សំណុំរឿងសួនប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤នៅមិនទាន់បានបិទបញ្ចប់ទេទៅលើសមាជិកសភាខាងគណបក្សសង្គ្រោះជាតិ បើទោះបីជាគណបក្សប្រឆាំងបានព្រមព្រៀងចូលប្រជុំក្នុងរដ្ឋសភាដើម្បីបំពេញភាពស្របច្បាប់ដល់រដ្ឋាភិបាលអាណត្តិទី៥ក៏ដោយ។
តុលាការកំពូលនៅថ្ងៃទី១៩ខាងមុខនេះគ្រោងនឹងកោះហៅអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន៦នាក់ដើម្បីមកសាកសួរពាក់ព័ន្ធនឹងបណ្តឹងទាស់ការសម្រេចរបស់សាលាឧទ្ធរណ៍ និងតុលាការជាន់ទាប បន្ទាប់ពីសមត្ថកិច្ចបានដកហូតយកសម្ភារៈផ្ទាល់ខ្លួន ដូចជាទូរស័ព្ទ និងឧបករណ៍ iPad នៅក្នុងការប៉ះទង្គិចគ្នានៅសួនប្រជាធិបតេយ្យកាលពីខែកក្កដាឆ្នាំទៅ។
នៅក្នុងដីការកោះហៅដោយលោកឈួន ចាន់ថា អគ្គព្រះរាជអាជ្ញារងនៃតុលាការកំពូលកាលពីចុងខែធ្នូឆ្នាំ២០១៤ បានកោះហៅអ្នកតំណាងរាស្ត្រចំនួន៦រូបដែលរួមមាន៖ លោកហូរ វ៉ាន់ លោកកែវ ភិរម្យ លោកឡុង រី លោកនុត រំដួល លោករៀល ខេមរិន្ទ និងលោកម៉ែន សុឋាវរិន្ទឲ្យមកចូលខ្លួនបំភ្លឺតុលាការនៅថ្ងៃទី១៩ខាងខែមករាមុខនេះ។
ដីការកោះហៅរបស់តុលាការកំពូលបានចោទប្រកាន់អ្នកតំណាងរាស្ត្រទាំង៦រូប និងសកម្មជនគណបក្ស៤នាក់ផ្សេងទៀតពីបទ៖«ដឹកនាំកុប្បកម្ម ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងផ្តើមគំនិតក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ខែកក្កដា ដែលបទល្មើសនេះត្រូវបានតុលាការក្រុងភ្នំពេញសម្រេចចេញដីការឲ្យនៅក្រៅឃុំបណ្តោះជាអាសន្ន កាលពីថ្ងៃទី២២ខែវិច្ឆិកាបន្ទាប់ពីមានការសម្របសម្រួលផ្នែកនយោបាយ។
លោកកើត ឃី មេធាវីការពារក្តីឲ្យលោកកែវ ភារម្យ និងលោកហូរ វ៉ាន់បានបញ្ជាក់ថា លោកបានទទួលដីការកោះរបស់តុលាការរួចហើយ។ ក៏ប៉ុន្តែលោកបានបញ្ជាក់ថា បទចោទរបស់តុលាការជាការភាន់ច្រឡំ។
លោកបានបញ្ជាក់ថា តាមពិតមេធាវីការពារក្តីបានប្តឹងសារទុក្ខដើម្បីទាមទារយកសម្ភារៈផ្ទាល់ខ្លួនរបស់អ្នកតំណាងរាស្ត្រ ដូចជាទូរស័ព្ទដៃ និងiPad តែប៉ុណ្ណោះ។
លោកនិយាយថា៖ «ដោយសារគាត់ច្រឡំ គាត់ស្មានតែថា ប្តឹងសារទុក្ខមកតុលាការកំពូលហ្នឹង គឺទាំងរឿងវត្ថុចាប់យក ទាំងការសម្រេចឃុំខ្លួន»។
វីអូអេបានព្យាយាមទាក់ទងស្នើសុំសេចក្តីអត្ថាធិប្បាយពីលោកឃឹម ប៉ុន ប្រធានតុលាការកំពូល និងលោកឈួន ចាន់ថា អគ្គព្រះរាជអាជ្ញារង តែមិនអាចទាក់ទងបានទេ។
លោកកែវ ភិរម្យ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា លោកបានទទួលដីការកោះរបស់តុលាការរួចហើយ។ លោកមានប្រសាសន៍ថា លោកនឹងចូលខ្លួនទៅកាន់តុលាការ ក៏ប៉ុន្តែលោកនៅមិនយល់ដែរអំពីនីតិវិធីតុលាការកម្ពុជា។
លោកចាន់ ចេន មេធាវីការពារក្តីឲ្យលោករៀល ខេមរិន្ទ បានបញ្ជាក់ថា ចំណាត់ការរបស់តុលាការកំពូលហាក់បីដូចជាមិនសមហេតុផល ដោយសារកូនក្តីទាំងអស់មានមេធាវី ដូច្នេះត្រឹមតែកោះអញ្ជើញមេធាវីគឺជាការគ្រប់គ្រាន់ហើយ។
លោកនិយាយថា៖ «កូនក្តីទាំងអស់នោះជាតំណាងរាស្ត្រ ហើយគាត់មានអភ័យឯកសិទ្ធិ ហើយត្រូវបានកោះអញ្ជើញគាត់ទៅតុលាការកំពូល ហើយនេះវាប៉ះពាល់ដល់កិត្តិយស និងអភ័យឯកសិទ្ធិពួកគាត់ផងដែរបាទ»។
នៅថ្ងៃទី៨ខែមករាខាងមុខនេះ តុលាការក្រុងភ្នំពេញនឹងបើកសវនាការពេញអង្គសេចក្តីលើមន្ត្រីជាន់ខ្ពស់ និងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១រូប ផ្សេងទៀតផងដែរ៕