តុលាការខេត្តសៀមរាបបានចោទប្រកាន់ថៅកែហាងម៉ាស្សាម្នាក់ពីបទមនុស្សឃាតដោយអចេតនាក្រោយពីកុមារីអាយុ១៤ឆ្នាំមួយរូប បានឆក់ខ្សែភ្លើងស្លាប់នៅមុខហាងម៉ាស្សាមួយក្នុងតំបន់ Pub Street (ផាប់ស្ទ្រីត) ដែលជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយក្នុងក្រុងសៀមរាប កាលពីយប់ថ្ងៃចូលឆ្នាំទីបី ឆ្លងចូលថ្ងៃទី១៧ ខែមេសា។
ការឆក់ខ្សែភ្លើងនេះនាំឲ្យមានការពិភាក្សាជាបន្តបន្ទាប់ថា តើម្ចាស់ហាងត្រូវទទួលខុសត្រូវកម្រិតណាចំពោះការស្លាប់នេះ។ អ្នកច្បាប់យល់ថា ត្រូវតែមានការស៊ើបអង្កេតឲ្យបានច្បាស់លាស់របស់អាជ្ញាធរមានសមត្ថកិច្ចពីកម្រិតនៃការធ្វេសប្រហែសរបស់ម្ចាស់ហាង ដើម្បីបង្ការកុំឲ្យមានករណីស្លាប់ពេលមានការជួបជុំមនុស្សច្រើន នៅតាមកន្លែងកម្សាន្តនានា។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោក យិន ស្រាង បានថ្លែងប្រាប់ VOA នៅថ្ងៃពុធនេះថា តុលាការបានសម្រេចឃុំខ្លួនជនត្រូវចោទបណ្តោះអាសន្ន ហើយសំណុំរឿងនេះកំពុងស្ថិតក្នុងដៃចៅក្រមស៊ើបសួរ។ លោកបញ្ជាក់ថា តុលាការបានចោទប្រកាន់ ដោយយោងតាមរបាយការណ៍របស់ប៉ូលិស។
មាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌចែងថា បទមនុស្សឃាត ដោយអចេតនា បណ្តាលឲ្យស្លាប់អ្នកដទៃ ដោយការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬការខ្ជីខ្ជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅ៦លានរៀល។
ប្រធានការិយាល័យកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក ដួង សុខា បានថ្លែងប្រាប់ VOA ថា អ្នកមកលេងកម្សាន្តនៅតំបន់ Pub Street បានលេងបាញ់ទឹក និងជះទឹកដាក់គ្នា។ លោកបន្តថា ហាងម៉ាស្សាឈ្មោះ Baray Spa បានតដាក់ប្រ៊ីភ្លើងមួយដុំ ដើម្បីបំភ្លឺផ្លាកយីហោម៉ាស្សារបស់ខ្លួន។ លោកបន្តថាសមត្ថកិច្ចជំនាញចាត់ទុកថា ករណីនេះជាការធ្វេសប្រហែសមួយរបស់ហាងម៉ាស្សា ដែលមិនបានលើកប្រ៊ីភ្លើងឲ្យខ្ពស់ ស្របពេលដែលមានការបាញ់ទឹកដាក់គ្នានៅតំបន់នោះ។
លោកមានប្រសាសន៍ថា៖ «ការិយាល័យបច្ចេកទេស គេពិនិត្យទៅឃើញថា វាមានការឆ្លងអាហ្នឹង អាហ្នឹងមកពីការខ្ជីខ្ជា ការធ្វេសប្រហែសរបស់គាត់ គាត់មិនបានមានការប្រុងប្រយ័ត្ន ដាក់ប្រ៊ី ឲ្យផុតពីកន្លែងសើមអីចឹងទៅខ្ពស់ទៅ»។
លោក ដួង សុខា បានបញ្ជាក់បន្ថែមថា ស្នងការនគរបាលខេត្តសៀមរាបតែងតែយកចិត្តទុកដាក់ខ្ពស់នៅតំបន់ Pub Street ពេលមានព្រឹត្តិការណ៍ធំៗ ដោយបានណែនាំឲ្យមន្រ្តីគ្រប់ជំនាញ ចុះណែនាំ និងប្រាប់អ្នកលក់នៅទីនោះ ឲ្យមានការប្រុងប្រយ័ត្នចំពោះខ្សែចរន្តអគ្គិសនី។
លោកមានប្រសាសន៍ថា៖ «ខាងអាជ្ញាធរបានណែនាំ បានត្រួតពិនិត្យហើយ ប៉ុន្តែការធ្វើហ្នឹង វាមិនទាន់បានដល់កម្រិតនៅឡើយ»។
លោក ហុង គឹមសួន នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានចោទជាសំណួរទៅកម្រិតនៃការធ្វេសប្រហែសរបស់ម្ចាស់ហាងលើការតប្រ៊ីភ្លើង។
លោកមានប្រសាសន៍ថា៖ «ទីមួយសំខាន់ថា តើអាការតភ្លើងរបស់គាត់ហ្នឹង គាត់មានការធ្វេសប្រហែសអត់? បើគាត់មិនបានធ្វេសប្រហែសទេ តើក្មេងដែលវាទៅប៉ះឆក់ស្លាប់ហ្នឹង តើវាទៅលេងទីហ្នឹង ឬក៏កន្លែងហ្នឹងវាដាក់ឆ្ងាយពីមនុស្សដើរទេ។ យើងមើលអាហ្នឹងសិន បានយើងវាយតម្លៃទៅបាន។ តែបើគាត់តខ្សែប្រ៊ី ដាក់ចោលតាមពាសវាលពាសកាល អាណាអាចទាត់របូត ប៉ះឆក់ ប៉ះអីហ្នឹង អាហ្នឹងជាការធ្វេសប្រហែសធ្ងន់ធ្ងរ គាត់ត្រូវមានទោសហើយ»។
លោកបញ្ជាក់បន្ថែមថា ប្រសិនបើម្ចាស់ហាង ដាក់ប្រ៊ីភ្លើងមានរបៀបរៀបរយ និងនៅកន្លែងសុវត្ថិភាព ដូច្នេះគាត់មិនត្រូវទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌនោះទេ តែត្រូវទទួលខុសត្រូវផ្នែករដ្ឋប្បវេណីប៉ុណ្ណោះ។
លោក ហុង គឹមសួន បានឲ្យដឹងទៀតថា លោកធ្លាប់ធ្វើការលើករណីមួយ ដែលប្រហែលជាកើតឡើងក្នុងឆ្នាំ១៩៩៨ នៅពេលដែលក្មេងម្នាក់ទៅរើសគ្រាប់សីនៅក្នុងផ្ទះមួយ ដែលម្ចាស់ផ្ទះបានតចរន្តអគ្គិសនីភ្ជាប់នឹងបន្លាលួសដែលហ៊ំព័ទ្ធផ្ទះនោះ ដើម្បីការពារសុវត្ថិភាព។ ក្មេងនោះបានស្លាប់ ដោយសារបន្លាលួសមានចរន្តអគ្គិសនី។
លោកមេធាវី ហុង គឹមសួន បានបញ្ជាក់ថា តុលាការបានកាត់ទោសម្ចាស់ផ្ទះនោះ ឲ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ។
ក្រៅពីករណីឆក់ចរន្តអគ្គិសនីដែលបណ្តាលឲ្យស្លាប់នេះកន្លងទៅ ក៏មានករណីស្លាប់ផងដែរនៅក្នុងឧបទ្ទវហេតុឆេះក្លឹបកម្សាន្ត ដោយសារឆ្លងចរន្តអគ្គិសនី។
លោក ហុង គឹមសួន ក៏បានបង្ហាញក្តីបារម្ភពីសុវត្ថិភាពនៅតាមក្លឹបកម្សាន្តនានានៅពេលបច្ចុប្បន្ននេះផងដែរ ហើយលោកស្នើឲ្យមានការត្រួតពិនិត្យពីប្រព័ន្ធសុវត្ថិភាពដូចជាការតខ្សែភ្លើងប្រកបដោយសុវត្ថិភាព និងច្រកចេញនៅពេលមានអាសន្នជាដើម។
លោកបានថ្លែងប្រាប់ VOA ថា៖
«បើនិយាយពីក្លឹបកម្សាន្ត ត្រូវមានការសុំច្បាប់ឲ្យមានការត្រួតពិនិត្យត្រឹមត្រូវ ហើយត្រូវមានកន្លែងសុវត្ថិភាពកន្លែងចេញចូល មិនមែនបិទជិតឈឹង មានតែកន្លែងមួយ។ អាជ្ញាធរត្រូវតែតាមត្រួតពិនិត្យមើល មិនមែនចេះតែចេញលិខិតអនុញ្ញាតឲ្យគេហើយ ខ្លួនមិនទៅពិនិត្យបច្ចេកទេសអារឿងគ្រោះថ្នាក់ទាំងឡាយ ដែលវាអាចកើតឡើងជាយថាហេតុនោះទេ។ ត្រូវតែមានការពិនិត្យឡើងវិញ ហើយពិនិត្យហ្នឹងមិនមែនចេះតែយកលុយហើយ ហើយ OK ទេ។ ត្រូវពិនិត្យឲ្យឃើញ អាហ្នឹងវាត្រូវតាមស្តង់ដារអត់»?
ចំណែកលោកមេធាវី សុក សំអឿន មានប្រសាសន៍ថា កម្រិតនៃការប្រឈមចំពោះមុខច្បាប់របស់ម្ចាស់ហាងនៅ Pub Street នោះ អាស្រ័យលើការស៊ើបអង្កេតរបស់សមត្ថកិច្ច ។
លោកមានប្រសាសន៍ថា៖ «ចំណែកម្ចាស់ហាងម្ចាស់អី ជួនកាល ម្ចាស់ហាង គាត់មិនមែនអ្នកតខ្សែភ្លើងណា ជួនកាលកូនចៅ អ្នកតហ្នឹង។ បើសិនជាចាប់អាម្ចាស់ហាង ម៉េចត្រូវ។ ម្ចាស់ហាងយ៉ាងត្រូវ អាចទទួលខុសត្រូវផ្នែករដ្ឋប្បវេណី មិនអញ្ចឹង។ ដូច្នេះ បើយើងចាប់ម្ចាស់ហាង ខ្ញុំថាអត់ត្រូវទេ។ យ៉ាងច្រើន គាត់ទទួលខុសត្រូវ រឿងរដ្ឋប្បវេណីទេ។ លើកលែងតែយើងរកភស្តុតាងទៅ ឃើញថាម្ចាស់ខ្លួនឯងហ្នឹងហើយ គាត់ជាអ្នកធ្វើ»។
លោកបញ្ជាក់ថា អ្វីដែលសំខាន់ គឺត្រូវស៊ើបអង្កេតពីកម្រិតនៃការធ្វេសប្រហែសរបស់ម្ចាស់ហាងនោះ។
លោក សុក សំអឿន មានប្រសាសន៍ថា៖ «និយាយរួមយកមនុស្សទៅដាក់គុក ត្រូវគិតឲ្យមែនទែន ទាល់តែមានការខុសហ្នឹង វាខ្លាំងណាស់ កុំស៊ើបយកមនុស្សទៅមនុស្សទៅដាក់គុក កុំស្អីក៏ដាក់គុក ស្អីក៏ដាក់គុក»។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មានប្រសាសន៍ថា គួរតែមានការស៊ើបអង្កេតថាតើករណីឆក់ស្លាប់នេះ អាចបណ្តាលមកពីការបាញ់ទឹកឬយ៉ាងណា។
លោកមានប្រសាសន៍ប្រាប់ VOA ថា៖ «សម្រាប់ខ្ញុំ ខ្ញុំយល់ថា វាជារឿងមួយដែលរួមផ្សំគ្នាជាមួយបច្ចេកទេសផង ជាមួយអ្វីដែលជាឧបទ្ទវហេតុ ដូចជាការបាញ់ទឹក បាញ់អី ហ្នឹង បណ្តាលឲ្យឆក់ខ្សែភ្លើង បណ្តាលឲ្យមានការឆ្លងចរន្តអគ្គិសនីហ្នឹង»។
លោកបញ្ជាក់បន្ថែមថា៖ «ការចោទប្រកាន់ទៅលើថៅកែដែលគ្រប់គ្រងនៅទីនោះ ខ្ញុំគិតថាមិនមែន គ្រាន់តែជារឿងមួយមុខនោះទេ វាចាំបាច់ត្រូវមានការស៊ើបអង្កេតឲ្យបានម៉ត់ចត់ដែរណា»។
លោក សន ជ័យ ក៏បានស្នើឲ្យអាជ្ញាធរយកចិត្តទុកដាក់ឲ្យបានខ្ពស់ នៅពេលមានការជួបជុំដែលមានមនុស្សច្រើនផងដែរ ដោយលោកបានលើកឡើងពីបទពិសោធន៍នៃការស្លាប់មនុស្សរាប់រយនាក់ ដោយសារព្រឹត្តិការណ៍រត់ជាន់គ្នានៅលើស្ពានកោះពេជ្រ កាលពីឆ្នាំ២០១០។
លោកបញ្ជាក់ថា៖ «បញ្ហាគួរត្រូវបានបង្ការឲ្យបានម៉ត់ចត់ និងធានាថា ព្រឹត្តិការណ៍ដែលមានការជួបជុំមនុស្សច្រើន ត្រូវធានានិងពិនិត្យមើលដោយម៉ត់ចត់ ដោយអាជ្ញាធរ»។
គួរបញ្ជាក់ថា នៅខេត្តសៀមរាប កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ មានករណីភ្លើងឆេះក្លឹបដោយសារការឆ្លងអគ្គិសនីបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់។ ហើយកាលពីខែមីនា ឆ្នាំ២០១៥ មនុស្ស៥នាក់បានស្លាប់ ដោយសារឆេះក្លឹបកម្សាន្តមួយនៅក្រុងបាវិត ខេត្តស្វាយរៀង។ ចំណែកកាលពីខែកញ្ញា ឆ្នាំ២០១៥ មានករណីឆេះក្លឹបកម្សាន្តមួយ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ផងដែរ៕