សមាជិក​ព្រឹទ្ធសភា​អាមេរិក​ជំរុញ​ឱ្យ​លោក​ប្រធានាធិបតី Biden ​​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​របប​យោធា​មីយ៉ាន់ម៉ា

  • ​Reuters

រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​សុន្ទករថា​នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។

សមាជិក​ព្រឹទ្ធសភា​អាមេរិក​មួយ​ក្រុមមក​ពី​គណបក្ស​សាធារណរដ្ឋនិង​គណបក្ស​ប្រជាធិបតេយ្យ​រួម​គ្នា​ ​ ​កាល​ពី​ថ្ងៃ​អង្គារ​ បានជំរុញ​ឲ្យ​រដ្ឋបាល​លោក​ប្រធានាធិបតីអាមេរិក​ Joe Biden ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ ទៅ​លើរបប​យោធាក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ​ដែល​ក្នុង​នោះ​រួម​មាន​ការ​បិទ​ខ្ទប់​នូវ​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុនថាមពល​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​នៅ​ក្នុង​ប្រទេស​នេះ​ ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹងការ​ធ្វើ​រដ្ឋ​ប្រហារ​និង​ការ​បង្រ្កាប​ដោយ​អំពើ​ហិង្សា​ទៅ​លើ​ក្រុម​អ្នក​ប្រឆាំង​តវ៉ា។​ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់​ងារ​ព័ត៌មាន​ Reuters។

សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ លោក Jeff Merkley​ និងសមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សាធារណរដ្ឋ លោក​ Marco Rubio ដោយ​រួម​ជាមួយ​សមាជិក​ព្រឹទ្ធសភា​បួន​រូប​ផ្សេង​ទៀត​ បាន​ស្នើតាម​រយៈ​លិខិត​មួយ​ច្បាប់​ ទៅ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​លោក Antony Blinken និង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​អ្នកស្រី​ Janet Yellen ឲ្យ​ពិនិត្យមើល​នូវ«មធ្យោបាយថ្មី​ណា​មួយ​ ក្នុង​ការគាំទ្រសកម្មភាពតស៊ូ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រជាជន​ភូមា ដែល​កំពុង​រងគ្រោះ​ដោយឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិកាន់​តែ​ធ្ងន់ធ្ងរ​នោះ»។

ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំង​នេះ​ចង់​ឃើញ​រដ្ឋបាល​របស់​លោក​ Biden បញ្ឈប់ប្រភព​ប្រាក់​ចំណូលពី​ក្រុមហ៊ុន​ថាមពល​នានា​ ដូច​ជាពី​ក្រុមហ៊ុនប្រេង​ឥន្ធនៈអាមេរិក​ Chevron ​ឱ្យ​ទៅ​សហគ្រាស​ប្រេង​និង​ឧស្ម័នមីយ៉ាន់ម៉ា​ (MOGE) ​ដែល​ជា​ក្រុមហ៊ុន​ថាមពលមួយ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ថាមពល​មីយ៉ាន់ម៉ា​នោះ។ ក្រុមហ៊ុនសហគ្រាស​រដ្ឋ​មួយ​នេះ​ ជា​អ្នក​ផ្គត់ផ្គង់ថវិកាដល់​មេដឹកនាំ​យោធា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែលក្នុង​នោះ​ក៏​មាន​ប្រមុខ​យោធា​ឧត្តមសេនីយ៍​ Min Aung Hlaing ផង​ដែរ​ ដែល​លោក​ត្រូវបាន​ដាក់​ក្រោម​ទណ្ឌកម្ម​របស់​អាមេរិក​រួច​ហើយ។​ ​

ក្រុម​សិទ្ធិមនុស្ស​បាន​ជំរុញឲ្យក្រុមហ៊ុន​ថាមពល​នានា​ ដែល​ក្នុង​នោះ​រួម​មាន​ក្រុមហ៊ុន​អាមេរិក​ Chevron និង​ក្រុមហ៊ុន​ប្រេង​បារាំង Total កាត់​ផ្តាច់​ទំនាក់ទំនងជាមួយ​របប​យោធា​មីយ៉ាន់ម៉ា​ បន្ទាប់​ពី​ក្រុម​យោធាបាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់រដ្ឋាភិបាល​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​របស់​អ្នកស្រី Aung San Suu Kyi កាល​ពី​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ​កន្លង​ទៅ និង​ចាប់​អ្នកស្រី​ដាក់​ឃុំ​ និង​បង្រ្កាប​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ប្រឆាំង។​ ​រហូត​មក​ដល់​ពេល​នេះ​ មានអ្នក​តវ៉ាប្រឆាំងជាង​៧៥០​នាក់​ហើយ​ ត្រូវ​បានកងកម្លាំងមីយ៉ាន់ម៉ា​ សម្លាប់​ចាប់​តាំង​ពី​ថ្ងៃ​រដ្ឋប្រហារ​មក៕