ប្រទេស​សូម៉ាលី​ពុករលួយ​បំផុត​ក្នុង​ពិភពលោក​

សន្ទទស្សន៍​​ចាត់​ថ្នាក់​អំពើ​ពុក​រលួយ (Corruption Perceptions Index) ប្រចាំ​ឆ្នាំរបស់​​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) ឆ្នាំ២០១០។

ឡុងដ៍៖ យោង​តាមសន្ទទស្សន៍ចាត់​ថ្នាក់​អំពើ​ពុក​រលួយ (Corruption Perceptions Index) ប្រចាំ​ឆ្នាំរបស់អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) ប្រទេស​សូម៉ាលី​ គឺ​ជា​ប្រទេស​ពុក​រលួយជាង​គេ​បំផុតនៅ​ក្នុង​ពិភព​លោក។ សន្ទទស្សន៍របស់​អង្គការ​តម្លាភាព​អន្តរជាតិ បាន​រាយ​ឈ្មោះ​ប្រទេស​ចំនួន​១៧៨ ដោយ​ប្រទេស​សូម៉ាលីត្រូវ​បាន​កំណត់​ថា​ ជា​ប្រទេស​ពុក​រលួយ​បំផុត។ ប្រទេស​ដែល​មាន​ចំណាត់​ថ្នាក់​នៅ​ចុង​បញ្ជី​ក្បែរ​សូម៉ាលី​ រួម​មាន​អាហ្វកានីស្ថាន ភូមា​ និង​អ៊ីរ៉ាក់។

លោក​ស្រីហ្សាន​តាល យូវីម៉ាណា (Shantal Uwimana) នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​ បាន​ថ្លែង​ថា ជម្លោះជា​កត្តា​ រួមចំណែក​ចំបងចំពោះ​ការ​រាល​ដាល​នៃ​អំពើ​ពុក​រលួយ។ លោកស្រីបន្តថា៖

«ប្រទេស​ទាំង​ឡាយ​ណា ​ដែល​មាន​អស្ថិរភាព​ខាង​នយោបាយ សង្គម និង​សេដ្ឋកិច្ច​ គឺ​ជា​ទី​តាំង​ដ៏​ល្អសម្រាប់អំពើពុក​រលួយ​»។

សន្ទទស្សន៍នេះ មានការ​ស្ទាប​ស្ទង់​មតិ ដែលត្រូវបានធ្វើ​ឡើង​នៅ​ចន្លោះខែ​មករា ​ឆ្នាំ​២០០៩ និង​ខែកញ្ញា​ ឆ្នាំ​២០១០។ ការ​ស្ទាប​ស្ទង់​មតិ​នេះ គឺ​ផ្អែក​ទៅ​លើ​ទិដ្ឋភាព​នៃ​អំពើ​ពុក​រលួយ នៅ​ក្នុងវិស័យសាធារណៈជា​ជាង​វិធាន​ការ​ជាក់​ស្តែង។ ប្រទេស​ទាំង​ឡាយ​ ត្រូវ​បាន​ដាក់​ពិន្ទុតាម​លំដាប់​ពី​លេខ​សូន្យ ដល់​លេខ​១០ ដោយ​លេខ​សូន្យតំណាងឲ្យប្រទេសពុក​រលួយ​បំផុត។ អង្គការ​តម្លាភាព​អន្តរជាតិ បាន​ឲ្យ​ដឹង​ទៀត​ថា ប្រទេស​ចំនួន៣ភាគ​៤ មាន​ពិន្ទុ​ក្រោម​លេខ​៥។ ពិន្ទុ​នោះជា​សញ្ញា​បង្ហាញ​ថា ​អំពើ​ពុក​រលួយ​នៅ​តែ​ជា​បញ្ហា​ដ៏​ចំបង​របស់​សកល​លោក។

លោក​ស្រីយូវីម៉ាណា​ មាន​ប្រសាសន៍​ថា ​បណ្តា​ប្រទេស​ក្រី​ក្រ​បំផុត​ក្នុង​ពិភព​លោកទទួល​រង​ធ្ងន់​ធ្ងរបំផុត​ដោយ​សារ​អំពើ​ពុក​រលួយ។ ប៉ុន្តែ​លោក​ស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រទេស​អ្នក​មាន ក៏​ស្ថិត​ក្នុងហានិភ័យដូច​គ្នា​ដែរ ដោយ​មាន​ចំណាត់ថ្នាក់​ធ្លាក់​ចុះ​នៅឆ្នាំ​នេះ។​ លោក​ស្រី​ថ្លែង​ថា៖

«អ្នក​គួរ​ដឹង​ថា ប្រទេស​ទាំង​ឡាយ ដូច​ជាក្រិច អ៊ីតាលី និងអាមេរិក បើប្រៀប​ធៀប​ពិន្ទុ​ ដែល​ប្រទេស​ទាំង​នេះ​ទទួល​បានកាល​ពី​ឆ្នាំ​កន្លង​ទៅ អ្នក​អាច​មើល​ឃើញ​ថា សភាពការណ៍​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង»។

អាមេរិក​បាន​ធ្លាក់​ចេញ​ពីឋានៈជាប្រទេស​កំពូល​ចំនួន​២០ ដែល​មាន​អំពើ​ពុក​រលួយ​តិច​តួច។ អាមេរិក ស្ថិត​ក្នុង​លំដាប់​ទី ​២២ ដែលស្ថិត​នៅ​ក្រោម​ប្រទេសកាតារ និង​ឈី​លី​ទៅ​ទៀត។

លោក​ណាន់ស៊ី ប៊ូស្វែល (Nancy Boswell)​ ប្រធាន​អង្គការតម្លា​ភាព​អន្តរ​ជាតិប្រចាំ​នៅ​សហ​រដ្ឋអាមេរិក មាន​ប្រសាសន៍​ថា ជម្លោះមូល​និធិ​ខាង​នយោបាយ វិបត្តិកម្ចី​ជាវ​អចលទ្រព្យ និង​ការ​លាត​ត្រដាង​អំពីប្រតិបត្តិ​ការវិនិយោគ​ទុច្ចរិតរបស់​ប៊ឺណាត ម៉ាដូហ្វ (Bernard Madoff) គឺ​ជា​កត្តា​ឆ្លុះ​បញ្ចាំងពី​ទិដ្ឋភាព ដែល​ថា​ កម្រិត​អំពើ​ពុក​រលួយ​នៅ​សហរដ្ឋ​អាមេរិកបាន​កើន​ឡើង។

លោក​ស្រីយូវីម៉ាណា បាន​បញ្ជាក់​ថា អំពើ​ពុក​រលួយ​ដែល​ចេះ​តែ​កើន​ឡើង​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ដូច​ជា​ប្រទេស​ក្រិច មួយ​ផ្នែក​អាច​បណ្តាល​មក​ពី​វិបត្តិហិរញ្ញ​វត្ថុសកល​លោក។ លោកស្រី​បាន​ថ្លែង​ថា អំពើ​ពុក​រលួយ​ មាន​ផល​ប៉ះពាល់​ដល់​គ្រប់ផ្នែក​នៃ​សង្គម នៅ​ទូ​ទាំង​ ពិភព​លោក ដោយ​រាប់​ចាប់​តាំង​ពីការ​ដោះ​ស្រាយ​ការប្រែ​ប្រួល​អាកាសធាតុ រហូត​ដល់​ការ​លុប​បំបាត់​ភាព​ក្រី​ក្រ។ លោក​ស្រីបាន​បន្ត​ទៀត​ថា​ ផែន​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជី​វភាពរស់នៅរបស់​ប្រជាពលរដ្ឋ ទូទាំង​ពិភព​លោក មិន​អាច​ទទួល​ជោគ​ជ័យ​បាន​ទេ ប្រសិន​បើអំពើ​ពុករលួយ​ កើត​មាន​ឡើង​នៅ​ក្នុងនៃ​វិស័យ​សាធារណៈ​បែប​នេះ។ លោក​ស្រីមាន​ប្រសាសន៍ថា គោល​ដៅ​អភិវឌ្ឍ​សហសវត្សរ៍របស់​អង្គការ​សហ​ប្រជាជាតិ គឺ​ជាឧទាហរណ៍នៃ​បំបាត់អំពើ​ពុក​រលួយ។ លោក​ស្រី​មាន​ប្រសាសន៍​ដូច្នេះ​ថា៖

«នៅ​ពេល​ដែល​អ្នកពិនិត្យមើល​គោល​ដៅ​ ដើម្បី​សម្រេច​បាន​នូវ​ការ​អប់រំ​ជា​សកល អ្នក​ដឹង​ថា អភិបាល​កិច្ច​មិន​ល្អ និង​អំពើ​ពុក​រលួយ គឺ​ជាធាតុ​ផ្សំ​គន្លឹះ​ ដោយ​សារ​ថា​ យើង​នឹង​គ្មានលទ្ធភាពសម្រេច​គោល​ដៅទាំង​នោះ​បាន​ឡើយ ដោយ​សារ​តែ​ធន​ធាន​ ដែល​ត្រូវ​បាន​បែង​ចែកទៅ​លើវិស័យ​ដែល​គួរ​បាន​ទទួល​ ត្រូវ​បាន​បង្វែរ​ទៅ​ប្រើ​ប្រាស់​លើ​វិស័យផ្សេងៗវិញ»។

ប្រទេស​ដាណឺម៉ាក ញូវហ្សីឡេន និងសិង្ហ​បូរី ត្រូវបានចាត់ទុកថា ជា​ប្រទេសមានកម្រិតពុក​រលួយតិចតួច ដែលប្រទេសនីមួយៗមានពិន្ទុលើសពី​៩។ របាយការណ៍​ឆ្នាំ​២០១០​គឺ​ជា ​របាយការណ៍​លើក​ទី​១៥ ដែលអង្គការតម្លាភាព​អន្តរ​ជាតិបាន​បោះពុម្ព​ផ្សាយ។ របាយការណ៍​នេះ ត្រូវ​បាន​ប្រើប្រាស់​ដោយ​រដ្ឋាភិបាល និង​សហគមន៍​ជំនួញ ដើម្បីតាម​ដាន​បរិយាកាសវិនិយោគ​នៅ​ជុំវិញ​ពិភ​ព​លោក៕

ប្រែសម្រួល​ដោយ ​លី សុខឃាង