អាជ្ញាធរ​ប្រទេស​​សិង្ហបុរី​បំបែក​គម្រោង​​លាងលុយ​កខ្វក់​ដ៏​ធំ

វ៉ាលីដែលពោរពេញទៅដោយសាច់ប្រាក់ត្រូវបានបង្ហាញនៅលើគេហទំព័ររបស់ប៉ូលីសសិង្ហបុរី។ នៅក្នុងការវាយឆ្មក់កាលពីពាក់កណ្តាលខែសីហា អាជ្ញាធរបានរឹបអូសទ្រព្យសម្បត្តិជិតបីភាគបួននៃទឹកប្រាក់មួយពាន់លានដុល្លារអាមេរិក រួមទាំងខុនដូប្រណីតជាង ១០០ និងរថយន្តទំនើបៗរាប់សិបគ្រឿង។

ករណីលាងលុយ​កខ្វក់​ដ៏​ធំ​ក្នុង​ប្រទេស​សិង្ហបុរី​បាន​បង្ក​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ខ្លាំង។​ ​

​ក្នុង​ការលបចូល​វាយឆ្មក់ជា​ច្រើនកន្លែង​នៅទូទាំងប្រទេស​សិង្ហបុរី​កាល​ពី​ពាក់កណ្តាល​ខែ​សីហា​កន្លង​ទៅ​ ​ក្រុម​អាជ្ញាធររបស់​ប្រទេស​នេះ​បាន​រឹបអូស​យក​បាន​នូវ​ទ្រព្យ​សម្បត្តិ​ដែល​មាន​តម្លៃ​ជិត​១.០០០​លាន​ដុល្លារ​អាមេរិក​ ដែល​ក្នុង​នោះរួម​មាន​ខុនដូ​ទំនើប​ជាង​១០០​កន្លែង​ និង​រថយន្ត​មាន​តម្លៃ​ជា​ច្រើន​គ្រឿង​ទៀត។​ នេះ​ជា​ករណី​នៃ​ការ​លាងលុយ​កខ្វក់​ដ៏​ធំបំផុត​មួយ​ ដែល​មិន​ធ្លាប់​កើត​មាន​ក្នុងទី​ក្រុង​ដែល​ជាប្រទេស​មួយ​នេះ។ ​ ​

ក្រុម​អាជ្ញាធរ​បាន​រឹបអូស​យក​បានកញ្ច​ប់ស្បោងរាប់រយ ដែល​មាន​របស់​របរ​ប្រើប្រាស់​ថ្លៃៗ​ ​ដូច​ជា​ទឹកអប់ម៉ាក​ល្បីៗ​ Hermes, Chanel, Prada នាឡិកា​ដៃ​ម៉ាក Patek Philippe និង​គ្រឿង​អលង្ការ​ជា​ដើម​ ដែល​មាន​តម្លៃ​សរុប​រហូត​ដល់​ទៅ​១០០.០០០​ដុល្លារ​អាមេរិក។ រូបភាព​ដែល​ប៉ូលិស​បាន​ផ្សាយ​ពី​ដប​ស្រា​ដែល​ត្រូវ​បាន​រឹបអូស មាន​លំនាំ​ដូចជា​កន្លែង​ដាក់​តាំង​ស្រា​ស៊ីវិល័យ chateau ​នៅ​ប្រទេសបារាំង។

​ក្រុម​ប៉ូលិស​សិង្ហបុរីបាន​និយាយ​ថា​ ​របស់​របរ​ទុច្ចរិត​ទាំង​នេះ​ ត្រូវ​គេ​ទទួល​បាន​ពី​ក្រុម​ឧក្រិដ្ឋជនដែលមាន​ការ​រៀបចំធ្វើ​សកម្មភាព​នៅ​ក្រៅ​ប្រទេស ដែល​ក្នុង​នោះក៏​មាន​ការ​ឆបោក scamនិង​ការ​លេងល្បែង​តាម​ប្រព័ន្ធ​អនឡាញ​ផង​ដែរ​ ដោយ​ប្រាក់​ដែល​ទទួល​បាន ​ត្រូវបាន​នាំ​យក​មក​ទុកក្នុង​ប្រទេស​សិង្ហបុរី​ ​និង​តាម​រយៈ​ស្ថាប័ន​ហិរញ្ញវត្ថុ​របស់​ប្រទេស​នេះ​ផង​ដែរ។​ ​

មនុស្ស​១០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ក្នុង​ការ​ចូលវាយឆ្មក់​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​សីហា​កន្លង​ទៅ​ ហើយ​មនុស្ស​១២​នាក់​ផ្សេង​ទៀត​ ពេល​នេះ«កំពុង​ជួយ‍»អាជ្ញាធរក្នុង​ការ​ស៊ើបអង្កេត​បន្ត​ទៅ​មុខ​ទៀត។​ ដោយ​ឡែក បុគ្គល​៨​នាក់​ទៀត កំពុង​ត្រូវ​បាន​ប៉ូលិស​តាម​ស្វែង​រក​ចាប់​ខ្លួន​នៅ​ឡើយ។​

មនុស្ស​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​នោះ​ ​ទំនង​ហាក់​ដូច​ជា​ក្រុម​អន្តរជាតិ​ ដែល​រួម​មាន​ជនជាតិ​ស៊ីប​ តួកគី​ កម្ពុជា​ ​និង​ជនជាតិ​វ៉ានូទូ​ ដែល​ជា​ប្រទេស​កោះតូច​មួយក្នុងមហាសមុទ្រ​ប៉ាស៊ីហ្វិក។​ បុរស​ទាំង​អស់​នោះ​សុទ្ធ​តែ​កាន់​លិខិតឆ្លងដែនរបស់​ចិន។

សារព័ត៌មានក្នុង​ស្រុក​បាន​ផ្សព្វផ្សាយ​ថា​ បុរសដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​អស់​នោះ ​មក​ពី​ខេត្ត Fujian ប្រទេស​ចិន។​

​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា​ តើលុយ​ទាំង​នេះ​ត្រូវ​នាំ​ចូលក្នុង​ប្រទេស​សិង្ហបុរី​ដោយ​របៀប​ណា​ ហើយ​ហេតុ​ដូច​ម្តេច​បានជា​គេ​មិន​ដឹង​អស់​ពេល​ជា​យូរ​មក​ហើយ។ សារព័ត៌មាន​ក្នុង​ប្រទេស​សិង្ហបុរី​មួយ​ចំនួន​រាយការណ៍​ថា​ សមាជិក​ខ្លះ​នៃ​ក្រុម​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​នេះ បាន​រស់​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​អស់រយៈ​ពេល​រហូត​៦​ឆ្នាំ​ឯណោះ៕​