញើ​ប្រាក់ទៅ​ឲ្យក្រុមគ្រួសារ​និង​ដៃ​គូ​ជំនួញ​ទាំងឡាយ នៅក្នុង​ប្រទេស​របស់​ខ្លួន។​ ប៉ុន្តែ អ្វី​ដែល​ត្រូវ​បាន​ហៅថាជា ​បណ្តាញ​ហាវ៉ាឡា (hawala) ជិត​បាត់​បង់បណ្តាញ​ទំនាក់​ទំនង​ដ៏​សំខាន់​នោះហើយ​ ​នៅ​ពេល​ដែល​ធនាគារ​សហរដ្ឋ​អាមេរិក​ កាត់​ផ្តាច់សេវាកម្មផ្ទេរប្រាក់តែ​មួយ​គត់សម្រាប់​ជន​ជាតិសូម៉ាលី​ នៅសហរដ្ឋអាមេរិក។

សព្វថ្ងៃ​ លោក អូម៉ា ហាជី (Omar Haji) ដែលពី​ដើមធ្លាប់​នៅ​ក្នុងទី​ក្រុង​ម៉ូហ្កាដេស៊ូ (Mogadishu) រស់​នៅក្នុងសង្កាត់អ៊ីសលេក​ និង​ទទួល​ការ​ឧបត្ថម្ភ​ខាង​ហិរញ្ញវត្ថុ​ពី​ក្រុម​គ្រួសារ​របស់​លោក នៅរដ្ឋ​មីនីសូតា (Minnesota) របស់សហរដ្ឋអាមេរិក​។

លោក មានប្រសាសន៍ថា ប្រជាពលរដ្ឋភាគ​ច្រើន ​ចាត់​ទុក​វិធានការ​របស់​ធនាគារ ថាជា​ការ​វាយ​ប្រហារ​ទៅលើពលរដ្ឋ​សូម៉ាលី​ ជា​ជាង​ប្រឆាំងទៅនឹងក្រុម​អាល់​ស្ហាបាប់ (al-Shabab)។​

លោក បាន​បន្ថែម​ទៀត​ថា ​ការ​គាំទ្រ​ដល់​ក្រុម​សកម្ម​ប្រយុទ្ធ ពិត​ជាអាចកើន​ឡើង ហើយថា មុខ​ជំនួញដែល​តែង​តែទទួល​ប្រាក់​ពី​បរទេស ​អាច​ងាក​ទៅ​រកហិរញ្ញវត្ថុរបស់ ​ក្រុម​អាល់​ស្ហាបាប​ដែលសម្បូរទ្រព្យសម្បត្តិ​។»

ក្រុម​នេះ​ដែលមានទំនាក់ទំនងជាមួយក្រុម​អាល់កៃដា​ បាន​ធ្វើសង្រ្គាម​ប្រឆាំង​នឹង​រដ្ឋាភិបាល​កណ្តាល​របស់ប្រទេសនេះ អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ និងបាន​ផ្តល់មូល​និធិ​ដល់ក្រុម​ខ្លួន​ តាម​រយៈ​ការយកពន្ធលើ​ពលរដ្ឋ​នៅ​តាមតំបន់​ដែលស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់ខ្លួន។​

រដ្ឋាភិបាល​សហព័ន្ធអន្តរកាល​របស់​សូម៉ាលី​ បានទទួល​ជោគជ័យក្នុង​កម្រិត​តិចតួច នៅក្នុងការ​បណ្តេញ​ក្រុម​សកម្ម​ប្រយុទ្ធ​ពីរដ្ឋធានី ​ម៉ូហ្កាឌីស៊ូ កាល​ពីប៉ុន្មាន​ខែថ្មីៗនេះ​។ ប៉ុន្តែ ​លោក​ហាសាន​ សេដ សាម៉ានតា ​(Hassan Said Samantar) រដ្ឋមន្ត្រីនៃរដ្ឋ​ហ្កាលមូដុក (Galmudug State​) នៅភាគ​កណ្តាល​របស់ប្រទេស​សូម៉ាលី ​បានថ្លែង​ថា ​ការ​កាត់​ផ្តាច់​ការ​ផ្ទេរ​ប្រាក់ ​អាច​ធ្វើ​មាន​អស្ថិរភាព​ដល់ប្រទេស​នេះ​ទៅ​វិញ​ទេ​។

«​ខ្ញុំយល់​ឃើញ​ថាវិធានការ​នេះ​ពិត​ជារឿង​អកុសល​ណាស់ សម្រាប់​ប្រជា​ពលរដ្ឋសូម៉ាលី​នា​ពេល​សព្វ​ថ្ងៃ។​ ជា​ពិសេស នៅ​ចំពេល​ដែល​សូម៉ាលី​កំពុង​តែ​ឈាន​ទៅ​មុខ​ដោយ​មាន​ផែនទី​បង្ហាញ​ផ្លូវ ហើយសភាពការណ៍សន្តិសុខ កាន់​តែ​ប្រសើរ​ឡើងជា​លំដាប់។ល។ ​នៅ​ពេល​ណាដែល​សូម៉ាលី​ បោះជំហានឈាន​ទៅ​មុខ វា​ហាក់​ដូច​ជា​ថា មាន​ឥទ្ធិពល​ជាច្រើន​ដែលរុញ​ប្រទេស​នេះ​ឲ្យ​ថយ​ក្រោយ​ទៅ​វិញ​។​»

សហរដ្ឋអាមេរិក​ បញ្ជាក់ថា​ សេវា​ផ្ទេរ​ប្រាក់របស់សូម៉ាលី មាន​ចំនួន​រហូត​ដល់ទៅ​ ១.៦​ពាន់​លាន​ដុល្លារ ជា​រៀង​រាល់​ឆ្នាំ​។ ​ហើយ​ ​ទី​ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិអុកហ្វាម (Oxfam) និយាយ​ថា ប្រាក់​ប្រហែល​១០០​លាន​ដុល្លារ ​ត្រូវ​បាន​ផ្ញើ​ផ្ទាល់​ពី​សហរដ្ឋ​អាមេរិក។ ​

លោក ម៉ូហាមេត ចាម៉ា (Mohamed Jamaa) អ្នក​ជំនួញនៃ​សង្កាត់​អ៊ីសលេក ​លក់​គ្រឿង​អេឡិចត្រូនិច​ ទឹកដោះគោ​ នំ​ប៊ីស្គី និង​របស់​របរ​ដទៃ​ទៀត ដែល​លោកនាំចូលក្នុងប្រទេស​សូម៉ាលី​។

លោក ​និយាយថា ​ប្រសិន​បើ​សាច់ប្រាក់​ ត្រូវ​បាន​កាត់​ផ្តាច់នៅ​ឯ​ប្រភព​ក្រុមហ៊ុន​ផ្គត់​ផ្គង់​នោះ ​វា​នឹង​ជះ​ឥទ្ធិពល​ភ្លាម​ៗ​ដល់​មុខជំនួញ​របស់លោក ​និង​លទ្ធភាព​របស់​លោកក្នុង​ការ​ ​ជួយ​ទ្រ​ទ្រង់កូនប្រុស​ទាំង​បូន​ ​ដែល​រស់​នៅ​ក្នុង​ជំរុំ​ជនភៀស​ខ្លូន​។

លោក ​ចាម៉ា​ បន្ថែម​ទៀតថា លោក ​ផ្តល់​ប្រាក់​ទៅឲ្យ​កូន​ប្រុសរបស់​លោក ដើម្បី​ធ្វើ​ឲ្យពួក​គេមមាញឹក​ក្នុង​ការងារ​ ប៉ុន្តែថា បើលោក​ លែងជួយទ្រទ្រង់​ពួកគេ ពួកគេនឹង​គ្មាន​ជម្រើស​អ្វីផ្សេង​ក្រៅ​ពីការវិល​ត្រឡប់​ទៅប្រទេស​សូម៉ាលី​វិញ និង​ចូល​រួម​ជាមួយក្រុម អាល់​ ស្ហាអាប់​ នោះ​ទេ។

ក្រុមហ៊ុន​អាមេរិក​មួយ​ ឈ្មោះ​ថា Sunrise Community Banks ​បាន​សម្រេច​ចិត្ត​បិទ​សេវា​ផ្ទេរប្រាក់ ​ដោយ​បារម្ភថា ខ្លួនអាចប្រព្រឹត្ត​ល្មើស ​ច្បាប់​ប្រឆាំង​ភេរវកម្ម​របស់​សហរដ្ឋអាមេរិក ប្រសិន​បើប្រាក់​នោះ ត្រូវ​ធ្លាក់​ទៅក្នុង​ដៃ​មនុស្ស​អាក្រក់។ លោក​នាយករដ្ឋមន្រ្តីសូម៉ាលី អាប់ឌីវេលី ម៉ូហាមេត អាលី (Abdiweli Mohamed Ali) កំពុង​ទទូច​សុំដល់រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ​ឲ្យធ្វើអន្តរាគមន៍ ដើម្បី​ជូយ​ស្វែង​រកដំណោះស្រាយ៕

ប្រែសម្រួលដោយ​ គឹង ភិរុណ