ចៅក្រមស៊ើបសួរនៃតុលាការរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ និងឃុំខ្លួនសកម្មជនសង្គម លោក នី ណាក់ ពីបទ«បរិហាកេរ្តិ៍ និងញុះញង់» ដែលប្តឹងដោយរដ្ឋមន្រ្តីក្រសួងការងារ លោក ហេង សួរ ពាក់ព័ន្ធនឹងការបង្ហោះសារនៅលើហ្វេសប៊ុក។ នេះបើតាមភរិយារបស់លោក នី ណាក់ និងដីការបស់តុលាការ។
លោក នី ណាក់ ដែលធ្លាប់ជាប់ពន្ធនាគារម្តងហើយ ត្រូវបាននគរបាលឃាត់ខ្លួន កាលពីថ្ងៃសុក្រ ហើយបញ្ជូនទៅសាកសួរនៅតុលាការរាជធានីភ្នំពេញ។
អ្នកស្រី សុខ ស៊ីណែត ភរិយារបស់លោក នី ណាក់ ប្រាប់វីអូអេនៅថ្ងៃសៅរ៍ថានាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ស្វាមីរបស់អ្នកស្រីត្រូវបាននគរបាលបញ្ជូនតាមរថយន្តទៅឃុំខ្លួននៅពន្ធនាគារព្រៃស។ អ្នកស្រីថាស្វាមីរបស់អ្នកស្រីបានផ្តាំផ្ញើអ្នកស្រីតាមទូរស័ព្ទកុំឲ្យបារម្ភពីរូបលោក។
អ្នកស្រីចាត់ទុកការឃុំខ្លួនស្វាមីជារឿងអយុត្តិធម៌ និងប៉ះពាល់សេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។
អ្នកស្រីថ្លែងថា៖ «គាត់និយាយហ្នឹងក្នុងន័យស្ថាបនារាជរដ្ឋាភិបាល។ បើជាយើងមិនបានធ្វើទេ ហេតុអ្វីក៏ចាប់អារម្មណ៍នឹងសម្តីគាត់និយាយ?»។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ភ្លាមៗពីលោក ប្លង់ សុផល អ្នកនាំពាក្យតុលាការរាជធានីភ្នំពេញបាននៅឡើយទេ។
បើតាមដីកាបង្គាប់ឲ្យឃុំខ្លួនដែលផ្សព្វផ្សាយដោយសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលFrehnews ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ញឹម ពិសាល បានបង្គាប់ឲ្យឃុំខ្លួនលោក នី ណាក់ នៅពន្ធនាគារព្រៃស ក្រោមបទ«ការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិមបរិហារកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើង» ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ និងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ តាមមាត្រា៨៨ មាត្រា៣០៧ មាត្រា៤៩៥ និងមាត្រា៤៩៦នៃក្រមព្រហ្មទណ្ឌ។
បើតាមមាត្រា៨៨នៃក្រមព្រហ្មទណ្ឌ កាលបើបុគ្គលណាមួយត្រូវបានផ្តន្ទាទោសជាស្ថាពររួចហើយ ពីបទមជ្ឈិមណាមួយ បុគ្គលនេះបានប្រព្រឹត្តបទមជ្ឈិមដដែលក្នុងរយៈពេល៥ឆ្នាំ អតិបរមានៃទោសដាក់ពន្ធនាគារចំពោះបទមជ្ឈិមថ្មីត្រូវទ្វេឡើង។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ ប្រាប់វីអូអេកាលពីថ្ងៃសុក្រថាលោក នី ណាក់ បានផ្សព្វផ្សាយ«ព័ត៌មានមិនពិត មានចេតនាទុច្ចរិតក្នុងការញុះញង់» និងធ្វើឲ្យសាធារណជនយល់ច្រឡំ ហើយវាប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់លោក ហេង សួរ។ លោកបញ្ជាក់បន្ថែមថាព័ត៌មាននោះទាក់ទងនឹងការលើកឡើងថា«កាត់ដីឲ្យលោក ហេង សួរ ទុកសង់រោងចក្រចំនួន២ពាន់និងធ្វើការិយាល័យសម្រាប់មន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ»។
លោក កត្តា អ៊ន បញ្ជាក់ថាលោកបានបំភ្លឺទៅកាន់សាធារណជនថាការកាត់ដីចំនួន១០០ហិកតានៅខេត្តកំពត ផ្តល់ទៅឈ្មោះហេង សួរ មិនមែនជារដ្ឋមន្រ្តីក្រសួងការងារនោះទេ។
លោកថ្លែងថា៖ «ប៉ុន្តែលោក នី ណាក់ និងបក្ខពួករបស់ខ្លួននៅតែបន្តចែកចាយនូវព័ត៌មានមិនពិតទាំងនេះដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ឯកឧត្តមហេង សួរ ដែលជារដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយនេះជាបទល្មើសព្រហ្មទណ្ឌ»។
កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ លោក នី ណាក់ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកក្នុងន័យដើមថា៖ «តើលោក ហេង សួរ បានសាងស្នាដៃធំធេងអ្វីដល់ជាតិខ្មែរ បានជារដ្ឋាភិបាលកាត់ដីព្រៃផ្តល់ឱ្យធ្វើជាកម្មសិទ្ធិ? RIP ព្រៃឈើខ្មែរ»។ ចំណែកកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅលើហ្វេសប៊ុករបស់លោក នី ណាក់ មានការបង្ហោះសារក្នុងន័យដើមថា៖ «កាត់ដីឱ្យលោក ហេង សួ ប្រហែលជាទុកសង់រោងចក្រ ២០០០ និងធ្វើការិយាល័យ ឱ្យមន្ត្រីក្រសួងការងារ ព្រោះឃើញគាត់ប្រាប់ថាធ្វើការរហូតគ្មានថ្ងៃសៅរ៍ ឬ អាទិត្យឡើយ»។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ប្រាប់វីអូអេកាលពីថ្ងៃសុក្រថាសមត្ថកិច្ចនាំខ្លួនលោក នី ណាក់ ទៅសាកសួរតាមដីកាកោះហៅរបស់តុលាការ ដែលលោកថាមានលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ ជាដើមបណ្តឹង ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ និងញុះញង់។
លោក នី ណាក់ គឺជាសកម្មជនសង្គមមួយរូបដែលធ្លាប់ជាប់ពន្ធនាគារ និងតែងតែរិះគន់អំពីភាពអវិជ្ជមានក្នុងសង្គម។ កាលពីខែកញ្ញា ឆ្នាំមុន លោកត្រូវបានជនមិនស្គាល់អត្តសញ្ញាណមួយក្រុមធាក់ម៉ូតូផ្តួល និងបានវាយដំលើរាងកាយ និងក្បាលយ៉ាងដំណំ នៅពេលដែលលោក និងភរិយាធ្វើដំណើរតាមដងផ្លូវ នៅជិតវត្តព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក នី ណាក់ ធ្លាប់ជាប់ពន្ធនាគារ១៨ខែ និងពិន័យជាប្រាក់ចំនួន២លានរៀល ពីបទ«ជេរប្រមាថជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ក្នុងលក្ខណៈកំប្លែង រឿងទិញម៉ាស់ពាក់ឱ្យមាន់ អំឡុងពេលមានការឆ្លងរាតត្បាតជំងឺកូវីដ១៩។
គួរបញ្ជាក់ថាលោក នី ណាក់ ម្ចាស់គណនីសង្គមហ្វេសប៊ុកឈ្មោះ IMan-KH ដែលមានជំនាញក្នុងវិស័យកសិកម្មតែងតែរិះគន់ចំណុចអវិជ្ជមាននានាក្នុងសង្គម ជាពិសេសពាក់ព័ន្ធវិស័យកសិកម្ម តាមបណ្តាញសង្គមហ្វេសប៊ុករបស់លោក។ លោក នី ណាក់ ក៏ធ្លាប់ជួបជាមួយអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ផងដែរ កាលពីកន្លងទៅ៕