ដោយ Nina deVries
វាមានរយៈពេលជាងមួយទសវត្សរ៍មកហើយ ចាប់តាំងពីសង្គ្រាមស៊ីវិលបានបញ្ចប់នៅក្នុងប្រទេស សេរ៉ាឡេអូន (Sierra Leone)។ នៅក្នុងអំឡុងពេលសង្គ្រាម មនុស្សចំនួន៥ម៉ឺននាក់ត្រូវបានសម្លាប់និងមនុស្សរាប់លាននាក់បាត់បង់ទីជម្រក។ ទាហានកុមារបានដើរតួនាទីដ៏សំខាន់នៅក្នុងជម្លោះនោះ ខណៈដែលក្រុមឧទ្ទាមបានជ្រើសរើសកុមារដើម្បីកាន់អាវុធ ប្រយុទ្ធ និងត្រូវបានប្រើប្រាស់ជាទាសករផ្លូវភេទ និងគិញសម្ងាត់។ ឥឡូវនេះ ក្រុមអង្គការមិនរកប្រាក់ចំណេញកំពុងព្យាយាមជួយឲ្យប្រទេស សេរ៉ាឡេអូន មានការផ្លាស់ប្តូរមុខមាត់របស់ខ្លួន និងក្លាយទៅជាអ្នកដឹកនាំនៅក្នុងយុទ្ធនាការប្រឆាំងនឹងការប្រើប្រាស់ទាហានកុមារនៅទ្វីបអាហ្វ្រិក។ Nina deVries រាយការណ៍សម្រាប់ព័ត៌មានរបស់វីអូអេ ពីទីក្រុង ហ្វ្រីថោន (Freetown)។
អាដាម៉ា (Adama) ដែលមានវ័យ២៧ឆ្នាំ (មិនមែនជាឈ្មោះពិតរបស់នាងទេ) ត្រូវបានជ្រើសរើសដោយក្រុមឧទ្ទាមនៅភាគខាងជើងនៃប្រទេស សេរ៉ាឡេអូន ក្នុងអំឡុងសង្គ្រាមស៊ីវិលរបស់ប្រទេសនេះ។
«ពួកគេស្នើសុំឪពុកខ្ញុំដើម្បីរួមភេទជាមួយខ្ញុំ ឪពុកខ្ញុំបដិសេធ។ នៅពេលគាត់បដិសេធ ឪពុកខ្ញុំត្រូវបាត់បង់ជីវិត។ ការមើលឃើញឪពុករបស់អ្នកត្រូវបានសម្លាប់យ៉ាងឃោរឃៅនៅចំពោះមុខបែបនេះ វាមិនមែនជារឿងងាយស្រួលទេ»។
នៅពេលនោះ ក្រុមឧទ្ទាមបានចាប់រំលោភនាងនៅអាយុ១២ឆ្នាំ។
អាដាម៉ា ថ្លែងថា នាងបានចំណាយពេលពីរឆ្នាំនៅជាមួយក្រុមឧទ្ទាម ដែលមានឈ្មោះថា រណសិរ្សរួបរួមបដិវត្តន៍ (RUF)។
នាងនិយាយថា ជាទូទៅ នាងបានក្លាយទៅជាទាសករផ្លូវភេទជាអចិន្ត្រៃយ៍សម្រាប់ពួកគេ ប៉ុន្តែប្រពន្ធរបស់ឧត្តមសេនីយ៍ត្រីចូលចិត្តនាង ហើយនាងគ្រាន់តែធ្វើការដាំស្លរនិងបោសសម្អាតសម្រាប់សមាជិករបស់ក្រុម RUF តែប៉ុណ្ណោះ។
ឬធ្វើជាគិញសម្ងាត់។
«ដូច្នេះ យើងគឺជាអ្នកដែលពួកគេបញ្ជូនក្នុងនាមជាអ្នកស៊ើបការណ៍សម្ងាត់ ដើម្បីប្រមូលព័ត៌មានឱ្យពួកគេ។ ដូច្នេះយើងត្រឡប់មកវិញហើយនិយាយថា មានក្រុមទាហាននិងប៉ូលីសជាច្រើននៅជុំវិញនោះ ហើយពួកគេត្រូវត្រៀមខ្លួដើម្បីប្រយុទ្ធ»។
នៅទីបំផុត នាងអាចរត់គេចទៅកាន់ប្រទេស ហ្គីណេ (Guinea) ដែលនៅទីនោះ នាងបានទទួលឋានៈជាជនភៀសខ្លួន មុនពេលវិលត្រឡប់មកប្រទេស សេរ៉ាឡេអូន វិញ នៅពេលដែលសង្គ្រាមបានបញ្ចប់។
កុមាររាប់ពាន់នាក់ផ្សេងទៀត ដែលត្រូវបានចាប់ខ្លួនដោយក្រុមឧទ្ទាមនៅក្នុងអំឡុងពេលសង្គ្រាមស៊ីវិលរបស់ សេរ៉ាឡេអូន មានរឿងរ៉ាវប្រហាក់ប្រហែលគ្នាអីចឹងដែរ នេះបើយោងតាមអង្គការដែលមានមូលដ្ឋាននៅប្រទេសកាណាដា ដែលមានឈ្មោះថា គំនិតផ្តួចផ្តើមសម្រាប់ទាហានកុមារ រ៉ូម៉ីអូ ដាលែរ (Roméo Dallaire Child Soldiers Initiative)។
អង្គការនេះ ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៨ដោយ លោក រ៉ូម៉ីអូ ដាលែរ (Roméo Dallaire) ដែលជាឧត្តមសេនីយ៍ឯកចូលនិវត្តន៍ និងអតីតមេបញ្ជាការកងកម្លាំងរបស់បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេស រ្វ៉ាន់ដា (U.N. Assistance Mission for Rwanda) បានប៉ាន់ស្មានថា កុមារចំនួន១ម៉ឺននាក់បានក្លាយជាជនរងគ្រោះនៅក្នុងកំណែនយោធានៅប្រទេស សេរ៉ាឡេអូន។
លោកស្រី សេលី វ៉ាយម៉ាន (Shelly Whitman) គឺជានាយកប្រតិបត្តិនៃអង្គការនេះ។ លោកស្រីថ្លែងថា គំនិតផ្តួចផ្តើមនេះមានគោលដៅបង្កើតការបណ្តុះបណ្តាល និងកម្មវិធីអប់រំ ដើម្បីទប់ស្កាត់ការប្រើប្រាស់ទាហានកុមារនាពេលអនាគត។
លោកស្រី វ៉ាយម៉ាន និយាយថា អង្គការនេះមានផែនការដើម្បីធ្វើការជាមួយក្រុមយោធានិងប៉ូលីសនៅក្នុងប្រទេស សេរ៉ាឡេអូន ក៏ដូចជាធ្វើការជាមួយក្រុមយុវជនផងដែរ។
«ដូច្នេះ ការបង្រៀនកុមារថា ប្រសិនបើជម្លោះផ្ទុះឡើង អ្នកត្រូវដឹងថា អ្នកអាចត្រូវបានចាប់ខ្លួនដោយក្រុមប្រដាប់អាវុធ។ យើងបានផ្តល់យោបល់របៀបនេះ ថាតើអ្នកត្រូវធ្វើដូចម្តេចដើម្បីគេចពីការចាប់ខ្លួន ប្រសិនបើអ្នកត្រូវបានចាប់ខ្លួន។ នេះគឺជាការចង្អុលបង្ហាញមួយចំនួន អំពីរបៀបគេចចេញពីការចាប់ខ្លួន»។
លោកស្រី វ៉ាយម៉ាន និយាយថា គំនិតផ្តួចផ្តើមទាហានកុមារបានបណ្តុះបណ្តាលកងទ័ពនៅជុំវិញពិភពលោក អំពីរបៀបក្នុងការដោះស្រាយជាមួយទាហានកុមារ នៅក្នុងសមរភូមិ ប៉ុន្តែនេះគឺជាលើកទីមួយហើយ ដែលអង្គការនេះកំពុងសហការដោយផ្ទាល់ជាមួយប្រទេសមួយ សម្រាប់កម្មវិធីនៅទូទាំងប្រទេសនេះ។
«ចុះប្រសិនបើអ្នកចាត់ទុកកម្មវិធីនេះថាជាការបង្កើតជាគំរូមួយ អំពីរបៀបដែលពិភពលោកទាំងមូល អាចទប់ស្កាត់ការប្រើប្រាស់កុមារនៅក្នុងជម្លោះប្រដាប់អាវុធ និងអនុវត្ត និងយកគំរូតាមកម្មវិធីនេះ ដូច្នេះវាអាចត្រូវបានប្រើប្រាស់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (Democratic Republic of Congo) ឬ សូម៉ាលី (Somalia) ឬបណ្តាញផ្សេងទៀតនៅជុំវិញពិភពលោក។
លោក កាលីយ៉ា ស៊ីសាយ (Kalia Sesay) គឺជាមន្ត្រីសម្រាប់ប្រតិបត្តិការថែរក្សាសន្តិភាពរបស់ប៉ូលី នៅទីក្រុង ហ្វ្រីថោន រដ្ឋធានីរបស់ប្រទេសសេរ៉ាឡេអូន។
លោកនិយាយថា ឥឡូវនេះ អតីតទាហានកុមារជាច្រើនត្រូវបានធ្វើសមាហរណកម្មចូលទៅក្នុងសង្គមវិញហើយ ប៉ុន្តែការស្តារនីតិសម្បទាឡើងវិញបន្ថែមទៀត អាចបន្តធ្វើថែមទៀត។ អតីតទាហានកុមារមួយចំនួនបានបន្តរស់នៅជាមួយនឹងជីវិតញៀនថ្នាំនិងអំពើឧក្រិដ្ឋកម្ម។
«ប្រហែលជាមានស៊ុតខូចមួយឬពីរគ្រាប់ ដែលត្រូវការការស្តារនីតិសម្បទាឡើងវិញ ហើយវាគឺជាការព្រួយបារម្ភរបស់ក្រុមប៉ូលីស ដែលយើងត្រូវតែធ្វើកិច្ចការនេះ»។
កន្លងមក អាដាម៉ា មានការរីករាយ ដែលអង្គការគំនិតផ្តួចផ្តើមនេះកំពុងកើតឡើង។ នាងនិយាយថា វាជាការលំបាកនៅក្នុងការត្រូវបានទទួលយកចូលទៅក្នុងក្នុងសង្គមវិញ ដោយសារតែអតីតកាលរបស់នាង។
«នៅពេលដែលរឿងរ៉ាវទាំងនេះបានកើតឡើង មានស្លាកស្នាមអាក្រក់នៅជុំវិញយើង។ មនុស្សមួយចំនួនថែមទាំងមិនហ៊ានចូលមកជិតយើង និងប្រាស្រ័យទាក់ទងជាមួយយើង។ ដូច្នេះ ខ្ញុំគិត ជាមួយនឹងកម្មវិធីនេះ អ្វីៗនឹងអាចផ្លាស់ប្តូរ។
គម្រោងនេះត្រូវបានរំពឹងថា នឹងមានប្រតិបត្តិការពេញលេញនៅក្នុងប្រទេស សេរ៉ាឡេអូន នៅត្រឹមខែមិថុនានេះ៕
ប្រែសម្រួលដោយ លី សុខឃាង