ទិវា​បុណ្យ​ជាតិ​សូម៉ាលី​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​​ម៉ូហ្គាឌីស្យូ​ដែលគ្មាន​​ក្រុម​អាល​ស្សាបាប

ប្រជាពលរដ្ឋបាន​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​សូម៉ាលី។

អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​មក​ហើយ ប្រជាពលរដ្ឋ​ក្នុង​រដ្ឋធានី​ម៉ូហ្គាឌីស្យូ (Mogadishu) បាន​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​សូម៉ាលី (Somalia) ក្រោម​ការ​គំរាមកំហែងនៃ​ភាព​ចលាចល​និង​អំពើ​ហិង្សា។ ប៉ុន្តែ​ ​ឆ្នាំ​នេះមាន​ភាព​ខុស​ប្លែកពី​មុន។ ដោយ​សារ​តែ​ការសម្រេចបាននូវសន្តិសុខ​និង​ការ​វិល​ត្រឡប់​មកវិញ​នូវ​ស្ថិរភាព​សម្រាប់​រដ្ឋធានី​សូម៉ាលី នៅទី​បំផុត ប្រជាពលរដ្ឋ​ មានកិច្ចការ​ខ្លះ​ដែល​ត្រូវប្រារព្ធ។

អស់​រយៈពេល​២១​ឆ្នាំ​មក​ហើយ ភាព​អាណាធិបតេយ្យ​និង​គ្រោះ​មហន្តរាយ​មនុស្សធម៌​បានគ្របដណ្តប់​មកលើ​ទិវា​ឯករាជ្យ​ជាតិ​សូម៉ាលី។

ថ្ងៃ​ឈប់​សម្រាក​ ១ កក្កដា ប្រារព្ធទិវារដែល​ប្រទេស​សូម៉ាលី​បាន​ប្រកាស​ឯករាជ្យ​ពី​អតីត​អាណានិគម​អ៊ីតាលី​កាល​ពី​៥២​ឆ្នាំ​មុន។

នៅ​ឆ្នាំ​នេះ ពលរដ្ឋ​ក្នុង​រដ្ឋធានី​ម៉ូហ្គាឌីស្យា ​កំពុងតែ​ទទួល​បាន​សេរីភាព​និង​សុទិដ្ឋិនិយម​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន ក្រោយ​ពី​ការ​សម្រេច​បាន​នូវសន្តិសុខ ដោយកង​សន្តិសុខ​សហភាព​អាហ្វ្រិក (African Union) និង​កង​កម្លាំង​រដ្ឋាភិបាល​សូម៉ាលី​ប្រឆាំង​នឹង​ពួក​សកម្ម​ប្រយុទ្ធ ស្សាបាប (Shabab)។

លោក អាមេដ អាហ្វី (Ahmed Afi) ធ្វើ​ការ​នៅ​ឯទីភ្នាក់ងារ​ ដាយរិក​អេដ (Direct Aid) ដែល​ជា​ទី​ភ្នាក់ងារ​ផ្តល់​ជំនួយ​មួយ​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​កូវ៉ែត (Kuwait)។ លោកមាន​ប្រសាសន៍​ថា ទិវា​ឯករាជ្យ​នេះ! លោកអាច​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​នានា​ដែលលោកមិន​អាច​ទៅ​បាន​កាល​ពី​ឆ្នាំ​មុន​ៗ។

«វា​មាន​ភាពខុស​ប្លែក​ពី​ការ​ប្រារព្ធពិធីមុន​ៗ​ខ្លះ​ដែរ ដោយ​សារ​ឥឡូវ​នេះ​យើង​កំពុងតែ​ប្រារព្ធទិវារ​នេះក្រោម​បរិយាកាស​ប្រកប​ដោយ​សន្តិភាព​ជាង​មុន។ យើង​អាច​ចូល​ទៅ​កាន់​ទីផ្សារ ព្រមទាំងផ្លូវនិង​មហាវិថីធំៗ។​ យើង​អាចធ្វើ​ដំណើរចុះ​ឡើងគ្រប់​ពេល​ដែល​យើង​ចង់។ យើង​អាចស្វាគមន៍មិត្តភ័ក្ត្រ ក្រុម​គ្រួសារ និង​សាច់​ញាតិ​។»

ពលរដ្ឋ​ម្នាក់​ទៀត លោក ហ៊ូស្សេន អូម៉ារ (Hussein Omar) ដែល​កំពុងត្រួត​ពិនិត្យ​ការ​សាងសង់​សណ្ឋាគារ​ថ្មី​មួយនៅតាម​បណ្តោយ​ឆ្នេរ លីដូ (Lido Beach) នៃ​រដ្ឋធានី​ម៉ូហ្គាឌីស្យា និយាយ​ថា ​ទិវា​បុណ្យ​ជាតិ​ឆ្នាំ​នេះ​គឺ​ជា​ការ​ប្រារព្ធ​ទ្វេរ​ដង​សម្រាប់​រូប​លោក។

លោកនិយាយ​ថា «ឥឡូវ ប្រទេស​នេះ​ទទួល​បាន​ឯករាជ្យ​ពី​ក្រុម​ពីរនេះ​ ពោល​គឺ​ម្ចាស់​អាណានិគម​និង​ក្រុម​បះបោរ។ យើង​មាន​អារម្មណ៍​ថា នេះ​គឺ​ជាទិវារឯករាជ្យជាតិយ៉ាងពិត​ប្រាកដ​របស់​យើងលើក​ទី​មួយ។»

កាល​ពី​ឆ្នាំ​មុន ក្នុង​ពេល​ដំណាល​គ្នា​នេះ ក្រុម​អាល ស្សាបាប (al-Shabab) នៅ​តែ​គ្រប់គ្រង​ផ្នែក​ខ្លះ​នៃ​ទីក្រុង​និង​ធ្វើ​ការ​វាយ​ប្រហារប្រចាំ​ថ្ងៃ​ប្រឆាំង​នឹង​កងទ័ព​សហភាព​អាហ្វ្រិក​និង​កងកម្លាំង​រដ្ឋាភិបាល​សូម៉ាលី។

ឥឡូវ​នេះ ក្រុម​ដែល​មាន​ទំនាក់​ទំនងជាមួយ​ក្រុម​អាល កៃដា (al-Qaida) មួយ​នេះ បាន​ធ្វើ​ឱ្យ​ទន់​ខ្សោយ​ផ្នែក​យោធា​និង​ហិរញ្ញវត្ថុ ហើយ​កងកម្លាំង​សហភាពអាហ្វ្រិក ​កំពុងតែ​រៀបចំ​ចាត់​វិធានការ​ប្រឆាំង​នឹង​តំបន់​រឹងមាំចុង​ក្រោយ​បង្អស់​របស់​ក្រុម​នេះ គឺ​ទី​ក្រុង​ឆ្នេរ គីស្មាយ៉ូ (Kismayo)៕

ប្រែ​សម្រួល​ដោយ ឃួន ធារ៉ា