លោក Lawrence Wong ត្រូវបានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសសិង្ហបុរីនេះកាលពីថ្ងៃទី ១៥ ខែឧសភា ដោយលោកបានក្លាយជានាយករដ្ឋមន្ត្រីថ្មីដំបូងរបស់ប្រទេសនេះក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ និងជាមេដឹកនាំទី ៤ ចាប់តាំងពីប្រទេសសិង្ហបុរីទទួលបានឯករាជ្យមក។
ពិធីនេះកត់សម្គាល់ដំណើរការផ្លាស់ប្តូរផ្ទេរអំណាចដ៏ប្រុងប្រយ័ត្នមួយ ក្នុងបំណងដើម្បីធានាពីនិរន្តរភាពនៅក្នុងប្រទេសដែលជាទីក្រុងដ៏សម្បួររុងរឿងមួយនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Wong ដែលមានវ័យ ៥១ ឆ្នាំស្ថិ តក្នុងចំណោមមនុស្សសម្រិតសម្រាំងមួយក្រុមតូច ដែលគេហៅថាជាក្រុមមេដឹកនាំ «4G» ដែលជាក្រុមអ្នកនយោបាយជំនាន់ថ្មីមួយ ដែលត្រូវបានជ្រើសរើសដោយផ្ទាល់ ក្នុងចំណោមគណបក្សកាន់អំណាចដែលគ្រប់គ្រងប្រទេសសិង្ហបុរីអស់រយៈពេលជាយូរមកហើយ គឺគណបក្សសកម្មភាពប្រជាជន ឬ People's Action Party (PAP) ដើម្បីដឹកនាំអំណាចបន្តទៅមុខទៀត នៅក្នុងប្រទេសដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនិងពាណិជ្ជកម្មអាស៊ីមួយនេះ។
លោក Wong គឺជាមេដឹកនាំសិង្ហបុរីទី ១ ដែលបានកើតក្រោយប្រទេសនេះទទួលបានឯករាជ្យក្នុងឆ្នាំ ១៩៦៥។ លោកក៏នឹងរក្សាតំណែងបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងដែរ និងដឹកនាំប្រទេសនេះបន្តពីលោក Lee Hsien Loong ដែលបានដឹកនាំប្រទេសសិង្ហបុរីអស់រយៈពេល ២០ ឆ្នាំកន្លងទៅ។ លោក Lee Hsien Loong ដែលមានអាយុ ៧២ ឆ្នាំនោះ ជាកូនប្រុសរបស់លោក Lee Kuan Yew ដែលជាស្ថាបនិកនៃប្រទេសសិង្ហបុរីទំនើប ដែលបានស្ថិតនៅក្នុងឆាកនយោបាយរហូតដល់លោកទទួលមរណភាពកាលពីឆ្នាំ ២០១៥។
ការកាន់តំណែងបន្តនេះត្រូវបានគិតគូរអស់ពេលជាយូរមកហើយ ដោយលោក Lee មានគម្រោងថានឹងចុះចេញពីតំណែងមុនពេលលោកមានអាយុ ៧០ ឆ្នាំ តែត្រូវបានផ្អាកដោយជំងឺរាតត្បាតកូវីដ១៩ និងដោយបេក្ខភាពដែលត្រូវទទួលតំណែងជំនួសលោក បានបដិសេធមិនព្រមទទួលតំណែង ដែលធ្វើឱ្យមានការបើកផ្លូវជាថ្មីសម្រាប់អ្នកផ្សេងក្នុងការទទួលយកតំណែងនេះ ក្នុងឆ្នាំ ២០២១។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong (ឆ្វេង) ចាប់ដៃជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុសិង្ហបុរីលោក Lawrence Wong ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ ក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។
លោក Wong បានសន្យាថានឹងដឹកនាំប្រទេសដោយ «សុភាពរាបសានិងមានការទទួលខុសត្រូវខ្ពស់»ចំ ពោះប្រទេសសិង្ហបុរីនិងប្រជាជនរបស់ប្រទេសនេះ ដែលមានចំនួន ៥លាន ៩សែននាក់ និងសន្យាប្រឹងប្រែងឱ្យអស់ពីសមត្ថភាពសម្រាប់ប្រជាជន។
លោក Wong ចាប់មានកេរិ៍្តឈ្មោះល្បីក្នុងឆ្នាំ ២០២០ ក្នុងពេលលោកបំពេញមុខងារជាសហប្រធានថ្នាក់ជាតិសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ និងត្រូវបានតែងតាំងជាអ្នកស្នងតំណែងជំនួសលោក Lee កាលពីខែមេសា ឆ្នាំ ២០២២ ក្រោយពីមានការពិគ្រោះយោបល់ជាច្រើនដង រវាងថ្នាក់ដឹកនាំនយោបាយនិងសហការីរបស់លោករួចមក។
លោកត្រូវបានតំឡើងតួនាទីទៅជាឧបនាយករដ្ឋមន្ត្រី និងបានដឹកនាំការងារអនុវត្តការពិគ្រោះយោបល់សាធារណៈថ្នាក់ខ្ពស់មួយ ដើម្បីពិនិត្យដោះស្រាយពីផលប៉ះពាល់សង្គមរវាងរដ្ឋាភិបាលនិងប្រជាជន ដែលកំពុងប្រឈមនឹងបញ្ហាមួយចំនួនដូចជាចីរភាព វិសមភាពនិងបញ្ហាការងារជាដើម។
និរន្តរភាពនិងស្ថិរភាព
លោក Wong បានធ្វើការរុះរើគណៈរដ្ឋមន្ត្រីតិចតួចប៉ុណ្ណោះកាលពីថ្ងៃទី ១៣ ខែឧសភាកន្លងទៅ ដោយតំឡើងឋានៈរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឱ្យធ្វើជាឧបនាយករដ្ឋមន្ត្រីរបស់លោក និងកត់សម្គាល់ថា និរន្តរភាពនិងស្ថិរភាពជាកត្តាចម្បងក្នុងការរុះរើគណៈរដ្ឋមន្ត្រីនេះ។ លោកក៏បានសន្យាថានឹងធ្វើការរុះរើគណៈរដ្ឋមន្ត្រីក្នុងទ្រង់ទ្រាយធំមួយ បន្ទាប់ពីការបោះឆ្នោតដែលនឹងត្រូវកំណត់ធ្វើនៅឆ្នាំក្រោយ។
លោក Lee Hsien Loong នឹងនៅតែស្ថិតក្នុងគណៈរដ្ឋមន្ត្រីថ្មីរបស់លោក Wong ដោយមានតួនាទីជាទេសរដ្ឋមន្ត្រីដូចអតីតនាយករដ្ឋមន្ត្រីសិង្ហបុរីមុនៗដែរ ដោយរក្សាតួនាទីនយោបាយរបស់ក្រុមគ្រួសារត្រកូល Lee ដែលមានជាយូរមកហើយ។
រូបឯកសារ៖ ទិដ្ឋភាពទីក្រុងសិង្ហបុរីនៅតំបន់ Marina Bay កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។
ឪពុករបស់លោក Lee Hsien Loong គឺលោកអតីតនាយករដ្ឋមន្ត្រី Lee Kuan Yew បានចុះចេញពីតំណែងជាមេដឹកនាំសិង្ហបុរីក្នុងឆ្នាំ ១៩៩០ និងបានស្ថិតក្នុងគណៈរដ្ឋមន្ត្រីនៃអ្នកស្នងតំណែងរបស់លោកអស់ពេល ២១ ឆ្នាំ ដោយដំបូងឡើយធ្វើជាទេសរដ្ឋមន្ត្រីហើយក្រោយមកក៏ធ្វើជា «ព្រឹទ្ធាចារ្យរដ្ឋមន្ត្រី»នៅក្នុងរដ្ឋាភិបាលរបស់លោក Lee Hsien Loong។
នាយករដ្ឋមន្ត្រីដែលចេញពីតំណែងលោក Lee Hsien Loong បានថ្លែងប្រាប់ក្រុមអ្នកចូលរួមក្នុងសំឡេងរំភើបក្នុងចិត្តថា៖ «ខ្ញុំមានអារម្មណ៍ពេញចិត្តនិងភាពបានសម្រេចចប់សព្វគ្រប់»។
មេដឹកនាំគណបក្សប្រឆាំងលោក Pritam Singh បាននិយាយនៅថ្ងៃទី ១៥ ខែឧសភាថា លោក Wong បានទទួលតំណែងនេះក្នុងពេលវេលាប្រឈមមួយដែលគ្មានភាពប្រាកដប្រជានិងបរិយាកាសខាងក្រៅដែលមិនអាចព្យាករណ៍ទុកជាមុន ក៏ដូចជាការផ្លាស់ប្តូរក្នុងជំនាន់ដ៏សំខាន់មួយនៅក្នុងប្រទេស។
លោកបាននិយាយទៀតថា៖ «ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Wong គណបក្សកម្មករ (Workers' Party) [ដែលជាគណបក្សប្រឆាំង] នឹងបន្តដើរតួនាទីក្នុងអង្គនីតិបញ្ញតិ្ត ដើម្បីជំរុញផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនសិង្ហបុរី»៕
ប្រែសម្រួលដោយ លោក ជ្រា វណ្ណារិទ្ធ