ពលរដ្ឋ​ក្រុង​ព្រះសីហនុ​បារម្ភ​ថា​ខាតបង់​អាជីវកម្ម ក្រោយ​​រក​ឃើញ​ករណី​មេរោគ​កូរ៉ូណា

ពលរដ្ឋកម្ពុជានៅទីក្រុងភ្នំពេញ កំពុងធ្វើដំណើរតាមដងផ្លូវដោយមានពាក់ម៉ាស់ការពារ ដើម្បីបង្ការការឆ្លងមេរោគកូរ៉ូណាថ្មី ដែលករណីឆ្លងលើកទីមួយបានកើតឡើងនៅខេត្តព្រះសីហនុ លើជនជាតិចិនម្នាក់ ដែលបានធ្វើដំណើរពីទីក្រុងវូហាន ប្រទេសចិន មកកាន់ខេត្តព្រះសីហនុនៃប្រទេសកម្ពុជា។

ភ្នំពេញ — មួយ​ថ្ងៃ​ក្រោយ​រដ្ឋាភិបាល​ប្រកាស​ថា មានករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​នៅ​ខេត្ត​ព្រះ​សីហនុ​ចំនួន​មួយ​ករណី​ ប្រជា​ពលរដ្ឋ​នៅ​ទីនោះ​ ​បារម្ភ​ថា ​ចំណូល​របស់​ពួកគេ​អាច​ធ្លាក់ចុះ​ ដោយសារការ​ធ្លាក់​នៃ​ចំនួន​ប្រជាពលរដ្ឋ​ជាតិ​និង​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​ ធ្វើការ​និង​ចរាចរណ៍ទៅ​មក​នៅ​ខេត្តនេះ។

អ្នកស្រី ​អ៊ូច​ សុភ័ក្រ្ត វ័យ​ ៣០ឆ្នាំ​ ជា​ម្ចាស់​ហាង​កាហ្វេ​មួយនៅ​លើ​ផ្លូវ​ឯករាជ្យ​នៅ​កណ្តាល​ក្រុង​ព្រះសីហនុ​បាន​ប្រាប់​ VOA ​ថ្ងៃ​អង្គារ​ព្រឹក​នេះ​ថា នៅ​តាម​ដង​ផ្លូវ​ក្បែរ​ហាង​កាហ្វេ​អ្នកស្រី​មាន​សភាព​ស្ងាត់​ជាង​រាល់ដង។

អ្នកស្រី​ប្រាប់ VOA​ នៅ​ម៉ោង​បាយ​ថ្ងៃ​ត្រង់​ថា៖​ «ចា៎ ហាង​កាហ្វេ​ស្ងាត់​ហ្មង សូម្បី​ភ្ញៀវ​ម្នាក់​ក៏​អត់​មាន​មក​ហាង​ហ្មង​ណា​អូន​ អត់ហ៊ាន​ចេញ​ដើរហ្មង​មើលទៅ។ ពីរ​ថ្ងៃ​ហើយ​ តាំង​ពី​ម្សិល​មិញ​មក​ តែ​ថ្ងៃ​នេះ​គឺ​ខ្លាំង​ហ្មង​ អត់​មាន​អីម្នាក់។

អ្នក​ស្រី​បន្ថែម​ថា៖ «បើ​រាល់​ដង​ភ្ញៀវ​នៅ​ហាង​បង​ យ៉ាង​ហោច​ក៏​១០​ទៅ​១៥នាក់​ ឬ​២០​នាក់​យ៉ាងតិច»។

អ្នកស្រី​បន្ត​ថា​ «ដឹង​តែ​ត្រៀម​ខាត​ហើយ» ក្នុង​មួយ​រយៈពេល​ ដែល​ការ​ផ្ទុះ​ជំងឺ​រលាក​សួត​ថ្មី​នេះ ដរាប​ណា​គេ​ពុំ​ទាន់​មាន​ដំណោះស្រាយ។

អ្នកស្រី​និយាយ​ថា៖ «ហ៊ឹម...មាន​តែ​តាម​ដំណើរ​អញ្ចឹង​ គ្រាន់​តែ​ថា យើង​ត្រៀមៗ​ខាត​រយៈពេល​ប៉ុន្មាន​អញ្ចឹង​ណា​អូន។​ និយាយ​ទៅ​ខែ​ហ្នឹង​បង​គិត​ថា ប្រហែល​ជា​សូន្យ​ហើយ ត្រៀម​ខាត​ហ្មង។ បង​ការ៉ង់ទី[ធានា]​ថា​ខាត​មួយ​ខែ​ ពីរ​ខែ ហ្នឹង​ចុះ​អូន​ បើ​បញ្ហា​អញ្ចឹង»។

អ្នកស្រី​ថា​ ​អាច​រកចំណូល​បាន​ប្រមាណ៤.០០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ពី​ហាង​កាហ្វេ​នេះ​ ក៏​ប៉ុន្តែ​អ្នកស្រី​ត្រូវ​បង់​ថ្លៃ​ជួល​ផ្ទះ​ពីរ​ល្វែង​អស់​ ៣.០០០ ​ដុល្លារ​ក្នុង​មួយ​ខែ ទៅ​ម្ចាស់​អ្នកជួល​ដែល​ជា​ជាជនជាតិ​ចិន។

បុគ្គលិកមន្ទីរពេទ្យកំពុងត្រួតពិនិត្យសមាជិកគ្រួសារដែលបានឆ្លងមេរោគកូរ៉ូណា ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យ Jinyintan នៅទីក្រុងវូហាន ខេត្តហ៊ូបេ។

ករណី​ដំបូង​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី ត្រូវ​បាន​រក​ឃើញ​នៅ​កម្ពុជា​ នៅ​ថ្ងៃ​ទី​ ២៧​ខែមករា។ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា​ ជំងឺ​រលាកសួត​បង្ក​ឡើង​ដោយ​មេរោគ​ប្រភេទ​ថ្មី ​កើតឡើងលើ​ជនជាតិ​ចិន​ ធ្វើ​ដំណើរ​ដោយ​ត្រង់​ពី​ទី​ក្រុង​វូហាន (Wuhan) ​នៃ​ប្រទេស​ចិន​ មក​កម្ពុជា​តាម​ជើង​ហោះហើរ​ ពី​ទី​ក្រុង​វូហាន​ មក​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ។

លោក​ ខូយ ឃន់ អាយុ​២៧​ឆ្នាំ​ ជា​គិលានុបដ្ឋាកយិកានៃ​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​សុខសាន្ត បាន​ឲ្យ​ដឹង​ថា​ប្រជាជន​មួយ​ចំនួន​មាន​ការភ័យ​ខ្លាច​ក្រោយ​ដឹង​ថា​ នៅ​ខេត្ត​របស់​ពួកគេមាន​ករណី​ឆ្លង​វីរុស​រលាក​សួត​ថ្មី​នេះ។

លោក​ប្រាប់ VOA​ ថា​ អ្នក​មក​រក​សេវា​សុខភាព​នៅ​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺរបស់​លោក ​ដែល​មា​ន​អាការៈ​ផ្តាសាយ​ ក្អក​ រលាក​បំពង់​ក​ បាន​បង្ហាញក្តី​បារម្ភផង​ដែរ។

លោក​និយាយ​ថា៖ «គាត់​ភ័យ​ថា​ អា​ជំងឺ​អី​ហ្នឹង​លឿន​ពេក​ វា​ឆ្លង​លឿន គាត់​ឮ​អញ្ចឹង​គាត់ភ័យ»។

លោក​ថា ​លោក​និង​មិត្ត​រួម​ការងារ​ដែល​បើក​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​ជាមួយ​គ្នា​ ក៏​ត្រៀម​ខ្លួនទទួល​ចំណូល​ទាប​ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត​ដែរ។

លោក​និយាយ​ថា៖ «អ្នក​នៅ​ហ្នឹង​ គឺ​ថា​ ទាំង​ខ្ញុំក៏ធ្លាក់​ ចំណូល​ធ្លាក់​ សឹង​ថា​ ៧០​ភាគរយ​ ហើយ​ឥឡូវ​ហ្នឹង​ ឃើញ​ថា ​អ្នករក​ស៊ីអាជីវកម្ម​ផ្សេងៗ ​អ្នក​ខ្លះ​ក៏​គាត់​ឈប់​រក​ទៅ អ្នក​ខ្លះ​បាន​បិទ​ អ្នក​ខ្លះ​បន្ត​ទៀត តិកតក់ៗ​អញ្ចឹង​ណា»។

បើ​ទោះ​បី​ជា​បារម្ភ​ពី​ប្រាក់​ចំណូល​ក្តី​ លោក​ថា​ ​លោក​ចង់​ឲ្យ​រដ្ឋាភិបាល​បិទ​ការ​ធ្វើ​ដំណើរ​ចេញ​ចូលពី​ទី​ក្រុង​វូហាន​មក​កម្ពុជា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីករាលដាល​ជាង​នេះ។

ខេត្ត​ព្រះ​សីហនុ​ ​មាន​សភាព​ស្ងប់ស្ងាត់​ក្នុង​ពេល​ថ្មីៗនេះ​ បើ​តាម​ប្រជាពលរដ្ឋ​អ្នក​ប្រកប​របរ​អាជីវកម្ម​នៅ​ទីនោះ។​ តែ​ទោះ​ជា​យ៉ាងណា​ អ្នក​គ្រប់គ្រង​ទូទៅ​នៅ​ភោជនីយដ្ឋាន​ឈ្មោះ​ឆ្នេរ​មាស​ ដែល​ដំណើរការ​ជាង​១២​ឆ្នាំ​នៅ​ទីនោះ​ គឺ​លោក​ អេង​ គីមហុង វ័យ​៣៧ឆ្នាំ​ បាន​និយាយ​ថា​ មិនមែនតែ​ការ​ភ័យ​បារម្ភ​រឿង​ឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​តែ​មួយ​មុខ​នោះទេ​ ដែល​ធ្វើ​ឲ្យ​ខេត្ត​ព្រះ​សីហនុ​មាន​ស្ងាត់​ជាងមុន។

លោក​ថា​ ខេត្ត​នេះស្ងាត់​ជា​បន្តបន្ទាប់ចាប់​តាំង​ពី​ការ​បិទ​ល្បែង​តាម​ប្រព័ន្ធ​អ៊ីនធឺណែត​ ដែល​នាំ​ឲ្យ​ជនជាតិ​ចិន​មួយ​ចំនួន​ត្រឡប់​ទៅ​ស្រុក​វិញ ហើយ​កម្មករ​ខ្មែរ​ដែល​បាត់បង់​ការងារ​ធ្វើ​ចាក​ចេញ​ទៅ​បណ្តា​ខេត្ត​ផ្សេងៗ​វិញ។

លោក​និយាយ​ថា៖ «ពី​មុន​ពេល​ហាង​ខ្ញុំអត់​ទាន់​ចូល​ ហាង​ខ្ញុំ​ភ្ញៀវ​ពេញៗ។ ដល់​ចិន​ចូល​មក​ហាង​ខ្ញុំ​បាត់​ខ្មែរ​អស់ សុទ្ធ​តែ​ចិន។​ ចិន​ត្រឡប់​ទៅ​វិញ​ ខ្មែរ​ក៏​បាត់ ចិន​ក៏​បាត់​ ធ្វើ​ឲ្យ​កន្លែង​ខ្ញុំ​បាត់​ភ្ញៀវ​អស់​ សឹង​៩០​ភាគរយ»។

ម៉ាស៊ីនវាស់កម្តៅត្រូវបានដាក់ដើម្បីពិនិត្យអ្នកធ្វើដំណើរមកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។

លោក​ថា​ ក្រសួង​ពាក់ព័ន្ធ​ដូច​ជា​ទេសចរណ៍​ និង​ពាណិជ្ជកម្ម​គួរ​មាន​វិធានការ​បន្ថែមក្នុងការ​ជួយ​ស្តារ​សេដ្ឋកិច្ច​របស់​ពួកគេ​ ពិសេស​នៅ​ពេល​ដែល​មាន​ករណីវីរុស​កូរ៉ូណា​ថ្មី​នេះ​ឆ្លង​ចូល​មក​ដល់​ខេត្ត​ព្រះសីហនុ។

មក​ដល់​ពេល​ល្ងាច​ថ្ងៃ​អង្គារ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា​ មិន​ទាន់​មាន​ករណីថ្មី​នៃ​ការ​ឆ្លង​ជំងឺ​រលាក​សួត​ថ្មី​នេះ​កើត​ឡើង​នៅ​កម្ពុជា​នោះ​ទេ។

អ្នក​នាំ​ពាក្យ​អាកាសចរណ៍​ស៊ីវិល​ លោក​ ​ជា អូន ​ប្រាប់ ​VOA ​ថា ទោះ​ ពុំ​មាន​តួលេខ​ជាក់​ស្តែង​បញ្ជាក់​ថា​ មាន​ការ​ធ្លាក់​ចុះភ្ញៀវ​ទេសចរណ៍​ តែ​តាម​ការ​អង្កេតមាន​ការ​ធ្លាក់​ចុះ៖

«ដោយ​គេ​មាន​ការព្រួយ​បារម្ភ​អញ្ចឹង​ទៅ​គេ​មិនសូវ​ជិះ និយាយ​ទៅ​គេ​មិន​សូវ​ចង់​ដើរ។ Flight របស់​យើង​ធ្លាក់ចុះ​ដែរ ចំនួន​អ្នកដំណើរ​ដែល​ធ្វើ​ដំណើរ​តាម​យន្តហោះ។ តាម​ព្រលាន​មួយៗ នាយក​ព្រលាន​មាន​ប្រសាសន៍​អញ្ចឹង​កត់​សម្គាល់​វា​រាង​ធ្លាក់​ខ្លះ តែ​ប៉ុន្មាន​ភាគ​រយ​មិន​អាច​សន្និដ្ឋាន​បាន»។​

​លោក​ គង់​ សុភារក្ស​ ប្រធាន​នាយកដ្ឋាន​ស្ថិតិនៅ​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ស្អែក​នេះ​ក្រសួង​នឹង​មាន​ការ​កោះ​ប្រជុំ​ជាមួយ​សមាគម​ទី​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) វិស័យ​ឯកជន​ សមាគម​ និង​ដៃគូ​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍។

លោក​បញ្ជាក់​ថា៖ «ក្នុង​ស្ថានភាព​អញ្ចឹង​ប្រហែល​លោក​ [រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍] ឲ្យ​អ្នក​ជំនាញ​យើង​ត្រូវ​សិក្សា​ស្រាវជ្រាវ​ពី​ផល​ប៉ះពាល់​ ឬ​មាន​យន្តការ​អ្វី​ខ្លះ​ដើម្បី​ទាក់ទាញ​ទេសចរណ៍​ត្រឡប់​មក​វិញ»។

ជំងឺ​រលាក​សួតថ្មី​នេះ​បាន​សម្លាប់​មនុស្ស​ជាង​ ១០៦​នាក់​នៅ​ប្រទេសចិន​គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ។ ​មនុស្ស​៤.៥០០​នាក់​ទៀត​បាន​ឆ្លង​ជំងឺ​នេះ​ នៅ​ក្នុង​ប្រទេស​ចិន និង​បណ្តា​ប្រទេស​ដូច​ជា​វៀតណាម ​ថៃ ​សិង្ហបុរី ម៉ាឡេស៊ី តៃវ៉ាន់​ កូរ៉េ​ខាងត្បូង​ ជប៉ុន​ សហរដ្ឋ​អាមេរិក​ កាណាដា អូស្ត្រាលី​ ​បារាំង​ នេប៉ាល់​ ស្រីលង្កា​ និង​អាល្លឺម៉ង់​ផង​ដែរ៕