អ្នកស្រី សៀង ចាន់ហេង ព្រម​ប្រគល់ដី​ឲ្យ​ប្អូនស្រី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ឡែង​សុន្ទរកថា នៅ​ក្នុង​ពិធី​សម្ពោធ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ចិនព្រះកុសុមៈ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ (AP Photo/Heng Sinith)

ម្ចាស់​ក្រុម​ហ៊ុន​ហេង​អភិវឌ្ឍន៍​ អ្នកស្រី សៀង ចាន់ហេង បាន​សម្រេច​ប្រគល់​ដី​ជាង​ ៥០ ​ហិកតា​ ដែល​មាន​ទីតាំង​ជាប់​អាកាសយានដ្ឋាន​ថ្មី ស្ថិត​ក្នុង​ស្រុក​ស្អាង​ ខេត្ត​កណ្តាល ឲ្យ​ទៅ​ប្អូន​ស្រី​បង្កើត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​វិញ​ ក្រោយពី​លោក ​ហ៊ុន សែន​ ​បាន​បញ្ជា​ឲ្យ​លោក​ ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបំដែនដី​ នគរូបនីយកម្ម និង​សំណង់ ​ពិនិត្យ​និង​ដោះ​ស្រាយ​ករណី​នេះ។

កិច្ចព្រម​ព្រៀង​បញ្ចប់​វិវាទ​ដីធ្លី​រវាង​អ្នកស្រី សៀង ចាន់ហេង ​ជាមួយ​អ្នក​ស្រី ​ហ៊ុន ប៊ុនធឿន ដែល​ត្រូវ​ជា​ប្អូនស្រី​បង្កើត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​និង​អ្នកស្រី ហៀវ លន់ ​ដែល​ត្រូវបាន​ចុះ​ថ្ងៃទី​ ២៣​ ខែ​មករា ​បាន​ឲ្យដឹង​ថា៖ «លោក​ជំទាវ ​សៀង ចាន់ហេង ​ទទួល​ស្គាល់ ​និង​ប្រគល់​ដី​វិវាទ​ទំហំ ៥០ ​ហិកតា [និង] ៨អា ស្ថិត​នៅក្នុង​ភូមិ​ទួលសាលា ឃុំ​ស្អាងភ្នំ ស្រុក​ស្អាង ខេត្ត​កណ្តាល​ ដូច​មាន​ផែនទី​បង្ហាញ​ទីតាំង​ដីភ្ជាប់​ជា​ឧបសម្ព័ន្ធ​នៃ​កិច្ច​ព្រមព្រៀង​នេះ ជូន​លោក​ជំទាវ​ ហ៊ុន ប៊ុន​ធឿន និង​លោក​ជំទាវ ហៀវ លន់»។

កិច្ច​ព្រម​ព្រៀង​ដដែល​នោះ ក៏​បញ្ជាក់​បន្ថែម​ថា ​ភាគីដែល​មាន​ជម្លោះ​បាន​ដក​ពាក្យ​បណ្តឹង​ដែល​បាន​ដាក់​នៅ​គ្រប់​ស្ថាប័ន និង​តុលាការ​ រួមទាំង​សំណុំ​រឿង​រក្សា​ការពារ​ ទាំង​អស់​យ៉ាង​យូរ​ពីរ​សប្តាហ៍​ គិត​ចាប់​តាំង​ពី​ថ្ងៃចុះ​កិច្ច​ព្រម​ព្រៀង​នេះ​តទៅ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​លោក​ ជា សុផារ៉ា​ រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី នគរូបនីយកម្ម និងសំណង់​ និង​លោក សេង ឡូត អ្នក​នាំពាក្យ​ក្រសួង​នេះ បាន​នៅ​ឡើយ​ទេ គិតត្រឹម​រសៀល​ថ្ងៃ​ពុធនេះ។​

គួររំឭកថា​ កាល​ពី​ថ្ងៃទី​ ១៦ ​ខែ​មករា ឆ្នាំ​ ២០២៣ ​លោក ជា​ សុផារ៉ា ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំដែនដី​ នគរូប​នី​យកម្ម​ និង​សំណង់ បានដឹកនាំ​កិច្ច​ប្រជុំ​ស្តីពី​ការ​ពិនិត្យ​ករណី​ដី​វិវាទ​រវាង​អ្នកស្រី ហ៊ុន​ ប៊ុនធឿន​ និង​អ្នកស្រី​ ហៀវ​ លន់​ ជាមួយ​អ្នកស្រី សៀង​ ចាន់ហេង ​នៅ​ទីស្ដី​ការ​ក្រសួង។ ​នេះ​បើ​តាម​ការ​បង្ហោះ​ព័ត៌​មាន​លើ​គណនីយ​ហ្វេសប៊ុស​របស់​ក្រសួងរៀបចំ​ដែន​ដី។


​ការ​សម្រប​សម្រួលនេះ​ត្រូវបាន​ធ្វើឡើង​ ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​កាល​ពី​ថ្ងៃ​ទី ១១ ​ខែមករា​ ​បាន​ស្នើឲ្យលោក ជា សុផារ៉ា ​ផ្តល់​មតិ​ មុន​អាជ្ញាធរ​ពាក់​ព័ន្ធ​ធ្វើការ​កាត់​សេចក្តី​លើ​ករណី​ទំនាស់​ដីធ្លីនេះ៕