ស្នងការប៉ូលិសក្រុងសេអ៊ូលត្រូវបានចោទប្រកាន់ជាផ្លូវការពាក់ព័ន្ធហេតុការណ៍ជាន់គ្នាស្លាប់ក្នុងបុណ្យ Halloween ឆ្នាំ ២០២២

  • ​Reuters

រូបឯកសារ៖ មនុស្ស​នាំគ្នា​គោរព​វិញ្ញាក្ខន្ធជនរងគ្រោះ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​រត់​ជាន់គ្នា​ស្លាប់ នៅទីក្រុងសេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។

រដ្ឋអាជ្ញា​កូរ៉េ​ខាងត្បូង​បាន​ចោទប្រកាន់​ស្នងការ​ប៉ូលិស​ក្រុង​សេអ៊ូល​ពី​បទ​រួមចំណែក​នៅ​ក្នុង​ការ​ធ្វេស​ប្រហែស​ធ្វើ​ឱ្យ​មាន​ការ​ប្រជ្រៀត​ជាន់គ្នា​ស្លាប់​នៅ​ទីក្រុង​សេអ៊ូល​ក្នុង​អំឡុង​បុណ្យ Halloween ឆ្នាំ ២០២២ ដែល​បាន​ធ្វើ​ឱ្យ​មនុស្ស​ជិត ១៦០ នាក់​ស្លាប់។ នេះ​បើ​យោង​តាម​ការិយាល័យ​រដ្ឋអាជ្ញា​មណ្ឌល​ខាង​លិច​នៃ​ទីក្រុង​សេអ៊ូល។

ការ​ចោទប្រកាន់​លើ​ស្នងការ​ប៉ូលិស​ក្រុង​សេអ៊ូល​លោក Kim Kwang-ho នេះ​បាន​ធ្វើឡើង​ក្នុង​ពេល​ជាង​មួយ​ឆ្នាំ​ក្រោយមក​បន្ទាប់ពី​មាន​ការ​ប្រជ្រៀត​ជាន់គ្នា​ស្លាប់​កាលពី​ខែ​តុលា ឆ្នាំ ២០២២ ដែល​បាន​ធ្វើ​ឱ្យ​មនុស្ស ១៥៩ នាក់​ស្លាប់​នៅ​ថ្ងៃ​បុណ្យ Halloween នៅ​តំបន់ Itaewon នៃ​រដ្ឋធានី​សេអ៊ូល។

លោក Kim Kwang-ho គឺជា​មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​បំផុត​ដែល​រង​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ប្រជ្រៀត​ជាន់គ្នា​ស្លាប់​នេះ។

ការ​ប្រារព្ធ​ពិធី​បុណ្យ​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​តំបន់​កម្សាន្ត​ពេលរាត្រី​ដ៏​ពេញនិយម​នេះ​បាន​ប្រែ​ក្លាយទៅជា​មរណៈ​កាលពី​ថ្ងៃ​ទី ២៩ ខែ​តុលា ឆ្នាំ ២០២២ បន្ទាប់ពី​មនុស្ស​វ័យក្មេង​រាប់​ម៉ឺន​នាក់​បាន​ប្រជ្រៀតគ្នា​នៅ​ច្រក​ផ្លូវ​ចង្អៀត​តូច​មួយ​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ Halloween នៅ​ឆ្នាំ​ដំបូង​ក្រោយ​បាន​ផ្អាក​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩ អស់​រយៈពេល ៣ ឆ្នាំ​មក។

អាជ្ញាធរ​ដែល​រួម​មាន​ទាំង​ប៉ូលិស​ផងដែរ​មិន​បាន​រៀបចំ​វិធានការ​សុវត្ថិភាព​នោះទេ ទោះបីជា​ហ្វូង​មនុស្ស​យ៉ាង​ច្រើន​នេះ​ទំនងជា​នឹង​បង្ក​ជា​ឧបទ្ទវហេតុ​ក៏ដោយ​ក្តី ហើយ​ពួកគេ​មិន​បាន​ចាត់​វិធានការ​ឱ្យ​បាន​សមស្រប​បន្ទាប់ពី​មាន​ការ​អំពាវនាវ​ឱ្យ​ជួយសង្គ្រោះ​នោះឡើយ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុម​ស៊ើបអង្កេត​លើ​ហេតុការណ៍​នេះ។

កាលពី​ខែ​មករា​ឆ្នាំ​មុន ក្រុម​ស៊ើបអង្កេត​ពិសេស​មួយ​បាន​បញ្ជូន​ឈ្មោះ​លោក Kim Kwang-ho និង​មនុស្ស ២២ នាក់​ផ្សេង​ទៀត រួមមាន​ទាំង​ប៉ូលិស អ្នក​ជួយសង្គ្រោះ និង​មន្ត្រី​មូលដ្ឋាន​ផងដែរ ទៅ​ឱ្យ​រដ្ឋអាជ្ញា​ធ្វើការ​ចោទប្រកាន់​ទាក់ទង​ទៅនឹង​ការ​ឆ្លើយតប​មិន​បាន​គ្រប់គ្រាន់​របស់​រដ្ឋាភិបាល​ចំពោះ​សោកនាដកម្ម​ជាន់គ្នា​ស្លាប់​នេះ៕

ប្រែសម្រួល​ដោយ​អ្នកនាង ស្រេង លក្ខិណា