កងជីវពលនិកាយស៊ីអ៊ីដ បានប្រមូលផ្តុំគ្នានៅថ្ងៃអង្គារនៅខាងក្រៅទីក្រុង Ramadi នៃប្រទេសអ៊ីរ៉ាក់ មុនពេលនៃការវាយប្រហារដើម្បីព្យាយាមកាន់កាប់ទីរួមខេត្ត Anbar នោះពីក្រុមជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមមកវិញ។
កិច្ចប្រតិបត្តិការមួយដែលធ្វើឡើងអមដោយកងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ ស្រដៀងគ្នានឹងកងទ័ពប៉ារ៉ាមួយ បានធ្វើឡើងកាលពីខែមុនដើម្បីកាន់កាប់ទីក្រុង Tikrit ឡើងវិញ។ កិច្ចខំប្រឹងប្រែងនេះបានបញ្ឈប់សន្ទុះរបស់ក្រុមរដ្ឋអ៊ីស្លាមពីទិសខាងជើងឆ្ពោះទៅកាន់រដ្ឋធានីបាដាដ ហើយឥឡូវនេះផ្តោតលើការរារាំងរុលទៅមុខពីទីក្រុងនៅភាគខាងលិច។
ក្រសួងការពារប្រទេសអ៊ីរ៉ាក់ បានចេញផ្សាយកាសែតវីដេអូមួយ នៅថ្ងៃអង្គារនេះដែលបង្ហាញពីការជួយសង្គ្រោះទាហាន២៨នាក់ បន្ទាប់ពីក្រុមរដ្ឋអ៊ីស្លាមបានរឹបអូសយកទីក្រុង Ramadi ក្នុងការប្រយុទ្ធប៉ុន្មានថ្ងៃ ដែលបានធ្វើឲ្យទាហានអ៊ីរ៉ាក់រត់គេចខ្លួន ហើយបានបណ្តាលឲ្យនាយករដ្ឋមន្រ្តី Haider al-Abadi អំពាវនាវឲ្យក្រុមកងជីវពលជួយ។
សេតវិមានបានប្រាប់ឲ្យដឹងកាលពីថ្ងៃច័ន្ទម្សិលម៉ិញថា លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ទទួលបានការជូនព័ត៌មានត្រួសៗជាប្រចាំពីស្ថានការនោះ។លោក Eric Schultz អ្នកនាំពាក្យសេតវិមាន បាននិយាយឡើងវិញថា សហរដ្ឋអាមេរិកគាំទ្រអ៊ីរ៉ាក់ដែលកំពុងប្រយុទ្ធកាន់កាប់ទីក្រុងនោះឡើងវិញ។ លោកនិយាយទៀតថា ការវាយប្រហារតាមអាកាសរបស់កងទ័ពចម្រុះ៨លើក បានសំដៅលើទីក្រុងនោះចាប់តាំងពីថ្ងៃអាទិត្យមក។
លោកឧត្តមសេនីយ Martin Dempsey ប្រធានអគ្គសេនាធិការសហរដ្ឋអាមេរិក បានហៅការរុលទៅមុខរបស់ក្រុមរដ្ឋអ៊ីស្លាមនៅទីក្រុង Ramadi ជាការដើរថយក្រោយដ៏ខ្លាំងមួយ ដែលធ្វើឲ្យពលរដ្ឋទទួលរងការឈឺចាប់កាន់តែយូរឡើង។លោកមានប្រសាសន៍ទៀតថា ការដើថយបែបនេះ ជាការគួរឲ្យសោកស្តាយ ប៉ុន្តែជារឿងធម្មតាដែលកើតមានឡើងនៅក្នុងសង្គ្រាម៕