ជាង៤០ឆ្នាំនៃការបាត់បង់ជីវិតរបស់អធិរាជសំឡេងមាសស៊ីន ស៊ីសាមុត អ្នកសិល្បៈខ្មែរជាន់មុន និងបច្ចុប្បន្ន រួមទាំងអ្នកនយោបាយខ្មែរនៅតែចងចាំមិនភ្លេចស្នាដៃរបស់លោក។ ដើម្បីជាការតបស្នងដល់ស្នាដៃសិល្បៈ ចម្រៀង និងតន្ត្រីរបស់តារាចម្រៀងដ៏មានទេពកោសល្យរូបនេះ ការប្រគុំតន្ត្រីសប្បុរសធម៌ដើម្បីរៃអង្គាសប្រាក់ជូនក្រុមគ្រួសាររបស់លោកនឹងត្រូវរៀបចំឡើងនៅខែវិចិ្ឆកាខាងមុខនេះ។
ជាច្រើនទសវត្សន៍កន្លងមក អ្នកសិល្បៈខ្មែរជំនាន់មុន និងជំនាន់បច្ចុប្បន្ន នៅតែកោតសរសើរសំនៀងមាសរបស់លោកស៊ីន ស៊ីសាមុត ដែលបានឃ្លាតពីទឹកដីកម្ពុជាគ្មានថ្ងៃវិលវិញ ដោយសារក្រុមកុម្មុយនីស្តខោអាវខ្មៅជ្រុលនិយមខ្មែរក្រហម។
អ្នកសិល្បៈខ្មែរនិយាយថា ថ្វីដ្បិតតែលោកស៊ីន សាមុតបានលាចាកលោកក៏ដោយ តែសំឡេងរបស់លោកមិនទាន់សាបរលាបពីអ្នកចូលចិត្តតន្ត្រី និងចម្រៀងនៅក្នុងសម័យរាជាណាចក្រកម្ពុជាទីពីរនេះទេ។ ពួកគេបញ្ជាក់យ៉ាងដូច្នេះ នៅពេលដែលពួកគេបានជួបជុំនៅក្នុងពិធីប្រកាសការប្រគុំតន្ត្រីសប្បុរសធម៌មានឈ្មោះថា«ពេលវេលាដែលត្រូវតបស្នង៖ វិភាគទានចំពោះអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត» ដើម្បីរៃអង្គាសថវិកាសម្រាប់ក្រុមគ្រួសារលោកស៊ីន ស៊ីសាមុត ដែលកំពុងជួបការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
អ្នកស្រី ឌី សាវ៉េត សិល្បៈការិនីល្បីល្បាញតាំងពីសម័យសង្គមរាស្ត្រនិយម នៅក្នុងទសវត្ស១៩៦០ និងបន្តមកដល់សព្វថ្ងៃនេះ ថ្លែងនៅក្នុងពិធី ដែលបានរៀបចំឡើងនៅឯក្រសួងពាណិជ្ជកម្មកាលពីថ្ងៃពុធកន្លងមកនោះថា៖
«លោកស៊ីន ស៊ីសាមុត យើងទុកគាត់ជារៀមច្បងសំឡេងមាស ហើយដែលមហាជនជំនាន់មុនចូលចិត្តគាត់ណាស់ ខ្ញុំជាដើម។ ខ្ញុំហ្នឹងគឺថា រើសតែបទគាត់យកមកច្រៀងទេ។ ខ្ញុំស្រីមែន តែខ្ញុំច្រៀងបទប្រុស។ ហេតុអ្វី? ពីព្រោះនិពន្ធគឺថា មានន័យខ្លឹមសារ យ៉ាងល្អ ដែលខ្ញុំចូលចិត្ត ហើយបទចម្រៀង ទំនុក ទំនុកភ្លេងគឺល្អ។ អញ្ចឹងខ្ញុំដក់អារម្មណ៍តាំងពីខ្ញុំនៅក្មេង រហូតដល់ឥឡូវ ហើយកម្មវិធីនេះគឺជាកម្មវិធីដែលរំឭកវិញ្ញាណក្ខន្ធរបស់គាត់ដែលស្លាប់យ៉ាងអាណោចអាធម មិនមែនជា ជាជំងឺទេគឺស្លាប់ដោយអាណោចអធម ព្រៃផ្សៃ»។
អ្នកស្រី ឌី សាវ៉េត ដែលនឹងចូលរួមសម្តែងក្នុងការប្រគុំតន្ត្រីនេះដែរ បានបន្តថា ពេលនេះគឺជាពេលដែលត្រូវរំឭកដល់ស្នាដៃរបស់លោក ស៊ីន ស៊ីសាមុត ដែលបានបាត់បង់ជីវិតនៅក្នុងសម័យប៉ុល ពត។
«អញ្ចឹងយើងត្រូវរំឭកគុណគាត់ ហើយនិងរំឭកអនុស្សាវរីយ៍ពីដើមដែលគាត់បានសាងចម្រៀងយ៉ាងច្រើនទុកបន្សល់ដល់ពេលនេះ ឲ្យក្មេងៗជំនាន់ក្រោយបានដឹងថា តើជំនាន់មុនយ៉ាងម៉េច? ឥឡូវប្រៀបធៀបឥឡូវនិងជំនាន់នេះយ៉ាងម៉េច? ហើយខ្ញុំរំភើបណាស់ ពីព្រោះជាលើកទីមួយដែលខ្ញុំចូលរួម»។
រីឯនាងម៉េង កែវពេជ្ជតា អ្នកចម្រៀងល្បីល្បាញក្នុងសម័យបច្ចុប្បន្ននេះ ក៏បានសម្តែងក្តីស្រឡាញ់ចំពោះស្នាដៃរបស់លោកស៊ីន ស៊ីសាមុត និងអ្នកចម្រៀងល្បីល្បាញផ្សេងទៀតកាលពីអតីតកាលដែរ។ នាងនិយាយថា៖
«ទោះបីមានការវាយលុកនូវបទចម្រៀងថ្មីៗ ក៏បទចម្រៀងរបស់អធិរាជសំឡេង រាជនីសំឡេងយើងមិនអាចសាបសូន្យបានទេ។ បងនិយាយក៏បងព្រឺសម្បុរដែរ ពីព្រោះអ្ហេ ពួកគាត់មានទេពកោសល្យពិតប្រាកដ។ ទេពកោសល្យពិតប្រាកដហ្នឹងគឺមិនអាចលុបបានហ្មង ព្រោះសំឡេងគាត់មានវិញ្ញាណមានព្រលឹង។ អញ្ចឹងបានបងនិយាយថា ការផលិតបទចម្រៀង បើយើងគ្រាន់តែធ្វើទៅតាមបរិមាណនៃការត្រូវការ វាមិនអាចប្រកបដោយគុណភាពទេ។ ហើយវាក៏នឹងឆាប់សាបសូន្យទៅវិញ ប៉ុន្តែបើសិនវាកើតចេញពីអារម្មណ៍ពិត ពីសំឡេងពិត សមត្ថភាពពិត ដោយគ្មានការកែច្នៃគឺរបស់នោះនៅតែរក្សាបាននៅក្នុងបេះដូងនៅក្នុងខួរក្បាល នៅក្នុងដួងចិត្ត របស់គេជារៀងរហូតគ្មានសាបសូន្យទេ»។
នាងម៉េង កែវពេជ្ជតាបញ្ជាក់បន្ថែមថា នាងបានស្ម័គ្រចិត្តចូលរួមសម្តែងក្នុងការប្រគុំតន្ត្រីនោះដែរ ដោយសារមនសិការនៃការពេញចិត្តកេរ្តិ៍ដំណែលស្នាដៃសិល្បៈ បទភ្លេង និងចម្រៀងរបស់អតីតអ្នកចម្រៀងខ្មែរមុនសម័យខ្មែរក្រហម។
«ទីមួយជាការអញ្ជើញ ទីពីរជាមនសិការរបស់ខ្ញុំ ដែលខ្ញុំចង់ឃើញ ការឧបត្ថម្ភគាំទ្រហ្នឹងយូរហើយ។ អញ្ចឹងទៅបង ក៏គ្រាន់តែខាងក្រសួងគាត់ធ្វើការអញ្ជើញ បងរីករាយនឹងចូលរួមភ្លាម»។
លោកស៊ីន ស៊ីសាមុត ដែលអ្នកសិល្បៈករ និងសិល្បៈការិនីខ្មែរប្រសិទ្ធនាមថា ជាអធិរាជសំឡេងមាស បានចាប់កំណើតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣២ នៅឯខេត្តស្ទឹងត្រែង ភាគឦសាន្តប្រទេសកម្ពុជា។ លោកបានចាប់ផ្តើមមានកេរ្តិ៍ឈ្មោះល្បីរន្ទឺខ្លាំងគឺចាប់ពីទសវត្សន៍ឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៧០កាលនៅរស់។
កម្មវិធីនេះមិនត្រឹមតែជាការចងចាំ និងដឹងគុណស្នាដៃដ៏កម្រមានរបស់លោកស៊ីន ស៊ីសាមុតប៉ុណ្ណោះទេ គឺរដ្ឋាភិបាលកម្ពុជាបានគិតគូរទៅដល់កម្មសិទ្ធិបញ្ញានៃស្នាដៃរបស់លោកស៊ីន ស៊ីសាមុតផងដែរ ដោយរដ្ឋាភិបាលបានផ្តល់សិទ្ធិជាម្ចាស់កម្មសិទ្ធិបញ្ញាជូនក្រុមគ្រួសារលោកស៊ីន ស៊ីសាមុតកាលពីខែធ្នូឆ្នាំ២០១៤កន្លងទៅនេះ។
លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានចូលរួមក្នុងការប្រកាសការរៀបចំប្រគុំតន្ត្រីនោះ មានប្រសាសន៍ថា រដ្ឋាភិបាលបានប្រកាសទទួលស្គាល់កម្មសិទ្ធិបញ្ញានៃបទចម្រៀង៧៣បទដែលជាស្នាដៃរបស់លោកស៊ីន ស៊ីសាមុត សម្រាប់ក្រុមគ្រួសារលោកស៊ីន ស៊ីសាមុត ស្វែងរកប្រាក់ចំណូលពីអ្នកដែលចង់ចម្លងបទចម្រៀងទាំងនេះ។ លោកថា ការប្រគុំតន្ត្រីនេះនឹងរកចំណូលបន្ថែមទៀតដល់ក្រុមគ្រួសាររបស់អធិរាជសំឡេងមាសនេះបន្ថែមទៀត។
លោករដ្ឋមន្ត្រីមានប្រសាសន៍ទៅកាន់ភរិយាលោកស៊ីន ស៊ីសាមុត និងសិល្បៈករ និងសិល្បៈការិនីដែលចូលរួមក្នុងពិធីនោះយ៉ាងដូច្នេះថា៖
«ខ្ញុំបានទៅដល់ផ្ទះលោកយាយ ប្រាំ ប្រាំមួយដង ឃើញមានការលំបាក ក្រុមគ្រួសារលោកយាយលោកតាស៊ីន ស៊ីសាមុត។ អញ្ចឹងយើងធ្វើការប្រគុំតន្រ្តីនេះ ដើម្បីប្រមូលថវិកាមួយផ្នែកជូនទៅក្រុមគ្រួសារអធិរាជសំឡេងមាស ក៏មានមួយផ្នែកទៀតនោះដែរជូនទៅបងស្រីរបស់អ្នកស្រីរស់ សេរីសុទ្ធា មួយទៀតយកទៅជួយពេទ្យគន្ធបុប្ភា ពេទ្យកុមារគន្ធបុប្ផា»។
លោករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ចំណែកផ្សេងទៀតដែលបានមកពីការរៃអង្គាសថវិកានេះ នឹងបានទៅដល់សមាគនលោកស៊ីន ស៊ីសាមុត និងសិល្បៈករសិល្បៈការិនីជំនាន់ដើម ដែលកំពុងរស់រានមានជីវិត។
ការប្រគុំតន្ត្រីសប្បុរសធម៌ដើម្បីតបស្នងដល់លោកស៊ីន ស៊ីសាមុតនេះនឹងធ្វើឡើងនៅរាត្រីថ្ងៃសៅរ៍ទី១៤វិច្ឆិកា ឆ្នាំ២០១៥ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ពីម៉ោង៧ដល់ម៉ោង៩និង៣០នាទីយប់។ ក្រៅពីអ្នកស្រីឌី សាវ៉េត និងនាងម៉េង កែវពេជ្ជតា សិល្បៈករ និងសិល្បៈការិនី ដែលចូលរួមសម្តែង រួមមានចៅបង្កើតរបស់លោកស៊ីន សាមុតគឺលោកស៊ីន សេដ្ឋាកុល និងអ្នកសិល្បៈល្បីឈ្មោះដទៃទៀត ដូចជា លោកតា គង់ ណៃ លោកស្រីហ៊ឹម ស៊ីវន និងលោកសុះ ម៉ាចជាដើម។
លោកស៊ីន សេដ្ឋាកុលនិយាយប្រាប់វីអូអេថា លោករង់ចាំការប្រគុំតន្ត្រីបែបនេះរយៈពេល៤០ឆ្នាំមកហើយ។
«បាទឃើញថា សប្បាយចិត្តមែនទែននៅក្នុងអារម្មណ៍ ពីព្រោះឃើញថា ជាង៤០ឆ្នាំហើយអត់ទាន់មានព្រឹត្តិការណ៍អ្វីដែលគួរឲ្យកត់សម្គាល់សម្រាប់ក្រុមគ្រួសារខ្ញុំបាទនោះទេ»។
ទឹកដមសំនៀងគ្មានពីររបស់លោកស៊ីន ស៊ីសាមុតមិនមែនស្ថិតនៅតែក្នុងដួងចិត្តរបស់សិល្បៈករសិល្បៈការិនីខ្មែរចាស់ក្មេងនោះទេ តែសំនៀងរបស់លោកបានដក់ជាប់នៅក្នុងអារម្មណ៍មហាជនទូទៅ និងអ្នកនយោបាយខ្មែរមិនថា តែសម័យមុន គឺសម័យនេះផងដែរ។ លោកមិនត្រឹមតែច្រៀងជាភាសាខ្មែរបានពីរោះនោះទេ លោកក៏មានទេពកោសល្យក្នុងការច្រៀងភាសាបរទេសផងដែរ ដូចជាភាសាបារាំង និងសៀមជាដើម។
ប៉ុន្តែទេពកោសល្យសិល្បៈចម្រៀងនិងតន្ត្រីរបស់លោកដ៏កម្ររកបានក្នុងសង្គមខ្មែរ ត្រូវបានរលត់រលាយយ៉ាងអាថ៌កំបាំងក្នុងដៃក្រុមខ្មែរក្រហមដែលបានយកជីវិតលោកនៅក្នុងខែឧសភាឆ្នាំ១៩៧៦។ យ៉ាងណាជាជីវិតរបស់លោកបាត់បង់ទៅហើយក្តី តែព្រលឹងសំនៀងរបស់លោកនៅដក់ក្នុងដួងចិត្តប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសគ្រប់សម័យកាលមិនអាចភ្លេចបាន៕