ដោយ Nina deVries
ប្រែសម្រួលដោយ លីសុខឃាង
ប្រជាពលរដ្ឋនៅប្រទេស សៀរ៉ាឡេអូន (Sierra Leone) នឹងធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីជ្រើសរើសប្រធានាធិបតីនិងរដ្ឋសភា ក្នុងរយៈពេលមិនដល់ពីរសប្តាហ៍ទៀតនោះទេ។ គណបក្សនយោបាយចំនួន១០ ត្រូវបានចុះឈ្មោះ ហើយគណបក្សមួយក្នុងចំណោមនោះ ត្រូវបានដឹកនាំដោយអតីតសមាជិកនៃក្រុមឧទ្ទាមមួយ ដែលបានប្រយុទ្ធនៅក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេសនេះ។ Nina deVries ទទួលបានប្រតិកម្មតបទៅនឹងបញ្ហានេះពីទីក្រុង ហ្វ្រីថោន (Freetown) និងពិនិត្យមើលថាតើគណបក្សនេះ អាចមានឥទ្ធិពលខ្លាំងក្លាណាមួយដែរឬទេទៅលើក្រុមអ្នកបោះឆ្នោត។
លោក អេលដ្រេ ខូលីន (Eldred Collins) គឺជាអតីតអ្នកនាំពាក្យឲ្យរណសិរ្សរួបរួមបដិវត្តន៍ ដែលជាក្រុមឧទ្ទាមដែលបានប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាល សេរ៉ាឡេអូន នៅក្នុងសង្គ្រាមស៊ីវិលអស់រយៈពេលមួយទសវត្សរ៍កាលពីទសវត្សរ៍ឆ្នាំ១៩៩០។ ក្រុមនេះមានឈ្មោះសាហាវឃោរឃៅចំពោះការកាត់អវយវមនុស្ស ការរំលោភ និងការសម្លាប់។
កាលពីឆ្នាំ២០០៩ មេដឹកនាំរណសិរ្សរួបរួមបដិវត្តន៍ ឬហៅកាត់ថា RUF ត្រូវបានរកឃើញថាមានកំហុស ហើយត្រូវដាក់ទោសជាប់ពន្ធនាគារពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម។
វាមានរយៈពេល១០ឆ្នាំហើយ ចាប់តាំងពីសង្គ្រាមនេះបានបញ្ចប់ ហើយលោក ខូលីន ថ្លែងថា ក្រុមរបស់លោក ដែលឥឡូវនេះត្រូវបានហៅថា គណបក្សរណសិរ្សរួបរួមបដិវត្តន៍ ត្រៀមខ្លួនដើម្បីឈ្នះការបោះឆ្នោតនៅក្នុងឆ្នាំនេះ។
នេះជាការបោះឆ្នោតលើកទីបីហើយរបស់ប្រទេស សៀរ៉ាឡេអូន ចាប់តាំងពីសង្គ្រាម ហើយនៅក្នុងការបោះឆ្នោតលើកទីពី គណបក្សរួបរួមបដិវត្តន៍មានសមាជិកម្នាក់ ឈរឈ្មោះសម្រាប់តំណែងប្រធានាធិបតី។ លោក ខូលីន ថ្លែងថា សមាជិកដំបូងគឺលោក ប៉ៅឡូ បាងហ្គូរ៉ា (Paolo Bangura) កាលពីឆ្នាំ២០០២។
លោក ខូលីន និយាយថា បើទោះជាអតីតកាលបែបណាក៏ដោយ លោកអាចនាំឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានចំពោះប្រទេស សៀរ៉ាឡេអូន។
«តើអ្វីខ្លះដែលរដ្ឋាភិបាលប្រកបដោយការទទួលខុសត្រូវ បានគិតអំពីវ័យ និងគិតអំពីប្រព័ន្ធអប់រំ? ចូរសម្លឹងមើលក្រុមយុវជននៅជុំវិញនេះមើល។ ពួកគេរាំលេងដោយគ្មានការងារធ្វើ និងគ្មានការអប់រំ។ ប្រទេសមួយដែលមានអត្រាអនក្ខរកម្មខ្ពស់បែបនេះ ពិបាកនឹងអភិវឌ្ឍណាស់។ យើងត្រូវតែអភិវឌ្ឍមនុស្សសិន ប្រសិនបើយើងចង់អភិវឌ្ឍប្រទស»។
លោក ខូលីន បានបន្ថែមទៀតថា លោកដឹងយ៉ាងច្បាស់ពីកត្តិនាមអវិជ្ជមានរបស់រណសិរ្សរួបរួមបដិវត្តន៍។ ប៉ុន្តែ លោកនិយាយថា វាដល់ពេលដែលប្រជាពលរដ្ឋត្រូវសម្លឹងមើលហួសពីនេះ។
«ការពិតមានទាន់បង្ហាញចេញនៅឡើយទេ។ នៅពេលដែលការពិតបង្ហាញចេញមក អ្នកនឹងដឹងថា រឿងរ៉ាងភាគច្រើនបំផុត ដែលពួកគេបាននិយាយអំពីរណសិរ្ស RUF គឺជាការខុសឆ្គង។ ដូច្នេះ យើងនឹងចុះសួរសុខទុក្ខ ពន្យល់ប្រជាពលរដ្ឋឲ្យយល់ច្បាស់ និងអប់រំប្រជាពលរដ្ឋ»។
គណបក្សរួបរួមបដិវត្តន៍ ត្រូវបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ឡូមេ (Lome) ក្នុងឆ្នាំ១៩៩៩។ កិច្ចព្រមព្រៀងរវាងប្រធានាធិបតីដែលកាលនោះគឺលោក អះម៉ាត់ តេជាន កាបា (Ahmad Tejan Kabbah) និងមេដឹកនាំ RUF លោក ហ្វូដេ សាន់កូស (Foday Sankoh) បានចែងថា ក្រុមឧទ្ទាមនឹងទម្លាក់អាវុធ ប្រសិនបើពួកគេទទួលបាននូវការផ្តល់ឱ្យឱកាសនយោបាយ។
មនុស្សមួយចំនួន ដូចជាអតីតទាហានកុមារ លោក កាបា វីលៀម (Kabba Williams) និយាយថា គណបក្សនេះគួរតែត្រូវបានផ្តល់ឲ្យនូវឱកាសស្មើភាពគ្នានៅក្នុងការបោះឆ្នោតនាពេលខាងមុខ។ លោកត្រូវបានចាប់ខ្លួន និងបង្ខំឲ្យប្រយុទ្ធជាមួយក្រុម RUF ក្នុងវ័យ៦ឆ្នាំ ប៉ុន្តែថ្លែងថា វាដល់ពេលដែលត្រូវអត់ឱន និងបំភ្លេចចោលហើយ។
«ខ្ញុំជឿជាក់ថា ប្រសិនបើយើងចង់ពង្រឹងការថែរក្សាសន្តិភាព ដែលយើងបានខិតខំតស៊ូ យើងត្រូវតែលើកទឹកចិត្ត និងចូលរួមជាមួយគ្នា និងមនុស្សគ្រប់រូប»។
លោកថ្លែងថា ប្រការនេះអាចជាឧទាហរណ៍មួយសម្រាប់ប្រទេសក្នុងទ្វីបអាហ្រ្វិកដទៃទៀតដែរ។
«វាក៏នឹងផ្ញើសារទៅឲ្យប្រទេសដែលហែកហួរដោយសារជម្លោះផ្សេងទៀត មានដូចជាចលនាតស៊ូព្រះជាម្ចាស់ LRA របស់មេដឹកនាំ ចូសិប កូនី (Joseph Kony) និងអ្នកផ្សេងៗទៀតថា ការដែលនៅក្នុងព្រៃមិនមែនជាដំណោះស្រាយទេ វាដល់ពេលសម្រាប់ពួកគេក្នុងការចូលមកក្នុងទីក្រុងវិញ ហើយបង្កើតគណបក្សរបស់ខ្លួន»។
អ្នកផ្សេងទៀតមានទស្សនខុសប្លែកពីនេះ។ លោក បាស៊ីរុ ខុនតេ (Bashiru Conteh) ក៏ជាអតីតទាហានកុមារ ដែលបានប្រយុទ្ធជាមួយកងទ័ពសេរ៉ាឡេអូន ក្នុងនាមជាយុវជនម្នាក់។
«ខ្ញុំផ្ទាល់បានបាត់បង់ឪពុក និងម្តាយក្នុងអំឡុងសង្គ្រាម ខ្ញុំមិនចង់ឮសូម្បីតែឈ្មោះ RUF នោះទេ។ មានក្រុមគ្រួសារជាច្រើន ដែលរងគ្រោះដោយសារភាពឃោរឃៅរបស់ក្រុម RUF។ ពួកគេគួរតែប្រើឈ្មោះផ្សេងជាជាងឈ្មោះ RUF ពីព្រោះប្រសិនបើអ្នកពិនិត្យមើលពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីលើកមុន ពួកគេមិនអាចទទួលបានសូម្បីតែមួយអាសនៈនៅក្នុងរដ្ឋសភា»។
លោក ខុនតេ បានបន្ថែមទៀតថា ការអត់ឱននិងបំភ្លេចចោលមិនមែនស្រួលដូចការនិយាយនោះទេ។
«មនុស្សមួយចំនួនត្រូវបានកាត់អវយវ អ្នកនៅតែអាចឃើញមានអ្នកពិការអវយវ។ វានៅតែមានការពិបាកនឹងបំភ្លេចណាស់ ដោយសារតែអ្នកមើលឃើញអំពើឃោរឃៅពីមួយថ្ងៃទៅមួយថ្ងៃ ដែលពួកគេបានប្រព្រឹត្ត»។
លោក ខុនតេ និយាយថា លោកក៏មានការព្រួយបារម្ភអំពីអំពើហិង្សានយោបាយដែរ។ មានរបាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយអំពីអំពើហិង្សាមុនការបោះឆ្នោត រវាងគណបក្សនយោបាយសំខាន់ចំនួនពីរ គឺគណបក្សសមាជប្រជាពលរដ្ឋទាំងអស់ (All Peoples Congress) ដែលគ្រប់គ្រងអំណាច និងគណបក្សប្រជាពលរដ្ឋសៀរ៉ាឡេអូន (Sierra Leone Peoples Party)។
អ្នកខ្លះចោទសួរថា តើគណបក្សរណសិរ្សរួបរួមបដិវត្ត អាចដើរតួនាទីធំដុំមួយនៅក្នុងនយោបាយរបស់ប្រទេសដែរឬទេ។
សាស្ត្រាចារ្យ ម៉ៃឃើល កាកបូ (Michael Kargbo) នៃសាកលវិទ្យាល័យទំនាក់ទំនងអន្តរជាតិសៀរ៉ាឡេអូន (University of Sierra Leone International Relations) ថ្លែងថា ក្រុមឧទ្ទាមមួយចំនួនអាចមានឥទ្ធិពលដល់នយោបាយរបស់ប្រទេស។
«ប្រសិនបើអ្នកពិនិត្យមើលប្រទេសអាហ្វ្រិកផ្សេងទៀត ឧទាហរណ៍ប្រទេសមូហ្សាំប៊ិក (Mozambique) ដែលអតីតអ្នកប្រយុទ្ធរបស់ក្រុមឧទ្ទាម មានលទ្ធភាពប្រែក្លាយខ្លួនទៅជាគណបក្សនយោបាយដែលមិនអាចបំបែកបាន។ ហើយកាន់តែនៅក្បែរនេះ គឺប្រទេស លីបេរីយ៉ា (Liberia) ដែលរណសិរ្សអ្នកស្នេហាជាតិលីបេរីយ៉ា(National Patriotic Front of Liberia) ឬហៅកាត់ថា NPFL មានលទ្ធភាពប្រែក្លាយខ្លួនឱ្យទៅជាគណបក្សនយោបាយ។ ទោះបីជាពួកគេមិនទាន់មានលទ្ធភាពឈ្នះការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យក្តី ប៉ុន្តែពួកគេជាកម្លាំងនយោបាយដែលត្រូវតែធ្វើការជាមួយដែរ»។
តែទោះយ៉ាងណា នៅពេលនិយាយដល់ប្រទេស សៀរ៉ាឡេអូន លោកនិយាយថា វាជារឿងខុសប្លែកគ្នា។
«នៅក្នុងករណី សៀរ៉ាឡេអូន ក្រុម RUF ស្ទើរតែបាត់សូន្យឈឹង។ ពួកគេត្រូវតែអង្វររដ្ឋាភិបាលឲ្យជួយឧបត្ថមពួកគេ ហើយការរក្សាទុកសមាជិកស្នូលស្ទើរតែមិនអាចធ្វើទៅបាននោះទេសម្រាប់ពួកគេ»។
លោកមានការសង្ស័យថា គណបក្សនេះនឹងអាចមានជីវិតយូរអង្វែង ហើយជឿថា គណបក្សនយោបាយធំៗចំនួនពីរនឹងបន្តក្តោបក្តាប់សម្លេងឆ្នោតភាគច្រើនបំផុត៕