កូរ៉េខាងត្បូងបានជំរុញរុស្ស៊ីឱ្យបញ្ឈប់ «កិច្ចសហប្រតិបត្តិការខុសច្បាប់» ជាមួយកូរ៉េខាងជើង និងបានបង្ហាញ «ក្ដីបារម្ភខ្លាំងក្លា» កាលពីថ្ងៃសុក្រ នៅពេលដែលរុស្ស៊ីឈានទៅអនុម័តកិច្ចព្រមព្រៀងផ្នែកការពារជាមួយនឹងកូរ៉េខាងជើង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
នៅពេលក្រោយមក ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានព្រមានភ្លាមៗថា រុស្ស៊ីមានផែនការបញ្ជូនកងទ័ពកូរ៉េខាងជើងទៅសមរភូមិប្រយុទ្ធលឿនបំផុតនៅថ្ងៃអាទិត្យខាងមុខ និងបានជំរុញមេដឹកនាំនានានៅលើពិភពលោកឱ្យបង្កើន «ការដាក់សម្ពាធជាក់ស្ដែង» លើកូរ៉េខាងជើង។
កាលពីថ្ងៃព្រហស្បតិ៍ សមាជិកសភារុស្ស៊ីបានបោះឆ្នោតជាឯកច្ឆន្ទដើម្បីអនុម័តលើកិច្ចព្រមព្រៀងផ្នែកការពារជាមួយកូរ៉េខាងជើង ដែលកិច្ចព្រមព្រៀងនេះនឹងផ្ដល់នូវ «ការជួយជ្រោមជ្រែងទៅវិញទៅមក» ប្រសិនបើភាគីណាមួយប្រឈមនឹងការឈ្លានពាន។
កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានបញ្ជាក់ថា ទាហានកូរ៉េខាងជើងរាប់ពាន់នាក់កំពុងហ្វឹកហាត់នៅក្នុងប្រទេសរុស្ស៊ី ហើយអ៊ុយក្រែនបានលើកឡើងនៅសប្ដាហ៍នេះថាទាហានទាំងនោះបានទៅដល់ «តំបន់ប្រយុទ្ធ» នៅក្នុងតំបន់ Kursk នៃប្រទេសរុស្ស៊ីជាប់ព្រំដែនជាមួយអ៊ុយក្រែន។
ក្រសួងការបរទេសកូរ៉េខាងត្បូងបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា កូរ៉េខាងត្បូង «បានបង្ហាញក្ដីបារម្ភខ្លាំងក្លាចំពោះការអនុម័តរបស់រុស្ស៊ីលើកិច្ចព្រមព្រៀងរវាងរុស្ស៊ីនិងកូរ៉េខាងជើង នៅចំពេលដែលមានការដាក់ពង្រាយជាបន្តនូវកងទ័ពកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី»៕