អ្នកជំនាញបានប្រាប់ VOA ថា ការបញ្ជូនចេញពីប្រទេសថៃទៅកាន់ប្រទេសកម្ពុជានូវសកម្មជនកម្ពុជា ៦ នាក់កាលពីខែវិច្ឆិកាកន្លងទៅនេះបានបង្ហាញថា រដ្ឋាភិបាលថៃនៅបន្តប្រឡូកក្នុង «ការគាបសង្កត់ឆ្លងប្រទេស» ដែលនេះចង់សំដៅដល់ការសម្របសម្រួលក្នុងចំណោមរដ្ឋាភិបាលដែលដៅគោលដៅលើអ្នករិះគន់នៅក្រៅប្រទេស។
សកម្មជនទាំង ៦ នាក់នោះគឺលោក ប៉ែន ច័ន្ទសង្រ្គាម អ្នកស្រី ហុង អាន លោក មាន ចាន់សុថុន អ្នកស្រី យ៉ិន ចន្ធូ អ្នកស្រី សឺង គន្ធា និងអ្នកស្រី វ៉ន ច័ន្ទរចនា។
សកម្មជនទាំងនេះត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិនៅកម្ពុជាចំពោះការបង្ហោះសារលើបណ្តាញសង្គមអនឡាញរិះគន់គោលនយោបាយរបស់កម្ពុជាពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម CLV-DTA ដែលកិច្ចព្រមព្រៀងនេះមានគោលបំណងសម្រួលពាណិជ្ជកម្មនិងទេសន្តរប្រវេសន៍ក្នុងចំណោមប្រទេសទាំងបី។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
នៅពេលបច្ចុប្បន្ននេះ សកម្មជនទាំងនេះកំពុងជាប់ឃុំនៅមណ្ឌលផ្សេងគ្នាដើម្បីរង់ចាំសវនាការនៅកម្ពុជា ដែលពួកគេអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលវែង។ នេះបើយោងតាមវិទ្យុអាស៊ីសេរី។
សកម្មជនទាំង ៦ នាក់នេះគឺជាអ្នកគាំទ្រគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ។ ពួកគេបានចាកចេញពីកម្ពុជាទៅថៃកាលពីឆ្នាំ ២០២២។
លោក Tiy Chung អ្នកនាំពាក្យប្រចាំតំបន់នៃឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួន (UNHCR) បានបញ្ជាក់ប្រាប់ VOA តាមអ៊ីមែលថា សកម្មជនទាំង ៦ នាក់នេះត្រូវបានបញ្ជូនចេញ និង «ជាមនុស្សត្រូវការជំនួយនិងការការពារ»។
លោកបានបន្តថា ទីភ្នាក់ងារ UNHCR «ព្រួយបារម្ភយ៉ាងខ្លាំង» អំពីការបញ្ជូនចេញនេះ ដែលនេះគឺប្រាសចាកពីកាតព្វកិច្ចរបស់ថៃនៅក្នុងការធានាថាគ្មាននរណាម្នាក់ត្រូវបណ្តេញចេញឬបញ្ជូនត្រឡប់ទៅកន្លែងណាមួយដែលជីវិតឬសេរីភាពរបស់ពួកគេអាចប្រឈមនឹងគ្រោះថ្នាក់នោះទេ។
លោកបានសរសេរថា៖ «យើងកំពុងស្វែងរកការបកស្រាយជាបន្ទាន់ពីសំណាក់អាជ្ញាធរថៃអំពីស្ថានការណ៍ជុំវិញការបញ្ជូនចេញនេះ និងជំរុញពួកគេឲ្យគោរពតាមច្បាប់ថៃនិងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនដើម្បីបញ្ចៀសសកម្មភាពដូចនេះនាពេលអនាគត»។
នៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានបង្រ្កាបលើអ្នករិះគន់ទាំងក្នុងនិងក្រៅប្រទេស។
គម្រោងបាតុកម្មប្រឆាំងនឹងកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) បាននាំឱ្យមានការចាប់ខ្លួនសកម្មជនយ៉ាងតិច ១០០ នាក់ កាលពីខែកញ្ញា។ ក្នុងខែដដែលនេះដែរ នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត បានប្រកាសដកកម្ពុជាចេញពីកិច្ចព្រមព្រៀងនេះ។
កាលពីខែកុម្ភៈ សកម្មជនកម្ពុជា ៣ នាក់ទៀត ដែលត្រូវបានទទួលស្គាល់ដោយទីភ្នាក់ងារ UNHCR ថាជាបុគ្គលត្រូវការជំនួយនិងការការពារ រួមជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃមុនពេលពួកគេគ្រោងធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសថៃ។
ការអនុវត្តការគាបសង្កត់ឆ្លងប្រទេសដូចនេះមិនមែនជាអ្វីថ្មីនោះទេ។
កាលពីឆ្នាំ ២០២២ អង្គការ Freedom House បានលើកឡើងថា ចាប់តាំងពីឆ្នាំ ២០១៤ មក មនុស្សជាង ១៥០ នាក់នៅថៃបានក្លាយជាជនរងគ្រោះនៃការអនុវត្តដូចនេះ។
លោក Phil Robertson ប្រធានអង្គការសិទ្ធិមនុស្សនិងការតស៊ូមតិការងារអាស៊ី (AHRLA) បាននិយាយថា ប្រទេសថៃមិនមានសុវត្ថិភាពសម្រាប់ជនភៀសខ្លួនកម្ពុជាទេ។
លោកថ្លែងដូច្នេះថា៖ «មានសារមួយសម្រាប់ជនភៀសខ្លួនកម្ពុជាទាំងអស់នៅថៃគឺថាអ្នកមិនមានសុវត្ថិភាពនោះទេ ពីព្រោះចំណងមិត្តភាពរវាងគ្រួសារត្រកូល ហ៊ុន និងត្រកូល Shinawatra គឺខ្លាំងជាងកាតព្វកិច្ចណាមួយដែលថៃត្រូវប្រកាន់ខ្ជាប់ក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ»។
លោក Thitinan Pongsudhirak អ្នកវិភាគនយោបាយនៅក្នុងប្រទេសថៃ បានប្រាប់ VOA ថា ទំនាក់ទំនងគ្រួសារទំនងជាគន្លឹះនៅក្នុងករណីបញ្ជូនចេញនេះ។
លោកថ្លែងដូច្នេះថា៖ «ទំនាក់ទំនងជិតដិតលក្ខណៈបុគ្គលក៏ដូចជារវាងគ្រួសារទាំងពីរបានធ្វើឱ្យមានការសង្ស័យចំពោះករណីបញ្ជូនខ្លួនចេញនេះ។ វាជាការមិនពិបាកសន្និដ្ឋាននោះទេដែលថាទំនាក់ទំនងជិតដិតនេះបានជួយសម្រួលឱ្យមានករណីនេះកើតឡើង។ ការបញ្ជូនខ្លួនចេញនេះគឺជា ចំណាត់ការមិនបានគិតគ្រប់ជ្រុងជ្រោយមួយសម្រាប់ការដឹកនាំរបស់ [នាយករដ្ឋមន្ត្រីថៃ] អ្នកស្រី Paetongtarn [Shinawatra] និងរដ្ឋាភិបាល [ថៃ] ដែលបានបញ្ជាក់អះអាងអំពីភាពស្របច្បាប់តាមបែបប្រជាធិបតេយ្យ បើទោះបីជាខ្លួនជាប់លេខពីរនៅក្នុងការបោះឆ្នោតកាលពីខែឧសភា ឆ្នាំ ២០២៣ ក៏ដោយ»។
បទក្បត់ជាតិដែលសកម្មជនកម្ពុជាទាំង ៦ នាក់ត្រូវបានចោទប្រកាន់នេះស្ថិតក្រោមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌរបស់កម្ពុជា។ ប្រសិនបើរកឃើញថាមានទោស ការរិះគន់របស់សកម្មជនទាំងនេះលើរដ្ឋាភិបាលកម្ពុជានិងគោលនយោបាយរបស់រដ្ឋាភិបាលនេះចំពោះប្រទេសវៀតណាមនិងឡាវអាចធ្វើឱ្យពួកគេប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំ។
លោក Prem Singh Gill អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Universitas Muhammadiyah Yogyakarta នៅក្នុងប្រទេសឥណ្ឌូណេស៊ី បាននិយាយថា រដ្ឋាភិបាលថៃនិងរដ្ឋាភិបាលកម្ពុជាមានផលប្រយោជន៍ស្រដៀងគ្នាជុំវិញការរឹតត្បិតអ្នករិះគន់ប្រឆាំង។
លោក Gill បានប្រាប់ VOA តាមអ៊ីមែលថា៖ «វិធានការបែបសហការគ្នានេះមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែត្រូវបានរៀបចំឡើងជាយុទ្ធសាស្រ្ត។ ប្រទេសទាំងពីរមានរបៀបដឹកនាំបែបអាជ្ញាធិបតេយ្យ ដោយស្ថាប័នព្រះមហាក្សត្រនិងឥស្សរជននយោបាយធ្វើការរួមគ្នាដើម្បីរក្សាអំណាច។ តាមរយៈចំណាត់ការស្របគ្នានៅក្នុងការបង្រ្កាបអ្នករិះគន់ ថៃនិងកម្ពុជាបានបង្កើតនូវយន្តការពេញលេញជាងមុនមួយនៅក្នុងការគ្រប់គ្រងលើការពិភាក្សាវែកញែកអំពីនយោបាយ»។
លោកបានបន្ថែមថា៖ «ការរឹតត្បិតឆ្លងប្រទេសបានក្លាយជាមធ្យោបាយលម្អិតហ្មត់ចត់របស់របបអាជ្ញាធិបតេយ្យនៅក្នុងតំបន់ ដែលនៅទីនោះសកម្មជនគឺជាប់ក្នុងបណ្ដាញនៃការគំរាមកំហែងទាំងផ្លូវច្បាប់និងមិនផ្លូវច្បាប់។ រដ្ឋាភិបាលបានសហការគ្នាតាមបណ្តាញក្រៅផ្លូវការ ចែករំលែកព័ត៌មានសម្ងាត់ សម្របសម្រួលការបញ្ជូនមនុស្សចេញ និងបង្កើតនូវបរិយាកាសមួយដែលងាយរងគ្រោះសម្រាប់អ្នករិះគន់ផ្នែកនយោបាយ»។
VOA បានទាក់ទងក្រសួងការបរទេសថៃដើម្បីសុំការអធិប្បាយ ប៉ុន្តែមិនទទួលបានការឆ្លើយតបណាមួយទេ៕