ការសម្លាប់ជនជាតិអាមេរិកបួននាក់ នៅក្នុងសមុទ្រអារ៉ាប់ ដោយពួកចោរសមុទ្រដែលជាប់សង្ស័យ កំពុងធ្វើឲ្យមានការផ្តោតទៅលើកិច្ចខឹតខំប្រឹងប្រែងផ្នែកយោធាអន្តរជាតិ និងច្បាប់ ដើម្បីបញ្ចប់ចោរកម្មតាមសមុទ្រសូម៉ាលីដែលរីករាលដាល។ ក្រុមអ្នកជំនាញផ្តល់យោបល់អំពីមធ្យោបាយជាច្រើន រួមមានការដោះស្រាយដែលអាចធ្វើបានដូចជាចូលរួមសកម្មភាពសេដ្ឋកិច្ចបន្ថែមទៀត ការប្រយុទ្ធប្រកបដោយយុទ្ធសាស្ត្រ និងការបង់ប្រាក់លោះ។
នៅពេលដែលកិច្ចប្រឹងប្រែងអន្តរជាតិកំពុងកើនឡើងដើម្បីដោះស្រាយវិបត្តិដែលក្រុមអ្នកជំនាញហៅថាវិបត្តិចោរកម្មតាមសមុទ្រនោះ អង្គការនៃសមុទ្រអន្តរជាតិឲ្យដឹងថាស្ថានភាពកាន់តែធ្ងន់ធ្ងរជាលំដាប់។
រយៈ១២ខែកន្លងទៅនេះ អង្គការនេះរាយការណ៍ថា ឧបទ្ទវហេតុទាក់ទងនឹងចោរកម្មតាមសមុទ្រជិត២៩០លើក ភាគច្រើននៃហេតុការណ៍ទាំងនោះគឺប្លន់នាវាពាណិជ្ជកម្ម នៅក្នុងតំបន់ដ៏ធំល្ហល្ហេវមួយ។ ចោរកម្មតាមសមុទ្រកាន់តែច្រើនឡើងៗ ចាត់ការចេញពីនាវាធំៗ នៅឆ្ងាយក្នុងសមុទ្រ ដោយមានទូកតូចៗសម្រាប់អនុវត្តរបរចោរកម្មដ៏កាក់កប គឺប្លន់ និងចំណាប់មនុស្ស។
លោកស្រី ឡូរ៉ា ស៊ាយ អ្នកវិទ្យាសាស្ត្រខាងនយោបាយនៅសាកលវិទ្យាល័យ Morehouse នៅទីក្រុង អាត្លង់តា (Atlanta) ក្នុងពេលថ្មីៗនេះ កំពុងស្រាវជ្រាវអំពីប្រធានបទនេះ។ លោកស្រីមានប្រសាសន៍ថា សេចក្តីរាយការណ៍បង្ហាញថា មនុស្សដែលត្រូវបានចាប់ទុកយកជាថ្នូរកាន់តែច្រើនឡើងៗត្រូវបានធ្វើទារុណកម្ម និងសម្លាប់ ដូចជាករណីសម្លាប់ជនជាតិអាមេរិកបួននាក់នោះ។ លោកស្រីមានប្រសាសន៍ថា៖
«នោះ មិនមែនជាអ្វីដែលពួកចោរសមុទ្របានធ្វើ កាលពីកន្លងមកនោះទេ។ សំខាន់បំផុតនោះគឺថា ពីព្រោះពួកចោរសមុទ្រគិតថា វាជាមុខរបរមួយ។ ខ្ញុំនិយាយថា វាគ្រោតគ្រាតណាស់នឹងនិយាយបែបនេះ ប៉ុន្តែមនុស្សម្នាក់ដែលត្រូវគេចាប់ទុកយកជាថ្នូរដែលនៅរស់ជីវិត មានតម្លៃជាងមនុស្សត្រូវគេចាប់ទុកយកជាថ្នូរដែលស្លាប់។ ដូច្នេះក៏មានក្រម និងបទបញ្ជា អំពីការថែទាំមនុស្សដែលត្រូវគេចាប់ទុកយកជាថ្នូរដែរ ហើយយើងចាប់ផ្តើមឃើញការផ្លាស់ប្តូរនៅក្នុងប៉ុន្មានខែថ្មីៗនេះ ជាពិសេសខណៈពេលដែលការពង្រឹងច្បាប់ត្រូវបានរិតបន្តឹង»។
ពួកមេចោរសមុទ្របាននិយាយពេលថ្មីៗនេះថា ពួកគេនឹងសងសឹកវិញនៅពេលណាពួកចោរសមុទ្រត្រូវបានសម្លាប់ ដែលនាំឲ្យក្រុមអ្នកជំនាញខ្លះសង្ស័យអំពីប្រសិទ្ធិភាពនៃបេសកកម្មជួយសង្គ្រោះដោយប្រើកម្លាំងយោធា។
លោក ដេវីដ ស្ស៊ីន (David Shinn) ជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ ដ្យច វ៉ាស៊ីនតោន (George Washington) និងជាអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំទ្វីបអាហ្វ្រិក មានប្រសាសន៍ថា ការចាប់ និងការកាត់ទោសពួកចោរសមុទ្រក៏បានបង្ហាញពីផលវិបាកដែរ។
ប្រែសម្រួលដោយ នុច សារីតា