ប្រជា​ពលរដ្ឋ​ខេត្ត​សៀមរាប​រង​បញ្ហា​ជីវភាព​ខ្លាំង ខណៈ​ទេសចរ​នៅ​តែ​មាន​ចំនួន​តិច​ខុស​ពី​ការ​រំពឹង​ទុក

មគ្គទេសក៍ទេសចរ​មួយ​ចំនួន​អង្គុយ​រងចាំ​ភ្ញៀវនៅ​មុខ​បរិវេណ​នៃ​ប្រាសាទ​អង្គរវត្ត នៅ​ខេត្ត​សៀមរាប​ កាលពី​ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣។ (ធីតា វីន/វីអូអេ)

ខេត្តសៀមរាប — «ជិត​៣០​ឆ្នាំ​ហើយ​បង​លក់​អត់​ដែល​ជួប​ប្រទះ​ដូច​ឆ្នាំ​នេះ​ទេ​អូន ​ឆ្នាំ​នេះ​យ៉ាប់​ខ្លាំង​ណាស់​ យ៉ាប់​ មិន​មែន​យ៉ាប់​តែ​បង​ទេ​ គឺ​ទាំង​អស់ ​អ្នក​លក់​រក​ស៊ី ​អាជីវ​ករ​មុខ​អង្គរ​ បង​អើយ​ថ្ងៃ​ណា​ក៏​បាន​កៅ​ឆាយ​២​ឬ​៣ម៉ឺន​ទៅ ​ថ្ងៃ​ណា​ក៏​អត់ ​ពេល​នេះ​បាន​៥០០០​រៀល​គត់»។

នេះ​គឺ​ជាការ​ត្អូញ​ត្អែរ​របស់​អ្នក​ស្រី ​កង​ មាស​ អាយុ​៥២​ឆ្នាំ​ ​អាជីករ​លក់​វត្ថុ​អនុស្សាវរីយ៍​នៅ​មុខ​ប្រាសាទ​អង្គរវត្ត​ ក្នុង​ខេត្ត​សៀមរាប។ អ្នក​ស្រី​បាន​ឱ្យ​ដឹង​ទាំង​អស់​ក្តី​សង្ឃឹម​ថា ​កាល​មុន​ជំងឺ​កូវីដ​១៩ រាតត្បាត អ្នកស្រី​អាច​លក់​បាន​ប្រហែល​ ២០​ម៉ឺន​រៀល​ ក្នុង​មួយ​ថ្ងៃ​ ក្នុង​នោះ​អាច​ចំណេញ​ប្រហែល​ ៦​ម៉ឺន​រៀល។ ក៏​ប៉ុន្តែ​ពេល​នេះ​ ក្នុង​មួយ​ថ្ងៃ​ អ្នក​ស្រី​លក់​ចំណេញ​មិន​បាន​ដល់​ ១​ម៉ឺន​រៀល​ផង។ អ្នកស្រី​បញ្ជាក់​ថា ​បើ​ស្ថានភាព​នៅតែ​បន្ត​បែប​នេះ​ទៀត ​ប្រហែល​ជា​អ្នក​ស្រី​ត្រូវ​ស្វែង​រក​ការងារ​ផ្សេង​ធ្វើ​ហើយ ដើម្បី​ដោះ​បំណុល។

អ្នកស្រី​ កង មាស ថ្លែងថា៖ «បើ​នៅ​តែ​បែប​នេះ​ទៀត​ មាន​តែ​រក​ដោះស្រាយ​ទៀត ​ធ្វើ​កម្មករ​អី​គេ​ទៀត​ទៅ ​លក់​ដូរ​មិន​បាន​ស៊ី​ចឹង ​អស់​សង្ឃឹម​តែ​មិន​ដឹង​ធ្វើ​ម៉េច ​ដោះស្រាយ​អត់​ចេញ​មែន​ លក់​អត់​ដាច់​ គឺ​ដោះស្រាយ​អ្វី​អត់​ចេញ​ រក​កន្លែង​ផ្លូវ​ចេញ​អត់​រួច​ទេ ​មិន​ដឹង​រក​ស៊ី​អី​អត់​មាន​មុខ​របរ​អ្វី​ផ្សេង​ទៀត​ផង»។

ខេត្ត​សៀមរាបគឺ​ជា​ខេត្ត​មួយ​ដែល​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ច្រើន​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ជា​រៀង​រាល់​ឆ្នាំ​ មុន​ពេល​មាន​ជំងឺ​កូវីដ​ ១៩ ​ភ្ញៀវ​ទេសចរណ៍​ប្រហែល​ជាង​ ២ លាន​នាក់​ បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ក្នុង​ខេត្ត​នេះ​ ដែល​អាច​ផ្តល់​ចំណូល​ប្រហែល​ជា​ ១០០ ​លាន​ដុល្លារ ​ក្នុង​មួយ​ឆ្នាំ។ សេដ្ឋកិច្ច​របស់​ខេត្ត​នេះ​ក៏​ស្ទើរ​តែ​ពឹង​ផ្អែក​លើ​វិស័យ​ទេស​ចរណ៍​ទាំង​ស្រុង​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋក្នុង​ខេត្ត​ភាគច្រើន​ជួប​ការ​លំបាក​ខ្លាំង​ផ្នែក​ជីវភាព ប្រសិន​បើ​វិស័យ​ទេសចរណ៍មិន​ដំណើរការ​ប្រសើរ​នោះ។

ទេសចរជាតិ​និង​អន្តរជាតិ​ដើរ​ទស្សនា​កម្សាន្ត​ក្នុង​បរិវេណ​នៃ​ប្រាសាទ​អង្គរវត្ត​ នៅ​ខេត្ត​សៀមរាប​ កាលពី​ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣។ (ធីតា វីន/វីអូអេ)

អ្នកស្រី កង មាស អាយុ៥២ឆ្នាំ ជាអាជីករ​លក់​វត្ថុអនុស្សាវរីយ៍​នៅមុខ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប។ (ធីតា វីន/វីអូអេ)

នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​អ្នក​ស្រី​ កង​ មាស​ មគ្គទេសក៍​ទេសចរ​ប្រមាណ​ជិត​ ២០​នាក់​កំពុង​ឈរ​ត្រៀប​ត្រា​នៅ​ក្បែ​រច្រក​ចូល​ប្រាសាទ​អង្គរវត្ត ​ដើម្បី​រងចាំ​សួរ​នាំ ​និងបញ្ចុះ​បញ្ចូល​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ដែល​ចូល​ទៅ​ទស្សនា​អង្គរវត្ត ​ឱ្យ​ជួយ​ប្រើ​សេវាកម្ម​មគ្គទេសក៍​ទេសចរណ៍​របស់​ពួក​គេ​ក្នុង​ដំណើរ​កម្សាន្ត។

ក្នុង​នោះ​មាន​លោក​ និក​ សិញ ​អាយុ​៣២​ឆ្នាំ ​ដែល​ជា​មគ្គទេសក៍​ទេសចរ​ភាសា​ចិន​ដែល​មាន​បទពិសោធន៍​ជិត​១០​ឆ្នាំ​មក​ហើយ​នោះ កំពុង​ឈរ​រង​ចាំ​ភ្ញៀវ​នៅ​មុខ​អង្គរវត្ត​ជាមួយ​មគ្គទេសក៍​ទេសចរផ្សេងៗ​ទៀត។ លោក​បាន​មាន​ប្រសាសន៍​ថា​ លោក​មិន​ធ្លាប់​ឈរ​រង​ចាំ​ភ្ញៀវ​បែប​នេះ​ទេ​ ពី​ព្រោះ​មុន​ជំងឺ​កូវីដ​១៩​ លោក​អាច​ដើរ​ភ្ញៀវ​តាម​ក្រុមហ៊ុន​ស្ទើរ​តែ​គ្មាន​ថ្ងៃ​សម្រាក។ លោក​បាន​បន្ថែម​ថា​ មុន​កូវីដ​យ៉ាង​ហោច​ណាស់​ក្នុង​មួយ​ខែ លោក​អាច​រក​បាន​ប្រហែល​ ២.០០០​ដុល្លារ​អាមេរិក​ ក៏​ប៉ុន្តែ​ពេល​នេះ​ លោក​រក​បាន​ប្រហែល​ ៣០០​ដុល្លារ​តែ​ប៉ុណ្ណោះ​ក្នុង​មួយខែ។

លោក​ថ្លែងថា៖ «មួយ​រយៈក្រោយ​នេះ ​ដោយ​សារ​តែ​ទី​ ១​ អ្នក​ដែល​អត់​ការងារ​ធ្វើ​មាន​ច្រើន​ ជាពិសេស​មគ្គទេសក៍​ទេសចរ ​ហើយ​ភ្ញៀវ​ក៏​មាន​តិច​ ដល់​ពេល​ចឹង​ទៅ​ បាន​តម្លៃ​ហ្នឹង​អាច​ចុះ​តាម​ហ្នឹង។ ពេល​ខ្លះ​ អ្នក​ខ្លះ​ក្រោម​ ១០​ដុល្លារ​ ក៏​គាត់​ដើរ​ដែរ ​ឧទាហរណ៍ ​បើ​គាត់​អត់​ដើរ ​គឺ​គាត់​អត់​បាន​ចំណូល ​ចឹង​ទៅ​គាត់​ត្រូវ​តែ​បង្ខំ​ចិត្ត​ដើរ។​ តែ​សម្រាប់​ខ្ញុំ​ជា​មគ្គុសទេសក៍​ភាសា​ចិន ​ប្រហែល​ជា​អាច​ខ្ទង់​ពីរ​ថ្ងៃ​បាន​មួយ​ក្រុម។ សម្រាប់​ភ្ញៀវ​អន្តរជាតិ​ពេល​ខ្លះ​ទៅ​ ក៏​១០​ដុល្លារ​ក៏​ដើរ​ ១៥​ដុល្លារ​ក៏​ដើរ។ បង​ដឹង​ស្រាប់​ហើយ​ ចេញ​ពី​កូវីដ​មក ​បញ្ហា​សេដ្ឋកិច្ច​គឺ​វា​យ៉ាប់​យឺន​មែន​ទែន។ ចឹង​បើ​សិន​ជា​យើង​មិន​ដើរ​ អ្នក​ផ្សេង​គេ​អាច​ដើរ​បាន​ ចឹង​ទៅ​ដាច់​ខាត​យើង​ត្រូវ​តែ​បង្ខំ​ចិត្ត​ត្រូវ​ដើរ»។

ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​សៀមរាប​ភាគ​ច្រើន​ប្រកប​របរ​ពឹង​ផ្អែក​លើ​វិស័យ​ទេសចរណ៍​ ដូច​ជា​មគ្គទេសក៍​ទេសចរ អាជីកម្ម​លក់​វត្ថុ​អនុស្សាវរីយ៍​ សណ្ឋាគារ ​ផ្ទះ​សំណាក់ និង​ភោជនីយដ្ឋាន​ជា​ដើម។ ខេត្ត​សៀមរាប​មាន​មគ្គទេសក៍​ទេសចរ​ចំនួន​ជាង​ ៥.០០០​នាក់​ ភាគ​ច្រើន​ជា​មគ្គទេសក៍​ទេសចរ​ភាសា​អង់គ្លេស​ និង​ចិន។

អ្នក​ដែល​ប្រកប​របរ​វិស័យ​ទេស​ចរណ៍​និង​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល​បាន​ប្រាប់​វីអូអេ​ឱ្យ​ដឹង​ស្រដៀងៗ​គ្នា​ថា​ អ្នក​ទេសចរ​ចូល​មក​កម្សាន្ត​ក្នុង​ប្រទេស​កម្ពុជា​ភាគ​ច្រើន​ស្នាក់​នៅ​យ៉ាង​ច្រើន​ប្រមាណ​ជា​ ៣​យប់​តែ​ប៉ុណ្ណោះ​ មិន​ដូច​ជា​ប្រទេស​ជិត​ខាង​ដែល​អ្នក​ទេសចរ​ស្នាក់​នៅ​ចន្លោះ​ពី​ ១៥​ថ្ងៃ​ទៅ​ ២០​ថ្ងៃ​ ពី​ព្រោះ​ប្រទេស​ទាំង​នោះ​មាន​ការ​លក់​កញ្ចប់​ទេសចរណ៍​ដោយ​ខ្លួន​ឯង​ និង​មាន​ការ​បង្កើត​តំបន់​កម្សាន្ត​ជា​ច្រើន​សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ឱ្យ​ស្នាក់​នៅ​បាន​យូរ។

លោក ខៀវ​ ធី ​ជា​ប្រធាន​សមាគម​មគ្គទេសក៍​ទេសចរ​អង្គរ​ និង​មគ្គទេសក៍​ទេសចរ​ភាសា​អង់គ្លេស​ បាន​មាន​ប្រសាសន៍​ថា​ ភ្ញៀវ​ទេសចរ​ចូល​មក​លេង​កម្សាន្ត​នៅ​ខេត្ត​សៀម​រាប​នៅ​ពេល​នេះ​មាន​ចំនួន​តិច​នៅ​ឡើយ ​ដែល​ធ្វើ​ឱ្យ​មគ្គទេសក៍​ទេសចរ​ត្រូវ​មក​ឈរ​ចាំ​នៅ​មុខ​អង្គរ​ច្រើន​បែប​នេះ ​រហូត​ដល់​ដាក់​វេន្ត​គ្នា​ថែម​ទៀត​ ដើម្បី​បាន​ថវិកា​ខ្លះ​ដោះ​ស្រាយ​តម្រូវការ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។

លោក​ថ្លែង​ថា៖ «ភ្ញៀវ​ទេស​ចរ​មក​តិច​ណាស់​ មក​តិច​ជាង​មុន​ ចឹង​ហើយ​បាន​គាត់​មក​ព្យាយាម​មក​អង្គុយ​មុខ​អង្គរ​ មិន​មែន​រំពឹង​តែ​ភ្ញៀវ​ទេសចរ​បរទេស​ទេ ​ភ្ញៀវ​ទេសចរ​ខ្មែរ ​ចឹង​ក៏​មគ្គទេសក៍​ទេសចរ​យើង​សួរនាំ​គាត់​ទៅ​ ក៏​គាត់​ជួយ​យក​ដើរ​កន្លះ​ម៉ោង​ ណែ​នាំ​កន្លះ​ម៉ោង​ ឬ​មួយ​ម៉ោង​អី​ទៅ ​គ្រាន់​តែ​ប្រាប់​បន្តិច​ទៅ​ គាត់​ជូន​លុយ​១០.០០០​[រៀល] ​ឬ​ ២០.០០០​[រៀល] ​គ្រាន់​តែ​គាត់​បាន​ទិញ​ម្ហូប​អាហារ ​បើ​ចាំ​ភ្ញៀវ​បរទេស​អត់​ទាន់​មាន​មក​នៅ​ឡើយ»។

លោក​ ខៀវ ធី​ ក៏​បាន​លើក​ឡើង​ថា កត្តា​មួយ​ចំនួន​ ដូចជា​អនាម័យ​ បរិស្ថាន ​សន្តិសុខ​សុវត្ថិភាព​ សកម្មភាព​ទារ​លុយ​ក្រៅ​ផ្លូវការ​របស់​មន្ត្រី​អន្តោប្រវេសន៍​មួយ​ចំនួននៅ​ច្រក​ព្រំដែន​ គឺ​សុទ្ធតែ​ជា​ឧបសគ្គ​ក្នុង​ការ​រារាំង​ដល់​ចរន្ត​ទេសចរណ៍​ចូល​មក​កម្សាន្តក្នុងប្រទេស​កម្ពុជា។

លោក​ថ្លែង​ថា៖ «ទេសចរណ៍​ខ្មែរ​យើង​មិន​អាច​ប្រណាំង​ប្រជែង​ឈ្នះ​ប្រទេស​ជិត​ខាង​យើង​ ដូច​ជា​ប្រទេស​ថៃ​ និង​ប្រទេស​វៀតណាម​ ទោះ​បី​ជា​យើង​មាន​ប្រាសាទ​អង្គរ​វត្ត​ក៏​ដោយ​ ដោយ​សារ​ទី​ ១ ​យើង​អត់​មាន​អាកាសចរណ៍​ប្រចាំ​ជាតិ​ដើម្បី​ដឹក​ជញ្ជូន​ឆ្លង​ទ្វីប​ ហើយ​តាម​បណ្តោយ​ផ្លូវ​យើង​ សំរាម​ច្រើន​ ខែ​ប្រាំង​ធូលី​ហ៊ុយ ​ខែ​វស្សា​កើត​ភក់​ភ្ញៀវ​មក​មើល​តែ​ប្រាសាទ​អង្គរវត្ត​តែ​ ១​ថ្ងៃ​ ឬ​២​ថ្ងៃ​ គេ​ទៅ​វិញ​ហើយ​ ក្រៅ​ពី​បរិស្ថាន​ខ្មែរ​យើង​គឺ​យើង​បាក់​មុខ​បាក់​មាត់​ផ្នែក​សន្តិសុខ​ ដោយ​សារ​មួយ​រយៈកន្លង​មក​នេះ​ គឺ​ថា​ មាន​ជន​បង​តូច​បង​ធំ​ជា​ក្រុម​ម៉ាហ្វៀ​មក​ពី​ក្រៅ​ប្រទេស​ក៏​ដូច​ជា​ប្រព័ន្ធ​អន​ឡាញ scam»។

ទិដ្ឋភាព​នៃ​កន្លែង​កម្សាន្ត​ពេល​រាត្រី​ Pub Street ក្នុង​ក្រុង​សៀមរាប ខេត្ត​សៀមរាប កាលពី​ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣។ (ធីតា វីន/វីអូអេ)

ទិដ្ឋភាព​នៃ​អាជីវកម្ម​វត្ថុ​អនុស្សាវរីយ៍​ក្នុង​ផ្សារចាស់ នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣។ (ធីតា វីន/វីអូអេ)

របាយ​ការណ៍​របស់​ក្រសួង​ទេសរណ៍​បាន​ឱ្យ​ដឹង​ថា ​ក្នុង​រយៈពេល​ ៩​ខែ​នៃ​ឆ្នាំ​២០២៣​ ខេត្ត​សៀមរាប​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ប្រមាណ​ជា ​១លាន​ ៦សែន​នាក់​ គឺ​កើន​ឡើង​ប្រមាណជា​ ៤០% ​បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​ ២០២២​ ដែល​ភ្ញៀវ​ទេសចរ​មាន​ចំនួន​ជិត ១លាន ២សែន​នាក់ តែ​ថយ​ចុះ​ប្រមាណ​ជា​ ៥២%​ បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ មុន​ជំងឺ​កូវីដ​រាតត្បាត​ក្នុង​ឆ្នាំ​ ២០១៩​ ដែល​ភ្ញៀវ​ទេសចរ​មាន​ចំនួន​ប្រមាណ ៣លាន ៥សែននាក់។ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នៅ​ក្នុង​អំឡុង​ឆ្នាំ​ ២០២៣​នេះ​ ជនជាតិ​អាមេរិក​ឈរ​លំដាប់​ថ្នាក់​លេខ​ ១ ​បន្ទាប់​មក​ អង់គ្លេស​ បារាំង ​ចិន​ កូរ៉េ​ខាង​ត្បូង ​អូស្ត្រាលី​ អាល្លឺម៉ង់ ​ជប៉ុន ​វៀតណាម​ និង​ឥណ្ឌា។

នៅ​ឯ​ទីប្រជុំ​ជន​ក្នុង​ខេត្តវិញ ​អាជីវក​លក់​វត្ថុ​អនុស្សាវរីយ៍​ក្នុង​ផ្សារ​ចាស់​ជាច្រើន​នាក់ រួមទាំង​កញ្ញា​ សុខ​ ចាន់កញ្ញា​ អាយុ​៣៧​ឆ្នាំ បាន​ត្អូញត្អែរ​អំពី​ការ​ធ្លាក់​ចុះ​នៃ​ចំណូល​ដែល​រក​បាន​ពី​ការ​ទិញ​ទំនិញ​របស់​ភ្ញៀវទេសចរ។ កញ្ញា​បាន​ប្រាប់​វីអូអេ​ថា រយៈពេល​៤​ខែ​ចុង​ក្រោយ​នេះ​ ការ​លក់​ដូរ​មាន​ការ​ធ្លាក់​ចុះ​ប្រមាណ​ជា​ ៦០​ភាគរយ​ បើ​ធៀប​នឹង​ដើម​ឆ្នាំ​ ២០២៣​នេះ។

កញ្ញា​ថ្លែង​ថា៖ «ខែ​៧ ​ខែ​៨​ ខែ​៩​ ខែ​៩​ធ្ងន់​ជាង​ឆ្នាំ​មុន​ទៅ​ទៀត។ មួយ​ខែ​បើ​និយាយ​ជា​មធ្យម​អាច​លក់​បាន​ ១.០០០​[ដុល្លារ] ១.០០០​ទាំង​ដើម​ទាំង​ចុង ​បើ​ឥឡូវ​លក់​អី​ក៏​ប្រជែង​គ្នា​ដែរ​ ដើម្បី​រស់​ចឹង​ចំណេញ​បាន​ ២០​ភាគរយ​ ៣០​ភាគរយ។​ ៣០០​[ដុល្លារ] ​បុគ្គលិក​ប៉ុន្មាន​ ថ្លៃ​តូប​ ៣០០​ដុល្លារ​បាត់​ហើយ​ ថ្លៃ​ភ្លើង​ទៀត​លក់​រាល់​ថ្ងៃ​គឺ​ឱ្យ​តែ​ផ្សារ​ហ្នឹង។ សេដ្ឋកិច្ច​ចឹង​ហើយ ​ម្ចាស់​ផ្សារ​ក៏​នៅ​តែ​ឡើង​ថ្លៃ​ដែរ។ រដ្ឋាភិបាល​សូម​ជួយ​សម្លឹង​មើល​អ្នក​ខេត្ត​ផង​ ឱ្យ​គាត់​មើល​តើ​មែន​ ឬ​មិន​មែន​ភ្ញៀវ​កើន​ហេតុ​អ្វី​ក៏​អ្នក​ផ្សារ​ហ្នឹង​ចេះ​តែ​កុហក​ថា​ ផ្សារ​ស្ងាត់​ គាត់​ដើរ​មក​មើល​ខ្លួន​ឯង​មក​ ពី​ប្រលោះ​មួយ​ទៅ​ប្រលោះ​មួយ ​គឺ​ស្ងាត់»។

កញ្ញា ​សុខ​ ចាន់​កញ្ញា​ ដែល​ប្រកប​មុខ​របរ​នេះ​ជិត​២០ឆ្នាំ​មកហើយ​ ​ចង់​ឱ្យ​រដ្ឋាភិបាលរក​ដំណោះ​ស្រាយ​សម្រាប់​វិស័យ​ទេសចរណ៍​ ពី​ព្រោះវិ​ស័យ​នេះ​គឺ​ជា​ចំណូល​ដ៏​សំខា​ន់សម្រាប់​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​សៀមរាប។

កញ្ញា​ថ្លែង​ថា៖ «រដ្ឋា​ភិបាល​ត្រូវ​តែ​គិត​គូរ​ចំណុច​ហ្នឹង​ខ្លាំង​ ពី​ព្រោះ​ជា​ឧស្សាហ៍កម្ម​គ្មាន​ផ្សែង។ អា​ហ្នឹង​គឺ​ជា​ចំណូល​របស់​ប្រជាជន​ខេត្ត​សៀមរាប​ទាំង​ស្រុង។ ក្នុង​នាម​ខ្ញុំ​ជា​ប្រជា​ពល​រដ្ឋ​ប្រចាំ​ខេត្ត​សៀមរាប​ នាង​ខ្ញុំ​សូម​សំណូម​ពរ​ឱ្យ​រដ្ឋា​ភិបាល​សូម​ជួយ​មើល​និង​រៀប​ចំ​ផែនការ​ដើម្បី​ទាក់​ទាញ​ទេសចរណ៍​ ដើម្បី​ឱ្យ​ខេត្ត​មួយ​នេះ​មាន​ការ​រីក​ចម្រើន​ឡើង​មក​វិញ​ ពី​ព្រោះ​រាល់​ថ្ងៃ​នេះ​ ទេស​ចរណ៍​មាន​ការ​ធ្លាក់​ចុះ​ខ្លាំងមែន​ទែន។ ​ខ្ញុំ​គិត​ថា ​អ្វី​ដែល​រដ្ឋា​ភិបាល​គាត់​បន្ធូរ​បន្ថយ​បាន​សម្រាប់​ភ្ញៀវ​ទេសចរ​ដើម្បី​ទាក់​ទាញ​គេ​ ដើម្បី​ឧស្សាហ៍កម្ម​ឥត​ផ្សែង​មួយ​នេះ​ គាត់​គួរ​តែ​ធ្វើ​អ្វី​ឱ្យ​តំបន់​មួយ​នេះ​មាន​ការ​រីក​ចម្រើន»។

នៅ​ក្បែរ​ផ្សារ​ចាស់ ​លោក ​ហេង​ សុត​ អាយុ​៤៦​ឆ្នាំ​ កំពុង​សំចត​រឺម៉ក់​កងបី​របស់​លោក ដែល​លោក​បាន​រត់​ដឹក​ភ្ញៀវជាតិ​និង​អន្តរជាតិ​ក្នុង​ពេល​ជាង​ ១០ឆ្នាំ​មក​នេះ។ ស្ថានភាព​ចំណូល​របស់​លោក ​ក៏​មិន​ខុសគ្នា​ពី​អាជីវករ និង​មគ្គទេសក៍​ទេសចរ​ដែរ គឺ​ធ្លាក់​ចុះ​ខ្លាំង។ លោក​បាន​ប្រាប់​វីអូអេ​ថា ​កាល​ពី​ដើម​ឆ្នាំ​ លោក​អាច​រក​ចំណូល​បាន​ប្រហែល​ ៣០០​ដុល្លារ​ក្នុង​មួយ​ខែ ​ក៏​ប៉ុន្តែ​ក្នុង​អំឡុង​ពេល​នេះ​ លោក​រក​បាន​យ៉ាង​ច្រើន​១០០​ដុល្លារ​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។

លោក​ថ្លែងថា៖ «ខែ​នេះ​អត់​សូវ​មាន​ភ្ញៀវ​ទេ​ឆ្នាំ​នេះ​ស្ងាត់ ​ស្ងាត់​ជាង​រាល់​ឆ្នាំ​និយាយ​ទៅ​ពី​ខែ​ ៥​ មក​ដល់​ខែ​ ៩ ​គឺ​ស្ទើរ​តែ​អត់​មាន​សោះ។ មាន​ថ្ងៃ​ខ្លះ​ក៏​អត់​បាន​សោះ​ក៏​មាន​ដែរ ​ជួន​កាល​ ២​ ឬ​៣​ថ្ងៃ​ ជាប់​គ្នា​អត់​ដែរ​បាន​សោះ។ ថ្ងៃ​ណា​ខ្លះ​ក៏​បាន​ទៅ​ ក៏​ប៉ុន្តែ​បាន​តិច​តួច​ បាន​ដឹក​ភ្ញៀវ​ខ្មែរ​ឯង​ខ្លះ​ ចំណូល​វា​តិច​តួច​ តែ​សម្រាប់​ភ្ញៀវ​បរទេស​មិន​សូវ​មាន ​យើង​ចេះ​តែ​តស៊ូ​ទ្រាំ​នៅ​បន្ត​ទៀត។ យើង​អត់​មាន​របរ​អី​ផ្សេង​ផង ​តែ​បើ​សិន​ជា​មើល​ទៅ​វា​ស្ងាត់​យូរ​ពេក​ យើង​អាច​ទៅ​រក​ការ​ងារ​អី​ធ្វើ​សំណង់​ធ្វើ​អី​ដូច​មុន»។

ផ្លាក​សញ្ញា​នៃ​ការ​ស្វាគមន៍​ទៅ​កាន់​ទីរមណីយដ្ឋាន​របស់​ប្រាសាទ​អង្គរវត្ត នៅ​ខេត្ត​សៀមរាប​ កាលពី​ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣។ (ធីតា វីន/វីអូអេ)

ក្រោយ​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​ បាន​ស្រាកស្រាន្ត​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ នៅ​ដើម​ឆ្នាំ​២០២៣ ​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត​សៀមរាប​ភាគច្រើន​ហាក់​មាន​ក្តី​សង្ឃឹម​អំពី​ការ​កើន​ឡើង​វិញ​នូវ​ចំនួន​ភ្ញៀវ​ទេសចរ ដែល​អាច​បង្កើត​ឱកាស​រក​ចំណូល​ដល់​ពួកគេ។ ក៏​ប៉ុន្តែ​ក្តី​រំពឹង​នោះ​ហាក់​ដូច​ជា​នៅ​ឆ្ងាយ​ពី​ពួក​គេ។

លោក​ស្រី​ ឆាយ​ ស៊ីវលីន ​ប្រធាន​សមាគម​ទី​ភ្នាក់​ងារ​ទេស​ចរណ៍​កម្ពុជា​ បាន​ប្រាប់​វីអូអេថា ការ​ធ្លាក់​ចុះ​នូវ​ចំនួន​ភ្ញៀវ​ទេសចរ អាចបណ្តាល​មក​ពីកត្តា​រួម​ផ្សំ​ជា​ច្រើន ​ដូច​ជា​ ពេល​នេះ​ជា​រដូវ​ធ្លាក់​ភ្ញៀវ ​សេដ្ឋកិច្ច​ពិភព​លោក​មាន​ការ​ធ្លាក់​ចុះ ​សង្គ្រាម​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​ និង​ការ​ផ្សព្វ​ផ្សាយ​អំពី​ចំណុច​អវិជ្ជ​មាន​របស់​បណ្តាញ​សារព័ត៌មាន​មួយ​ចំនួន​អំពី​ប្រទេស​កម្ពុជា​ជាដើម។

លោក​ស្រី​ថ្លែង​ថា៖ «គេ​ឆ្លៀត​ពេល​និយាយ​ពី​យើង​មិន​ល្អ​ អា​ហ្នឹង​វា​ជា​រឿង​ធម្មតា​ទេ ​ក៏​ប៉ុន្តែ​សំខាន់​យើង​ម្ចាស់​ផ្ទះ​ហ្នឹង​ យើង​ជួយ​ចែក​រំលែក​នូវ​រឿង​អវិជ្ជមាន​បន្ថែម​ទៀត ​អាហ្នឹង​វា​កាន់​តែ​ស​បញ្ជាក់​ថា​ រឿង​រ៉ាវ​ហ្នឹង​វា​ពិត​ជា​កើត​មាន។ ចាស​វា​មាន​កក្តា​ផ្សេងៗ​ទៀត​ដែរ ​ដូច​ជា​ប្រទេស​ជិត​ខាង​យើង ​គេ​ព្យាយាម​ដោះ​ចេញ​នូវ​ការ​លំបាក​ខ្លះៗ ​ដូច​ជា​ការ​ផ្តល់​ជូន​នូវ​ទិដ្ឋាការ​ដោយ​មិន​គិត​ថ្លៃ​ទៅ​ដល់​ប៉ុន្មាន​រយ​ប្រទេស​នោះ​ដែល​ធ្វើ​ឱ្យ​មាន​ការ​ទាក់​ទាញ​ខ្លាំង​ទៅ​ប្រទេស​គេ​សិន»។

លោកស្រី​ ឆាយ ស៊ីវលីន ក៏​ជា​ម្ចាស់​សណ្ឋាគារ​ធំ​ចំនួន​ពីរ ដែល​មាន​ ១២០​បន្ទប់​ក្នុង​ខេត្ត​សៀមរាប។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា​ កាល​ពី​ដើម​ឆ្នាំ​២០២៣នេះ ក្នុង​មួយ​ថ្ងៃ​ សណ្ឋាគារ​របស់​លោក​ស្រី​បើក​បាន​ជាង​ ៣០​បន្ទប់​ តែរ​យៈពេល​ប្រហែល​ ៣​ ឬ​៤​ខែ​ចុង​ក្រោយ​នេះ​ បើក​បាន​តែ​ជាង​១០​បន្ទប់​តែ​ប៉ុណ្ណោះ​ ក្នុង​មួយ​ថ្ងៃ។

​ដើម្បី​ធ្វើ​ឱ្យ​វិស័យ​ទេស​ចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​ លោក​ស្រី​ ឆាយ ស៊ីវលីន ដែល​មាន​បទពិសោធន៍​ក្នុង​វិស័យ​ទេសចរណ៍​ជាង​២០ឆ្នាំ​មក​នេះ យល់ថា វា​ទាមទារ​ឱ្យ​មាន​ការ​ចូល​រួម​ទាំង​អស់​គ្នា​ ទាំង​វិស័យ​រដ្ឋ ​ឯកជន​ និង​ប្រជា​ពលរដ្ឋ​ទាំង​អស់​ ក្នុងការ​ផ្សព្វ​ផ្សាយ​នូវ​អ្វី​ដែល​ជា​ចំណុច​ល្អ​របស់​ប្រទេស​កម្ពុជា ​ទៅ​ដល់​ពិភព​លោក ​ ហើយ​បង្កើត​អ្វី​ដែល​ថ្មីសម្រាប់​វិស័យ​ទេសចរណ៍។

លោក​ស្រី​ថ្លែងថា៖ «ហើយ​យើង​ត្រូវ​តែ​នាំ​គ្នា​ចូល​រួម ​និយាយ​ល្អៗ ​បង្ហាញ​អំពី​គោល​ដៅ​ល្អៗ​អំពី​កម្ពុជា​ ទើប​យើង​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បាន។ លើស​ពី​នេះ​ទៀត​ យើង​ត្រូវ​ច្នៃ​នូវ​ផលិត​ផល​ថ្មីៗ ​ខ្សែ​ទស្សនកិច្ច​ថ្មីៗ​ បង្កើន​គុណភាព ​ពី​ព្រោះ​អី​ក្នុង​វិស័យ​ទេសចរណ៍​គឺ​ត្រូវ​ធ្វើ​ដូច​ម្តេច​ឱ្យ​បាន​ថ្មី ​ឱ្យ​បាន​ទាក់​ទាញ​ បើ​យើង​គ្រាន់​តែ​យក​ប្រាសាទ​អង្គរវត្ត​ទៅ​ផ្សាយ​ដដែលៗ​ទេ ​សម្រាប់​អ្នក​ដែល​អត់​ទាន់​មក​ គេ​មក​ហើយ​ តែ​សម្រាប់​អ្នក​ដែល​ធ្លាប់​មក​ហើយ​ គឺ​ក៏​គេ​អត់​ចង់​ទៀត​ដែរ»។

កញ្ញា សុខ ចាន់កញ្ញា អាយុ៣៧ឆ្នាំ ជា​អាជីវករ​លក់​វត្ថុអនុស្សាវរីយ៍​នៅក្នុង​ផ្សារចាស់ ខេត្តសៀមរាប។ (ធីតា វីន/វីអូអេ)

ហេង សុត អាយុ៤៦ឆ្នាំ ជា​អ្នក​រត់​រឺម៉ក់​កង់បី​នៅ​ក្រុង​សៀមរាប ខេត្ត​សៀមរាប។ (ធីតា វីន/វីអូអេ)

លោក​ តុប​ សុភ័ក​ ​រដ្ឋលេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ទេសចរណ៍​ បាន​មាន​ប្រសាសន៍​ថា​ ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទៅ​កម្សាន្ត​នៅ​សៀមរាប​ក្នុង​រយៈពេល​ ៩ខែ​កន្លង​មក​នេះ ​មាន​ចំនួន​ប្រមាណ​ជា​ ៥០​ម៉ឺន​នាក់ ​ពោល​គឺ​បាន​តែ​២០​ភាគរយ​ប៉ុណ្ណោះ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​មុន​ពេល​ដែលជំងឺ​កូវីដ១៩ បាន​ផ្ទុះ​ឡើង។

លោក​ថ្លែង​ថា៖ «ភ្ញៀវ​ទេសចរ​បរទេស​ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​នោះ​ក្នុង​មួយ​ថ្ងៃ​ ៩.០០០​នាក់ ​ទៅ​១០.០០០​នាក់​ ឬ​ក៏​ថ្ងៃ​ខ្លះ​ដល់​ទៅ​ ១២.០០០​នាក់​ កាល​ពី​ឆ្នាំ​ ២០១៨​ ឬ​ ២០១៩។ ក៏​ប៉ុន្តែ​ឥឡូវ​នេះ ​បច្ចុប្បន្ន​នេះ​ គឺ​មួយ​ថ្ងៃ​ យើង​មាន​ភ្ញៀវ​តែ​ប្រហែល​ជាង​ ១.០០០​នាក់​ទេ ចំនួន​នេះ​ វា​ទាប តែ​ត្រឡប់​មក​វិញ​ប្រហែល​ជា​ខ្ទង់​រង្វង់​ ២០ភាគរយ​ទេ​ ទេសចរ​នៅ​ក្នុង​តំបន់​សៀមរាប​អង្គរ​មួយ​ចឹង​ យើង​អាច​គិត​ថា​មើល​ទៅ​សៀមរាប​រៀង​ស្ងាត់​ តែ​ស្ងាត់​ហ្នឹង​មិន​មែន​មាន​ន័យ​ថា ​អត់​មាន​ទេសចរ​នោះ​ទេ​ មាន​ដែរ»។

លោក​បាន​ថ្លែង​បន្ត​ថា ​រដ្ឋាភិបាល​កំពុង​ព្យាយាម​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត​មួយ​ចំនួន​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​វិញ ​ដូច​ជាការដក​ចេញ​នូវ​របាំង​មួយ​ចំនួន​ និង​ផែនការ​បង្កើត​តំបន់​ទេសចរណ៍​បន្ថែម​ទៀត​ជាដើម។

លោក​ តុប​ សុភ័ក ថ្លែងថា៖ «រាជ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ណាស់ ​មិន​ព្រងើយ​កន្តើយ​ទេ។ ចឹង​មិន​មែន​យើង​នៅ​ស្ងៀម​អត់​បាន​ធ្វើ​អី​នោះ​ទេ​ គឺ​បាន​និង​កំពុង​ខិត​ខំ​ស្វែង​រក​ដំណោះ​ស្រាយ​នូវ​ក្នុង​ការ​ស្រូប​ទាញ​ទេសចរ​តាម​រយៈ​ការ​សម្រួល​ការ​ធ្វើ​ដំណើរ​ អាច​ថា​ស្វែង​រក​ដំណោះ​ស្រាយ​មួយ​ទៀត​ គឺ​កាត់​បន្ថយ​នូវ​របាំង​ទេសចរ។ អ្វី​ដែល​ជា​របាំង​សម្រាប់​ទេសចរ​ជា​ដំណោះ​ស្រាយ​ដែល​យើង​ត្រូវ​ធ្វើ​ការ​រួម​គ្នា​ទាំង​អស់​ ទាក់​ទង​ទៅ​នឹង​ការ​រៀប​ចំ​ដែល​ជា​ការ​បង្កើន​នូវ​ផលិត​ផល​ថ្មី​បន្ថែម។ ​ទៅ​សៀមរាប​មិន​មែន​តែ​ទៅ​លេង​តែ​អង្គរ​ទេ ​ចឹង​ក្រៅ​ពី​ប្រាសាទ​អង្គរ​ យើង​ត្រូវ​មាន​ផលិត​ផល​អី​ផ្សេង​ទៀត»។

រហូត​ទៅ​ដល់​ចុង​ឆ្នាំ​ ២០២៣​នេះ ​មាន​ការ​រំពឹង​ថាភ្ញៀវ​ទេសចរ​អន្តរជាតិ​ក្នុង​ចន្លោះ​ពី​ ៤​លាន ៥សែន​នាក់​ ទៅ​៥​លាន​នាក់​ អាច​នឹង​ធ្វើ​ដំណើរ​មក​កម្សាន្ត​ក្នុង​ប្រទេស​កម្ពុជា ហើយនៅ​ឆ្នាំ​ ២០២៥​ ឬ​ឆ្នាំ ២០២៦​ ភ្ញៀវ​ទេសចរ​អាច​វិល​ត្រលប់​មក​ដូច​កាល​ពី​មិន​ទាន់​មាន​ជំងឺ​កូវីដ១៩។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក តុប​ សុភ័ក​ រដ្ឋលេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ទេសចរណ៍។ បើ​តាម​ចក្ខុ​វិស័យ​របស់​ក្រសួង​ទេសចរណ៍ ​វា​អាច​ដល់​ឆ្នាំ​ ២០២៨​ ទើប​កម្ពុជា​អាច​ទទួល​បាន​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​ជា​ ៨​លាន​នាក់ ​ក្នុង​មួយ​ឆ្នាំ៕