ការបាក់ស្រុតដីនៅក្បែរពហុកីឡាដ្ឋានអូឡាំពិក ក្រោយភ្លៀងធ្លាក់ខ្លាំងដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីម្សិលមិញ បានបង្កឲ្យមានក្តីបារម្ភជុំវិញសុវត្ថិភាពរបស់អ្នកធ្វើដំណើរតាមដងផ្លូវ និងធ្វើឲ្យគុណភាពសំណង់នៅកម្ពុជាស្ថិតនៅក្រោមការពិភាក្សា។
ករណីដីបាក់ស្រុតក្រោយភ្លៀងធ្លាក់ខ្លាំងជិត២ម៉ោង នៅក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃពុធ ទី៨ ខែមិថុនាកន្លងទៅនេះ បានបង្កឲ្យមានក្តីបារម្ភជុំវិញបញ្ហាសុវត្ថិភាពពីសំណាក់ប្រជាពលរដ្ឋ និងធ្វើឲ្យមានការសង្ស័យចំពោះគុណភាពសំណង់នៅកម្ពុជា។
ក្តីបារម្ភ និងការសង្ស័យនេះកើតមានឡើងមួយថ្ងៃ ក្រោយរូបភាពរថយន្តបីគ្រឿងដែលផុងជាប់នៅក្នុងដីក្បែរសំណង់លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបមួយរបស់ក្រុមហ៊ុន OCIC ជិតពហុកីឡាដ្ឋានអូឡាំពិក ក្នុងខណ្ឌ៧មករា ត្រូវបានផ្សព្វផ្សាយពេញបណ្តាញសង្គមហ្វេសប៊ុក កាលពីម្សិលមិញ។
រថយន្តអេស្កាវេទ័រជីកកកាយដីបន្ទាប់ពីរថយន្តចំនួនបីគ្រឿងផុងស្រុតខណៈពេលមានភ្លៀងធ្លាក់ជោគជាំនៅក្បែរការរដ្ឋានសាងសង់មួយនៅទីលានស្តាតអូឡាំពិកនៃខ័ណ្ឌប្រាំពីរមករានៅថ្ងៃពុធទី០៧ខែមិថុនា ឆ្នាំ២០១៦នេះ។រថយន្តចំនួនបីគ្រឿងដែលគេចតចោលនៅបណ្ដោយផ្លួវជាប់ការរដ្ឋាននេះ ត្រូវក្រុមហ៊ុនការរដ្ឋានសាងសង់ស្ទួចទៅឲ្យម្ចាស់ដើមវិញ។ (ឡេង ឡែន/VOA )
លោក ហួត ហាង វ័យជិត៦០ឆ្នាំ ជាអ្នករត់ម៉ូតូឌុបម្នាក់ក្នុងរាជធានីភ្នំពេញ ដែលបានឃើញហេតុការណ៍ស្រុតដីផ្ទាល់ភ្នែកកាលពីម្សិលមិញ។ លោករៀបរាប់ប្រាប់ VOA ថា៖
«ហ៎! ខ្ញុំនៅឈរនឹងហ្គារាសសាំងហ្នឹង! ឃើញឡានចតស្ងៀម បាក់ផុងដី ស្រុតឡានទៅ ធ្លាក់ឡាន៣គ្រឿង។ អាហ្នឹងមកពីសំណង់ខុសបច្ចេកទេស។ វាផុងលូ បាក់លូនៅក្រោមបាក់លូ វាហូរច្រោះ ដល់ចឹងថ្នល់យើងប្រហោងក្រោមបានស្រុតចុះទៅ។ គេហាមចត តែជិះកាត់បាន តែសំណាងហើយ បើសិនជាអត់មានឡានចត ពលរដ្ឋជិះកាត់ដងផ្លូវ យើងធ្វើដំណើរឡានធំ តូចអី មានគ្រោះថ្នាក់ អាហ្នឹងធ្ងន់ហ្នង៎ វាអាចប៉ះពាល់ដល់ជីវិតទៀត។ មិនមែនថាយើងរិះគន់អីគេទេ ក៏ប៉ុន្តែសំណង់ហ្នឹងធ្វើកៀកនឹងចិញ្ចើមផ្លូវពេក ថ្ងៃក្រោយចង់ពង្រីកថ្នល់ជាតិថែមទៀត អត់បាន»។
លោកបន្ថែមទៀតថា បើគ្មានវិធានការណាមួយសមស្របឆ្លើយតបនឹងបញ្ហានេះ វាអាចបង្កឲ្យមានបញ្ហាស្រដៀងគ្នា ឬធ្ងន់ធ្ងរជាងនេះកើតមានឡើងនាពេលខាងមុខ។ អ្នករត់ម៉ូតូឌុបរូបនេះមានក្តីបារម្ភជុំវិញបញ្ហាសុវត្ថិភាពរបស់អ្នកធ្វើដំណើរតាមដងផ្លូវ ហើយលោកគិតថា ការបាក់ស្រុតនេះ កើតឡើងដោយសារសំណង់ការដ្ឋានខ្នាតធំនេះ ធ្វើឡើងនៅកៀកនឹងផ្លូវធ្វើដំណើរជ្រុលពេក។
ប្រជាពលរដ្ឋចោមរោមមើលរថយន្តផុងនៅចិញ្ចើមផ្លូវមួយបន្ទាប់ពីមានភ្លៀងធ្លាក់នៅក្បែរពហុកីឡាដ្ឋានអូឡាំពិកខ័ណ្ឌប្រាំពីរមករានៅថ្ងៃពុធទី០៧ខែមិថុនា ឆ្នាំ២០១៦នេះ។រថយន្តចំនួនបីគ្រឿងដែលគេចតចោលនៅបណ្ដោយផ្លួវជាប់ការរដ្ឋាននេះ ត្រូវក្រុមហ៊ុនការរដ្ឋានសាងសង់ស្ទួចទៅឲ្យម្ចាស់ដើមវិញ។ (រូបថតពី៖SBN)
«អារឿងខ្លាច ខ្លាចហើយ។ ថ្នល់ហ្នឹងប្រេះដល់ខឿនកណ្តាលទ្រូងថ្នល់ ទៅមើលថ្នល់ហ្នឹងបានដឹង ឃើញស្នាមប្រេះហ្មង៎។ បើតាមការសន្និដ្ឋាន មិនអាចបានយូរទេ។ ហេងសយ វាអាចបង្កយថាហេតុណាមួយផ្សេងទៀត។ បើភ្លៀងខ្លាំងអាចមានទៀត។ អាហ្នឹងមានតែឈូសឆាយ គាស់ធ្វើសារជាថ្មី»។
លោក ប្រាក់ ហេង វ័យ៤៩ឆ្នាំ ជាអ្នករត់ម៉ូតូឌុបម្នាក់ទៀត ដែលមានវត្តមាននៅជិតកន្លែងកើតហេតុ កាលពីម្សិលមិញដែរ។ លោករៀបរាប់ពីព្រឹត្តិការណ៍នោះយ៉ាងដូច្នេះ៖
«ប្រហែលម៉ោងមួយ ឬពីរជាងហ្នឹង ពេលភ្លៀង។ នាំគ្នាទៅមើលទាំងអស់គ្នាទៅ។ វាមានអីគ្រាន់តែទឹកហូរចូលយូរទៅវាច្រោះ ផ្លូវទៅ វាបាក់ស្រុតចុះឡាននៅហ្នឹងទៅ ឡានវាចតចោលនៅហ្នឹង។ ជិះតា៎! ផ្លូវហ្នឹង គេជិះរាល់ថ្ងៃគ្មានបញ្ហាអីផង ម្សិលមិញភ្លៀងខ្លាំងដែរ។ ពេលធ្វើ[សំណង់] គេការពារដែរ ខាងក្នុងប្រហោងចឹងហើយ តែគេធ្វើមានដាក់ដែកឃាំងដែរតា៎ គេឃាំងមួយជួរហ្នឹង។ អានេះដូចថាចៃដន្យ ពេលភ្លៀងយូរ ហូរទៅ វាស្រុតចូលទៅចឹង»។
លោក សែ វឿន ជាអ្នករស់នៅក្នុងក្រុងភ្នំពេញម្នាក់ទៀត វ័យ៦០ឆ្នាំ។ បើទោះជាលោកមិនបាននៅជិតកន្លែងកើតហេតុម្សិលមិញក្តី ក៏ហេតុការណ៍នេះបានបង្កការភ័យខ្លាចដល់រូបលោកដែរ។
«កាលពីដើមមក មានអី កាលពីមិនទាន់ធ្វើអី[សំណង់]នៅហ្នឹង ធ្វើអីក៏អត់បាក់ដែរ។ ដល់ពេលកាយដីជ្រៅពេកចឹងទៅ ភ្លៀងមកវាមិនបាក់។ អាហ្នឹងមកពីយើងកាយដី ហើយចិញ្ចើមផ្លូវទៀត បានបាក់ផ្លូវហ្នឹង។ ឲ្យតែភ្លៀងធំ ដឹងតា៎បាក់ដដែលហ្នឹង បើគេមិនទាន់ធ្វើហើយផង។ បើវាបាក់ស្រុតចឹងហើយ យើងត្រូវរូតរះធ្វើឲ្យបានឆាប់ ស្រណុកប្រជាជនគេធ្វើដំណើរចេញចូលតាមផ្លូវ មិនចឹងទេស្ទះពេញទឹក ពេញដី ដោយសារសំណង់ហ្នឹង»។
កម្មករសំណង់មួយរូប ក្នុងការដ្ឋានសំណង់ខ្នាតធំនេះ វ័យ៤០ឆ្នាំ ដែលសុំមិនបញ្ចេញឈ្មោះ ថ្លែងប្រាប់ VOA យ៉ាងដូច្នេះ៖
«ចេះតែបារម្ភហើយ ផ្លូវវាបាក់ចឹង។ កន្លែងផ្សេងដូចមិនអីទេ ព្រោះអានេះលូ និងការដ្ឋាន វាជាប់គ្នា។ ដីកាយការដ្ឋានចឹង ទៅដីវាបាក់។ ដីបាក់ អាប្រព័ន្ធលូ ក៏នៅអែបអគារនឹងដែរ។ កាលណាលូបែកទៅ វាមានទឹកហូរ វាច្រោះដីទៅ»។
សំណង់ខ្នាតយក្សនេះ ត្រូវបានច្រៀកចេញពីបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិច ជូនក្រុមហ៊ុន OCIC ដើម្បីអភិវឌ្ឍលំនៅដ្ឋានទំនើបនិងមជ្ឈមណ្ឌលពាណិជ្ជកម្ម។
ទីតាំងបាត់ស្រុតកាលពីម្សិលមិញ នៅពេលនេះកំពុងស្ថិតក្រោមការជួលជុលដោយក្រសួងសាធារណការ ក៏ប៉ុន្តែសំណងចំពោះការខូចខាតរថយន្តទាំង៣នៅមានភាពចម្រូងចម្រាសនៅឡើយ។ នេះបើតាមការឲ្យដឹងពីលោក មាន ចាន់យ៉ាដា នាយករដ្ឋបាលសាលារាជធានីភ្នំពេញ។
លោកបញ្ជាក់ប្រាប់ VOA យ៉ាងខ្លីពីចំណាត់ការបន្ទាប់ទៀតយ៉ាងដូច្នេះ«ដោយសារតែភ្លៀងហូរទៅ វាច្រោះដីតែម្តង វានៅកៀកជាមួយរណ្តៅ ដែលក្រុមហ៊ុនគាត់ជីកធ្វើចំណតឡាន។ វាជាឧបទ្ទវហេតុ។ ចំណាត់ការគឺថា យើងនឹងណែនាំឲ្យក្រុមហ៊ុនដែលធ្វើការដ្ឋាននីមួយៗ សូមឲ្យមានការយកចិត្តទុកដាក់ទៅលើបទដ្ឋានបច្ចេកទេសរបស់ខ្លួន»។
កម្មករសំណង់ឈរមើលរថយន្តអេស្កាវេទ័រជីកកកាយដីបន្ទាប់ពីរថយន្តបីគ្រឿងផុងស្រុតខណៈពេលមានភ្លៀងធ្លាក់ជោគជាំនៅការដ្ឋានសំណង់នៅជាប់របងពហុកីឡាដ្ឋានអូឡាំពិកខ័ណ្ឌប្រាំពីរមករានៅថ្ងៃពុធទី០៧ខែមិថុនា ឆ្នាំ២០១៦នេះ។ រថយន្តចំនួនបីគ្រឿងដែលគេចតចោលនៅបណ្ដោយផ្លួវជាប់ការរដ្ឋាននេះ ត្រូវក្រុមហ៊ុនការរដ្ឋានសាងសង់ស្ទួចទៅឲ្យម្ចាស់ដើមវិញ។ (ឡេង ឡែន/VOA )
VOA មិនអាចសុំការអធិប្បាយពីតំណាងក្រុមហ៊ុន OCIC ដែលជាម្ចាស់ការដ្ឋានសំណង់នេះបានទេ នាថ្ងៃព្រហស្បតិ៍នេះ។ យ៉ាងណាក៏ដោយ តំណាងក្រុមហ៊ុន OCIC នាព្រឹកនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកមួយ អំពីការច្រានចោលការទទួលខុសត្រូវរបស់ក្រុមហ៊ុនសំណង់ដ៏ធំមួយនេះលើការបាក់ស្រុតផ្លូវនៅក្បែរស្តាតអូឡាំពិកនេះ។
លោក សុខ គីន ជាប្រធានសហជីពសហព័ន្ធសេរីកម្មករសំណង់ និងព្រៃឈើ លើកឡើងថា សំណង់ និងអគារនៅកម្ពុជាមួយចំនួនធំ នៅមិនទាន់មានគុណភាពល្អនៅឡើយនោះទេ។ លោកឲ្យដឹងថាអាចមានមូលហេតុ២ ដែលអាចបង្កឲ្យមានការស្រុតផ្លូវកាលពីម្សិលមិញ។ ទីមួយ គឺសំណង់ផ្លូវថ្នល់ ដែលជាគម្របលូស្តើងពេក គ្មានគុណភាព។ និងទី២ ដោយសារការដ្ឋានសំណង់ ឬការជីកគ្រឹះសំណង់ធ្វើឡើងនៅកៀកគ្នាពេកនឹងផ្លូវថ្នល់។
«អ្នកដែលវិនិយោគ គឺជាអ្នកចំណេញ។ ក៏ប៉ុន្តែផលប៉ះពាល់គឺប្រជាពលរដ្ឋខ្មែរ។ ដូចសំណង់កន្លែងធ្លាក់ឡានហ្នឹងចឹង សួរថា គ្រាន់តែភ្លៀងធ្លាក់សោះ ហេតុអីក៏ត្រូវធ្លាក់ស្រុតឡានដល់ទៅ៣គ្រឿង។ ចឹងស្រុកខ្មែរយើង ប្រៀបធៀបនឹងប្រទេសជិតខាង ហាក់បីដូចជាមិនមានស្តង់ដារជាក់លាក់»។
គួរបញ្ជាក់ផងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ ការដ្ឋានសាងសង់របស់ក្រុមហ៊ុន OCIC ដដែលនេះ បានធ្វើឲ្យស្ត្រីវ័យកណ្តាលមួយរូបស្លាប់បាត់បង់ជីវិតនៅជាប់ស្ដាតអូឡាំពិក ក្បែរអតីតរង្វង់មូលនាងគង្ហីង។ ព្រឹត្តិការណ៍ធ្លាក់ដែកចំស្រ្តីរូបនេះ បានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីសាធារណជន ចំពោះការធ្វេសប្រហែលរបស់ក្រុមហ៊ុនម៉ៅការអគារខ្ពស់ និងធំនេះ៕