អភិបាល​ក្រុង​សេអ៊ូល​បាន​ស្លាប់ ក្នុង​ករណី​សង្ស័យ​ថា បាន​ធ្វើ​អត្ត​ឃាត​ខ្លួន​ឯង

នៅក្នុង​រូបថត​ដែល​ផ្តល់​ឲ្យ​ដោយ​រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​បង្ហាញ​រូបថត​របស់​អភិបាល​ក្រុងសេអ៊ូល ដែល​បាន​ទទួល​មរណភាព​គឺ​លោក Park Won-soon ដែល​ត្រូវ​បាន​គេ​ដាក់​នៅ​មន្ទីរពេទ្យ​មួយ​កន្លែង ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០។

មួយ​ថ្ងៃ​មុន​លោក​បាន​បាត់​ខ្លួន ​លោក ​Park Won-soon​ ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​បៀតបៀន​ផ្លូវ​ភេទ​ ដោយ​អតីត​លេខា​​ប្រចាំ​ការិយាល័យ​របស់​លោក។

មន្ត្រី​ប៉ូលិស​កូរ៉េខាង​ត្បូង​ ឲ្យ​ដឹង​ថា ​លោក ​Park Won-soon ​អភិបាល​ក្រុង​សេអ៊ូល ​បាន​ស្លាប់​នៅ​ព្រឹកថ្ងៃ​សុក្រ​ ក្នុង​ករណី​ដែល​គេ​សង្ស័យ​បឋមៗ​ថា​ បាន​ធ្វើ​អត្តឃាត​ខ្លួន​ឯង។

សាកសព​របស់​អភិបាល​ក្រុង​វ័យ ​៦៤ ​ឆ្នាំ​រូបនេះ​ ត្រូវ​បាន​រកឃើញ​នៅ​ច្រក​ចូល​តំបន់​ភ្នំ Bugaksan ស្ថិតក្នុង​ទីក្រុង​សេអ៊ូល​ នៅ​ពាក់កណ្តាល​អាធ្រាត​យប់​ថ្ងៃ​ព្រហស្បតិ៍ ​ឈាន​ចូល​ព្រឹក​ថ្ងៃ​សុក្រ​ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ក្រុម​គ្រួសារ​របស់​លោក​បាន​ផ្តល់​ដំណឹង​ដល់​ប៉ូលិស​ថា​ អភិបាល​ក្រុង​រូបនេះ​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

មួយ​ថ្ងៃ​មុន​លោក​បាន​បាត់​ខ្លួន ​លោក ​Park Won-soon​ ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​បៀតបៀន​ផ្លូវ​ភេទ​ ដោយ​អតីត​លេខាប្រចាំ​ការិយាល័យ​របស់​លោក។

អាជ្ញាធរ​ក្រុង​សេអ៊ូល ​បាន​ថ្លែង​នៅ​ថ្ងៃ​សុក្រ​ថា​ ពិធី​បុណ្យ​សព​រយៈពេល​ ៥ថ្ងៃ ​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​មន្ទីរពេទ្យ​ជាតិ​ Seoul National University Hospital។

កាសែត​ The Korea Herald​ បាន​រាយការណ៍​ថា ​លោក Park ​បាន​ចេញ​ថ្លែង​សុំ​ទោស​ជា​សាធារណៈ ​ជាពិសេស​ទៅកាន់​ក្រុម​គ្រួសារ​របស់​លោក​ នៅ​ក្នុង​លិខិត​កំណត់ត្រា​មួយ​ដែល​រក្សា​ទុក​នៅ​គេហដ្ឋាន​របស់​លោក។

គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ ថា​តើ​សាកសព​របស់​លោក​ Park​ នឹង​ត្រូវ​ធ្វើ​កោសល្យ វិច័យ​ឬ​យ៉ាង​ណា​នោះ។​ លោក Park​ គឺជា​អភិបាល​ក្រុង​សេអ៊ូល​ដំបូង​គេ​បង្អស់ ​ដែល​បាន​ស្លាប់​ក្នុង​អំឡុង​ពេល​កាន់​តំណែង។

លោក​ Seo Jung-hyup ​អនុ​អភិបាល​ក្រុង​សេអ៊ូល​ទទួល​បន្ទុក​កិច្ចការ​រដ្ឋបាល​ នឹង​ចុះ​កាន់​តំណែង​ជា​អភិបាល​ក្រុង​បណ្ណោះ​អាសន្ន​រហូត​ដល់​មាន​ការ​បោះឆ្នោត​ជ្រើសតាំង​អភិបាល​ក្រុង​ជា​ផ្លូវការ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ខែ​មេសា​ឆ្នាំ​ក្រោយ។

លោក​ Park ​ដែល​កំពុង​បំពេញ​ការងារ​ជា​អភិបាល​ក្រុង​ក្នុង​អាណត្តិ​ទី៣​ដែល​ជា​អាណត្តិ​ចុងក្រោយ​របស់​លោក ​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​ អ្នក​នយោបាយ​មួយ​រូប​ដែល​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​បាន។

លោក​ Park Won-soon ​បាន​ស្លាប់​ ដោយ​បន្សល់​ទុក​នូវ​ភរិយា ​កូន​ប្រុស​ម្នាក់ ​និង​កូនស្រី​ម្នាក់៕