អគ្គស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ និយាយថា ខ្លួននឹងចាប់ផ្តើមបញ្ជូនគ្រួសារជនភៀសខ្លួនសូម៉ាលីចូលក្នុងតំបន់ថ្មីមួយនៃជំរុំជនភៀសខ្លួន Dadaabដែលពោពេញទៅដោយមនុស្សនៅក្នុងប្រទេសកេន យ៉ា។ ទីកន្លែងថ្មី ដែលគេស្គាល់ថា Kambioos នៅជិតជំរុំ Hagadera ដែលជាជំរំជនភៀសខ្លួនមួយនៃជំរំជនភៀសខ្លួនចំនួនបីនៃតំបន់ Dadaab។
ជនជាតិសូម៉ាលីជាង៧ម៉ឺននាក់ដែលរត់គេចខ្លួនពីការរាំងស្ងួត ទុរ្ភិក្សហើយនឹងជម្លោះបានទៅដល់ជំរុំ Dadaab នៃប្រទេសកេនយ៉ាក្នុងរយៈពេលជាងពីរខែកន្លង មកនេះ ដោយធ្វើឲ្យមានមនុស្សទាំងអស់ឡើងទៅដល់ប្រហែលបួនសែនបួនម៉ឺន នាក់។ ចំនួនមនុស្សដែលហូរចូលថ្មី បន្ថែមស្ថានភាពដ៏ច្របូកច្របល់នៅក្នុងជំរំ ជនភៀសខ្លួនដែលពោពេញទៅដោយមនុស្សនោះ។
នៅពេលដែលជំរំ Dadaab បានកសាងកាលពី២០ឆ្នាំមុន ជំរុំនោះត្រូវបានរៀបចំឡើងដើម្បីផ្ទុកមនុស្សប្រហែល៩ម៉ឺននាក់។ ចាប់តាំងពីពេលនោះមក ជំរុំនោះបានរីកកាន់តែធំដោយក្លាយជាជំរំជនភៀសខ្លួនដ៏ធំបង្អស់របស់ពិភពលោក ហើយក្រៅពីមនុស្ស ឥឡូវនេះ វាបានក្លាយជាទីក្រុងដ៏ធំទីបួនរបស់ប្រទេសកេនយ៉ា។
លោក Adrian Edwards អ្នកនាំពាក្យរបស់អង្គការ UNHCR និយាយថាជំរុំនោះ កំពុងពោរពេញទៅដោយជនភៀសខ្លួនហើយមិនអាចផ្ទុកជនភៀសខ្លួនទៀតទេ។ ដូច្នេះ អ្នកមកដល់ថ្មីត្រូវគេបង្ខំឲ្យរស់នៅក្នុងស្ថានភាពកខ្វក់ បណ្តោះអាសន្ន។
លោកនិយាយទៀតថាទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិកំពុងធ្វើការដើម្បីសម្រួលវិបត្តិនៃការតាំងទីលំនៅដោយការផ្ទេរជនភៀសខ្លួនសូម៉ាលីដែលមកដល់តំបូងរាប់ពាន់គ្រួសារទៅក្នុងកន្លែងថ្មី ដែលគេគ្រោងផ្ទុកមនុស្សជាង៩ម៉ឺននាក់។
«តង់ស្នាក់នៅនិងហេដ្ឋារចនាសម្ព័ន្ធ នឹងត្រូវបង្កើតហើយនឹងផ្តល់ទីកន្លែងស្នាក់នៅនិងសេវាកម្មដល់មនុស្សជាច្រើនដែលត្រូវការ។ ឥឡូវនេះ យើងមើលឃើញមនុស្ស១ពាន់៥រយនាក់ជាមធ្យមបានមកដល់ជារៀងរាល់ថ្ងៃ។មនុស្សជាច្រើនបានតាំងទីលំនៅដោយការស្ម័គ្រចិត្តនៅខាងក្រៅជំរុំIfo, Dagahaley និង Hagadera ដែលជាជំរំសង់បីទៀត។ ដោយសារត្រូវការម្ហូបអាហារនិងទឹក អ្នកមកដល់ថ្មីទាំងនោះ ត្រូវការជាបន្ទាន់នូវទីកន្លែងរស់នៅ ជំនួយថ្នាំពេទ្យហើយនឹងជំនួយសំខាន់ផ្សេងៗទៀត។»
ក្នុងខណៈនោះដែរ លោក Edwards និយាយថា ការតាំងទីលំនៅថ្មីរបស់ជនភៀសខ្លួនក្នុងជំរំថ្មី Ifo iii Extension ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៥ កក្កដា កំពុងបន្ត។
លោកនិយាយទៀតថា រហូតមកទល់ពេលនេះ ជនភៀសខ្លួនជាង១ម៉ឺន៥ពាន់នាក់បានរើទៅកាន់ជំរំនោះ។
មនុស្សជាង១២លាននាក់បានប្រឈមុខការអត់ឃ្លាននិងការស្លាប់ដោយការដាច់ពោះអត់អាហារក្នុងតំបន់អាហ្វ្រិកខាងកើត។ អង្គការ UNHCR ហៅការរាំងស្ងួតដែលកំពុងចាប់ច្បាមប្រទេសអេត្យូពី កេនយ៉ា Djibouti និងសូម៉ាលី ដែលជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតនៅក្នុងពិភពលោក។ ប្រទេសសូម៉ាលីជាពិសេសទទួលរងការប៉ះទង្គិចដ៏ខ្លាំង។ អង្គការសហប្រជាជាតិ បានប្រកាសជាផ្លូវការថាតំបន់ជាច្រើនក្នុងប្រទេសសូម៉ាលីខាងត្បូងនិងកណ្តាលជាតំបន់ទុរ្ភិក្ស៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន