សមាជិក​ព្រឹទ្ធ​សភា​​ដែល​លោក​​ហ៊ុន សែន​បញ្ជា​ឲ្យ​ចាប់ខ្លួន​ ថ្លែង​ថា ​លោក​នឹង​បង្ហាញ​ខ្លួន​​ជូន​សមត្ថ​កិច្ច​​​នៅ​ព្រឹកថ្ងៃ​​ច័ន្ទ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ដៃ​ចង្អុល​ក្នុង​ពេល​ថ្លែង​សុន្ទរកថា​​នៅ​ក្នុង​អំឡុង​​ពិធី​សម្ពោធ​​​ថ្មី​មិត្តភាព​កម្ពុជា-ចិន​ឆ្លង​កាត់​ទន្លេ​បាសាក់​​ត្រង់​ចំណុច​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៥។

សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្ស៊ី ​ ដែល​កាល​ពី​ថ្ងៃព្រហស្បតិ៍​​​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បញ្ជា​ឲ្យ​កង​កម្លាំង​មាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​នោះ​ បាន​ប្រាប់​វីអូអេ​នៅ​យប់​ថ្ងៃ​សុក្រ​ពេល​ រំលង​អាធ្រាត្រ​ចូល​ដល់​ព្រឹកថ្ងៃសៅរ៍​ថា ​លោក​នឹង​បង្ហាញខ្លួន​ជូន​រដ្ឋាភិបាល​ឬ​តុលាការ​នៅ​ថ្ងៃច័ន្ទ​ម៉ោង​១០​ព្រឹក។

សមាជិក​ព្រឹទ្ធ​សភា​គណបក្សសម រង្ស៊ី ​ ដែល​កាល​ពី​ថ្ងៃព្រហស្បតិ៍​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បញ្ជា​ឲ្យ​កង​កម្លាំង​មាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​នោះ​ បាន​ប្រាប់​វីអូអេ​នៅ​យប់​ថ្ងៃ​សុក្រ​ពេល​ រំលង​អាធ្រាត្រ​ចូល​ដល់​ព្រឹកថ្ងៃសៅរ៍​ថា ​លោក​នឹង​បង្ហាញខ្លួន​ជូន​រដ្ឋាភិបាល​ឬ​តុលាការ​នៅ​ថ្ងៃច័ន្ទ​ម៉ោង​១០​ព្រឹក។ លោក​ហុង​ សុខហួរ​ សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្សសម រង្ស៊ី ​និយាយ​ថា ​លោក​នឹង​ធ្វើការ​បកស្រាយ​ប្រាប់​រដ្ឋាភិបាល​ថា​ លោក​មិន​បាន​ក្លែង​បន្លំសន្ធិ​សញ្ញា​យក​ទៅ​ធ្វើ​បទ​បង្ហាញ ​អំពី​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​នោះ​ទេ។ ​លោក​និយាយ​ថា ​លោក​អាច​នឹង​ធ្វើការ​កែ​តម្រូវ។​

«អញ្ចឹង​ថ្ងៃ​ច័ន្ទ​ហ្នឹង​ ខ្ញុំ​ត្រៀម​ខ្លួន​ទៅ​ហើយ។​ ទៅ​ពន្យល់​តុលាការ​ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​ហ្នឹង។​ តែ​យើង​ចាំមើល​សភាព​ការណ៍​តទៅ​ទៀត​ណា៎។​ តាម​ធម្មតា​ ថ្ងៃ​ច័ន្ទ ​ម៉ោង​១០​ព្រឹកហ្នឹង​ខ្ញុំទៅ​ហើយ។​ ហើយ​ទៅ​បំភ្លឺ នឹង​កែ​តម្រូវ​ដោយសារ​ខ្ញុំ​បាន​ទទួល​ឯកសារ​ពី​ខាង​ មិនមែន​រដ្ឋាភិបាល​ទេ​គឺពី​ Press News​ ដូច្នេះ​ខ្ញុំ​នឹង​ទៅ​បំភ្លឺ​អំពី​ឯកសារ​ហ្នឹង។​ អាហ្នឹង​ខ្ញុំ​បាន​រក​ឃើញ​ហ្នឹង​ ​មិនមែន​ខ្ញុំ​ក្លែង​ឯកសារ​ដូច​ប្រកាស​ហ្នឹង​ទេ»។​

លោក​ហុង សុខហួរ​ និយាយ​ថា ​លោក​គ្មាន​ចេតនា​អ្វីក្រៅ​ពីការ​បកស្រាយ​អំពី​ផែនទី​ដើម្បី​ជួយ​បំភ្លឺ​រក​ដំណោះស្រាយសម្រាប់​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​នោះ​ទេ។

នៅ​ក្នុង​ពិធី​ចែក​សញ្ញប័ត្រ​ដល់​និស្សិត​នៃ​សាកល​វិទ្យាល័យ​មួយ​នៅ​ឯ​វិទ្យា​សា្ថន​ជាតិ​អប់រំ​កាល​ពីថ្ងៃព្រហស្បតិ៍​ លោក​ហ៊ុន សែន​បាន​បញ្ជា​ឲ្យ​កង​កម្លាំង​មាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​លោក​ហុង​ សុខហួរ​ ដោយ​ចោទ​ថា សមាជិក​ព្រឹទ្ធ​សភា​នេះ​ ប្រព្រឹត្ត«​អំពើ​ក្បត់​ជាតិ»​ទាក់​ទិន​នឹង​ការ​ក្លែង​បន្លំ​ខ្លឹម​សារ​នៃ​សន្ធិ​សញ្ញា​មិត្ត​ភាព​មួយ​ដែល​ប្រទេស​កម្ពុជា​បាន​ចុះ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​១៩៧៩។

លោក​នាយករដ្ឋមន្ត្រី​ប្រកាស​ថា៖​

«នេះ​ជា​បទ​ល្មើស​ជាក់​ស្តែង​ដែល​ត្រូវ​ចាប់​ខ្លួន​បន្ទាន់​ ទូត​នានាៗ​អត់​ត្រូវ​លូក​លាន់​ទេ។​ នេះ​ជា​ទោស​ក្បត់​ជាតិ​ រឿង​អី​អ្នក​ឯង​ទៅ​ធ្វើ​របៀប​ហ្នឹង។​ ឥឡូវ​សន្ធិ​សញ្ញា​មាន​ ប៉ុន្តែអ្នក​ឯង​មក​លេង​អាមាត្រា​នេះ។​ ហេតុអ្វី​បាន​អ្នក​ឯង​មក​លេង​អញ្ចឹង? ​ជំនាន់​ហ្នឹង​ ជំនាន់​អង្គុលីលេខ​ ជំនាន់​អង្គុលី​លេខ។​ សូម​ផ្តាំ​ផង ​ បើ​សិន​ជា​ចេះ​ធ្វើ​ចោរ​ ឲ្យ​ពូកែ​ជាង​ហ្នឹង​ ទើប​អាច​លួច​បាន​ ព្រោះ​ជំនាន់​នោះ​អង្គុលីលេខ អត់​ចេះ​ពង្រីក​អក្សរ​ទេ»។

លោកហ៊ុន សែនក៏បាន​ប្រកាស​ឲ្យ​បិទគ្រប់​ច្រក​ល្ហក​ដើម្បី​កុំ​ឲ្យ​សមាជិក​ព្រឹទ្ធ​សភា​កាន់​សញ្ជាតិ​បារាំង​ខ្មែរ​រូប​នេះ​គេច​ខ្លួន​បាន។​ លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន​ប្រកាស​ដូច្នេះនៅពេល​លោក​បើក​ទូរស័ព្ទ​ដៃ​មើល​បណ្តាញ​សង្គម​ Facebook​ ដែល​មាន​បង្ហោះ​វីដេអូ​បទបង្ហាញ​របស់​លោក​ហុង សុខហួរ​អំពី​ផែនទី​ព្រំដែន​កម្ពុជាវៀតណាម។ ​

ក្នុងការ​បង្ហាញ​នោះ​ លោក​សមាជិក​ព្រឹទ្ធ​សភាក៏​បាន​បង្ហាញ​សន្ធិ​សញ្ញា​រវាង​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា​និង​សាធារណ​រដ្ឋ​សង្គម​វៀតណាម​ចុះ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​១៩៧៩​ផង​ដែរ។​ ក្នុង​បទ​បង្ហាញ​របស់លោក ​លោក​ហុង សុខហួរ​បង្ហាញ​ថា​ វៀតណាម​ចូលមក​ក្នុង​ទឹក​ដី​កម្ពុជា​ច្រើន​ជាង​កម្ពុជា​ចូល​ទៅ​វៀតណាម។

លោក​ហុង សុខហួរ​បាន​ប្រាប់​វីអូអេថា ​លោក​បាន​ពិភាក្សា​ជាមួយ​មន្ត្រី​ស្ថានទូត​បារាំង ​ដែល​និយាយ​ថា​ បញ្ហា​របស់​លោក​មិន​អាច​ដល់​កម្រិត​ជា​ទោស​ក្បត់ជាតិ​ទេ​នៅ​ក្នុង​ប្រទេស​ប្រជា​ធិបតេយ្យ។​

«អាហ្នឹង​ខ្ញុំ​ពន្យល់​តាម​ស្អី​ដែល​ខ្ញុំបាន​ទទួល​ពីមន្ត្រីស្ថានទូត​មក​ថា​ មិនមែន​អី​ធ្ងន់ធ្ងរ​ទេ ​បើគិត​នៅ​ក្នុង​ប្រទេស​ប្រជា​ធិបតេយ្យ​ធំៗ។ ហ្អឺ​មិន​មាន​ទោស​ធ្ងន់​ដល់​ក្បត់​ជាតិ​ដូច​សម្តេច​នាយក​លោក​មាន​ប្រសាសន៍​ទេ»។​

លោក​ហុង សុខហួរ​និយាយ​ថា ​លោក​មិន​ទាន់​បាន​ទទួល​ដំណឹង​ថា​ មាន​ការ​ប្រជុំ​របស់​អង្គ​នីតិ​បញ្ញត្តិ​សម្រេច​ដក​អភ័យ​ឯកសិទ្ធិ​របស់​លោក​នៅ​ឡើយ​ទេ។​

លោក​គង់ គាំ ​ប្រធាន​គណបក្ស​សម រង្ស៊ី បានប្រាប់វីអូអេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ការ​ចាប់​ខ្លួន​លោក​ហុង សុខហួរ​ជា​បន្ទាន់​ណាមួយ​មិន​អាច​ធ្វើ​បាន​ទេ​ ដោយសារលោក​ហុង សុខ​ហួរ​មាន​អភ័យ​ឯក​សិទ្ធិ​ក្នុង​នាម​ជា​សមាជិក​ព្រឹទ្ធ​សភា។​

តែ​កាលពី​ថ្ងៃព្រហស្បតិ៍​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ប្រកាស​ថា​ សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្ស៊ី​នេះ​មាន​ទោស​កំហុស​ជាក់ស្តែង​និង​ជា​ទោស​ធ្ងន់ធ្ងរ​ ក្បត់ជាតិ ​ដែល​ត្រូវ​ចាត់​វិធាន​ការ​មិន​អាច​ចាំយូរ​ ហើយ​អង្គ​នីតិ​បញ្ញត្តិ​អាច​នឹង​សម្រេច​ដក​អភ័យ​ឯក​សិទ្ធិ​របស់​លោកដោយ​គ្មាន​ការ​លំបាក​ ព្រោះ​គណបក្ស​របស់​លោក​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​ មាន​សំឡេង​គាំទ្រ​គ្រប់​គ្រាន់។​

លោក​ហុង សុខហួរ​និយាយ​ថា ​លោក​មិនមាន​បំណង​គេច​ខ្លួន​ទេ ​តែ​លោក​ត្រូវ​ការ​ពេល​វេលា​ពិចារណា​ផ្លូវ​ច្បាប់​និង​ពិគ្រោះ​យោបល់​អំពី​ករណី​របស់​លោក៕